The Cambodia Daily
26-8-2023
ក្រុមអ្នកវិភាគលើកឡើងថា ការប្ដូរឈ្មោះពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មកជារដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសម្រាប់រដ្ឋាភិបាលថ្មីនេះ មិនមែនដើម្បីប្រសិទ្ធភាពការងារព្រំដែននោះទេ គឺដើម្បីបែងចែកតំណែង ឋានៈ បុណ្យស័ក្តិ និងលាភសក្ការៈ តួនាទីគ្នាប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៥ សីហា នេះថា ការប្ដូរឈ្មោះនេះធ្វើឡើងក្នុងបំណងដោះស្រាយផលប្រយោជន៍នៅផ្ទៃក្នុង បក្សកាន់អំណាចប៉ុណ្ណោះ ព្រោះរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ គឺជាស្ថាប័នអាចផ្តល់ឋានៈបុណ្យស័ក្តិដូចក្រសួងដទៃទៀតដែរ ដែលគេអាចតែងតាំងសមាជិករដ្ឋាភិបាលនានា ដូចជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាដើម។
លោក គឹម សុខ អះអាងថា ចំពោះអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនវិញ ពុំមែនជាស្ថាប័ន ដែលគេអាចតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបានទេ ដូច្នេះហើយ ដើម្បីបង្កើតបក្ខពួកសម្រាប់ខ្លួនឯង ឱ្យបានកាន់តែច្រើន លោក ហ៊ុន ម៉ាណែត មានតែរកចន្លោះផ្តល់តំណែង ឱ្យមនុស្សរបស់ខ្លួនតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ ដោយមិនខ្វល់ពីប្រសិទ្ធភាពការងារនោះឡើយ។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង រាជរដ្ឋាភិបាល អាណត្តិទី៧ បានសម្រេចបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ក្នុងគោលបំណងបង្កើតឱ្យមានស្ថាប័នថ្មីមួយ ដែលមានលក្ខណៈអចិន្ត្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងសមត្ថកិច្ចពេញលេញ ដើម្បីធានាអាយុជីវិតរបស់ជាតិ ទៅថ្ងៃអនាគត។
រដ្ឋាភិបាលអាណត្តិថ្មីនេះ បញ្ជាក់ថា ការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននេះ ក៏ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបន្តបេសកកម្ម ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដើម្បីឆ្ពោះទៅបញ្ចប់បញ្ហានានា តាមព្រំដែនជាស្ថាពរដែរ។
ប្រទេសកម្ពុជា មានផ្ទៃដី ១៨១០៣៥ គីឡូម៉ែត្រក្រឡា និងមានព្រំដែនជាប់ប្រទេសថៃ នៅភាគខាងលិច និងភាគពាយ័ព្យ ប្រវែង ៨០០គីឡូម៉ែត្រ ព្រមទាំងជាប់ព្រំដែនជាមួយនឹងប្រទេសឡាវ នៅភាគខាងជើង ប្រវែង ៥៤១គីឡូម៉ែត្រ និងជាប់ព្រំដែនជាមួយប្រទេសវៀតណាម នៅភាគខាងកើត និងភាគអាគ្នេយ៍ ប្រវែង ១២៧០គីឡូម៉ែត្រផងដែរ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់លើផែនទីមាត្រដ្ឋានខ្នាត ១/១០០០០០ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ នៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ កន្លងទៅនោះ។
យ៉ាងណាក៏ដោយ ព្រំដែនរវាងកម្ពុជា-ថៃ និងព្រំដែនរវាងកម្ពុជា-ឡាវ ត្រូវគេមើលឃើញថា មិនស្ថិតក្នុងការភ័យព្រួយបារម្ភ ដូចខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា-វៀតណាម នោះទេ ត្បិតចាប់តាំងពីមេដឹកនាំខ្មែរក្រាញអំណាចតត្រកូល លោក ហ៊ុន សែន ត្រូវបានវៀតណាមលើកបន្តុបជានាយករដ្ឋមន្ត្រីខ្មែរ កាលពីឆ្នាំ១៩៨៥ មក ព្រំដែនរបស់កម្ពុជា បានបាត់បង់ជាជំហានៗ ក្រោមកិច្ចព្រមព្រៀងខុសច្បាប់ ដែលលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយវៀតណាម។
ទាក់ទិននឹងបញ្ហានេះ គេមើលមិនឃើញពីសញ្ញាវិជ្ជមានណាមួយនៅឡើយទេ ជុំវិញបញ្ហាព្រំដែនកម្ពុជា-វៀតណាម សម្រាប់រដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ នេះ ស្របពេលដែលកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីឱ្យវៀតណាម ដូចជា កិច្ចព្រមព្រៀងខុសច្បាប់កំណត់ព្រំដែនទឹក ឆ្នាំ១៩៨២, កិច្ចព្រមព្រៀងខុសច្បាប់កំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ព្រមទាំងសារាចរខុសច្បាប់ជាច្រើនទៀត ត្រូវបានលោក ហ៊ុន សែន ដែលជាឪពុករបស់លោកបានចុះហត្ថលេខា យល់ព្រមកាត់ទឹកដីឱ្យវៀតណាម ទៅហើយនោះ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត អះអាងកាលពីពេលកន្លងទៅថា កម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះគួរឱ្យព្រួយបារម្ភ ព្រោះរដ្ឋដ៏កម្សត់មួយនេះ បានស្ថិតក្នុងការក្តោបក្តាប់របស់ត្រកូល ហ៊ុន ទាំងស្រុង ខណៈត្រកូល ហ៊ុន ត្រូវបានរៀបចំចាត់ចែងដោយរដ្ឋាភិបាលវៀតណាម ដើម្បីទាញយកផលប្រយោជន៍គ្រប់បែបយ៉ាង ពីកម្ពុជាទៅហើយនោះ៕
