អត្ថបទវិទ្យុអាស៊ីសេរី RFA Khmer
05-5-2021
អ្នកវិភាគ ឬអ្នកឃ្លាំមើលនយោបាយ ដាស់តឿនឱ្យរបបក្រុងភ្នំពេញ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំនួយកម្ចីរបស់ចិន មានចេតនាជ្រៀតជ្រែកនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ ពួកគេចាត់ទុកខ្លឹមសារលិខិតចំហរបស់ស្ថានទូតចិនប្រចាំកម្ពុជាថា ជាការការពារប្រយោជន៍ក្រុមហ៊ុនចិន និងជនជាតិចិនជាច្រើនម៉ឺននាក់ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា នាពេលបច្ចុប្បន្នច្រើនជាង។
ស្ថានទូតចិនថា លុយដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជាខ្ចី មិនមានលក្ខខណ្ឌនយោបាយ និងពុំមែនជាលេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ។ ចិនថា មកទល់ពេលនេះ មិនទាន់ឃើញមានប្រទេសណាមួយ រងទុក្ខវេទនាដោយសារបំណុលចិននោះឡើយ ដូច្នោះហើយទើបកម្ពុជាតែងតែខ្ចីលុយចិនមកអភិវឌ្ឍន៍ផ្លូវ ស្ពាន ហើយចិន ផ្តល់បច្ចេកទេសបណ្តុះបណ្តាលបច្ចេកវិទ្យា និងវិស្វកម្មដើម្បីជួយកម្ពុជា។
ស្ថានទូតចិនថ្លែងបែបនេះ ក្នុងលិខិតចំហមួយចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ជាការឆ្លើយតបបកស្រាយប្រាប់អាស៊ីសេរីថា មកទល់ពេលនេះ មិនទាន់មានប្រទេសណាមួយរងគ្រោះ ព្រោះតែមិនសងបំណុលចិននោះទេ ហើយក៏មិនឮថា ប្រទេសណាស្អប់ខ្ពើមជំនួយកម្ចីរបស់ចិនដែរ។ តែផ្ទុយទៅវិញ ប្រទេសទទួលជំនួយកម្ចីភាគច្រើន នៅតែបន្តស្នើសុំចិន បង្កើនជំនួយបន្ថែមទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ឱ្យកាន់តែល្អប្រសើរ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្លួន។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយ និងគណបក្សប្រឆាំងច្រានចោលចំពោះការបកស្រាយនេះ ដោយចាត់ទុកថា រដ្ឋាភិបាលចិនពុំមានភាពស្មោះត្រង់ក្នុងការផ្តល់ប្រាក់កម្ចីនោះទេ។ លើសពីនេះទៀត ក្នុងពេលដែលកម្ពុជាកំពុងជាប់អន្ទាក់បំណុល ចិនបានឆក់ឱកាសបង្កើតគោលនយោបាយវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា និងវិនិយោគដីសម្បទានសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតា ដើម្បីងាយស្រួលនាំចេញធនធានធម្មជាតិរួមមាន រ៉ែមាស រ៉ែដែក ថ្មម៉ាប ថាមពលអគ្គិសនី និងឈើប្រណិត ទៅកាន់ប្រទេសខ្លួន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យកម្ពុជា ដែលកំពុងរស់នៅប្រទេសណ័រវេស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា ខណៈរដ្ឋាភិបាលចិនឱ្យកម្ពុជា ខ្ចីលុយកាន់តែច្រើន ក្រុមហ៊ុនចិនមករកស៊ីនៅកម្ពុជា ជញ្ជក់យកធនធានធម្មជាតិពីកម្ពុជាក៏កាន់តែច្រើនដែរ៖ «ក្រុមហ៊ុនចិនដែលមករកស៊ីស្រុកខ្មែរ មានក្រុមហ៊ុនកាស៊ីណូ ក្រុមហ៊ុនកាប់ឈើធំៗ ក្រុមហ៊ុនរ៉ែអីហ្នឹង គឺសុទ្ធតែជំពាក់ជំពិននឹងបញ្ហានឹងទាំងអស់។ ដើម្បីយកចិត្តចិន យើងមានតែឱ្យពួកវិនិយោគចិន មិនថាល្អ ឬទុច្ចរិត ក៍មកវិនិយោគដែរ ហើយពួកហ្នឹងរកស៊ីជាមួយមន្ត្រីធំៗ ក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន មានឧត្តមសេនីយ៍ជាច្រើន ដែលកាងពួងហ្នឹង ហើយមុនរកស៊ីជាមួយមន្ត្រីគ្រាកៗ ក្នុងស្រុងយើងវាជាការជួយសម្រួលពីលោក ហ៊ុន សែន ដើម្បីយកចិត្ត សម្រួលលើបញ្ហាបំណុលនេះ»។
ស្ថានទូតចិនបន្ថែមថា ប្រទេសចិនចាប់ផ្តើមផ្តល់ជំនួយដល់កម្ពុជា ក្នុងការកែលម្អផ្លូវនៅជនបទ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត ក្នុងនោះបានជួយជួសជុលផ្លូវ ២៥ ខ្សែ ក្នុងខេត្តចំនួន ៨ មានប្រវែងសរុបជាង ៣ ពាន់គីឡូម៉ែត្រ (៣០០០)។ លើសពីនេះ ចិនបានជីកអណ្តូងជិតពីរពាន់កន្លែង (១៨១០) និងស្រះទឹកជាង ១រយកន្លែង (១២៧) ដល់ខេត្តចំនួន១៣។ តួលេខទាំងនេះ ត្រូវបានបង្ហាញថា កិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងកងទ័ពចិន និងកម្ពុជា គឺជាផ្នែកមួយយ៉ាងសំខាន់ដែលមិនអាចកាត់ផ្តាច់បាន។
ទោះជាយ៉ាងណា លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បារម្ភថា ដោយសារកម្ពុជា ជំពាក់បំណុលចិន កាន់តែច្រើន នៅថ្ងៃមុខនៅពេលកម្ពុជា គ្មានលុយសងចិនវិញនោះ កំពង់ផែនៅក្រុងខេត្តព្រះសីហនុ អាចនឹងត្រូវទូទាត់ជាសំណងទៅឱ្យចិន ដូចជាបានកើតឡើងដូច្នេះនៅប្រទេសស្រីលង្កា (Sri Lanka)។
កាលពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៥ រដ្ឋាភិបាលស្រីលង្កា បានខ្ចីលុយចិនជាច្រើនពាន់លានដុល្លារ ដើម្បីចំណាយលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែក្រោយមកប្រទេសនេះ ពុំមានលទ្ធភាពដោះបំណុលចិននោះទេ។ រហូតនៅខែធ្នូ ឆ្នាំ២០១៧ រដ្ឋាភិបាលស្រីលង្កាបានបង្ខំចិត្តប្រគល់ការគ្រប់គ្រងកំពង់ផែទឹកជ្រៅរបស់ខ្លួនឈ្មោះ ផែ ហាមបានតូតា (Hambantota) ឱ្យក្រុមហ៊ុនចិនគ្រប់គ្រងទាំងស្រុងដោយសារតែខ្លួនគ្មានលទ្ធភាពសងបំណុលចិន។
ជំនួយរបស់ចិន មិនដែលដាក់លក្ខខណ្ឌលើការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះទេ។ អ្នកឃ្លាំមើលបរិស្ថានសង្កេតឃើញថា ក្រុមហ៊ុនចិនជាច្រើននៅកម្ពុជា បានបង្កផលប៉ះពាល់ជាច្រើន ដល់ពលរដ្ឋនិងបរិស្ថាន ក្នុងនោះមានការរំលោភសិទ្ធិមនុស្សតាមរយៈបណ្ដេញពលរដ្ឋចេញពីដីធ្លី ឩទាហរណ៍ ដូចជាក្រុមហ៊ុន យូឌីជីរបស់ចិន (Union Development Group or UDG) នៅខេត្តកោះកុង ការកាប់បំផ្លាញធនធានសម្បត្តិធម្មជាតិ ការបង្ហូរទឹកស្អុយពីរោងចក្រ ឬសណ្ឋគារចូលសមុទ្រ និងមានការលុបបឹង អូរ ធម្មជាតិ ជាដើម។
ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងការពារការខ្ចីលុយពីចិនថា កម្ពុជាខ្ចីចិនទៅតាមគម្រោងអភិវឌ្ឍន៍របស់កម្ពុជាតែប៉ុណ្ណោះ។ លោកសរសើរថា ប្រាក់កម្ចីចិនមានអាត្រាការប្រាក់ទាប ហើយការទូរទាត់សងវិញមានរយៈពេលវែង។ លោកថា កម្ពុជាបច្ចុប្បន្នមិនមែនខ្ចីតែប្រទេសចិននោះទេ គឺបានខ្ចីពីប្រទេសជាមិត្ត និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនថែមទៀត។ លើសពីនេះលោកថា ការខ្ចីនេះទៀតសោតកម្ពុជាបានគិតគូរល្អិតល្អន់។
បន្ថែមពីលើនេះ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថាប្រាក់កម្ចីពីប្រទេសចិន ពុំមានភ្ជាប់នូវគោលការណ៍លក្ខខណ្ឌសាំញ៉ាំច្រើនទេ ហើយឥណទានហិរញ្ញវត្ថុចិនបានក្លាយជាចលករដ៏សំខាន់ដើម្បីងាយស្រួលសម្រាប់កម្ពុជាអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប្រាប់សារព័ត៌មានក្នុងស្រុកកាលពីចុង ឆ្នាំ២០២០ ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានបើកច្រកទីផ្សារទូលំទូលាយសម្រាប់កម្ពុជារួចទៅហើយ។ លោកបញ្ជាក់ថា កម្ពុជាត្រូវរៀបចំគោលនយោបាយផលិតកម្ម វិនិយោគ ដឹកជញ្ជូន និងបញ្ហាផ្សេងៗទៀតឱ្យបានល្អប្រសើរដើម្បីផលិត និងនាំចេញទំនិញទៅកាន់ប្រទេសចិនបានច្រើនតាមការរំពឹងទុក។
ទោះយ៉ាងណាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មើលឃើញថា កម្ចីចិនពុំមានតម្លាភាព និងគណនេយ្យភាពនោះទេ ជាពិសេសមិនផ្តល់ឱ្យកម្ពុជាទទួលបានអភិបាលកិច្ចល្អប្រសើរដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើយ។ លោកផ្តល់ទស្សនៈថា ប្រាក់កម្ចីរបស់ប្រទេសលោកខាងលិចមានលក្ខខណ្ឌតម្លាភាព បំបាត់អំពើពុករលួយ កែលម្អបញ្ហាសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យ៖ «បំណុលរបស់ចិនធ្វើឱ្យរបបលោក ហ៊ុន សែន ជិះសេះលែងដៃ។គាត់យកអំណាចផ្តាច់ការលទ្ធិកុម្មុនីស្តពីចិនមកអនុវត្តនៅកម្ពុជា។ដែលកម្ពុជាសព្វថ្ងៃលោក ហ៊ុន សែនរំលាយបក្សប្រឆាំងដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិហើយគាត់កាន់អំណាចផ្តាច់ការតែម្តងតាមរបៀបការដឹកនាំកុម្មុនីស្តដូចនៅចិនអញ្ចឹង»។
លោក អ៊ុំ សំអាន បន្ថែមថា លុយដែលកម្ពុជាខ្ចីចិនផ្តោតលើការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែជារឿយៗ ក្រុមហ៊ុនចិនធ្លាប់មានរឿងអាស្រូវច្រើន។ ទោះជាយ៉ាងណាក៏ដោយចុះ ស្ថានទូតចិនបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកម្ពុជាចិន មិនត្រឹមតែលើកកម្ពស់ប្រសិទ្ធភាពនៃទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តថែមទាំងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការតទល់រួមគ្នាជាមួយបញ្ហាប្រឈមក្នុងតំបន់ ថែរក្សាសន្តិភាព និងស្ថេរភាពក្នុងតំបន់ ហើយកន្លងទៅកងទ័ពនៃប្រទេសទាំងពីរបានរៀបចំកិច្ចសហការក្នុងតំបន់បានយ៉ាងល្អ ដូចជា ការហ្វឹងហាត់យោធា និង ការបណ្តុះបណ្តាលបុគ្គល និងឧបករណ៍ជាដើម។
អ្នកឃ្លាំមើលនយោបាយសង្កេតឃើញថា ចិនពង្រីកទំនាក់ទំនងស្អិតរមួតជាមួយកម្ពុជា ក៏ដើម្បីទាញយកផលប្រយោជន៍ពីកម្ពុជា ពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់។ ផ្អែកតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីឆ្នាំ២០២០ កម្ពុជាជំពាក់ចិនដល់ទៅជិត ៤ពាន់លានដុល្លារ ( ៣.៧០០) ឬស្មើនឹងជិត ៤៧ ភាគរយនៃទំហំបំណុលសរុបដែលកម្ពុជាជំពាក់បរទេស។ លុយដែលខ្ចីពីចិនភាគច្រើនផ្ដោតលើការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងស្ពានជាដើម៕

.