29-3-2021
វិទ្យុអាស៊ីសេរី (RFA) ដោយលោក ហេង រស្មី
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) ចេញសេចក្ដីប្រកាសព័ត៌មានមួយ នៅថ្ងៃទី ២៩ មីនា ស្ដីពីការរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ ចំនួន ១០០ ករណី នៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ស្ថិតក្នុងខេត្តព្រះវិហារ។ មន្ត្រីសមាគមបណ្ដាញយុវជនកម្ពុជា ស្នើសុំឲ្យអាជ្ញាធររដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ ចំពោះជនល្មើស និងបើកសិទ្ធិឲ្យសកម្មជនការពារព្រៃឈើ ចូលល្បាតព្រៃដូចឡើងវិញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើឲ្យមានប្រសិទ្ធភាព។
សមាគមបណ្ដាញយុវជនកម្ពុជា (CYN) រកឃើញថា មានបទល្មើសកាប់បំផ្លាញព្រៃឈើកើតឡើងចំនួន ១០០ករណី ព្រមទាំងមានការលួចដុត និងកាប់ឆ្ការព្រៃនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ចាប់តាំងពីមានការរារាំងមិនឱ្យសហគមន៍មូលដ្ឋានអង្គការសមាគម និងអ្នកការពារព្រៃឈើចូលរួមល្បាតនៅក្នុងដែនជម្រកនេះមក។
សមាគមបណ្ដាញយុវជនកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានថា ការឃើញនេះ គឺបន្ទាប់ពីក្រុមការងារគម្រោងអ្នកការពារព្រៃឈើរបស់បណ្ដាញយុវជនកម្ពុជាបានចុះប្រមូលភស្តុតាងអំពីបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលស្ថិតនៅក្នុងប្រជុំស្រុកចំនួន ៣ នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ កន្លងទៅ។ សមាគមបណ្ដាញយុវជនកម្ពុជាបន្តថា ក្នុងរយៈចម្ងាយអង្កេតប្រវែង ៥៥ គីឡូម៉ែត្រ ក្រុមការងារ បានរកឃើញបទល្មើសនៃការកាប់បំផ្លាញដើមឈើចំនួន ១០០ ករណី ភាគច្រើនជាប្រភេទដើមឈើកម្រ និងមានតម្លៃពុំអាចកាត់ថ្លៃ ដែលមានទំហំមុខកាត់ចាប់ពី ៤៥ សង់ទីម៉ែត្ររហូតដល់ ១.៣៥ ម៉ែត្រ នៅក្នុងតំបន់ ដែលជាប្រភេទព្រៃស្រោង និងពាក់កណ្ដាលស្រោង។ ប្រភេទឈើដែលត្រូវរងការកាប់បំផ្លាញមានប្រភេទដូចជា ឈើទាល ស្ទៀង ផ្ដៀក ពពេល ផ្ចឹកឧត្ដម គគីរ និងសុក្រំជាដើម ហើយព្រមទាំងមានការដុត និងឆ្ការផ្នែកខ្លះថែមទៀតផង ដែលភាគច្រើនកើតឡើងនៅចំណុចអូរតាម៉ាក់។
សមាគមបណ្ដាញយុវជនកម្ពុជា ក៏បានបង្ហោះរូបភាពភស្តុតាងជាច្រើននៅលើគេហទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន ដែលបង្ហាញអំពីដើមឈើធំៗ ជាច្រើន ត្រូវបានកាប់ផ្ដួល និងទីតាំងព្រៃឈើមួយចំនួនទៀត ត្រូវបានគេកាប់ឆ្ការ និងដុតបំផ្លាញឲ្យក្លាយជាវាល និងពណ៌ក្រហម។
មន្ត្រីជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ម៉ា ចិត្រា ថ្លែងថា បទល្មើសព្រៃឈើទាំងនោះ ទើបកើតឡើងថ្មីៗ ប៉ុន្តែពួកលោកមិនទាន់អាចកំណត់អត្តសញ្ញាណជនល្មើសបាននៅឡើយទេ ដោយសារពួកគេគេចខ្លួន។ លោកព្រួយបារម្ភជាខ្លាំង ចំពោះការបាត់បង់ព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរកានាពេលអនាគត ព្រោះថា ទន្ទឹមនឹងក្រសួងបរិស្ថាន រារាំងមិនឱ្យសមាគមបណ្ដាញយុវជនកម្ពុជា ចូលរួមល្បាតការពារព្រៃឈើនោះ បែរជាកើតមានចំនួនបទល្មើសបំផ្លាញព្រៃឈើដ៏ច្រើនលើសលប់ទៅវិញ។ សកម្មជនការពារព្រៃឈើរូបនេះទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ក្រសួងបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ ចំពោះជនល្មើស និងផ្តល់សិទ្ធិឲ្យអ្នកការពារព្រៃឈើ ចូលល្បាតព្រៃដូចឡើងវិញ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ៖ «ពេលដែលគាត់ឃាត់ពួកយើង វាអត់មានអីចំណេញសម្រាប់ក្រសួងបរិស្ថានទេ។ វាមានតែខាត គឺខាតប្រយោជន៍ជាតិ ហើយដើមឈើនៅក្នុងតំបន់ការពារត្រូវបានគេកាប់បំផ្លាញ ហើយពេលពួកខ្ញុំទៅនេះ ចំណេញអី។ ខ្ញុំគិតថា ទោះបីជាពួកខ្ញុំក៏ដោយ ពួកក្រសួងបរិស្ថានក៏ដោយ រាល់ថ្ងៃនេះ បើយើងមើលទៅលើវិនាសកម្មព្រៃឈើ បើសិនជាច្បាប់មិនតឹងរ៉ឹង ចំពោះជនល្មើស ឬអ្នកនៅពីក្រោយខ្នងនៃការកាប់បំផ្លាញទេ នៅពេលយើងចុះល្បាតម្តងវាគ្រាន់តែជាការពន្យារពេល ម្ដងនៃការកាប់ទេ។ ដូច្នេះបើចង់ឲ្យបទល្មើសព្រៃឈើនៅក្នុងប្រទេសកម្ពុជា ទប់ស្កាត់បាន លុះត្រាតែអ្នកអនុវត្តច្បាប់ទាំងអស់ យកច្បាប់ទៅអនុវត្តលើអ្នកដែលរកស៊ីឈើទាំងនោះ»។
ទាក់ទងករណីនេះអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា ដើម្បីសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ដែនជម្រកសត្វព្រៃព្រះរកា ត្រូវក្រសួងបរិស្ថានដាក់បញ្ជូនជាព្រៃអភិរក្សមានទំហំ ៩ ម៉ឺន ៦ ពាន់ហិកតារ នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ក្នុងខេត្តព្រះវិហារ។ សកម្មជនបរិស្ថានរកឃើញជាហូរហែថា ព្រៃឈើទីនោះបានទទួលរងការកាប់ឈើធ្វើអាជីវកម្មខុសច្បាប់ជាបន្តបន្ទាប់អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរ មិនបានចាត់វិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពនោះទេ និងថែមទាំងរារាំងមិនឲ្យសកម្មជនការពារព្រៃឈើ ចូលរួមល្បាតព្រៃឈើទីនោះទៀតផង។
សមាគមបណ្ដាញយុវជនកម្ពុជា ស្នើសុំឱ្យក្រសួងបរិស្ថាន បញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព និងបើកចំហសម្រាប់សហគមន៍មូលដ្ឋាន សកម្មជនអ្នកស្រឡាញ់ព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន បានចូលរួមល្បាតការពារ អភិរក្ស និងថែរក្សាព្រៃឈើ ស្របតាមបញ្ញត្តិស្ដីពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋដូចមានចែកក្នុងមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា ២៩ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមការពារព្រៃឈើឱ្យបានគង់វង្ស៕
.