វិទ្យុអាស៊ីសេរី RFA /ដោយ សេក បណ្ឌិត
02nd-9-2023

ពលរដ្ឋ​ជាច្រើន​គ្រួសារ​ រស់​នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​តែ​អាស្រ័យផល​ និង​ដាំដុះ​លើ​ដី​ធ្វើ​ចម្ការ កេរ​ឪពុក​ម្ដាយ​របស់​ពួកគាត់ ដែល​បាត់បង់​ទៅ​វៀតណាម ក្រោយ​ពី​បោះបង្គោល​ព្រំដែន។

ពួកគាត់​អះអាង​ថា អាជ្ញាធរ​ខ្មែរ និង​វៀតណាម បាន​ពន្លឿន​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​នោះ ដោយ​លាក់​លៀម ក្នុង​ពេល​កម្ពុជា​កំពុង​រាល​ដាល​ជំងឺ​កូវីដ-១៩ និង ​មាន​វិបត្តិ​នយោបាយ។

នៅ​រយៈ​ពេល​ជាង ៣​ឆ្នាំ​ចុង​កន្លង​ទៅ​នេះ ចាប់​តាំង​ពី​ឆ្នាំ​២០២០ ក្នុង​ពេល​ដែល​ពលរដ្ឋ​កម្ពុជា​ កំពុង​ខ្វល់ខ្វាយ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​១៩ បែរ​ជា​រដ្ឋាភិបាល​កម្ពុជា-​វៀតណាម​ ពន្លឿន​បោះ​បង្គោល​ព្រំដែន​ដោយ​ស្ងាត់ៗ និង​លាក់​បាំង ឋិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

ពលរដ្ឋ​អះអាង​ថា តំបន់​ដែល​អាជ្ញាធរ​កម្ពុជា និង​វៀតណាម បោះ​បង្គោល​ព្រំដែន​ គឺ​ឋិត​ក្នុង​ឃុំ​ទន្លូង ឃុំ​ជាំក្រវៀន ឃុំ​ជាំ ឃុំ​ចាន់មូល និង​ឃុំដារ ស្រុក​មេមត់ ក្នុង​ចន្លោះ​បង្គោល​ព្រំដែន ​លេខ ៩៥ រហូត​ដល់​បង្គោល​លេខ ៩៨

ពលរដ្ឋ​ភាគច្រើន​ មិន​បាន​ដឹង​រឿងរ៉ាវ​នេះ​ទេ ​ហើយ​នៅ​គ្រា​ដែល​ពួកគាត់​ប្រទះ​ឃើញ បង្គោល​ព្រំដែន បោះ​ចំ​កណ្តាល​​ដី​​ស្រែ​​កេរ​ដូនតា​របស់​ពួកគាត់​ ទើប​ផ្អើល​ឆោឡោ អ្នកខ្លះ​ស្រែក​យំ និង​ខ្លះ​ទៀត​នៅ​ស្ងៀម​បៀម​ទុក្ខ​កង្វល់​​មិន​ហ៊ាន​តវ៉ា​ខ្លាច​អាជ្ញាធរ​ធ្វើ​បាប និង​ប្តឹង​ទៅ​តុលាការ។

អ្នកភូមិ​ថា ក្នុង​ចន្លោះ​បង្គោល​ព្រំដែន ​លេខ​៩៥ ឋិត​ក្នុង​ភូមិ​ជើង ឃុំ​ជាំ ស្រុក​មេមត់​ ក្រោយពី​បោះបង្គោល​ព្រំដែន​រួចរាល់ អាជ្ញាធរ​វៀតណាម បាន​ពន្លឿន​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​គ្រប់​កន្លែង ធ្វើ​ឱ្យ​ដី​ស្រែ​ចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​ហិកតារ បាន​បាត់បង់​ទៅ​វៀតណាម​កាន់កាប់

ពលរដ្ឋ​រស់​នៅ​ស្រុក​មេមត់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ពេល​នេះ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ រស់​នៅ​ភូមិ​នេះ​ នៅ​តែ​ក្លាហាន ទៅ​ប្រមូល​ផល​ចម្ការ​ ដោយ​បេះ​ផ្លែ​ដូង ស្វាយ និង​ទុរេន លើ​ដី​របស់​ខ្លួន ដែល​វៀតណាម​កំពុង​កាន់​កាប់​នា​ពេល​បច្ចុប្បន្ន។

លោក​បញ្ជាក់​ថា ពលរដ្ឋ​ទាំងនោះ​ មិនសុខចិត្ត​ចំពោះ​ការ​បោះបង្គោល​ព្រំដែន​មិន​ត្រឹមត្រូវ និង​លាក់​បាំង​បែប​នេះ​ឡើយ។

ពលរដ្ឋ​សុំ​លាក់​ឈ្មោះ៖ «ក្រោយ​ពី​ធ្វើ​ផ្លូវ​ក្រវាត់​ ចម្ការ​ស្វាយ​មួយ​ចំនួន នៅ​ខាង​ត្បូង​ផ្លូវ មាន​ន័យ​ថា នៅ​ខាង​វៀត​ណាម។ តែ​ពលរដ្ឋ​ខ្មែរ​យើង ខ្ញុំ​សរសើរ​នៅ​ភូមិ​ជើង ទុរេន​គាត់​នៅ​តែ​ដុះ ហើយ​ដូនតា​គាត់​នៅ​ជ្រោង។ ខ្ញុំ​ជឿ​ថា នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​បញ្ហា​ទៀត ដី​អស់​ហ្នឹង»។

អ្នកស្រុក​អះអាង​ថា ភូមិ​អំផុល និង ​ក្រអូប (អ្នក​ស្រុក​ហៅ​ក្រៅ​ថា ភូមិ​ភោគ) ក្នុង​ឃុំ​ចាន់​មូល ​ដែល​មាន​ពលរដ្ឋ​ខ្មែរ​រាប់ពាន់​គ្រួសារ ​រស់​នៅ​តាំង​ពី​បុរាណ​កាល​មក បាន​បាត់បង់​ទៅ​វៀតណាម​កាន់​កាប់​ទាំង​ស្រុង​ហើយ។

ភូមិ​ទាំង​នេះ មាន​ផ្ទះ​ខ្មែរ​បុរាណ និង​លំនៅឋាន​ចាស់ៗ​របស់​ដូនតា​ខ្មែរ​រាប់​រយ​ខ្នង ហើយ​អាជ្ញាធរ​វៀតណាម បាន​​បិទ​សិទ្ធិ​ពួកគាត់ មិន​ឱ្យ​រៀន​អក្សរខ្មែរ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ប្រើប្រាស់ សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ ឆ្នាំ​១៩៨៥។ ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​ភូមិ​ទាំងនេះ នៅតែ​លួច​បញ្ជូន​កូន​ឱ្យ​មក​រៀន​ភាសាខ្មែរ ក្នុង​ទឹក​ដី​ខ្មែរ នៅ​កៀក​តំបន់​ព្រំដែន ខេត្ត​ត្បូងឃ្មុំ។

ភូមិ​ទាំង​នេះ បើ​ទោះ​បី​ជា​វៀតណាម​កាន់​កាប់​ក្តី ក៏​ពួក​គាត់​អាច​ឆ្លងដែន​មក​ដី​ខ្មែរ​បាន​ធម្មតា ក៏​ប៉ុន្តែ​ក្រោយ​ពី​បោះ​​បង្គោល​​​ព្រំដែន​រួចរាល់ និង​សង់​ផ្លូវ​ក្រវាត់​ព្រំដែន អាជ្ញាធរ​វៀតណាម​ មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចេញ​ចូល​មក​ខ្មែរ​ដោយ​សេរី​ឡើយ។

អ្នក​ភូមិ​បន្ថែម​ទៀត​ថា ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា និង​វៀតណាម ​បោះ​បង្គោល​ព្រំដែន​រួចរាល់ ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ពួកគាត់​តែង​តែ​លើក​គ្នា​តវ៉ា និង​ប្តឹង​ទៅ​អាជ្ញាធរ​ឱ្យ​ជួយ​ដោះស្រាយ​ដី​ស្រែចម្ការ​របស់​ពួកគាត់​ តែ​គ្មាន​បាន​ផល​ឡើយ។

ដែនដី​ភូមិ​អំផុល លាត​សន្ធឹង​ទល់​នឹង​វត្ត​ស្រែតានង ហើយ​អាជ្ញាធរ​ខ្មែរ និង​វៀតណាម បាន​ឯកភាព​គ្នា​បោះ​បង្គោល​​ព្រំដែន និង​សង់​ផ្លូវ​ក្រវាត់​ព្រំដែន នៅ​ជាប់​នឹង​របង​វត្ត​នេះ

លើស​ពី​នេះ​ទៀត បន្ទាប់​ពី​បោះ​បង្គោល​ព្រំដែន​រួច អាជ្ញាធរ​វៀតណាម​ បាន​ក្តាប់​យ៉ាង​ណែន​ និង​សាងសង់​ផ្លូវ​ក្រវាត់​​ព្រំដែន​គ្រប់​ច្រកល្ហក សូម្បី​តែ​ប៉ុស្តិ៍​ព្រំដែន​ខ្មែរ​មួយចំនួន​ ក៏​ត្រូវ​បាន​វៀតណាម​កាន់​កាប់​ដែរ។

ពលរដ្ឋ​ថ្លែង​សុំ​លាក់​ឈ្មោះ៖«បោះ​បង្គោល​ព្រំដែន​ពិបាក​ណាស់ ​ស្រេច​តែ​គេ​ចង្អុល​ ស្រេច​តែ​គេ​បង្ហាញ។ ពលរដ្ឋ​ភាគ​ច្រើន​ គឺ​មិន​បាន​ដឹង​បាន​ឮ​ទេ គេ​ឃុបឃិត​គ្នា​គេ​ទៅ និយាយ​គ្នា​គេ​ទៅ។ ពលរដ្ឋ​មិន​ដឹង​ទេ ទាល់​តែ​ថា ស្អែក​ឡើង​ទាន់​តែ​ឃើញ​បង្គោល​ចំ នាំ​គ្នា​ស្រែក​យំ អ្នក​ខ្លះ​សំងំ និង​អ្នក​ខ្លះ​​មិន​ហ៊ាន​និយាយ ​បៀម​ទុក្ខ»។

ពលរដ្ឋ​ម្នាក់​ទៀត ​រស់​នៅ​ភូមិ​ចាន់មូល លោក ឈីន ឆន មាន​ប្រសាសន៍​ថា គ្រួសារ​លោក​មាន​ដី​ស្រែ​សរុប​ជាង ៧​ ហិកតារ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​អាជ្ញាធរ​បោះ​បង្គោល​ព្រំដែន និង​ធ្វើ​ផ្លូវ​ក្រវាត់​ព្រំដែន​រួច​ នៅ​សល់​តែ ១ ​ហិកតារ​ប៉ុណ្ណោះ ហើយ ៦​ ហិកតារ​ទៀត របូត​ទៅ​វៀតណាម​គ្រប់គ្រង។

លោក ឈីន ឆន«ខ្ញុំ​ឈឺ​ចាប់​ពេក​ហើយ នៅ​តែ​សោក​ស្តាយ​ដែរ​ ធ្វើ​ម៉េច​វា​ជា​ការ​ជាក់ស្តែង បើ​សិន​អនាគត​ទៅ ក្មេង​ជំនាន់​ក្រោយ អាច​ដោះស្រាយ​បាន​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់​ តាម​ច្បាប់​អន្តរជាតិ ខ្ញុំ​ក៏​ត្រេកអរ​ដែរ»។

ចំណែក​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក​ មាន​ពលរដ្ឋ​ចំនួន ១០៦​គ្រួសារ មាន​ទំនាស់​ដីធ្លី​ជា​ច្រើន​ឆ្នាំ​ហើយ គឺ​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​ បាន​បោះបង្គោល​ព្រំដែន​ លេខ​ ១១៤ ដល់​លេខ ​១១៩ រួចរាល់​ ធ្វើ​ឱ្យ​ពួកគាត់ ​បាត់បង់​ដី​ស្រែ​កេរ​ដូនតា ​ទំហំ​ជាង ៦០​ ហិកតារ។

អ្នកភូមិ​អះអាង​ថា ទាហាន​វៀតណាម​ តែងតែ​កាន់​កាំភ្លើង ដំបង​ឆក់ និង​ខ្នោះដៃ​ឆ្លងដែន​ចូល​មក​បណ្ដេញ និង​រើ​ខ្ទម​ចាំចម្ការ​របស់​ពួកគាត់​ចោល ​ដោយ​អះអាង​ថា ជា​ដី​តំបន់​ព្រំដែន។

យុវជន​ដែល​តែង​ចុះ​ពិនិត្យ​តំបន់​ព្រំដែន លោក សឿន មករា ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ ដោយ​យុត្តិធម៌​ និង​អនុញ្ញាត​ឱ្យ​យុវជន​ ចូលរួម​តាម​ដាន​រឿង​នេះ​ឱ្យ​បាន​ទូលំ​ទូលាយ។

លោក សឿន មករា«រដ្ឋាភិបាល​ថ្មី​ ចាំបាច់​ត្រូវ​មាន​យន្តការ​យ៉ាង​ម៉េច​ លុប​បំបាត់​ភាព​មន្ទិល និង​បង្ហាញ​ពលរដ្ឋ​ខ្លួនឯង មាន​ទំនុក​ចិត្ត​លើ​ខ្លួន។ ត្រូវ​មាន​យន្តការ​ច្បាស់​លាស់​ ជំរុញ​ពលរដ្ឋ​ខ្លួនឯង ឈ្មុសឈ្មុល​រឿង​ឯកសារ​បូរណភាព​​ទឹក​ដី​​របស់​​ខ្លួន»។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ​បន្ថែម​រឿង​នេះ ​ពី​រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន លោក ឡាំ ជា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១ តុលា។

រី​ឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ប៉ែន បូណា ក៏​មិន​ទាន់​អាច​ទាក់​ទង​​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ក៏ប៉ុន្តែ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​ជន​ទាំង​ឡាយ​ណា ដែល​រិះគន់​ពី​បញ្ហា​ព្រំដែន។

លោក ហ៊ុន សែន៖ «ឥឡូវ​មក​ប៉ុន្មាន​ចាប់​ប៉ុណ្ណឹង ​រឿង​ទល់​ដែន​អត់​មាន​ឱ្យ​រញ៉េរញ៉ៃ​។ កុំ​ថា ​រដ្ឋាភិបាល​ ហ៊ុន សែន ​ផ្ដាច់ការ​ នេះ​មិនមែន​ការ​តស៊ូ​មតិ​ទេ»។

ថ្មីៗនេះ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ដែល​ទើប​ឡើង​កាន់​តំណែង លោក ឡាំ ជា បាន​ចេញ​លិខិត​ប្រកាស​ព័ត៌មាន​មួយ​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា ​នឹង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ​គឺ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​អន្តរជាតិ ដូច​មាន​ចែង ក្នុង​សន្ធិសញ្ញា​បំពេញ​បន្ថែម​​ឆ្នាំ២០០៥ ធ្វើ​​ឡើង​ត្រឹមត្រូវ  ច្បាស់លាស់​ និង​ផ្តល់​ប្រយោជន៍​ធំធេង​ ដល់​ពលរដ្ឋ។

អតីត​តំណាង​រាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា កន្លង​ទៅ រដ្ឋាភិបាល​ឯក​បក្ស​របស់​​លោក ហ៊ុន សែន បាន​កំណត់​បង្គោល​ព្រំដែន​​ដោយ​លាក់​បាំង​ ខ្វះ​តម្លាភាព និង​មាន​ភាព​មិន​ប្រក្រតី​ច្រើន ធ្វើ​ឱ្យ​បាត់បង់​ដី​ខ្មែរ​តាម​តំបន់​ព្រំដែន។

លោក អ៊ុំ សំអាន៖ «ពលរដ្ឋ​សឹង​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ផង នៅ​សម័យ​កូវីដ១៩ ជា​ឱកាស​រដ្ឋាភិបាល លោក ហ៊ុន សែន​ បោះ​បង្គោល​លួច​លាក់​ចោរ​លួច។ រដ្ឋាភិបាល​ថ្មី គួរ​បង្ហាញ​ស្នាដៃ អ្វី​ដែល​ឪពុក​របស់​ខ្លួន​ធ្វើ​ខុស​ គឺ​កែ កុំឱ្យ​ជាប់​ឈ្មោះ​ជា​ជន​ក្បត់​ជាតិ ដូច​ពលរដ្ឋ​ថា ពី​ឪ​ហើយ​មក​ដល់​កូន​ទៀត»។

អនុ​សញ្ញា​ទីក្រុង​វីយែន ប្រទេស​អូទ្រីស (Austria) ឆ្នាំ​១៩៦៩ ស្តី​ពី​សន្ធិសញ្ញា ចែងថា ការ​បោះ​បង្គោល​ព្រំដែន​ ត្រូវ​អនុលោម​តាម​ប្រទេស​ដាក់​អាណានិគម​ ដែល​កម្ពុជា​ ធ្លាប់​ឋិត​ក្រោម​អាណានិគម​និយម​បារាំង

រីឯ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ១៩៩១ បាន​ចែង​ថា រដ្ឋាភិបាល​វៀតណាម​បាន​ចុះ​ហត្ថលេខា ដោយ​សន្យា​ថា ឈប់​ឈ្លាន​ទឹកដី​កម្ពុជា

កាល​ពី​ឆ្នាំ​២០២០ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​នៃ ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម បាន​ចុះ​ហត្ថលេខា​ប្រើប្រាស់​ផែនទី​ថ្មី ​ខ្នាត ១/២៥ពាន់ ​យក​ពី​ប្រទេស​វៀតណាម និង​បោះពុម្ព ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ​នៅ​ប្រទេស​ដាណឺម៉ាក (Denmark)។

រដ្ឋាភិបាល​ចាត់​ទុក​ការ​ប្រើ​ផែន​ទី​ថ្មី​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​លទ្ធផល​បង្គោល​ព្រំដែន​កម្ពុជា និង​វៀតណាម ​ដែល​​បោះ​រួច​ចំនួន ៨៤ ភាគ​រយ។

ចំណែក​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ថា ការ​ចុះ​ហត្ថលេខា​ទទួល​យក​ផែនទី​នេះ​ ជា​ការ​ទទួល​ស្គាល់​ការ​ឈ្លានពាន​របស់​វៀតណាម ខណៈ​ដែល​កម្ពុជា​ កំពុង​មាន​ជម្លោះ​នយោបាយ​ ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ឡើង​កាន់​អំណាច​ដោយសារ​ការ​បោះឆ្នោត​បង្គ្រប់កិច្ច​ ចំនួន ២​អាណត្តិ​មក​ហើយ៕

រូបភាព​បង្គោលព្រំដែនខ្មែរ ខេត្តត្បូងឃ្មុំ និងរូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន លោក ម៉ែន ណាត។
រូបភាព​បង្គោលព្រំដែនខ្មែរ ខេត្តត្បូងឃ្មុំ និងរូបថតលោក ហ៊ុន ម៉ាណែត លោក អ៊ុំ សំអាន លោក ម៉ែន ណាត។