
បក្សប្រឆាំង និងអ្នកឃ្លាំមើល ថ្កោលទោសសភាឯកបក្ស ដែលអនុម័តសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩
(RFA Khmer /ដោយ សេក បណ្ឌិត / 05 th-11-2019)
អ្នកនយោបាយបក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាកម្ពុជា ថ្កោលទោសរដ្ឋសភារបបក្រុងភ្នំពេញ ដែលសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ទាក់ទងនឹងបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។ រដ្ឋសភា ថាមតិរិះគន់ទាំងឡាយ អំពីរឿងសន្ធិសញ្ញាបំពេញបន្ថែមនេះ មិនអាចយកជាការបានឡើយ ព្រោះជាការកេងចំណេញនយោបាយ។
អ្នកតាមដានបញ្ហាព្រំដែន បញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះរដ្ឋសភារបបក្រុងភ្នំពេញ ដែលផ្តល់សច្ចាប័នលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលពួកគេអះអាងថា បានធ្វើឱ្យប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរ។
តំណាងរាស្ត្រ ពីគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ថ្លែងថា ការអនុម័តយល់ព្រមរបស់សភាឯកបក្ស នៅពេលនេះ មានន័យស្មើនឹង «កាត់ទឹកដីខ្មែរទៅឱ្យវៀតណាម» តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវវៀតណាម លើកបន្តុបឱ្យកាន់អំណាច តាំងពីដើមទស្សវត្សរ៍ទី៨០ មកនោះ។ លោកអះអាងថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ធ្វើឡើងក្នុងពេលដែលកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម ដូច្នេះសន្ធិសញ្ញានេះ និងសន្ធិសញ្ញាបំពេញបន្ថែមផ្សេងទៀត ដែលរបបលោក ហ៊ុន សែន បានចុះហត្ថលេខាទទួលស្គាល់ជាមួយភាគីវៀតណាម រហូតមកដល់ពេលនេះ សុទ្ធសឹងតែជាសន្ធិសញ្ញាខុសច្បាប់ ផ្ទុយពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖ «ការអនុម័តនៅថ្ងៃនេះ ត្រូវទុកជាមោឃៈ មិនអាចយកជាការបានទេ ដោយសាររដ្ឋសភាហ្នឹងជារដ្ឋសភាដែលខុសច្បាប់ រដ្ឋាភិបាល ក៏ខុសច្បាប់ដែរ។ ដូច្នេះនៅពេល ដែលមានរដ្ឋសភា ដែលកើតចេញពីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ហើយនិងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ យើងត្រូវលុបចោលសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញា ឆ្នាំ១៩៨៥ ដែលរដ្ឋសភា បានអនុម័តថ្ងៃនេះ ហើយយើងនឹងសើរើការបោះបង្គោលព្រំដែន ជាមួយយួនផងដែរ»។
ចំណែកលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រទេសន័រវេស (Norway) ថ្កោលទោសរដ្ឋសភា របបក្រុងភ្នំពេញ ដែលបានផ្តល់សច្ចាប័នលើ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នេះ ព្រោះលោកពិនិត្យឃើញថា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បាន៨៤% នោះ ធ្វើឱ្យកម្ពុជា បាត់ទឹកដី និងធ្វើឡើងដោយខុសច្បាប់។ លោក បន្តថា ទង្វើរបស់ក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ក្នុងរឿងព្រំដែន ជាមួយវៀតណាមនេះ នឹងត្រូវកូនចៅខ្មែរជំនាន់ក្រោយ ជេរស្តី ព្រោះនេះជាការកាត់ទឹកដីឱ្យបរទេស ដែលជាទង្វើក្បត់ជាតិខ្លួនឯង។
ទោះជាយ៉ាងណា លោក ម៉ែន ណាត មានសុទិដ្ឋិនិយមថា សន្ធិសញ្ញាមិនស្របច្បាប់ទាំងឡាយ រវាងរបបលោក ហ៊ុន សែន ជាមួយភាគីវៀតណាម នឹងត្រូវលុបចោល នៅពេលកម្ពុជា មានរដ្ឋាភិបាលស្របច្បាប់មួយ ដែលគិតពីប្រយោជន៍ជាតិជាធំ៖ «យ៉ាងណាក៏ដោយ ក៏យើងមិនអាចទទួលស្គាល់ មិនអាចយល់ស្រប ចំពោះការយល់ព្រមណាមួយ ទៅលើលទ្ធផលនៃការបោះបង្គោលព្រំដែនហ្នឹង ហើយនិងអ្វីដែលរដ្ឋសភាកម្ពុជាបានធ្វើថ្ងៃនេះ។ យើងសូមធ្វើការថ្កោលទោសដាច់អហង្ការ។ យើងយល់ថា របបឯកបក្សហ្នឹងគាត់ធ្វើយ៉ាងណា ដើម្បីយកចិត្តយកថ្លើមតែវៀតណាម ដោយមិនខ្វល់មិនខ្វាយពីការបាត់បង់បូរណភាពទឹកដី»។
រដ្ឋសភារបបក្រុងភ្នំពេញ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដោយសំឡេងគាំទ្រទាំងស្រុងនៃ សមាជិកសភា ១១០ រូប ដែលចូលរួមក្នុងសម័យ ប្រជុំសភាពេញអង្គ នៅថ្ងៃទី០៤ វិច្ឆិកា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈរដ្ឋមន្ត្រី អនុម័តយល់ព្រម កាលពីថ្ងៃទី១១ តុលា និងបញ្ជូនបន្តមកឱ្យរដ្ឋសភាអនុម័ត រយៈពេលមួយសប្តាហ៍ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា ក្រោយរដ្ឋសភាអនុម័តរួចហើយ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅ ព្រឹទ្ធសភា ដើម្បីពិនិត្យ មុននឹងបញ្ជូនបន្តទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្តលេខា ទទួលស្គាល់ជាផ្លូវការ និងចូលជាធរមាន។ លោកអះអាងថា សេចក្តីព្រាងច្បាប់នេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ព្រំដែន ជាមួយប្រទេសវៀតណាម តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ។ លោក ថ្លែងទៀតថា អ្នកដែលរិះគន់រឿងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នេះ គឺជាអ្នកដែលមានបំណងបន្ទុចបង្អាក់ដំណើរការអភិវឌ្ឍជាតិ៖ «ចំពោះអ្នកដែលប្រឆាំងនឹងសន្ធិសញ្ញានេះ គឺថាគាត់មិនបានគិតអ្វីឱ្យបានជ្រាលជ្រៅទេ ប្រហែលជាគាត់ ចង់ចំណេញខាងនយោបាយ។ កន្លងមក ក្នុងពេលដែលយើងធ្វើ ក៏យើងមិនមែនធ្វើឆាប់ដែរ យើងធ្វើជាង ១០ ឆ្នាំ ក៏មានការលំបាកដែរ ដោយសារការទៅរំខានរបស់ពួកអ្នក ដែលចង់រំខានហ្នឹង។ ដូច្នេះហើយមតិដែលប្រឆាំងនឹងសន្ធិសញ្ញានេះ គឺមិនអាចយកជាការបានទេ ហើយតាមខ្ញុំយល់ គឺមិនមានស្មារតីជួយប្រទេសកម្ពុជា ឱ្យបានសុខសាន្ត ឬបានចម្រើនទៅមុខទេ គឺថាជាការយកជើងរាទឹកទៅវិញ»។
របបលោក ហ៊ុន សែន អះអាងថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នេះ គឺជាឯកសារផ្លូវច្បាប់ ដែលទទួលស្គាល់ការបោះបង្គោលព្រំដែន ៨៤% ជាមួយប្រទេសវៀតណាម។ បន្ថែមពីលើនេះ របបក្រុងភ្នំពេញ អះអាងទៀតថា សន្ធិសញ្ញានេះ គឺជាឯកសារគ្រឹះការពារបូរណភាពទឹកដីកម្ពុជា ដែលមានខ្សែព្រំដែនមិនប្រែប្រួល ថែរក្សាបាននូវព្រំដែន សុខសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជា។ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ គឺជាការរួមបញ្ចូលគ្នានៃសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥។
បក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយជាខ្លាំង ដែលសន្ធិសញ្ញានេះ ត្រូវបានរដ្ឋសភាអនុម័ត ក្នុងពេលកម្ពុជា មិនទាន់មានឯកភាពជាតិ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ថ្លែងថា ក្នុងពេលដែលសភាជាតិ គ្រប់គ្រងដោយបក្សតែមួយ ហើយកម្ពុជា កំពុងស្ថិតក្នុងជម្លោះនយោបាយបែបនេះ ស្ថាប័ននីតិបញ្ញតិមួយនេះ ពុំគួរផ្តល់សច្ចាប័នលើសន្ធិសញ្ញព្រំដែន ជាមួយប្រទេសវៀតណាមឡើយ ព្រោះអាចធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ។ លោក ស្នើឱ្យរដ្ឋាភិបាល ពិចារណាឡើងវិញ ក្នុងការពន្យារពេល ឬធ្វើប្រជាមតិ មុននឹងអនុម័តសន្ធិសញ្ញាព្រំដែននេះ៖ «យើងនៅតែបង្ហាញក្តីបារម្ភដដែលថា ការដែលយើងធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នេះ គឺវាអាចនាំទៅដល់ការខាតបង់ផលប្រយោជន៍ជាតិមួយចំនួន។ ទីមួយ គឺដោយសារសា្ថនភាពនយោបាយយើង ហាក់មិនទាន់ស្រុះស្រួល ហើយទីពីរកិច្ចការមួយចំនួន ដែលរដ្ឋាភិបាល កំពុងធ្វើហ្នឹង ហាក់ដូចជាមានការលាក់លៀមច្រើន»។
ក្រៅពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកឃ្លាំមើលបញ្ហាព្រំដែន ពលរដ្ឋមួយចំនួន ក៏បានបញ្ចេញមតិថ្កោលទោសរដ្ឋសភា ចំពោះការអនុម័តសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ នេះដែរ។ មតិរិះគន់ទាំងនោះ លេចឡើងព្រោងព្រាតលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) ដោយពួកគេសរសេរថា របបលោក ហ៊ុន សែន ត្រូវតែទទួលខុសត្រូវ ចំពោះមុខប្រវត្តិសាស្ត្រ ទាក់ទងនឹងការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ហើយអ្នកខ្លះទៀត ចង់ឱ្យថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ សម្រេចរឿងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម នៅពេលកម្ពុជា មានឯកភាពជាតិពិតប្រាកដ។
របបក្រុងភ្នំពេញ បានចុះហត្ថលេខាលើ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ ជាមួយភាគីវៀតណាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាបំពេញបន្ថែមនេះ កម្ពុជា និងវៀតណាម បានដំណើរការបោះបង្គោលព្រំដែនគោក ពីខេត្តរតនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០០៦ ដល់ខែកក្កដា ឆ្នាំ២០១៩ ដោយសម្រេចបានលទ្ធផល ៨៤% ឬស្មើនឹង ៣១៥ បង្គោល នៃព្រំដែនសរុប ៣៧៥ បង្គោល។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ ក្រុមយុវជន និងពលរដ្ឋនៅមូលដ្ឋានមួយចំនួន អះអាងថា ការបោះបង្គោលព្រំដែននេះ ធ្វើឱ្យកម្ពុជា បាត់បង់ទឹកដីនៅតាមព្រំដែន ទៅប្រទេសវៀតណាម។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ថា ប្រសិនបើទៅថ្ងៃមុខ គណបក្សប្រឆាំង ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលវិញ នោះពួកគេមានសិទ្ធិក្នុងការសើរើមើលឡើងវិញ នូវសន្ធិសញ្ញា ដែលរដ្ឋាភិបាលសព្វថ្ងៃ បានចុះហត្ថលេខា ជាមួយភាគីវៀតណាម៕
