The Cambodia Daily
15-11-2023
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លើកឡើងថា សព្វថ្ងៃនេះ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានដាក់បញ្ចូលប្រទេសកម្ពុជា ទៅជាអាណាខេត្តមួយ របស់គេរួចទៅហើយ បើទោះបីវៀតណាម មិនទាន់ឈ្លានពានលេបត្របាក់យកប្រទេសកម្ពុជា ទាំងស្រុងក៏ដោយ។
លោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៥ វិច្ឆិកា នេះថា ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិថ្មីរបស់កម្ពុជា លោក ទៀ សីហា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ ក្នុងដំណើរទស្សនកិច្ចរបស់លោក ទៀ សីហា ទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម មិនបានចាត់ទុកកម្ពុជា ជាប្រទេសឯករាជ្យ ស្មើមុខនឹងប្រទេសវៀតណាម នោះទេ។
លោក អ៊ុំ សំអាន អះអាងថា ហេតុផលគឺនៅត្រង់ថា ក្នុងជំនួបនោះ គ្មានការដាក់តាំងទង់ជាតិខ្មែរ តំណាងប្រទេសកម្ពុជា នៅពីក្រោយខ្នងលោក ទៀ សីហា ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជា ដូចជានាយករដ្ឋមន្ត្រីវៀតណាម បានដាក់តាំងទង់ជាតិវៀតណាម នៅពីក្រោយខ្នងលោក ផាម មីញជីញ ឡើយ ដែលមានន័យថា វៀតណាម មិនបានឱ្យតម្លៃកម្ពុជា ក្នុងនាមជាប្រទេសឯករាជ្យនោះទេ ហើយក្នុងន័យនេះ ក៏ជាការបង្ហាញផងដែរថា វៀតណាមបានចាត់ទុកកម្ពុជា ជាអាណាខេត្តមួយរបស់ខ្លួន។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ រូបនេះបញ្ជាក់ថា កន្លងមក រដ្ឋាភិបាលវៀតណាម ក៏មិនដែលដាក់តាំងទង់ជាតិកម្ពុជា នៅពីក្រោយខ្នងលោក ហ៊ុន ម៉ាណែត ដែរ រាល់ពេលដែលមានជំនួបរវាងភាគីទាំងពីរម្តងៗ អំឡុងពេលដែលលោក ហ៊ុន ម៉ាណែត កាន់តួនាទីជាមេបញ្ជាការកងទ័ពជើងគោក របស់កម្ពុជានោះ។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី១៤ វិច្ឆិកា នេះថា រដ្ឋមន្ត្រីការពារជាតិថ្មីរបស់កម្ពុជា លោក ទៀ សីហា បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១៣ វិច្ឆិកា នេះ ដែលជាជំនួបលើកដំបូងរបស់លោក ក្រោយពីឡើងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា កាលពីចុងខែសីហា កន្លងទៅនោះ។
ប្រភពដដែលអះអាងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ បានបញ្ជាក់ថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាមួយគ្នាតាំងពីយូរលង់ណាស់មកហើយ ហើយធ្លាប់បានរួមសាមគ្គីតស៊ូជម្នះរាល់ការលំបាក និងមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នារហូតមក ក្នុងគោលដៅអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិនៃប្រទេសទាំងពីរ។
កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា លោក ទៀ សីហា បានបញ្ជាក់ថា ការបំពេញដំណើរទស្សនកិច្ចមិត្តភាពនេះ គឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សន្តិសុខ និងសង្គម ជាមួយមិត្តវៀតណាម ក្នុងការកសាងសហគមន៍កម្ពុជា-វៀតណាម ជាមួយគ្នាទៅថ្ងៃអនាគត។
ទាក់ទិននឹងបញ្ហានេះ ក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Phan Van Giang កាលពីពេលកន្លងទៅ ក៏បានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធដែរ ដើម្បីរក្សាចំណងមិត្តភាពជាប្រពៃណី កសាងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ សម្រាប់បម្រើឲ្យផលប្រយោជន៍ប្រជាជន នៃប្រទេសទាំងពីរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់បានប្រាប់សារព័ត៌មាន The Cambodia Daily កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកម្ពុជា ល្មមដល់ពេលដែលត្រូវត្រួតពិនិត្យឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ហើយ ថាតើរយៈពេលជាង ៤០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន កន្លងមកនេះ កម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសវៀតណាម។ ជាងនេះទៀត លោកថា នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏ត្រូវគិតគូរពីបញ្ហានេះ ឱ្យកាន់តែស៊ីជម្រៅផងដែរ។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាក៏ល្មមដល់ពេលអនុវត្តច្បាប់ ពង្រឹងអធិបតេយ្យភាពជាតិរបស់ខ្លួន ដែលពាក់ព័ន្ធជាមួយនឹងប្រទេសវៀតណាម ដែរ ដូចជាការអនុវត្តច្បាប់សមុទ្រ ឆ្នាំ១៩៨២ អនុវត្តច្បាប់អន្តោប្រវេសន៍ ឆ្នាំ១៩៩៤ ច្បាប់សញ្ជាតិ ឆ្នាំ១៩៩៦ និង ត្រូវផ្អាកបោះបង្គោលព្រំដែនទ្វេភាគី ជាមួយវៀតណាម ជាដើម។ លើសពីនេះ កម្ពុជាក៏ត្រូវដកខ្លួន ចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម ឡាវ (CLV) ថែមទៀត នោះទើបកម្ពុជា អាចរក្សាអធិបតេយ្យរបស់ខ្លួនបាន ដោយឯករាជ្យពិតប្រាកដ៕

