(អត្ថបទស្រាវជ្រាវសង្ខេបដោយលោក ម៉ែន ណាត)

វប្បធម៌ខ្មែរ ជុំវិញ​ការ​ស្លៀក​ពាក់ ដែល​មាន​លក្ខណៈ​សំបូរ​បែប គឺ​ចាប់​តាំង​ពី​សម័យ​មហានគរ មក​សម័យ​ក្រោយៗ​មក​ទៀត រហូតម​កដល់​សម័យ​​សព្វថ្ងៃ។ ការ​សៀកពាក់ និង​សិល្បៈ គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​វប្បធម៌ បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ របស់​ជនជាតិ​នីមួយៗ។

ខណៈនេះ យើង​សូម​លើក​យក​ប្រវត្តិ​សាស្ត្រ​​សង្ខប​ខ្លីៗ ភ្ជាប់​ជាមួយ​ប្រពៃណី​វប្បធម៌​ក្នុង ៣ សម័យ​កាល៖
– សម័យ​នគរភ្នំ ឬ​ហ្វូណន ពី​សតវត្សទី១ ដល់​សតវត្ស​ទី៦ (ឆ្នាំ ៥៥០)
– សម័យចេនឡា ពី​ពាក់​កណ្តាល​សតវត្សទី៦ ដល់​សតវត្ស​ទី៩ (ឆ្នាំ ៨០២)
– សម័យអង្គរ ពី​សតវត្សទី៩ ដល់​សតវត្ស​ទី១៥ (ពីឆ្នាំ ៨០២ ដល់ឆ្នាំ ១៤៣១)

សម័យនគរភ្នំ ឬហ្វូណន

សម័យនគរភ្នំ (ពី​​សតវត្ស (ស.វ) ទី១ ដល់​ទី៦ (ឆ្នាំ ៥៥០)) ជា​សម័យ​រុងរឿង​​ដំបូង​បំផុត​​​របស់​ខ្មែរ ដែល​មាន​ទី​តាំង​​រាជធានី នៅ​ស្រុក​អង្គរបុរី ខេត្ត​តាកែវ សព្វថ្ងៃ។ កាល​នោះ ទឹកដី​​ខ្មែរ លាត​សន្ធឹង​មួយ​ភាគធំ ដល់អាស៊ី​អាគ្នេយ​ដីគោក។ ចំណែក​ទីតាំង​នៅតាម​​ដងទន្លេ បាន​លាតសន្ធឹង​​ដល់​​ភាគ​កណ្តាល នៃ​ប្រទេស លីនយី (នគរ​ចម្បា) ដែល​សព្វថ្ងៃ បាន​ក្លាយ​ជា​ប្រទេស​វៀតណាម។ ពោលល​គឺចាប់​ពី​ទឹក​​ដី​កូសាំងស៊ីន (កម្ពុជា​ក្រោម) និង​​វៀតណាម​ទាំងមូល ដល់​ផ្នែក​ខាងត្បូង ​និង​កណ្តាល​​នៃ​ប្រទេស លាវ ព្រមទាំង​​​ផ្នែកខាង​កើត​នៃ​​ប្រទេស ថៃ ហើយ​មាន​ពេល​ខ្លះ អំណាច​ខ្មែរ លាត​សន្ធឹង​​រហូត​ដល់ជ្រោយ ​ម៉ាឡាយូ (ម៉ាឡេស៊ី) និង​​ប្រទេស ភូមា ថែម​​ទៀត​ផង។ ទឹកដី​នគរភ្នំ ស្ថិត​ក្នុង​​ឈូង​​សមុទ្រដ៏​ធំ និង​មាន​ទន្លេមួយ ហូរចេញ​ពី​ទិស​ពាយ័ព្យ ទៅ​​ចាក់​ក្នុង​សមុទ្រ (ទន្លេ​មេគង្គ)។ នេះ​បើ​តាម​ឯកសារ​ប្រវត្តិសាស្រ្ត ភាគ១ និង​ភាគ២ របស់លោក ត្រឹង ងា។

មហាក្សត្រ ដំបូងគេ​ដែល​សោយរាជ ក្នុង​សម័យ​នគរភ្នំ គិត​ចាប់​ពីសតវត្ស (ស.វ) ទី១ ពីឆ្នាំ ៥០ នៃ​គ្រឹស្ត​សរាជ (គ.ស) គឺដឹកនាំ​ដោយ​មហាក្សត្រី មាន​ព្រះ​នាម​ថា សោមា ឬ លីវយី។ ក្រោយ​មកមាន​បុរស​ម្នាក់​ឈ្មោះ ហ៊ុន​ទៀន ដែល​គោរព​បូជា​ ព្រហ្មញ្ញ​សាសនា ធ្វើ​​ដំណើរ​មក​ពីទក្សិណ (ពី​ឥណ្ឌា) គឺ​ចេញ​ពីសមុទ្រ​ខាង​ត្បូង សុំចត​ នៅ​លើដែន​សមុទ្រ នៃ​រាជ​ធានី នគរភ្នំ ហើយ​បាន​វាយ​​ឈ្នះទ័ព​ព្រះនាង លីវយី រួច​ក្រោយ​មក​ក៏​រៀបអភិសេក​ជាមួយ​ព្រះនាង និង​ឡើង​​គ្រង​រាជ។

Nokor Phnom era 1st century

សម័យចេនឡា

ឯកសារប្រវត្តិសាស្ត្រសរសេរថា ចេនឡា ចាប់​ផ្តើម​ពី​ពាក់​កណ្តាល​​សតវត្សទី៦ ដល់​ដើម​សតវត្សទី៩ គឺ​ជា​ឈ្មោះ​​អាណា​ចក្រ​មួយ ដែល​កើត​ឡើង ក្រោយ​ពី​អាណាចក្រ​ភ្នំ ឬ​​សម័យ​​នគរភ្នំ បាន​ដួល​រលំ។ នៅ​សតវត្ស​​ទី៧ ក្រោយ​​​ការ​ចូល​ទីវង្គត​​របស់​​ព្រះបាទ ​ជ័យវរ្ម័នទី១ រាជាណាចក្រ​​កម្ពុជា នគរ​ចេនឡា ត្រូវ​​បាន​​បំបែក​​ជា​​នគរ​​ជា ២ ដែល​​ហៅ​ថា «ចេនឡា​ទឹក» និង ​នគរ​សម្ភុបុរៈ ​ហៅ​ថា «ចេនឡាគោក»។ ចេនឡា​ទឹក ​មាន​ទឹក​ដី​​នៅ​​ត្រង់​​ម្តុំ​​ទឹកដី​​កម្ពុជា​​ក្រោម ​សព្វថ្ងៃ ចំណែក​​ឯ​​ចេនឡា​គោក មាន​​ទឹកដី​​នៅ​​ត្រង់​ម្តុំ​​ប្រទេស​​កម្ពុជា​សព្វថ្ងៃ ហើយ​​​លាត​សន្ធឹង ​ដល់​​ជួរភ្នំ​​ដងរែក។

ប្រពៃណីវប្បធម៌
– គោរពព្រះពុទ្ធសាសនា​ និងព្រហ្មញ្ញសាសនា (ហរិហរៈ)
– ប្រុសដណ្ដឹងស្រី
– កាន់ទុក្ខញាតិស្លាប់ កោរពុក​មាត់ អត់បាយ​ប្រាំពីរ​ថ្ងៃ ស្រែក​យំខ្លាំងៗ
– រំលាយសពមាន ៤ យ៉ាងគឺ កប់ក្រោមថ្ម, បូជា​ដោយ​ភ្លើង, ឲ្យសត្វស៊ី, ដាក់​កោដ្ឋ​បោះ​ចូល​ទន្លេ
– ទម្លាប់ចាស់ៗ​ ពីសម័យ​អាណាចក្រ​ភ្នំ រក្សា​ទុក​នៅ​ដដែល។

Chenla era map

សម័យអង្គរ

សម័យអង្គរ ជាសម័យរុងរឿងបំផុត ដែល​ហៅ​ម្យ៉ាង​ទៀត​ថា «សម័យ​មហានគរ» មាន​ទឹកដី​ធំទូលាយ និងមាន​​អំណាច​គ្រប​ដណ្តប់​ដល់ ភូមា, ដល់​តំបន់ណានឆាវ ប្រទេស​ចិន, នគរ​ចម្បា និង​ជ្រោយ​ម៉ាឡាយូ។ សម័យ​អង្គរ រាប់ចាប់​ពីសតវត្សទី៩ ដល់​សតវត្សទី១៥ (ពីឆ្នាំ ៨០២ ដល់ឆ្នាំ ១៤៣១)។ រាជធានី ក្នុង​សម័យ​មហានគរ នៅ​តំបន់​អង្គរ ខេត្ត​សៀមរាប សព្វថ្ងៃ។ វិស័យកសិកម្ម ជាមូលដ្ឋាន​គ្រឹះដ៏រឹងមាំ ក្នុង​ការកសាង​​មហានគរ។

សម័យមហានគរ គោរពបូជា ព្រហ្មញ្ញ​សាសនា។ ចំណែក​ព្រះបាទ ជ័យវរ្ម័នទី៧ ទ្រង់​ប្រោស​ប្រទាន​គោរពព្រហ្មញ្ញ​សាសនា គួបផ្សំ​នឹង​ព្រះពុទ្ធ​សាសនា​ផងដែរ នេះ​បើ​តាម​ឯកសារ​ប្រវត្តិសាស្រ្ត។

ផែនទីមហានគរ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧
ផែនទីមហានគរ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៧