អត្ថបទ The Cambodia Daily
16-7-2022
អង្គការតម្លាភាពកម្ពុជា ថាគិតត្រឹមដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានជំពាក់បំណុលបរទេស ជាលក្ខណៈទ្វេភាគីជាង ៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ជំពាក់មហាអំណាចកុម្មុយនីស្តចិន ជាង ៤២ ភាគរយ។
អង្គការតម្លាភាពកម្ពុជា បានចេញសេចក្តីរាយការណ៍របស់ខ្លួន កាលពីដើមខែកក្កដា ឆ្នាំ២០២២ នេះថា ប្រទេសកម្ពុជា បានជំពាក់បំណុលបរទេស ជាលក្ខណៈទ្វេភាគីចំនួន ៥ ប្រទេស ក្នុងនោះរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឥណ្ឌា ថៃ និងវៀតណាម ខណៈបំណុលទាំងនេះ រាជរដ្ឋាភិបាលមានលទ្ធភាពចរចាដោះស្រាយត្រឹមតែក្នុងទំហំ ៦ ភាគរយប៉ុណ្ណោះ។
ប្រភពដដែលលើកឡើងថា ក្រៅពីបំណុលទ្វេភាគី ប្រទេសកម្ពុជា ក៏មានបំណុលពហុភាគីផងដែរ ប៉ុន្តែបំណុលនេះមានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ក្នុងនោះជំពាក់បំណុល ធនាគារអភិវឌ្ឍន៍អាស៊ីជាង ២០ ភាគរយ, ធនាគារពិភពលោក ៧ ភាគរយ, មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ជាង ១ ភាគរយ និងបំណុលពហុភាគីចំនួនទៀតផងដែរ។
ការចេញសេចក្តីរាយការណ៍នេះ ធ្វើឡើងបន្ទាប់ពីអង្គការតម្លាភាពកម្ពុជា បានធ្វើការស្រាវជ្រាវលើឯកសារ របស់រដ្ឋាភិបាលកម្ពុជាជាច្រើន ដូចជាច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ឆ្នាំ២០២១ ជាដើម។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ កក្កដា នេះថា មានហេតុផលធំៗមួយចំនួន ដែលបំណុលកើតឡើងពីការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃនេះ អាចរុញច្រានកម្ពុជា ឱ្យជួបគ្រោះមហន្តរាយធំធេង នៅពេលខាងមុខ ដោយសារតែបំណុលទ្វេភាគី មានទំហំធំពេក ហើយក៏ជាបំណុលដែលគ្មានតម្លាភាព និងជាបំណុលដែលគ្មានការអនុគ្រោះថែមទៀត។
លោក បន្តថា ចិននឹងមិនអនុគ្រោះទេបើកម្ពុជា មិនអាចរកលុយសងគេទាន់ពេលវេលា ក្នុងនោះពួកគេនឹងទាមទារកាន់កាប់ទីតាំងសំខាន់ៗ នៅប្រទេសកម្ពុជាជាមិនខាន។ ជាក់ស្តែងនៅពេលនេះ ចិន បានគ្រប់គ្រងមួយជំហានទៅហើយ ដូចជាកាន់កាប់តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែទឹកជ្រៅ និងព្រលានយន្តហោះ ជាដើម។ ប៉ុន្តែលោក មិនអាចបញ្ជាក់បានទេថា ការកាន់កាប់របស់ចិន លើទីតាំងសំខាន់ៗទាំងនេះ គឺជាការរំលស់បំណុលពីកម្ពុជា ឲ្យទៅចិនជាបណ្តើរៗ ឬក៏យ៉ាងណានោះទេ។ រឿងដូច្នេះ កើតមាននៅប្រទេសដទៃរួចទៅហើយ។
ប្រធានវេទិកាពលរដ្ឋរូបនេះ បញ្ជាក់ថា កម្ពុជាសព្វថ្ងៃនេះ មិនមានដើមទុនសម្រាប់វិនិយោគដោយខ្លួនឯង ដើម្បីទទួលបានចំណូលជាតិ សម្រាប់ទប់ទល់ការចំណាយឱ្យបានគ្រប់គ្រាន់នោះឡើយ ស្របពេលដែលធនធានធម្មជាតិរបស់ខ្លួន ក៏ត្រូវបានវិនាសហិនហោច ខណៈសេដ្ឋកិច្ច ពាណិជ្ជកម្មធំៗ ត្រូវបានរដ្ឋាភិបាលចិន និងវៀតណាម ប្រើប្រាស់រូបភាពជាក្រុមហ៊ុន ទៅគ្រប់គ្រងស្ទើរពេញផ្ទៃប្រទេស ទៅហើយនោះ។ ដូច្នេះ ប្រទេសកម្ពុជា គ្មានសង្ឃឹមថានឹងមានលុយសងគេ ឱ្យផុតអស់បំណុលទាំងនោះទេ បើនៅតែបន្តដឹកនាំ តាមរបៀបរដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃនេះទៀតនោះ។
វិទ្យាស្ថាន Kiel Institute ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ កាលពីចុងឆ្នាំ២០១៩ បានរកឃើញថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាជំពាក់បំណុលប្រទេសចិន ច្រើនបំផុត លំដាប់ទី៦ ក្នុងចំណោមប្រទេស ៥០ លើពិភពលោក ដែលជាបំណុលមានហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ក្រសួងសេដ្ឋកិច្ចកម្ពុជា បានចេញផ្សាយព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ខ្លួន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នេះថា ប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីបុលបរទេស ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ ១ម៉ឺន ៥ពាន់លានដុល្លារអាមេរិក ប៉ុន្តែកម្ពុជាបានចំណាយអស់ ១ម៉ឺន ៥៥១លានដុល្លារអាមេរិកហើយ ខណៈបំណុលជាក់ស្តែង ដែលកម្ពុជា មិនទាន់បានទូទាត់សងម្ចាស់បំណុលសព្វថ្ងៃនេះ គឺមានដល់ទៅជាង ៩៤០០ លានដុល្លារអាមេរិកឯណោះ៕

.