គណៈកម្មការអឺរ៉ុប នៅថ្ងៃទី ០៧ ឧសភា ឆ្នាំ២០២០ បានសម្រេចបញ្ចូលបញ្ចូលប្រទេសកម្ពុជា (សូមអានជាភាសាអង់គ្លេស) ទៅក្នុងបញ្ជីខ្មៅនៃការលាងលុយកខ្វក់ ដែលបង្កការព្រួយបារម្ភដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ ឬការប្រព័ន្ធផ្ទេរប្រាក់ក្នុងកម្រិតអន្តរជាតិ។ កម្ពុជា ជាប់ឈ្មោះជាមួយប្រទេសភូមា ជាសមាជិកសមាគមអាស៊ាន (ASEAN) ដូចគ្នា ដែលស្ថិតក្នុងបញ្ជីខ្មៅរបស់សភាពអឺរ៉ុប ក្នុងចំណោម ១១ ប្រទេសផ្សេងទៀត នៅលើពិភពលោក ដូចជា អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន ស៊ីរី យេម៉ែន កូរ៉េខាងជើង អ៊ូហ្គាន់ដា វ៉ានូទូ ដែនដីទ្រីនីដាត និងតូបាហ្កូ។
គណៈកម្មការអឺរ៉ុប ទើបបញ្ចូលឈ្មោះប្រទេសទាំងនេះ ទៅក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ សម្រាប់ឆ្នាំ២០២០ នេះ ជាការព្រមានដល់ពួកអ្នកមានក្នុងជួរមន្រ្តីរដ្ឋាភិបាល ដែលកេងប្រវញ្ច និងលួចលុយជាតិ មិនអាចយកលុយទៅរក្សាទុកក្នុងធនាគារ នៅអឺរ៉ុបបានទេ ឬបើទុករួចហើយ ក៏ពិបាកដកវិញបានដែរ។ នេះបីតាមការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ថ្ងៃទី ០៧ ឧសភា។
គណៈកម្មការអឺរ៉ុប បានហៅប្រទេសក្នុងបញ្ជីខ្មៅថា «មានកង្វះខាតជាយុទ្ធសាស្ត្រ ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ និងអំពើហិរញ្ញប្បទានភេរវកម្ម»។ វិធានការរបស់អឺរ៉ុបនេះ ប្រាកដណាស់ថា ក្រុមមន្រ្តីឥស្សរជននយោបាយពុករលួយ និងអ្នកជំនួញខិលខូចក្នុងប្រទេសកម្ពុជា ដែលផ្ញើលុយនៅអឺរ៉ុប អាចនឹងប្រឈមផលប៉ះពាល់មុនគេ។
លោក អ៊ិន ចាន់នី អគ្គនាយកធនាគាអេស៊ីលីដា និយាយថា «ការចាយវាយនៅកម្ពុជា ស្ទើរតែជាង ៨០% ពឹងផ្អែកខ្លាំង ទៅលើរូបិយប័ណ្ណបរទេស ជាប្រាក់ដុល្លារ។ ដូច្នេះកម្ពុជា មិនអាចធ្វើឲ្យបាត់បង់មធ្យោបាយ ក្នុងការផ្ទេរប្រាក់នោះទេ»។ នេះបើតាមការផ្សាយរបស់វិទ្យុអាស៊ីសេរីដដែល។
ចំណែកអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ងឺ ចន្ទ្រ័ផល ថ្លែងថា «មិនភ្ញាក់ផ្អើលទៅនឹងវិធានការរបស់សហភាពអឺរ៉ុបទេ។ វិធានការនោះ វាមិនឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងរបស់កម្ពុជា»។ លោកបន្តថា វិធានការរបស់អឺរ៉ុប នឹងមិនប៉ះពាល់ដល់កម្ពុជា ដរាបណាកម្ពុជា បន្តអនុវត្តតាមអនុសាសន៍របស់ហិរញ្ញប្បទានអន្តរជាតិ ដែលបានដាក់កម្ពុជា ក្នុងបញ្ជីប្រផេះ (FATF) រួចហើយ កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ {FATF មានន័យថា ជាវិធានការប្រតិបត្តិការហិរញ្ញប្បទានអន្តរជាតិ (Financial Action Task Force – FATF)}។ នេះបើតាមគេហទំព័ររបស់វិទ្យុវីអូឌី (VOD) ផ្សាយនៅថ្ងៃទី ០៨ ឧសភា។
ទោះបីយ៉ាងណាក្តី កន្លងទៅលោក ហ៊ុន សែន មេដឹកនាំកម្ពុជា បានធ្វើការប្ដេជ្ញាចិត្តម៉ឺងម៉ាត់ ទប់ស្កាត់មិនឲ្យកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីខ្មៅរបស់អឺរ៉ុប ក្នុងការលាងលុយកខ្វក់ឡើយ។ ប៉ុន្តែការប្តេជ្ញាចិត្តនោះ បានទទួលលទ្ធផលបរាជ័យទាំងស្រុង បើធៀបនឹងស្ថានភាពពេលនេះ។
សហភាពអឺរ៉ុប ប្រកាសចាប់ផ្ដើមអនុវត្តវិធានការនេះ ចាប់ពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះតទៅ បន្ទាប់ពីមេរោគកូរ៉ូណា ឬកូវីដ១៩ ថមថយនៅជុំវិញពិភពលោក៕
(អត្ថបទដោយ នគរ /០៨ ឧសភា ២០២០)
.