មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវស្ថិតក្នុងការសម្រចចិត្តដ៏លំបាកមួយ ថាតើត្រូវជ្រើសរើសយកប្រទេសចិន ឬក៏វៀតណាម(?) បើសិនប្រទេសទាំងពីរ ធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ ក្នុងជម្លោះដែនកោះ នៅឈូងសមុទ្រចិនខាងត្បូង។ ជម្លាះដែនកោះ នៅសមុទ្រចិននេះ វាប៉ះពាល់ដល់ប្រយោជន៍ ប្រទេសវៀតណាម ប្រ៊ុយណេ ហ្វ៊ីលីពីន និង តៃវ៉ាន់ ដែលមានទំនាក់ទំនងយ៉ាងល្អ ជាមួយសហរដ្ឋអាមេរិក។
ឆ្លៀតឱកាសពិភពលោក កំពុងជួបវិបត្តិជំងឺកូរ៉ូណា ឬកូវីដ១៩ នៅដើមខែមេសា ឆ្នាំ ២០២០ នេះ ប្រទេសចិន បានចូលកាន់កាប់តំបន់មួយចំនួនទៀត នៅប្រជុំកោះប៉ារ៉ាសែល ដែលជាដែនទឹក របស់វៀតណាម និង បានឡោមព័ទ្ធយកកោះថ្មប៉ប៉្រះទឹក នៃដែនទឹក របស់ហ្វីលីពីន មានទំនាស់ដ៏រ៉ាំរ៉ៃរាបសិបទសវត្សរ៍មកហើយ។ កាលពីថ្ងៃទី ០៣ ខែមេសា ចិន បានបើកនាវាល្បាត បំពាក់ដោយកាំភ្លើងយន្ដ បើកបុកពន្លិចនាវានេសាទរបស់វៀតណាម។ ចំណែកហ្វ៊ីលីពីន ក៏មិនហ៊ាន បានត្រឹមតែឈរមើល ប្រទេសចិន រំលោភដែនសមុទ្ររបស់ខ្លួន។
នៅឯឈូងសមុទ្រតៃវ៉ាន កាលពីសប្តាហ៍មុន ប្រទេសចិន បានធ្វើសមយុទ្ធយោធា ជាទ្រង់ទ្រាយធំ បើកនាវាចម្បាំង ដែលផ្ទុកយន្តហោះរាប់រយគ្រឿង ខណៈដែលភាគី តៃវ៉ាន់ រួមដៃជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប ជំរុញឲ្យប្រទេសចិន សងជម្ងឺចិត្តដល់ប្រទេសនានា ដែលរងគ្រោះនឹងជំងឺកូរ៉ូណា ឬកូវីដ១៩។ រឿងជំងឺកូវីដ១៩ ត្រូវបានសហរដ្ឋអាមេរិក និងអង់គ្លេស ចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ថាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍ នៅទីក្រុងវូហាន នៃប្រទេសចិន។
ក្នុងវេទិកាពិភាក្សារបស់កាសែត The Cambodia Daily ជាងមួយម៉ោង កាលពីថ្ងៃទី ១៧ ខែមេសានេះ លោក ប៉ាង សុខឿន អតីតប្រធានចលនានិស្សិតដើម្បីលទ្ធិប្រជាធិតេយ្យ និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានជជែកដេញដោលអំពីជំហរ និងជម្រើសរបស់លោក ហ៊ុន សែន មេដឹកនាំកម្ពុជា នៅក្នុងជម្លោះដែនកោះ រវាងវៀតណាម និង ចិន។ វេទិកាពិភាក្សានេះ មានលោក ហាស់ សាន ជាអ្នកសម្របសម្រួលកម្មវិធី។
ឆ្លើយសំណួររបស់លោក ហាស់ សាន ដែលបានចោទសួរ នោះលោក ម៉ែន ណាត បានផ្តល់យោបល់ថា «ជម្រើសរបស់លោក ហ៊ុន សែន គឺយកទាំងពីរ ទាំងប្រទេសចិន ជាមិត្តដែលថែប និងទាំងវៀតណាម ជាអ្នកមានគុណ»។ លោក បញ្ជាក់ថា «លោក ហ៊ុន សែន ត្រូវពឹងចិន ដើម្បីឲ្យចិន ជួយជ្រោមជ្រែងកូនប្រុសគាត់ គឺលោក ហ៊ុន ម៉ាណែត បន្តស្នងតំណែងគាត់ ទៅថ្ងៃក្រោយ»។ លោក ម៉ែន ណាត បន្ថែមថា «រឿងនេះ ភាគីមេដឹកនាំឯទៀត ក្នុងជួរគណបក្សកាន់អំណាចដូចគ្នា ដែលមានស្វាម៉ីភក្តិជាមួយវៀតណាម និងវៀតណាមខ្លួនឯង ច្បាស់ជាមិនយល់ស្រប មិនបណ្តោយឲ្យលោក ហ៊ុន សែន ងាកទៅចិន ទាំងស្រុងដោយងាយៗនោះទេ។ ដឹងថាវៀតណាម អន់ចិត្ត លោក ហ៊ុន សែន ក៏មិនរុញរាដែរ គឺចុះសន្ធិសញ្ញព្រំដែនបំពេញបន្ថែម ឆ្នាំ ២០១៩ ជាមួយវៀតណាម ដោយគ្មានបានជូនដំណឹងទៅរដ្ឋសភា ព្រឹទ្ធសភា និងពលរដ្ឋមួយម៉ាត់សោះ បើទោះបីដឹងថា សន្ធិសញ្ញាព្រំដែនហ្នឹង វាធ្វើឲ្យកម្ពុជា ខាតបង់ទឹកដីក៏ដោយ។ ហើយនៅខែធ្មូ ២០១៩ រដ្ឋាភិបាលលោក ហ៊ុន សែន បានផ្តល់ដីធ្លីប្រមាណ ៤០ ហិកតា នៅខេត្តកំពង់ឆ្នាំង ឲ្យជនជាតិវៀតណាមរស់នៅ ក្រោមលេសថែរក្សាបរិស្ថាន ដែលតម្រូវឲ្យធ្វើបម្លាស់ទី ពីផ្ទះបណ្តែតទឹក លើបឹងទន្លេសាប មករស់នៅលើគោក»។
លោក ម៉ែន ណាត បានផ្តល់ហេតុផលមួយចំនួនទៀតថា «កម្ពុជា នឹងជួបហានិភ័យធ្ងន់ធ្ងរ ខណៈកម្ពុជា មានមេដឹកនាំរបៀបលោក ហ៊ុន សែន។ កម្ពុជា នឹងក្លាយជាតំបន់ជម្លោះនយោបាយ រវាងឥទ្ធិពលចិន និងវៀតណាម ដូចទសវត្សរ៍ទី៧០ ក្នុងសម័យខ្មែរក្រហម។ យើងមើលផែនការរបស់លោក ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ដាក់មូលដ្ឋានយោធា នៅឈូងសមុទ្ររាម ខេត្តព្រះសីហនុ និងនៅខេត្តកោះកុង ក្នុងគោលបំណងទប់ទល់នឹងឥទ្ធិពលវៀតណាម។ ហើយក្រុមចារម្មវៀតណាម នៅកម្ពុជា ប្រាកដជាមិនអនុញ្ញាតឲ្យលោក ហ៊ុន សែន ធ្វើអ្វីបានតាមចិត្តពេកដែរ។ ជាឧទាហរណ៍ជាក់ស្តែង កាលពីសម័យរដ្ឋប្រហារ ថ្ងៃ ០៥-០៦ កក្កដា ១៩៩៧ សូម្បីពួកយួន រើសអេតចាយ ក៏ទៅជួយលោក ហ៊ុន សែន បាញ់គ្នាបង្ហូរឈាម ជាមួយក្រុម {បក្ស} ហ្វ៊ុនស៊ិនប៉ិច {របស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ នាយករដ្ឋមន្រ្តីទី១} ផងដែរ»។
លោក មែ៉ន ណាត បន្ថែមថា ជម្លោះដែនកោះប៉ារ៉ាសែល និងស្ប្រាតលី ក្នុងឈូងសមុទ្រចិនខាងត្បូងនោះ វាគ្រាន់តែស្ថិតក្នុងភាពតានតឹង ក្នុងផ្លូវនយោបាយ ប៉ុន្តែមិនទាន់អាចឈានដល់ការប្រើកម្លាំងប្រដាប់អាវុធនៅឡើយទេ។
ចំណែកលោក ប៉ាង សុខឿន ផ្តល់យោបល់ថា ចិន រំលោភដែនទឹករបស់វៀតណាម និងហ្វ៊ីលីពីន គឺគ្មានខ្វល់ពីការគោរពច្បាប់អន្តរជាតិទេ ធ្វើយ៉ាងណាច្បាមយកធនធានរ៉ែ នៅបាតសមុទ្រ មានទំហំរាប់ពាន់លានម៉ែត្រគូប ក្នុងសមុទ្រចិនខាងត្បូង។ លោក បន្តថា «បើលោក ហ៊ុន សែន គាំទ្រចិន ដែលរំលោភបំពានច្បាប់អន្តរជាតិ ក្នុងរឿងជម្លោះដែនកោះនោះ តើកម្ពុជា ដែលមានជម្លោះដែនទឹក ដែនកោះ ជាមួយវៀតណាម និង ថៃ ត្រូវដោះស្រាយយ៉ាងណា ទៅថ្ងៃក្រោយ? បើដូច្នោះមែន នោះកម្ពុជាយើង នឹងមានមុខមាត់ឯណា ទៅហ៊ានប្តឹងតវ៉ា។ គេមិនត្រូវធ្វើដូចលោក ហ៊ុន សែន នោះទេ»។
លោក ប៉ាង សុខឿន ថ្លែងថា «នយោបាយរបស់លោក ហ៊ុន សែន ងាកទៅចិន រួចហើយ ហើយក៏មិនអាចដកខ្លួនចេញពីវៀតណាមដែរ។ លោក បន្តថា «លោក ហ៊ុន សែន ពឹងផ្អែកចិន ដើម្បីគាំទ្រផ្នែកសេដ្ឋកិច្ចផង និងខាងនយោបាយផង។ ប៉ុន្តែគាត់ ពិបាកដកខ្លួនពីវៀតណាម ពីព្រោះតែវៀតណាម ក្តោបក្តាប់អំណាចរដ្ឋបាលរបស់លោក ហ៊ុន សែន យ៉ាងណែនក្នុងដៃ ទាំងខាងចារកម្មយោធា នៅតាមក្រសួងស្ថាប័ននីមួយៗផង។ រឿងនេះ មានតែលោក ហ៊ុន សែន ទេ ដែលដឹងច្បាស់ជាងអ្នកណាទាំងអស់»។
លោក សុខឿន បញ្ជាក់ថា លោក ហ៊ុន សែន ជាអ្នកធ្វើឲ្យកិច្ចប្រជុំសមាគមអាស៊ាន (ASEAN) បរាជ័យរាល់លើក នៅពេលណាដែលលើកយកប្រធានបទ អំពីជម្លោះនៅឈូងសមុទ្រចិនខាងត្បូង។ លោក ហ៊ុន សែន មិនដែលចុះហត្ថលេខា ទៅលើសេចក្តីថ្លែងការណ៍រួម ឬសេចក្តីសម្រេចណាមួយរបស់កិច្ចប្រជុំអាស៊ាន ម្ល៉ោះហើយសេចក្តីថ្លែងការណ៍ ចេញមិនរួច ពីព្រោះតែលោក ហ៊ុន សែន កាន់ជើងចិន។
លោក ម៉ែន ណាត បានរំលឹកថា «សមគមអាស៊ាន (ASEAN) គ្មានឥទ្ធិពលនៅក្នុងតំបន់ទេ ហើយក៏គ្មានឥទ្ធិពលទៅលើប្រទេសចិន ដែរ ពីព្រោះសមាជិកអាស៊ានមួយចំនួន ជាប់បំណុលចិន ដូចកម្ពុជាដែរ។ របបដឹកនាំរបស់លោក ហ៊ុន សែន បានជំពាក់បំណុលចិន ប្រមាណ ៥០០០ លានដុល្លារហើយ ក្នុងចំណោមបំណុលបរទេសសរុប ប្រមាណ ១១ ពាន់លានដុល្លារ»។
លោក ម៉ែន ណាត ផ្តល់យោបល់ថា «ដើម្បីជំហរច្បាស់លាស់ លោក ហ៊ុន សែន គួរតែបញ្ចៀសកម្ពុជា ចេញពីទំនាស់រវាង ចិន និងវៀតណាម ក្នុងរឿងជម្លោះនៅឈូងសមុទ្រចិន ដោយលោក ហ៊ុន សែន អាចចេញមុខ ទៅនិយាយជាមួយចិន និង វៀតណាម ក្នុងនាមជាមិត្តភាពល្អរបស់ខ្លួន ហើយជួយសម្របសម្រួលជាមួយសមគមអាស៊ាន នៅក្នុងរឿងនេះផង បើទោះបីមានប្រសិទ្ធភាព ឬគ្មានប្រសិទ្ធភាពក្តី»។
លោក ប៉ាង សុខឿន និងលោក ម៉ែន ណាត យល់ស្របគ្នាថា ប្រទេសចិន មានចេតនាតាំងខ្លួនជាម្ចាស់ថ្មីរបស់ពិភពេលោក ដែលបង្ហាញថាជាអ្នកខ្លាំងខាងសព្វាអាវុធ ក្នុងពេលដែលពិភពលោក កំពុងជាបដៃក្នុងវិបត្តិមេរោគកូរ៉ូណា និងតាំងខ្លួនជាអ្នកជួយសង្គ្រោះពិភពលោក ដែលផ្តល់ក្រុមគ្រូពេទ្យ ទៅជួយព្យាបាលអ្នកឆ្លងជំងឺកូរ៉ូណា នៅប្រទេសមួយចំនួន។ មួយវិញទៀត ប្រទេសចិន ក៏មានចេតនា ចង់បង្កសង្គ្រាម នៅឈូងសមុទ្រចិនខាងត្បូង។ ប្រទេសចិន នឹងទទួលរងការប្តឹងប្តល់ជុំទិស ពីបណ្តាប្រទេសដែលរីករាលដាលមេរោគកូរ៉ូណា នៅក្រោយជំងឺនេះផុតរលត់ទៅ។ ហើយ ចិន នៅតែមិនអាចដើរតួនាទី ជំនួសសហរដ្ឋអាមេរិក ក្នុងការគ្រប់គ្រងពិភពលោកបាននៅឡើយទេ៕
អត្ថបដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា / ១៨ មេសា ២០២០
.