ឧកញ៉ា ទ្រី ភាព ដែល​មាន​អំណាច​បំផុត ​នៅ​កម្ពុជា ត្រូវ​បាន​គេ​រាយការណ៍​ថា គាត់​ បាន​រក​ចំណេញ​ខុស​ច្បាប់​ជាង ២២០ លាន​ដុល្លារ​អាមេរិក ពី​ការ​កាប់​ឈើ​ប្រណីត​ រយៈ​ពេល ៣ ឆ្នាំ នៅ​ជួរ​ភ្នំ​ក្រវាញ {ដោយមិនទាន់រាប់បញ្ចូលពីតំបន់ផ្សេងៗទៀតផង} (កាសែតភ្នំពេញប៉ុស្តិ៍ ខែតុលា ២០១៤)។ សូមចុចត្រង់នេះ អានលំអិតលោក ទ្រី ភាព រាប់គ្នាជាប្អូនធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាភរិយានាយករដ្ឋមន្រ្តី ហ៊ុន សែន។

ចំណែកក្រុមហ៊ុន ឧកញ៉ា គិត ម៉េង ក៏​ចូល​រួម​កាប់​បំផ្លាញ និង​រកស៊ីឈើ​ប្រណិត នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម។ លោក គិត ម៉េង គឺ​ជាឈ្មួញ​ដែល​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន និង​គ្រួសារ​របស់​លោក​តែម្តង ព្រមទាំង​ជួយ​ឈរ​ឈ្មោះ​ ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន ជូនលោកស្រី ហ៊ុន ម៉ាណា ជាកូនស្រី​លោក្ ហ៊ុន សែន ដូច​ជា​តំបន់​កំសាន្ត កោះរ៉ុង ជាដើម។ល។ សូមចុចអានលំអិត

ក្រៅពីនេះនៅមាន ពួកឧកញ៉ា រក​ស៊ី​បំផ្លាញ​ព្រៃឈើ​ជាច្រើន​ទៀត ដែល​គេ​អាច​រាប់​ឈ្មោះ​បានដូចជា លោក ហ៊ុន ជា ជា​ក្មួយប្រុស​របស់​លោក ហ៊ុន សែន, ភរិយាលោក ហ៊ុន ណេង ជា​បង​ថ្លៃ​របស់​លោក ហ៊ុន សែន, ឧកញ៉ា លឹម ប៊ុណ្ណា ជា​សាច់ញាតិ​របស់​​ក្រុម​គ្រួសារ​​លោក ហ៊ុន សែន និងឧកញ៉ា សឹង សំអុល ជាដើម។ល។

(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)


ហ៊ុន សែន «សន្យាកាត់ក» ពី​ឆ្នាំ​២០០២ បរាជ័យ​រឿង​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ ប៉ុន្តែ​ឥឡូវ​ប្តូរ​ពាក្យ​ថា ការ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ «​ដូច​​កាប់​​ក្បាល ហ៊ុន សែន​»!


លោក​ ហ៊ុន សែន ចាត់​ទុក​​ការ​កាប់​​បំផ្លាញ​​ព្រៃឈើ​ «​ដូច​កាប់​​ក្បាល» ​របស់​​លោក

(Phnom Penh Post, ផាក់ ស៊ាងលី, 23-8-2017)
ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា​ ​ស្អប់​​អ្នក​​កាប់​​បំផ្លាញ​​ព្រៃឈើ​ និង​ចាត់ទុក​​ការ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ «​ដូច​​កាប់​​ក្បាល​» ​របស់​​លោក ខណៈ​​ដែល​សកម្មជន​​បរិស្ថាន​ បាន​ធ្វើការ​​រិះគន់​​ តាំង​ពី​យូរ​មក​ហើយ​ថា បទល្មើស​​ព្រៃឈើ​ ដែល​​នៅ​តែ​​កំពុង​​បន្ត​កើតឡើង​ រាប់​ទសវត្សរ៍​​មក​​ហើយ​​នេះ​ ភាគច្រើន​​បង្ក​​ឡើង​ដោយ ឧកញ៉ា និង ​មន្ត្រី​​មាន​​អំណាច ​មួយ​​ចំនួន​។

ក្នុង​វេទិកា​ជាតិ​លើក​ទី​២ ​ស្តីពី​ «​ការ​ការពារ និង ​អភិរក្ស​ធន​ធាន​​ធម្មជាតិ​» ​នៅ​​វិមាន​សន្តិភាព​​កាល​ពី​ម្សិល​មិញ​ ដែល​​មាន​អ្នក​ចូលរួម​​ប្រមាណ​ ៨០០ ​នាក់​ មកពី​​ស្ថាប័ន​​ពាក់ព័ន្ធ លោក​នាយក​រដ្ឋមន្ត្រី​​ បាន​​ថ្លែង​ថា ​លោក ​ស្អប់​អ្នក​បំផ្លាញ​ព្រៃឈើ​ ហើយ​​ចាត់​ទុក​ការ​កាប់​ឈើ​ ដូចជា​ «​ការ​កាប់​ក្បាល» ​របស់​លោក​អ៊ីចឹង​ដែរ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ណា​មួយ វា​មិន​ខុស​ពី​ការ​កាប់​ក្បាល​ខ្ញុំ​ករុណា​ខ្ញុំ​ទេ​។ អ៊ីចឹង​បាន​ខ្ញុំ​ករុណា​ខ្ញុំ​ស្អប់​ណាស់​ អា​មនុស្ស​កាប់​ឈើ បំផ្លាញ​ព្រៃឈើ​នេះ​។ រៀងរាល់​ប្រជុំ​គណបក្ស ខ្ញុំ​តែង​រំឭក​ហើយ​ថា​ កុំ​អត់​ឱន​ជាមួយ​អ្នក​ប្រព្រឹត្ត​អំពើ​អនាធិបតេយ្យ​ អំពី​បញ្ហា​ការ​កាប់​បំផ្លាញ​ព្រៃឈើ ទោះបី​អ្នក​នោះ​មាន​ឋានៈ​ស្អី​ក៏ដោយ​»​។

លោក​នាយក​រដ្ឋមន្ត្រី​ បាន​លើក​ឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា ​អ្នក​ខ្លះ​​រស់​នៅ​​​ក្នុង​រាជធានី​​ភ្នំពេញ តែ​ទៅ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ រតនគិរី ឬ​ខេត្ត​មណ្ឌលគិរី​ជាដើម​។ អ៊ីចឹង​នៅ​ភ្នំពេញ​ គេ​ចាត់​ទុក​ថា​ «​ជា​ឈ្មួញ ឬ​ឧកញ៉ា​ល្អ​»​។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ ឯ​ខេត្ត​ទាំង​នោះ​ ដែល​ខាត​ផលប្រយោជន៍​ ដោយ​ការ​កាប់​ព្រៃឈើ​នោះ​ គឺ​បាន​ចាត់​ទុក​អ្នក​កាប់​ឈើ​នោះ​ថា​ «​ជា​ឧក្រិដ្ឋជន​ក្នុង​តំបន់​នោះ​ទៅ​វិញ​ទេ»​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គេ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ព្រះវិហារ ​ក្នុង​នាម​​ជា​អ្នក​​កាប់​ឈើ តែ​គេ​មក​ចូលរួម​កសាង​បន្តិចបន្តួច នៅ​ខេត្ត​កំពង់ចាម កណ្តាល រួច​ហើយ​អ្នក​ខេត្ត​កំពង់ចាម កណ្តាល គិត​ថា​អា​នេះ​វា​ល្អ​។ ចេះ​តែ​នាំ​គ្នា​ថា​ល្អ​ទៅ ប៉ុន្តែ​ត្រូវ​មើល​ប្រវត្តិ​»​។ លោក​​បន្ត​ថា​ បើ​មាន​បាន​ដោយសារ​ការ​រកស៊ី​កាប់​ឈើ ឬ​បំផ្លាញ​ព្រៃឈើ​នេះ​វា​គឺជា​រឿង​ «​ត្រូវ​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​»​។

ទោះ​យ៉ាង​ណា​ប្រមុខ​រដ្ឋាភិបាល​ បញ្ជាក់​ថា​៖ «​អ៊ីចឹង​អា​រឿង​ព្រៃឈើ​នេះ យើង​បាន​ខិតខំ​ច្រើន​ណាស់​។ តែ​ដូច​បាន​និយាយ​អ៊ីចឹង​។ អស់​អា​ធំ​ [​បទល្មើស​ធំ​] វា​នៅ​សល់​អាតូច តែ​អា​ធំ ក៏​នៅ​មាន​…​ដែរ ព្រោះ​ឥឡូវ​រណារ​បច្ចុប្បន្ន​នេះ អស់​ទាស់​ហើយ​។ ពី​ដើម​ប្រើ​ដឹង កាប់​ ៣ ​ថ្ងៃ​មិន​ទាន់​រលំ​ ១ ​ដើម​ផង​។ តែ​ឥឡូវ​ដាក់​ប៉ាច់​ដួល កាត់​ជា​កង់ៗ​ដឹក​ទៅ​…​ថា ​គ្រឿង​ញៀន​ទៅ​វា​លំបាក គេ​លេប​ក្នុង​ពោះ​…​តែ​ឈើ​ វា​ទៅ​រួច​ ព្រោះ​ឈើ​វា​ដាក់​លើ​ឡាន​ពេញៗ​»​។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​បាន​ចាប់ផ្តើម​ហាមឃាត់​ការ​នាំ​ចេញ​ឈើ​ តាំងពី​ឆ្នាំ​ ១៩៩៨ ​មក​ម៉្លេះ ហើយ​រយៈពេល​ជិត​ ២០ ​ឆ្នាំ​មក​នេះ​បម្រាម​នេះ​ នឹង​នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ​ដែល​រួមមាន​ទាំង​ការ​មិន​ដំណើរការ​ឡើង​វិញ​ នូវ​ការ​កាប់​ឈើ​ហុប​យក​ទៅ​កែច្នៃ​ ក្នុង​រោងចក្រ​វិញ​នោះ​ទេ​។ ប៉ុន្តែ ​លោក​បាន​ឲ្យ​ក្រសួង​កសិកម្ម ​ធ្វើការ​ពិចារណា​លើ​ការ​កាប់​ឈើ​ សម្រាប់​តម្រូវការ​ក្នុង​ស្រុក ដូចជា​ ធ្វើ​សាលារៀន វត្ត​អារាម ធ្វើ​អុស និង​ លំនៅឋាន​ពលរដ្ឋ​។

ជាមួយ​គ្នា​នេះ​ លោក​ ហ៊ុន សែន ក៏​បាន​ធ្វើការ​រិះគន់​ក្រុម​បរទេស​ដូចជា​ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក Global Witness ថា​ជា​​ស្ថាប័ន​ «​ចង្រៃ​សុទ្ធ និង​មេ​ពេស្យា​»​។ «Global Witness រឿង​ចាប់ផ្តើម​ពី​ទៅ​យក​ប្តី​គេ​។ ខ្ញុំ​និយាយ​ទៅ​ច្បាស់​ទៅ​យក​ប្តី​គេ​ទេ​។ ដល់​ប្រពន្ធ​គេ​ទៅ​​រក​រឿង​ថា ​ថៅកែ​កាប់​ឈើ​អ្នក​ទៅ​រក​រឿង​។ បាន​ចេះ​តែ​កើត​ជា​រឿង​បន្តបន្ទាប់ៗ​។ ឥឡូវ​សរសេរ​សុទ្ធ​តែ​រឿង​អី “​ប្រទេស​កម្ពុជា​ជា​ប្រទេស​សម្រាប់ លក់​”​។ រួច​ហើយ​ចេះ​តែ​បន្ត​ទៅ​។ ចាប់ផ្តើម​ចេញ​ពី​អាហ្នឹង ក៏​ប្រមាថ​ចំពោះ​ត្រកូល​ ហ៊ុន ​រហូត​ដល់​ហ៊ាន​…​គេ​សម្លាប់​ត្រកូល​ ហ៊ុន សូម្បី​តែ​កូន​ក្នុង​អង្រឹង​។ ​ត្រង់​ចំណុច​នេះ​ហើយ​ខ្ញុំ​ប្រកាស​សង្គ្រាម​មុន​តែ​ម្តង ​មិន​ឲ្យ​អ្នក​ឯង​ធ្វើ​ផ្តេសផ្តាស​។ ត្រកូល​ ហ៊ុន ​មិនមែន​ជា​ត្រកូល ​សម្រាប់​អ្នក​ឯង​សម្លាប់​ទេ​»​។

ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​ថា​ «​ព្រៃ​របស់​កម្ពុជា​បាត់​អស់​រលីង​» ​នោះ លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​​របស់​លោក​បញ្ជាក់​ថា ​បច្ចុប្បន្ន​គម្រប​ព្រៃឈើ​កម្ពុជា​ នៅ​សល់​ប្រមាណ​ជា ៤៩ ភាគរយ​រួម​នឹង​ព្រៃ​នៅ​តំបន់​អភិរក្ស​ដទៃ​ទៀត​។ លើស​ពី​នោះ​ នៅ​ពេល​ខាង​មុខ​គម្រប​ព្រៃឈើ​ គឺ​កាន់​តែ​ធំ​ទៀត​ដោយ​បូករួម​នឹង​ផ្ទៃដី​ចំការ​កៅស៊ូ​ជិត ១ ​លាន​ហិកតា​ ដែល​ធំ​ជាង​ចម្ការ​កៅស៊ូ​ វៀតណាម ដែល​មាន​ត្រឹម​តែ​ជិត​ កន្លះ​លាន​ ហិកតា​ប៉ុណ្ណោះ​។

លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា ​ដែល​ទទួល​បាន​ពាន​រង្វាន់​បរិស្ថាន​ពិភពលោក (The Goldman Environmental Prize) យល់​ឃើញ​ថា ​បទល្មើស​ព្រៃឈើ​បាន​កំពុង​តែ​បន្ត​កើតឡើង​រាប់​ទសវត្សរ៍​មក​ហើយ ដែល​មាន​ក្រុម ​ឧកញ៉ា​ មួយ​ចំនួន និង​ អ្នក​មាន​អំណាច​មួយ​ចំនួន ​ជា​អ្នក​ប្រព្រឹត្ត​។

ប៉ុន្តែ​លោក ​បាន​កត់សម្គាល់​ថា ​ជាទូទៅ ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ លោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ពិតប្រាកដ ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ដោយសារ​តែ​មន្ត្រី​ខ្លះ ​មាន​ការ​ទទួល​ផលប្រយោជន៍​ណា​មួយ​ ពី​អ្នក​ពាក់ព័ន្ធ​ទាំង​នោះ​។ លោក ឡេង បាន​លើក​ជា​ឧទារណ៍​ថា ​លោក​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​រកស៊ី​ឈើ​ល្បី​ឈ្មោះ ​​ធ្លាប់​បាន​សារភាព​ប្រាប់​អ្នក​កាសែត​ថា​ លោក ​បាន​ឧបត្ថម្ភ​ដល់​ក្រុម​យោធា និង​ជួយ​គណបក្ស​ប្រជាជន​ជាច្រើន​។

លោក ឡេង និយាយ​ថា​៖ «​គាត់​ (​ហ៊ុន សែន​) ​ទទួល​ស្គាល់​ការពិត​ដែល​មិន​អាច​ឃាត់​អ្នក​កាប់​ឈើ​បាន​។ គាត់​ស្រែក​យ៉ាង​ណា​ក៏​នៅ​តែ​កាប់​ដដែល​។ អ៊ីចឹង​គឺ​ហាក់បី​ដូចជា​ការ​កាប់​ក្បាល​គាត់​អ៊ីចឹង​…​ការ​ចាត់​វិធានការ​គាត់​នៅ​ខ្សោយ​។ មាន​ការ​ឃុបឃិត និង​ពុករលួយ​។ កុំ​បន្ទោស​ពលរដ្ឋ​ក្រីក្រ​រកស៊ី​ឈើ​»​។ លោក​បន្ត​ថា​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់​បញ្ជា​ឲ្យ​ចាប់​ ឧកញ៉ាៗ​ រកស៊ី​ឈើ​ខុស​ច្បាប់​ដែរ តែ​រហូត​មក​ទល់​​នឹង​ពេល​នេះ​ មិន​ទាន់​ឃើញ​ចាប់​ឧកញ៉ា​ណា​ម្នាក់​នោះ​ទេ​។ លើស​ពី​នោះ​ ក៏​មាន​មនុស្ស​ខ្លះ​ កំពុង​តែ​ជួយ​លាក់​កំបាំង​ បទល្មើស​ព្រៃឈើ​ ឲ្យ​តែបែរ​ជា​មក​​ទម្លាក់​កំហុស​ លើ​ពលរដ្ឋ​តូចតាច​ទៅ​វិញ។ លោក អ៊ូច ឡេង​ ក៏បាន​កត់​សម្គាល់​​ឃើញ​ថា គម្រប​ព្រៃឈើ​ធម្មជាតិ​កម្ពុជា នៅ​សល់​ប្រមាណ​ជា ២០ ភាគរយ​ប៉ុណ្ណោះ។

ថ្លែង​កាល​ពី​ល្ងាច​ ម្សិលមិញ Tracy Farrell នាយក​ប្រចាំ​តំបន់​ របស់​កម្មវិធី​មហា​ទន្លេ​មេគង្គ​សម្រាប់​អង្គការ​អភិរក្ស​អន្តរជាតិ បាន​ថ្លែង​ថា៖ «សរុប​ទាំង​មូល​តាំង​ពី​ឆ្នាំ​មុន ហាក់​បី​ដូចជា មាន​​ភាព​រីក ចម្រើន​មួយ​ចំនួន​ពី​វេទិកា​ទី​មួយ ប៉ុន្តែ​នៅ​វេទិកា​ទីពីរ ហាក់​បី​ដូចជា​មាន​ការ ផ្តោត​​ច្រើន​ជាង​ទៅ​លើ​កម្រិត​សហគមន៍​ ដែល​អស្ចារ្យ​ណាស់ ប៉ុន្តែ​វា​នឹង​ល្អ​ផង​ដែរ ​ប្រសិន​បើ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជាង​មុន ​ទៅ​លើ​ការ​អនុវត្ត​ទាំង​មូល»។

ជា​មួយ​គ្នា​នេះ​ដែរ លោក ហ៊ុន សែន ក៏​បាន​ថ្លែង​ប្រាប់​អង្គ​វេទិកា ដែល​ទំនង​ចង់​សំដៅ​ដល់​លោក សម រង្ស៊ី ថា៖ «ព្រៃឈើ​ធម្មជាតិ​យើង​កំពុង​ខំ​ប្រឹង​ការពារ វាបូក​ជាមួយ​ដាំ​បន្ថែម តែ​គេ​និយាយ វាជា​ការ​ប្រមាថ​ប្រទេស​មួយ​ស្ទើរ​តែ​ក្លាយ​ជា​តំបន់​សា​ហារ៉ា​ខាង​លិច​ទៅ​ហើយ។ នេះ​ហើយ​ជា​អំពើ​ពិសពុល​របស់​ពួកគេ..ខ្ញុំ​សុំ​និយាយ​ថា ​អ្នក​ឯង​ប្រឹង​រហូត​ងាប់​ទាំង​ខ្លួន​ទៀត ក៏​មិន​អាច​កាន់​អំណាច​នៅ​ស្រុក​ខ្មែរ​បាន​ដែរ។ ចរិត​អ្នក​ឯង​បែប​នេះ គ្មាន​អ្នក​ណា​ឲ្យ​កាន់​ទេ»។ លោក​ហ៊ុន សែន បាន​​ចោទ​សួរ​ថា៖ «ហេតុអី​បាន​ត្រូវ​ការ​សម្លាប់​ហ៊ុន សែន។ ហេតុអី​បាន​ចាំ​បាច់​ត្រូវ​ប្រមាថ​ដល់​ កូន​ចៅ​របស់​ ហ៊ុន សែន? ប៉ះ​ហ៊ុន សែន​មួយ​តើ​ប៉ះ​មនុស្ស​ប៉ុន្មាន​នាក់? អ្នក​បោះ​ឆ្នោត​ឲ្យ​ ហ៊ុន សែន គណបក្ស​ប្រជាជន គឺ​តិច​ណាស់​ទៅ? ចំនួន​ច្រើន​ជាង​ពួក​លោក​ឯង។ លោក​ឯង ​ត្រូវ​យល់​ពី​កន្លែង​ហ្នឹង ហើយ​កម្លាំង​ប្រដាប់​អាវុធ ​នៅ​ក្នុង​ដៃ​របស់​ខ្ញុំ ​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ ក៏​មិន​ឲ្យ​អ្នក​ឯង ​មក​ត្រួត​ត្រា ​លើ​កម្លាំង​ប្រដាប់​អាវុធ​ដែរ។ ខ្ញុំ​សុំ​ព្រមាន​អ្នក​ឯង»។

ក្នុង​ឱកាស​នោះ​ ក៏​មាន​ការ​លើក​ជា​សំណួរ និង​សំណូមពរ​របស់​សហគមន៍ តារា​ចម្រៀង សកម្មជន​បរិស្ថាន ​ទៅ​កាន់​​លោក​នាយក​រដ្ឋមន្រ្តី​ផងដែរ។ លោក​នាយក​រដ្ឋ​មន្រ្តី ក៏​បាន​លើក​ឡើង​ពី​សារៈសំខាន់​ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ក្នុង​ការ​អភិវឌ្ឍ និង​អភិរក្ស​ធនធាន​ធម្មជា​តិ​ នៅ​កម្ពុជា។ ប៉ុន្តែ​ក៏​បាន​រិះគន់​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ លើ​អង្គការ ​ដែ​លបាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា ហើយ​បែរ​ជា​យក​ជន​ជាតិ​របស់​ខ្លួន ​មក​ធ្វើការ​ជា​ជំនួយ​ការ​បច្ចេក​ទេស ដើម្បី​យក​ប្រាក់ខែ​លើ​ប្រាក់​ជំនួយ​នោះ​វិញ។

«និយាយ​តាម​ត្រង់ ​អត់​មាន​សល់​ម៉ាសេន​ទេ។ ជួយ​ខាង​បរិស្ថាន​សួរ​ថា យក​បុគ្គលិក​ខ្មែរ​ បាន​ប៉ុន្មាន​នាក់? បុគ្គលិក​ខ្មែរ​តិច​តួច​ណាស់។ គេ​ជួយ​ម៉ា​លាន​តែ​យក​ទៅ​វិញ​អស់ ៨០ ម៉ឺន​បាត់​ហើយ ព្រោះ​តាម​រយៈ​ដោះ​ស្រាយ​ការងារ​ ឲ្យ​ពលរដ្ឋ​គេ ​មក​ធ្វើ​ការ​នៅ​កម្ពុជា»។ ក្រៅ​ពីនេះ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ក៏បាន​សម្រេច​ផ្តល់​ប្រាក់​ឧបត្ថម្ភ ​ដល់​សហគមន៍​ព្រៃឈើ​ប្រមាណ​ជា ៣០០ ផងដែរ ចាប់​ពី​ខែ មករា ឆ្នាំ ២០១៨ ខាង​មុខ។ ក្នុង​នោះ​សហគមន៍ ១ នឹង​ទទួល​បាន​ប្រាក់ ៤ លាន​រៀល សម្រាប់​ប្រើ​ប្រាស់​ការពារ​បរិស្ថាន។

លោក សេង ទៀក នាយក​អង្គការ WWF កម្ពុជា ដែល​តំណាង​អង្គការ​អភិរក្ស​ចំនួន ៧ កំពុង​មាន​សកម្មភាព​នៅ​កម្ពុជា បាន​ស្នើ​សុំ​ប្រមុខ​រដ្ឋាភិបាល​គាំទ្រ​គម្រោង​ស្តារ​ខ្លា​ដំបង​ឡើង​វិញ ​នៅ​តំបន់​អភិរក្ស​ខេត្ត​មណ្ឌលគិរី និង​បង្កើន​ថវិការបស់​ក្រសួង​បរិស្ថាន ពី ០.៤ ភាគរយ (ប្រហែល​ ២០ លាន​ដុល្លារ សម្រាប់​ឆ្នាំ ២០១៧) ទៅ​ ២% ​នៃ​ខ្ទង់​ថវិកា​ជាតិ ប្រចាំ​ឆ្នាំ ទៅ​តាម​ទំហំ​ការ​ងារ​ដ៏ធំ​ធេង​របស់​ក្រសួង។ ក្នុង​នោះ ១% នឹង​ត្រូវ​ចំណាយ​លើ​ការងារ​អភិរក្ស​ធនធាន​បរិស្ថាន នៅ​តំបន់​ការពារ​ធម្មជាតិ និង​តំបន់​របៀង​សត្វ​ព្រៃ។

លោក​នាយក​រដ្ឋ​មន្រ្តី ​បាន​គាំទ្រ​គម្រោង​ស្តារ​ខ្លា​ដំបង​ឡើង​វិញ​នោះ ហើយ​ការ​បង្កើន​ថវិកា​វិញ គឺ​រដ្ឋាភិបាល​ នឹង​បង្កើន​​ក្នុង​រង្វង់​ ២០ ​ភាគរយ​ ធៀប​នឹង​ថវិកា​ឆ្នាំ​ ២០១៧ ​នេះ៕