
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា កម្ពុជាក្លាយជារដ្ឋឯកបក្ស និងផ្ដាច់ការជាផ្លូវការ
(វិទ្យុអាស៊ីសេរី RFA / 08-9-2018 /ដោយ មួង ណារេត)
មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ថាកម្ពុជាឥឡូវនេះ ក្លាយជារដ្ឋឯកបក្ស និង ផ្ដាច់ការជាផ្លូវការហើយ ក្រោយលោក ហ៊ុន សែន បើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី លើកដំបូង នៃរបបថ្មីនេះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់អាស៊ីសេរីថា លោកមិនចង់ប្រើភាសានេះទេ ប៉ុន្តែ តថភាពជាក់ស្ដែង ដែលកំពុងកើតមានឡើងនៅកម្ពុជាសព្វថ្ងៃ គឺគ្មានអ្វីអាចប្រកែកបាន។ លោក ហ៊ុន សែន កំពុងដឹកនាំប្រទេសកម្ពុជា ទៅរកគ្រោះថ្នាក់ ផ្នែកសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ៖ «កម្ពុជាឥឡូវនេះ មិនត្រឹមតែដឹកនាំដោយរបបឯកបក្សទេ គឺជារបបផ្ដាច់ការផងដែរ។ ខ្ញុំមិនចង់និយាយបែបនេះទេ ប៉ុន្តែគ្មានពាក្យអ្វីក្រៅពីនេះ ដើម្បីពិពណ៌នាអំពីកម្ពុជា។ ខ្ញុំមិនចង់ឃើញបែបនេះទេ។ ខ្ញុំ និងអ្នកស្រលាញ់ប្រជាធិបតេយ្យ ជាច្រើនទៀត បានខំប្រឹងតស៊ូយ៉ាងស្វិតស្វាញ ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ ជូនពលរដ្ឋខ្មែរ។ ប៉ុន្តែ ជាអកុសល អ្វីៗត្រូវបញ្ចប់ក្រោមការរៀបចំការបោះឆ្នោតក្លែងក្លាយបែបនេះ»។
មន្ត្រីសិទ្ធិមនុស្ស ដែលតាមឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ជាងម្ភៃឆ្នាំចុងក្រោយនេះ បន្តទៀតថា លោកប្រមើលឃើញនូវគ្រោះថ្នាក់ធំ របស់ប្រទេស និងប្រជាជាតិខ្មែរ ដោយសារតែការក្តោបក្តាប់អំណាចរដ្ឋផ្តាច់មុខ ដោយលោក ហ៊ុន សែន បក្សពួក និងក្រុមគ្រួសារ ក្នុងស្ថានភាពដែលអ្នកគាំទ្របក្សប្រឆាំង ច្រើនលើសលប់ ត្រូវផាត់ចោល។ អស់មានអ្នកដែលអាចជាកញ្ចក់ ដើម្បីឆ្លុះបញ្ជាំងអំពើអសកម្មរបស់របបនេះបាន៖ «លោក ហ៊ុន សែន សម្រេចអ្វីគ្រប់យ៉ាង តែម្នាក់ឯង។ ប្រទេសនេះ ស្ថិតក្នុងស្ថានភាព ដែលមានបក្សដទៃស្អេកស្កះ តែគ្រាន់តែលម្អឆាក ដែលគ្មានភាពក្លាហាន ឬគ្មានឆន្ទៈ ក្នុងការតតាំងនឹងរបបនេះ។ នេះគឺជាវាសនាអភ័ព្វនៃអនាគតកម្ពុជា។ ខ្ញុំមិនអាចទាយទុកបាន ថាស្ថានភាពបែបនេះ នឹងអាចបន្តនៅយូរបានប៉ុនណានោះទេ។ ប៉ុន្តែ អ្វីដែលខ្ញុំដឹងច្បាស់ គឺពលរដ្ឋខ្មែរស្ទើរតែទាំងអស់ មិនគាំទ្ររបបផ្ដាច់ការបែបនេះទេ។ ពលរដ្ឋជាច្រើន បាត់បង់សិទ្ធិ និងអំណាចក្នុងការសម្រេចចិត្តរបស់ខ្លួនអស់ទៅហើយ។ តើប្រជាធិបតេយ្យ ដែលយករាស្ត្រជាធំ នៅមានន័យអ្វីទៀត?»។
លោក ប្រ៊ែដ អាដាម បានព្រមានលោក ហ៊ុន សែន និងរបបនេះ ថាថ្ងៃណាមួយ ពលរដ្ឋខ្មែរ ដែលមិនពេញចិត្តនឹងរបៀបដឹកនាំ បែបរំលោភសិទ្ធិមនុស្ស និង បំផ្លាញប្រជាធិបតេយ្យបែបនេះ នឹងក្រោកតវ៉ាជាក់ជាមិនខាន។ លោកមិនដឹងថា ថ្ងៃណានោះទេ ប៉ុន្តែ កម្ពុជានឹងចៀសមិនផុត ពីជួបរឿងអកុសលបែបនេះនោះឡើយ ដោយសារតែពលរដ្ឋខ្មែរច្រើនលើសលប់ មិនអាចទទួលយកស្ថានភាពបែបនេះបានយូរ។
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ធ្វើឡើងក្រោយពេល លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ បានចាប់ផ្ដើមបើកសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ នៃរបបថ្មីរបស់ខ្លួនហើយ នៅព្រឹកថ្ងៃទី០៧ សីហា គឺក្រោយពេលគណៈរដ្ឋមន្ត្រី នៃរបបថ្មី បានបិទបញ្ចប់នីតិវិធីបង្គ្រប់កិច្ច នៅរដ្ឋសភាឯកបក្សរួចរាល់។
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៃរបបថ្មីនេះ ធ្វើឡើងក្រោយពេល ដែលរដ្ឋសភាឯកបក្ស កាលពីថ្ងៃទី០៦ សីហា បាននាំគ្នាបោះឆ្នោតជាកញ្ចប់ ឬលើកដៃដើម្បីចែកតំណែងគ្នា បន្ទាប់ពីគណបក្សកាន់អំណាច បានក្រសោបយកអាសនៈទាំងអស់ គឺទាំង ១២៥ អាសនៈ របស់រដ្ឋសភា តាមរយៈព្រឹត្តិការណ៍ ថ្ងៃទី២៩ កក្កដា ដែលរងការរិះគន់ និងថ្កោលទោសជាសាកល ថាជាបោះឆ្នោតក្លែងក្លែង ដើម្បីគ្រាន់តែបង្គ្រប់កិច្ច ប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ មើលឃើញថា គណៈរដ្ឋមន្ត្រីថ្មីនៃរបបក្រុងភ្នំពេញ នឹងមិនអាចបម្រើសុខទុក្ខរបស់ពលរដ្ឋបានល្អ ជាងគណៈរដ្ឋមន្ត្រីចាស់ទេ ប៉ុន្តែផ្ទុយទៅវិញ ការបង្កើតគណៈរដ្ឋមន្ត្រីថ្មីនៅពេលនេះ នឹងធ្វើឲ្យរបបក្រុងភ្នំពេញ ជួបប្រទះបញ្ហាធំ២ គឺ បញ្ហាខាងក្នុង និងបញ្ហាខាងក្រៅ។ បញ្ហាខាងក្នុង គឺពលរដ្ឋខ្មែរទាំងក្នុងប្រទេស នឹងក្រៅប្រទេស ដែលមិនពេញចិត្តនឹងការបោះឆ្នោតបែបបង្គ្រប់កិច្ច នឹងមិនទទួលស្គាល់របបថ្មី។ ឯបញ្ហាខាងក្រៅគឺ សហគមន៍អន្តរជាតិ អាចនឹងកាន់តែថ្កោលទោស ឬពន្លឿនសម្ពាធមកលើរបបថ្មីនេះ។
កញ្ញា លី ស្រីស្រស់ យល់ថា គណៈរដ្ឋមន្ត្រីថ្មី នៃរបបក្រុងភ្នំពេញ នឹងពិបាកបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ កុំឲ្យដាក់សម្ពាធណាស់ ព្រោះសហគមន៍អន្តរជាតិ មានភស្តុតាង និងភ្នាក់ងារឃ្លាំមើលស្ថានភាពកម្ពុជា គ្រប់ជ្រុងជ្រោយ។ «»
ចំណែក គណបក្សប្រឆាំង ដែលរងការធ្វើទុក្ខបុកម្នេញ ពីរបបក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍ពីក្រៅប្រទេស ប្រកាសមិនទទួលស្គាល់សភា និងរដ្ឋាភិបាល ដែលបានកើតចេញពីការបោះឆ្នោតក្លែងក្លាយ ដែល មិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាងឲ្យពលរដ្ឋ ខ្មែរទាំងមូលបានដែរ ព្រោះឆន្ទៈខ្មែរប្រមាណពាក់កណ្ដាលប្រទេសត្រូវបានបិទមាត់ ដោយសារតែការផាត់ចោលគណបក្សនេះ មិនឲ្យចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៩ ខែ កក្កដា កន្លងទៅនេះ។
នៅក្រោយការចែកតំណែងឲ្យគ្នាទៅវិញទៅមករួចរាល់ ក្រុមមេដឹកនាំជាន់ខ្ពស់ នៃគណបក្សកាន់អំណាច បានផ្ញើសារអបអរសាទរគ្នាទៅវិញទៅមក។ ប៉ុន្តែ នៅមិនទាន់ឃើញបណ្ដាសហគមន៍អន្តរជាតិ ឬ ប្រទេសម្ចាស់ជំនួយធំៗរបស់កម្ពុជា ផ្ញើសារអបអរសាទរ ការកាន់តំណែងរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ នៅអាណត្តិថ្មីទេ គឺមានតែសារព្រួយបារម្ភ និងសារថ្កោលទោស៕