អត្ថបទដោយ The Cambodia Daily / 13-11-2020
ក្រុមអ្នកឃាំ្លមើលបញ្ហាព្រំដែន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកានេះ បានទាត់ចោលកិច្ចប្រជុំរបស់ព្រឹទ្ធសភាជាតិ ចំពោះការពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន និងសភាជាតិកម្ពុជា ថាកំពុងរំលោភរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ត្បិតសេចក្តីព្រាងច្បាប់នេះ ជាកូនសោរ បើកដៃឲ្យរដ្ឋការនៃទីក្រុងហាណូយ ចូលឈ្លានពានកម្ពុជាដោយស្របច្បាប់ ខ្លាំងជាងការឈ្លានពាន កាលពីឆ្នាំ១៩៨៥ នោះទៅទៀត។
លោក បានចោទលោក ហ៊ុន សែន ថាជាអ្នកបញ្ជាឲ្យស្ថាប័ននីតិបញ្ញត្តិ អនុម័តសេចក្តីព្រាងច្បាប់នេះឡើង ដើម្បីកាត់ទឹកដីកម្ពុជា ឲ្យទៅវៀតណាម បន្ថែមទៀត ក្នុងចេតនាលួងលោមបរទេសឈ្លានពានមួយនេះ ក្នុងការរក្សាអំណាចរបស់ខ្លួន ក្រោមលេស បញ្ចប់ភាពចម្រូងចម្រាសព្រំដែន និងការពារពីការផ្ទុះសង្គ្រាម រវាងប្រទេសទាំងពីរ។
អ្នកឃ្លាំមើលរូបនេះ បញ្ជាក់ថា ការអនុម័តនៃច្បាប់នេះ គឺអាថ៌កំបាំងយ៉ាងធំ សម្រាប់ពលរដ្ឋខ្មែរ ដែលលោក ហ៊ុន សែន ប្រញាប់ប្រញ៉ាល់ធ្វើឲ្យបានចប់សព្វគ្រប់ ក្នុងពេលដែលរដ្ឋាភិបាល និងរដ្ឋសភា ដែលគ្រប់គ្រងដោយឯកបក្ស និងមិនមានការចូលរួមពីម្ចាស់ផែនទីដើម ដូចជាប្រទេសបារាំង និងស្ថាប័នសារព័ត៌មានឯករាជ្យជាតិ និងអន្តរជាតិ ផងនោះ។
លោក ម៉ែន ណាត រិះគន់ថា ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទាំងស្រុង ត្បិតការអនុម័តនេះ គឺផ្អែកតែទៅលើផែនទីខុសច្បាប់ថ្មី ខ្នាត ១/២៥.០០០ តែប៉ុណ្ណោះ។ លោកថា ផែនទីថ្មីនេះ បានបង្កើតចេញពី ផែនទី ខ្នាត ១/១០០.០០០ ដែលបានបោះពុម្ពនៅប្រទេសវៀតណាម ដោយខុសច្បាប់ និងផែនទី UTM ខ្នាត ១/៥០.០០០ ដែលទាហានអាមេរិកកាំង ប្រើតែក្នុងសម័យសង្គ្រាមវៀតណាម តែប៉ុណ្ណោះ។
ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាកម្ពុជា ដែលជាព្រឹទ្ធសភាឯកបក្ស បានបើកកិច្ចប្រជុំនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម។
ជុំវិញការអនុម័តលើសេចក្តីព្រាងច្បាប់នេះ អនុប្រធានគណៈកម្មាធិការព្រំដែន អ្នកស្រី កុយ ពិសី អួតថា ការអនុម័តសេចក្តីព្រាងច្បាប់ថ្មីនេះ គឺជាសមិទ្ធិផលប្រវត្តិសាស្ត្រលើកដំបូង សម្រាប់ប្រទេសកម្ពុជា ដែលមានសិទ្ធិ និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកត ទៅគ្រប់ជំនាន់ក្រោយ។
ការអនុម័តលើសេចក្តីព្រាងច្បាប់ លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាម នេះ ធ្វើឡើងក្រោមការចុះហត្ថលេខាយល់ព្រមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ។
បណ្ឌិត ឡៅ ម៉ុងហៃ បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកថា បរទេសមកត្រួតត្រាខ្មែរ បណ្តាលឲ្យខ្មែរ បាត់បង់ឯករាជ្យជាតិ បាត់បង់សមត្ថភាពគ្រប់គ្រងខ្លួនឯង បាត់បង់សន្តិភាព បាត់បង់ឯកភាពជាតិ និងឈានទៅដល់ការបាត់បង់ បូរណភាពទឹកដីទាំងមូលថែមទៀត។
សេចក្តីព្រាងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា-វៀតណាមនេះ បានឆ្លងកាត់ការអនុម័តពីរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជាទាំងពីរដំណាក់កាលរួចហើយ ដំណាក់កាលចុងក្រោយ រង់ចាំតែការឡាយព្រះហស្ថលេខារបស់ព្រះមហាក្សត្រ តែប៉ុណ្ណោះ នោះសេចក្តីព្រាងនេះ នឹងចូលជាធរមានដោយបិរបូណ៌។
ក្រុមអ្នកឃ្លាំមើលសង្គម អះអាងថា លោក ហ៊ុន សែន មិនអាចបញ្ចប់ភាពចម្រូងចម្រាស ដោយការធ្វើច្បាប់ពិធីសារខណ្ឌសីមានេះបានទេ ត្បិតច្បាប់នេះ បានរំលោភលើរដ្ឋធម្មនុញ្ញទាំងស្រុង។ ផ្ទុយទៅវិញ ប្រជាពលរដ្ឋខ្មែរ នឹងសើរើវត្ថុបំណងពិតនៃច្បាប់នេះ ថាតើធាតុពិតនៃច្បាប់នេះ ពិតជាការពារកម្ពុជា ឬជាការកាត់ដីឲ្យបរទេស៕
.
.