អត្ថបទដោយ TCD / 25-7-2020
អ្នកឃ្លាំមើលសង្គមរិះគន់ថា សោកនាដកម្មដ៍ព្រៃផ្សៃ ថ្ងៃទី ៥-៦ កក្កដា ១៩៩៧ គឺជារដ្ឋប្រហារបង្ហូរឈាម ដែលដឹកនាំ និងបញ្ជាដោយលោក ហ៊ុន សែន ដោយផ្ទាល់ ដែលមានការជួយគ្រប់បែបយ៉ាងពីរដ្ឋាភិបាលកុម្មុនិស្តទីក្រុងហាណូយ {វៀតណាម} ដើម្បីផ្តួលរំលំគូភាគីនយោបាយ ឈានទៅរកការក្តោបក្តាប់អំណាចទាំងស្រុងនៅកម្ពុជា។
លោក គឹម សុខ អ្នកវិភាគនយោបាយសង្គមអះអាងថា ការអុជភ្លើងឲ្យមានរដ្ឋប្រហារ ឆ្នាំ១៩៩៧ រៀបចំដោយលោក ហ៊ុន សែន ក្នុងចេតនាដើម្បីទម្លាក់ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ពីនាយករដ្ឋមន្ត្រីទី១ និងជាការរំលាយកម្លាំងទ័ពរាជានិយមរបស់ព្រះអង្គ នៅមុន និងក្រោយថ្ងៃទី ៥-៦ កក្កដា គឺជាការរំលោភច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរ ពីព្រោះភស្តុតាងជាច្រើន បានបង្ហាញថា ជនរងគ្រោះទាំងនោះ ត្រូវគេសម្លាប់ក្រោយការចាប់ខ្លួន និងការរត់ភៀសខ្លួនរបស់ពួកគេ មិនមែនស្លាប់ នៅថ្ងៃផ្ទុះរដ្ឋប្រហារនោះទេ។ លោកបញ្ជាក់ថា កម្លាំងទ័ពរាជានិយមយ៉ាងហោចណាស់ ២០០ នាក់ ដែលត្រូវបានគេសម្លាប់ ហើយក៍យកទៅកប់រាក់ៗ ដើម្បីបំបិទភស្តុតាង ដោយដៃទាំងសងខាងជាប់ចំណង ខ្លះត្រូវគេអាករ និងខ្វេះគ្រាប់ភ្នែកទាំងគូរ ព្រមទាំងមានស្នាមជាំពេញខ្លួន ដែលត្រូវគេធ្វើទារុណកម្ម មុននឹងសម្លាប់។ លោកបន្តថា អំពើព្រៃផ្សៃ អមនុស្សធម៌ ការសម្លាប់យ៉ាងឃោរឃៅ ការធ្វើទារុណកម្មទៅលើឈ្លើយសឹកទាំងនោះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមសុទ្ធសាធ ព្រោះអ្វីដែលលោក ហ៊ុន សែន បានបញ្ជាឲ្យអ្នកក្រោមបង្គាប់ធ្វើ គឺផ្ទុយស្រឡះពីច្បាប់សង្គ្រាមទាំងស្រុង។ ការលើកឡើងរបស់លោក គឹម សុខ ធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន ឌឹខេមបូឌា ឌែលី (The Cambodia Daily) កាលពីរាត្រីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ។
ចំណែកអ្នកស្រាវជ្រាវអំពីការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី ដែលចូលរួមក្នុងកម្មវិធីផ្សាយនេះដែរ ចាត់ទុកថា ព្រឹត្តការណ៍ថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ យ៉ាងព្រៃផ្សៃ។ លោកបន្តថា ឃាតកម្មនេះ អ្នកនយោបាយ បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ដោយបន្សល់ទុកនូវសាកសពរាប់រយនាក់ ទាំងប្រជាជន និងកងទ័ព ត្រូវបានគេសម្លាប់ ដែលមិនទទួលបាននូវយុត្តិធម៌រហូតដល់សពថ្ងៃនេះ។ លោកបន្តថា ចរិតនយោបាយចាស់គម្រិលរបស់អ្នកដឹកនាំខ្មែរ ចូលចិត្តប្រើទ្រឹស្តី «យកឈ្នះសិនចាំគិតទៀត» គឺជានយោបាយ ធ្វើឲ្យកម្ពុជារងការវិនាសហិនហោចមិនចេះចប់ ព្រោះគូភាគីទាំងសងខាង គិតតែពីការយកឈ្នះរៀងៗខ្លួន ដោយមិនបានគិតពីអនាគតប្រទេសជាតិ និងសុខទុក្ខប្រជាជននោះឡើយ។
កាលពី ២៣ ឆ្នាំមុន នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាព្រឹត្តិការណ៍ផ្ទុះអាវុធកណ្ដាលទីក្រុងភ្នំពេញ បង្កការភ័យខ្លាច និងជ្រួលច្របល់ប្រហាក់ប្រហែលគ្នា ទៅនឹងព្រឹត្តិការណ៍ខ្មែរក្រហម ចូលក្រុងភ្នំពេញកាលពីឆ្នាំ ១៩៧៥ ដែរ។ នៅតាមដងវិថី និងនៅជាយទីក្រុងភ្នំពេញ ឮសូរតែសម្លេងគ្រាប់ផ្លោងដាក់គ្នា រវាងកងកម្លាំងទ័ពរាជានិយមរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ជានាយករដ្ឋមន្រ្តីទី១ និងកងទ័ពរបស់លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្រ្តីទី២ នៅពេលនោះ។
លោក ហ៊ុន សែន បដិសេធថា វាពុំមែនជាព្រឹត្តិការណ៍រដ្ឋប្រហាររបស់គណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែហេតុការណ៍ដែលកើតឡើងពេលនោះ គឺគ្រាន់តែជាហេតុការណ៍ទប់ទល់សភាពការណ៍ ពីកម្លាំងរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដែលនាំខ្មែរក្រហម និងនាំអាវុធចូលក្នុងប្រទេស ដោយលួចលាក់តែប៉ុណ្ណោះ។
លោក ថូម៉ាស ហាំម៉ាប៊ឹក (Thomas Hammarberg) ជាតំណាងពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UNCHR Cambodia) និងលោក ប្រេដ អាដាមស៍ (Brad Adams) នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកផ្នែកអាស៊ី និងជាអតីតមន្ត្រីជាន់ខ្ពស់នៃ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរបាយការណ៍ខែតុលា ឆ្នាំ១៩៩៧ របស់ពួកគេទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ថា ព្រឹត្តិការណ៍ថ្ងៃទី ៥-៦ ខែកក្កដា គឺជា «រដ្ឋប្រហារ» ពិតៗរបស់លោក ហ៊ុន សែន។ (មានឯកសារភ្ជាប់ចំនួន ២ ជាភាសាអង់គ្លេស៖ សេចក្តីថ្លែងការណ៍លោក ថូម៉ាស ហាំម៉ាប៊ឹក និង សេចក្តីរាយការណ៍លោក ថូម៉ាស ហាំម៉ាប៊ឹក នៅ អ.ស.ប.)។
លោក ប្រេដ អាដាមស៍ ដែលបានតាមដានព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី ៥-៦ ខែកក្កដា ១៩៩៧ នេះបានរិះគន់ថា រដ្ឋប្រហារនេះ បានបណ្តាលឲ្យស្លាប់និងរបួសមនុស្សប្រមាណជាង ២០០ នាក់ ក្នុងនោះមានមន្រ្តីជាន់ខ្ពស់នៃ គណបក្សហ៊្វុនស៊ិនប៉ិច ដូចជាលោក ចៅ សម្បត្តិ និងលោក ក្រូច យឿម ត្រូវបានគេសម្លាប់ក្រោយពេលដាក់អាវុធចុះ និងប្រគល់ខ្លួន រីឯលោក ហូ សុខ ត្រូវបានបាញ់សម្លាប់ ខណៈស្ថិតនៅក្នុងមន្ទីរឃុំឃាំងក្នុងក្រសួងមហាផ្ទៃ។ លោកបានថ្កោលទោសថា កងកម្លាំងរបស់លោក ហ៊ុន សែន មិនបានគោរពអនុសញ្ញាទីក្រុងហ្សឺណែវ ស្តីអំពីច្បាប់សង្គ្រាមឡើយ បើផ្អែកតាមអង្គហេតុ ដែលប្រមូលបាន ទាក់ទងនឹងការសម្លាប់ឈ្លើយសឹកនៃមន្ត្រីយោធា និងប៉ូលិសរបស់គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងព្រឹត្តិការណ៍បង្ហូរឈាម ថ្ងៃទី ៥-៦ ខែកក្កដានោះ អាចបញ្ជាក់បានថា លោក ហ៊ុន សែន គឺជាអ្នកត្រូវទទួលខុសត្រូវ ចំពោះអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់ទាំងនោះ។
លោក មាស នី ត្អូញត្អែរថា រដ្ឋប្រហារថ្ងៃទី ៥-៦ កក្កដា បានឆ្លុះបញ្ជាំងឲ្យឃើញអ្នកនយោបាយ ឆ្លៀតឱកាសសងសឹកគុំនំផ្ទាល់ខ្លួន ដើម្បីអំណាចជាជាងការពារប្រទេស និងសុវត្ថិភាពប្រជាជន ដែលនឹងត្រូវស្លាប់ក្រោមជ័យជំនះរបស់ពួកគេ។
ចំណែកលោក គឹម សុខ បញ្ជាក់ថា រដ្ឋប្រហារមួយនេះ បានទាញកម្ពុជាឲ្យធ្លាក់ចុះ ហើយបែរជាបានជួយវៀតណាម យ៉ាងពេញទំហឹងទៅវិញ ព្រោះលទ្ធផលនៃព្រឹត្តការណ៍នេះ ពួកកុម្មុយនិស្តវៀតណាមអាចវៀតទីនយោបាយឈ្លានពានលើកម្ពុជាយ៉ាងរលូន ព្រមទាំងអាចបន្តុបនាយករដ្ឋមន្ត្រីកម្ពុជាមួយឲ្យជួយធ្វើរដ្ឋប្រហារធម្មនុញ្ញដើម្បីឲ្យសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានារវាងកម្ពុជា-វៀតណាម ដែលបានធ្វើឡើងមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាធរមានឡើងវិញទាំងអស់ តាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១៩ របស់លោក ហ៊ុន សែន ជាដើម។ ម្យ៉ាងវិញទៀត លទ្ធិប្រជាធិបតេយ្យដែលបានផ្តួចផ្តើមឡើង ដោយអង្គការសហប្រជាជាតិ និងម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ក៏ត្រូវប្តូរមកវិញនូវរបបផ្តាច់ការបក្ខពួកគ្រួសារនិយម ផ្ទេរអំណាចពីឪពុកទៅកូនដោយទាត់ចោលប្រព័ន្ធបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យស្ទើរតែទាំងស្រុង។
ក្រុមវាគ្មិនទាំងនេះបញ្ជាក់ថា រដ្ឋភិបាលដែលកើតឡើងដោយការប្រើកម្លាំងយោធា ចេះត្រឹមតែការពារអំណាច និងផលប្រយោជន៍គ្រួសារបក្ខពួកខ្លួនតែប៉ុណ្ណោះ ហើយតែងតែប្រព្រឹត្តអំពើនិទណ្ឌភាព ក្នុងអំណាចរបស់ខ្លួនជារៀងរហូត។ ជាងនេះទៅទៀតពួកគេចាត់ទុក បូរណភាពទឹក ឯកភាពជាតិ កិត្យានុភាពជាតិ សុខមាលភាពប្រជាជន ភាពរីកចម្រើនរបស់ប្រទេសជាតិនោះ គ្រាន់តែជាឧបករណ៍សម្រាប់ដោះដូរ និងរក្សាអំណាចតែប៉ុណ្ណោះ៕
.