អត្ថបទដោយ ​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (ប្រទេស​ន័រវេស៍) / ០៨ កុម្ភៈ ២០១៨)

យើងខ្ញុំនៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូម​ថ្កោល​ទោស ចំពោះ​ការ​បោះបង្គោល​ព្រំដែន ​ក្នុង​កាលៈ​ទេសៈ​ប្រទេ​ជាតិ កំពុង​មានវិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ។ ការបោះ​បង្គោល​ព្រំដែន លេខ​​ ២៦០ នៅ​ឃុំកំពង់​ក្រសាំង ស្រុក​បុរីជលសារ ខេត្ត​តាកែវ នេះគឺ​ជាការប៉ោះ​ចូល​ក្នុង​ទឹកដី​ខ្មែរ​សុទ្ធសាធ ដែល​របបលោក ហ៊ុន សែន តម្រូវ​តាម​ចិត្ត​របស់​ភាគីវៀតណាម ចង់បាន

លោក ម៉ែន ណាត៖ «ប្រវត្តិទំនាស់ព្រំដែន នៅស្រុកបុរីជលសារ​ គឺ​ថា ព្រែកជីក​ព្រំដែនចាស់ ឬព្រែកជីក អុិន តាំ (ទសវត្សរ៍ទី​៦០ លោក អ៊ិន តាំ អតីតអភិបាលខេត្តតាកែវ នៃសង្គម​រាស្រ្តនិយម) ត្រូវបាន​យួន ឈ្លានពាន​យក​​ជាស្ថាពរ​ហើយ។ ឥឡូវរដ្ឋាភិបាល​ខ្មែរ-យួន កំណត់​យក​ព្រែក​ជីកថ្មី ​ឬហៅព្រែក ប៉ុល សារឿន ឆ្នាំ១៩៨៥ ជាខ្សែបន្ទាត់ព្រំដែន នៃប្រទេស​ទាំងពីរ។ កាលនោះ​លោក ប៉ុល សារឿន ធ្លាប់​ធ្វើ​ជា​អភិបាលខេត្ត​តាកែវ ក្នុង​ទសវត្សរ៍​​ទី​៨០ ក្នុង​​សម័យ​​វៀតណាម ត្រួតត្រា​កម្ពុជា។ ដូច្នេះវៀតណាម ឈ្លាន​ពាន​យកទឹក​ដី​ខ្មែរ ជម្រៅពី ៥០ ម៉ែត្រ ទៅ​រាប់រយម៉ែត្រ បើធៀប​នឹង​ព្រំដែន​ចាស់​ជាមូលដ្ឋាន»។ 

ការបោះបង្គោលព្រំដែននាពេលនេះ ត្រូវ​បាន​ភាគីវៀតណាម រំកិល​ចូល​មក​លើមាត់ព្រែក ខាង​ភាគី​ខ្មែរ​បន្ថែម​ទៀត ដោយរំលោភយកទឹកព្រែក​តែម្តង។

ខ្ញុំបាទ ម៉ែន ណាត ជាសាក្សី ដែល​ធ្លាប់​បាន​ទៅពិនិត្យ​ព្រំដែន​ខ្មែរ-យួន នៅ​​ខាង​​កើត ស្រុក​​កំណើត​របស់ខ្ញុំ តាំងពីឆ្នាំ​២០០០, ២០០២, ២០០៤ និងឆ្នាំ​​២០១៤ ហើយ​បាន​ជួបសំណេះ​​សំណាល ជាមួយ​បងប្អូន​ខ្មែរ ព្រមទាំង​មន្រ្តី​ព្រំដែន​ខ្មែរ​​នៅ​ទីនោះ អំពី​​រឿង​​ព្រំដែន និង​​រឿងជនជាតិ​យួន ចេញ​​ចូល​​តាម​​ច្រកព្រំដែន តាម​​អំពើ​ចិត្ត។

ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និង​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា «សូម​អំពាវនាវ​ជាថ្មី ទៅ​​របប​​លោក ហ៊ុន សែន ត្រូវបញ្ឈប់​ការបោះ​បង្គោល​ព្រំដែន ជាបន្ទាន់ ពីព្រោះ​ការបោះ​​បង្គោល​​ព្រំដែន​ ជាមួយ​​ភាគី​​វៀតណាម តាំង​ពីឆ្នាំ​២០០៦ មក ធ្វើឲ្យភាគី​ខ្មែរបាត់បង់​ភូមិករ និង​ដីស្រែចំការ​របស់​ពលរដ្ឋខ្មែរ តាម​​បណ្តោយ​​ព្រំដែន​ជាបន្ត​បន្ទាប់»លោក ម៉ែន ណាត៖ «ការ​បោះ​​បង្គោល​​ព្រំដែន អាច​ធ្វើទៅបាន ដរាបណា​ប្រទេស​កម្ពុជា ត្រូវ​មាន​​ការឯកភាព​​ជាតិជា​មុន​​សិន ហើយ​​ភាគី​កម្ពុជា ត្រូវ​តែ​​ផ្ទៀង​ផ្ទាត់ និង​សើរើ​ឡើងវិញ នូវ​សន្ធិសញ្ញា​​ព្រំដែនខុស​ច្បាប់ មុន​ឆ្នាំ​​១៩៩០ និង​សន្ធិសញ្ញា​ព្រំដែន ឆ្នាំ​​​២០០៥ ដែល​​ធ្វើ​ឲ្យ​​ភាគី​ខ្មែរ បាត់​បង់​បូរណភាព​​ទឹកដី​​របស់​​ខ្លួន»។

ដូច្នេះ​របប ហ៊ុន សែន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត និង​ត្រូវតែ​​ភ្ញាក់​​រលឹក​​ឡើង​​វិញ គឺ​ត្រូវ​​ប្តឹង​​សើរើ​សន្ធិសញ្ញា និង​​បង្គោល​ព្រំដែន​ទាំង​អស់ ទៅ​ម្ចាស់​​ហត្ថលេខី​​នៃ ​​កិច្ចព្រម​​ព្រៀង​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង តុលាការអន្តរជាតិ ទីក្រុង​ឡាអេ។ លោក ហ៊ុន សែន ត្រូវ​តែ​​ស្នើ​​ទៅ​ភាគី​​វៀតណាម ឲ្យ​យក​​បង្គោល​​ព្រំដែន​ទាំង ១២៤ តាមអនុសញ្ញាកូសាំង​​​ស៊ីន​​របស់​បារាំង និង​​កម្ពុជា ឆ្នាំ១៨៧៣ មក​ដាក់​ត្រង់ក​ន្លែង​ដើមវិញ


អត្ថបទបន្ថែម៖ «លោក ហ៊ុន សែន កាត់ដី និង​ព្រែក​នៅ​ស្រុក​បូរីជលសារ ខេត្ត​តាកែវ ឲ្យ​យួន​ទៀតហើយ! ពត៌មាន​តាម​បណ្តាញ​សង្គម បាន​ផ្សាយ​នៅ​ថ្ងៃនេះ​ថា អាជ្ញាធរខ្មែរ-យួន បាន​ព្រមព្រៀង​គ្នា បោះ​បង្គោល​ព្រំដែន​ខ្មែរ-យួន លេខ ២៦០ ស្ថិត​នៅ​ទល់​មុខ​ច្រក​ទ្វារ​​ទ្វេភា​គី ​កំពង់​ក្រសាំង ក្នុង​​ស្រុក​​បូរីជលសារ ខេត្ត​តាកែវ តែ​ក្នុង​ទឹកដីខ្មែរ»ព្រំដែន​ខ្មែរ-យួន ត្រង់​ចំណុច​បង្គោល​លេខ ២៦០ នេះ គឺនៅ​ចំកណ្តាល​ទន្លេ មិន​មែន​​ស្ថិត​​ក្នុង​​ដីខ្មែរ​​ចឹង​​ទេ ហើយ​​តាម​លក្ខណៈ​បច្ចេកទេស នៃ​​ការ​បោះ​បង្គោល​​ព្រំដែន បើព្រំដែន​ នៅចំកណ្តាល​ទន្លេ អ៊ីចឹងគឺ ត្រូវ​បោះបង្គោល នៅ​លើដី​នៃ​ប្រទេស​ទាំង​ពីរ ដែល​​​ដាក់​លេខ​​បង្គោល​​ដូចគ្នា បាន​​ន័យ​ថា ខាងដីខ្មែរ ត្រូវ​បោះ​បង្គោល​ លេខ ២៦០ (A) ហើយខាង​ដី​យួន ត្រូវ​បោះ​បង្គោល លេខ ២៦០ (B) ជាឧទាហរណ៍។ បើសិន​ជាបោះ​បង្គោល​តែ​ក្នុង​ដីខ្មែរ​​របៀប​ហ្នឹង បាន​​ន័យ​​ថា ត្រង់​ចំណុច​បង្គោល​នោះ​ហើយ ជា​ព្រំដែន។ ដូច្នេះ​ចាប់​ពី​បង្គោល រួមទាំង​ព្រែក​ផង នឹងក្លាយ​ជា​ដី និង​​ព្រែក​​យួន​​ហើយ។ បន្ទាប់​​ពី​បោះ​បង្គោល​​ព្រំដែន លេខ ២៦០ នេះ​​រួ​ច​​ហើយ ពលរដ្ឋខ្មែរ​​ម្ចាស់​​ទឹក​ មាន​​សិទ្ធិ​ប្រើ​ទឹក​ព្រែក ឬ​អត់​គឺ​អាស្រ័យ​​លើ​យួន ជា​អ្នក​សម្រេច មិន​មែន​នៅ​លើ​ខ្មែរ​ម្ចាស់​ទឹកដី សម្រេច​ទៀត​ទេ៕ (ដោយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)

.