​របាយការណ៍​​អភិវឌ្ឍ​​របស់​អង្គការ UNDP ស្តីពីគម្របព្រៃឈើ ថាគម្របព្រៃឈើ នៅ​កម្ពុជា បាន​ថយចុះ​ពី ៧៣% នៅឆ្នាំ ១៩៧៥ ធ្លាក់​​មក​ត្រឹម​​ប្រមាណ ​៤៧% នៅ​​​ឆ្នាំ​ ២០១៨។ ព្រៃ​ឈើ​ខ្មែរ មក​ដល់​ខែ​មសា ២០២០ ធ្លាក់ម​ក​ត្រឹម​ប្រមាណ ៤១%។ នេះ​បើតាម​​ក្រសួង​បរិស្ថាន​កម្ពុជា ​​ពីថ្ងៃទី ២៤ មេសា ២០២០ បាន​​បញ្ជាក់​​​ក្នុង​​​​សេចក្តីថ្លែង​ការណ៍​​ថា បច្ចុប្បន្ន​​​​នេះ មាន​តំបន់​​​ការពារ​​​ធម្មជាតិ និង​​​​របៀង​​អភិរក្ស​​ជីវៈ​​ចម្រុះ ​សរុប​​​​​ចំនួន ៦០ កន្លែង ដែល​​​គ្រប​ដណ្តប់​​​លើ​​ផ្ទៃដី ប្រមាណ​​ជាង ៧,២ លាន​​​​ហិកាតា ស្មើ​ប្រមាណ ៤១% នៃ​ផ្ទៃដី​​​​សរុប​​​របស់​​កម្ពុជា  (ដោយលោក ម៉ែន ណាត នៃ CWCI Cambodia)

សកម្មជន​ការពារ​ព្រៃឈើ​ លោក ហេង ស្រស់ បានរាយការណ៍ថា ក្រុម​សកម្មជន រក​ឃើញ​​ទីតាំង​​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​​ ចំនួន​ ២ ​កន្លែង ​នៅ​​ខេត្ត​ពោធិ៍សាត់ ​ស្ថិត​ក្នុង​​តំបន់​​ជួរ​ភ្នំក្រវាញ និង​​នៅ​​ដែន​ជម្រក​​សត្វព្រៃ​​ ភ្នំ​ឱរ៉ាល់ បន្ទាប់​ពី​​ក្រុម​សកម្មជន ចុះ​ល្បាត​​ពី​ថ្ងៃ​ទី​ ២៨ ខែ​​មេសា​ ដល់​​ថ្ងៃទី​ ៤ ខែ​ឧសភា។

លោក ហេង ស្រស់ លើកឡើងថា លោកចង់​ឲ្យមាន «​ការ​រឹត​​បន្តឹង​​ច្បាប់ ដើម្បី​​បង្រ្កាប​​បទ​​ល្មើស​​ធន​ធាន​​ធម្មជាតិ​ នៅ​​ក្នុង​​តំបន់​​ព្រៃ​ឡង់ និង​តំបន់​នានា​ទូទាំង​ប្រទេស ឲ្យ​​មាន​​ប្រសិទ្ធ​ភាព​» ជំនួស​​ឲ្យ​​ការ​​បង្កើត​​ស្នាក់ការ​​បរិស្ថាន​​បន្ថែម ពី​ក្រសួង​បរិស្ថាន​។ នេះ​បើតាម​ការផ្សាយ​របស់វិទ្យុ​បារាំងអន្តរជាតិ RFI នៅ​ថ្ងៃទី ១០ ខែ​ឧសភា ឆ្នាំ​២០២០។ ការលើក​ឡើង​របស់​លោក ហេង ស្រស់ នេះ ជា​ការជូនយោបល់​ទៅ​​លោក សៅ សុភាព រដ្ឋលេខាធិការ​​ក្រសួង​បរិស្ថាន កាល​ពីថ្ងៃទី ៧ ឧសភា ដែល​បាន​​ចុះ​ពិនិត្យ​​ទីតាំង​ ​នៅ​ជុំវិញ​​ព្រៃ​ឡង់ ភូមិ​សាស្ត្រ​​ខេត្ត​កំពង់ធំ និង​​ព្រះវិហារ ​​សម្រាប់​​សាងសង់​​ស្នាក់​ការ​​រួម ដើម្បី​​បង្កើន​​ប្រសិទ្ធភាព ក្នុង​​ការ​ការពារ និង​​អភិរក្ស​​ធន​ធាន​​ធម្មជាតិ ក្នុង​​ដែន​​ជម្រក​​សត្វព្រៃ «តំបន់​ព្រៃឡង់»។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៤ ខែ​មេសា បាន​ចេញសេចក្តីថ្លែងការណ៍​ព្រមាន​ក្រុម​សកម្មជន​បរិស្ថាន ​មិន​ឲ្យ​ចុះ​ល្បាត​ព្រៃ និង​ឃ្លាំមើល​ក្រុម​ជនល្មើស នៅ​តំបន់​ព្រៃឡង់ ដោយ​ចោទ​ប្រកាន់​ក្រុមសកម្មជន​បរិស្ថាន​ថា «ធ្វើសកម្មភាព​គ្មាន​ច្បាប់​អនុញ្ញាត»។ ប៉ុន្តែ​ក្រុមសកម្មជន ឆ្លើយ​តបវីញ​ថា «ពួកគេបានជូនដំណឹងទូលអាជ្ញាររដ្ឋាភិបាលរួចហើយ» ហើយថា ពួកគេ​ចុះល្បាតព្រៃ «ជាការចូលរួម​ការពារ​ថែរក្សា​ព្រៃឈើ ​ជាធនធាន​​ធម្មជាតិ​​ចុង​ក្រោយ​នៅកម្ពុជា»

ក្រុមអ្នកស្រឡាញ់​ធនធាន​ធម្មជាតិ បានហៅ​ក្រសួងបរិស្ថាន​ថា «ចង់ធ្វើតួឯក» ក្នុង​ការការពារ​ព្រៃ​ឈើ ខណៈ​ព្រៃ​ឈើ​ខ្មែរ កាន់​តែហិនហោច​ ដោយសារ​ក្រុមឈ្មួញ​មាន​អំណាច និង​មន្រ្តី​ពុករលួយ ឃុបឃឹតគ្នា​ជាប្រព័ន្ធ ក្នុង​ការកាប់​បំផ្លាញព្រៃ​ឈើទាំង​នោះ។

សកម្មជនព្រៃឈើ កាលពីខែតុលា ឆ្នាំ២០១៩ ចេញរបាយកាណ៍​​រកឃើញ​ថា ឧកញ៉ា ទ្រី ភាព ដែល​​​មាន​​ឈ្មោះ​​ល្បី​​ល្បាញ ក្នុង​​​ការ​បំផ្លាញ​​​ឈើ​ខ្មែរ មាន​​ទ្រព្យ​​សម្បត្តិ​​​ដ៏​មហា​សាល​​ជាង ១០០០ លាន​​​ដុល្លារ ក្នុង​​ចំណោម​​​ក្រុម​​ឧកញ៉ា​​ជាច្រើន ដែល​​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ពួកគេ រាប់អាន​យ៉ាង​ជិតស្និទ្ធ ជាមួយ​គ្រួសារ​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ។ លោក ទ្រី ភាព បាន​បើក​ក្រុមហ៊ុន​អាជីវកម្ម​រកស៊ី​ឈើ ២១ កន្លែង ក្នុង​នោះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច និងតំបន់​​សេដ្ឋកិច្ច​ពិសេស​ចំនួន ១៤ ក្រុមហ៊ុន​​ពី​​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​​មាន​​ផ្ទៃដី​សរុប​ជិត ៧ ម៉ឺន ហិកតា។ (មាន​ឯកសារ​ភ្ជាប់)។ លោក ទ្រី ភាព ក៏រាប់អាន​យ៉ាងជិត​ស្និទ្ធ​ជាមួយ​ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

សកម្មជនព្រៃឈើ លោក​ ហេង ស្រស់ បាន​ចុះទៅ​​ឃើញ​ផ្ទាល់​​អំពី​​បទល្មើស​ព្រៃឈើ​ ក្នុង​​ទីតាំង​​កាប់​​ឈើ​​​ ២ ​កន្លែង​​នៅខេត្ត​ពោធិសាត់ ​គឺ​ស្ថិត​នៅ​​តំបន់​​ក្រចុះព្រះ ​ក្នុង​​ដែន​ជម្រក​​សត្វព្រៃ​ ភ្នំ​ឱរ៉ាល់​​ និង​​តំបន់​​វាល​ថ្ម​ធំ​ ក្នុង​​ជួរ​ភ្នំ​​ក្រវាញ​ ក្នុង​​នោះ​​ឃើញ​​មាន​​ឈើ ​ដែល​​គេ​កាប់​ផ្ដួល អារច្រៀក​ និង​​ខ្លះ​ទៀត ជា​ឈើ​​រាជកុល​ ដែល​​ជា​​ប្រភេទ​​ឈើ​​ដ៏ល្អ​​ជាង​គេ​។ នេះបើតាម​ការចុះផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ភ្នំពេញប៉ុស្ត្តិ៍ កាល​ពីថ្ងៃទី ០៨ ឧសភា។

លោក ហេង ស្រស់ បញ្ជាក់ថា «​​ឃើញ​មាន​​រថយន្ត​ប៉ាកុង ​ប្រហែល​ ១៥ ​គ្រឿង រួមទាំង​​គោយន្ត​​រាប់​រយ​​គ្រឿង​​ផ្សេងៗ​​ទៀត ​ដែល​​ក្រុមកម្មករ​​ស៊ីឈ្នួល​​កាប់ឈើ​ បាន​​ប្រើប្រាស់​​សម្រាប់​​ដឹកឈើ​ ដែល​​អារ​ច្រៀក​​រួច​យក​ទៅលក់​​ឱ្យ​មេការ​ ​ឈ្មោះ កោះ សុភី ហៅ​ ហ៊ុំ ហយ ​ជា​​ទាហាន​​ផ្កាយ​ ២ និង​ឈ្មោះ​ ហាយ ថុង ហៅ​ថា​ តា​ថុង ដែល​ជា​អ្នក​រកស៊ី​​ឈើ​​ដ៏ល្បី ​នៅ​​ខេត្ត​ពោធិ៍សាត់​។ លោក ហេង ស្រស់ បន្ត​ថា​៖ «​ក្រុមកម្មករ​ ត្រូវ​​បាន​​គេ​ជួល​​ឱ្យ​​កាប់ ហើយ​​អារច្រៀក​ ដើម្បី​ដឹក​យក​​ទៅឱ្យ​គេ​ គឺ​ក្នុង​ ១ ​ម៉ែត្រគុប គេ​ឱ្យ​ថ្លៃ​ឈ្នួល​ ៤០ ​ម៉ឺន​​រៀល ប្រសិន​បើ​​កម្មករ​ មាន​​ម៉ាស៊ីន។ ចំណែក​ប្រេង និង​​បាយទឹក ​លើ​គេ ​គឺ​ក្នុង​ ១ ​ម៉ែត្រគុប​ បាន​​ថ្លៃឈ្នួល​តែ​ ១៥ ​ម៉ឺន​​រៀល​ទេ​។ អ្នក​ជួល​​កម្មករ​ហ្នឹង ​គឺ​ឈ្មោះ​ តាថុង និង​​មួយទៀត​​ឈ្មោះ កោះ សុភី​។ ពួកគេ​ទាំង ២ ​នេះ​ថែម​​ទាំង​​បាន​​​អះអាង​​ប្រាប់​​ខ្ញុំ​ទៀត​ថា គាត់​​បាន​​បង់លុយ​​ ទៅ​​ថ្នាក់​​ខេត្ត​​រាប់​ម៉ឺន​ដុល្លារ ​ដើម្បី​​ជា​ថ្នូរ​រកស៊ី​​កាប់ និង​​ដឹក​ជញ្ជូន​​ឈើ​»។ នេះ​បើតាម​គេហទំព័រ​សារព័ត៌មាន​ភ្នំពេញប៉ុស្ត្តិ៍ ដដែល។

ប្រធាន​មន្ទីរ​បរិស្ថាន​ ​ខេត្ត​ពោធិ៍សាត់​ ​លោក ប៉ាន់ មរកត ​បាន​ឆ្លើយ​បដិសេធ ​ចំពោះ​​ការចោទ​ប្រកាន់​​ដែល​​ថា មន្ត្រី​​បាន​​ទទួល​​សំណូក​​សូកប៉ាន់ ​ពី​ក្រុម​​ជនល្មើស​​ព្រៃឈើ​។ ​លោក​ ​បាន​​បញ្ជាក់​ថា បន្ទាប់​ពី​​ទទួល​បាន​​សេចក្ដី​​រាយការណ៍​​ភ្លាម គឺ​​លោក ​បាន​​ចាត់​មន្ត្រី​​ឱ្យ​​ចុះ​​ទៅ​​ពិនិត្យ​​ទីតាំង​​ទាំង​នោះ ​តាំង​ពី​ល្ងាច​​ថ្ងៃទី​ ៥ ខែ​​ឧសភា​។

ដោយឡែក​នៅខេត្តរតនគីរី មានសកម្មភាព​​ដឹក​ជញ្ជូន «ឈើ​ខុស​ច្បាប់​» យក​​ទៅ​​លក់​​ឲ្យ​​ថៅកែ​​យួន (វៀត​ណាម)​ កំពុង​​តែ​​កម្រើក​​ឡើង​​វិញ​​ហើយ បន្ទាប់​​ពី​ច្រក​របៀង​​មួយ​​ចំនួន ​បាន​​បើក​​លួច​លាក់​​ប៉ុន្មាន​ថ្ងៃ​នេះ​។ នេះ​បើតាមសារព័ត៌មាន​​កោះសន្តិភាព ចុះផ្សាយ​នៅថ្ងៃទី ១០ ខែ​ឧសភា។ សារព័ត៌មាន​​​ដដែល​នេះ សរសេរ​ថា ឈើ​សុ​ក្រំ ដឹក​​ពេញ​មួយ​​រថយន្ត​​កែ​​ច្នៃ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន នៅ​​ចំនុច​​ចំការ​ស្វាយ​ចន្ទី ជិត​​ព្រំប្រទល់​​ខេត្ត​ក្រចេះ ស្ថិត​​ក្នុង​ភូមិ​ឆ្នែង ឃុំ​​ស្រែ​ខ្ទុ​ម ស្រុក​​កែវ​សីមា។ ក្រុម​ឈ្មួញ​ មាន​​បំណង​នាំឈើ​​ទាំង​នោះ ​​ឆ្លង​​​ដែន​​តាម​​ច្រក​របៀង​​នៃ​​ស្រុក​ស្នួល ខេត្តក្រចេះ ទៅកាន់​វៀតណាម៕

(អត្ថបទដោយលោក ម៉ែន ណាត /១០ ឧសភា ២០២០)

អត្ថបទទាក់ទង
ព្រៃឈើ នៅ​តំបន់​ព្រៃឡង់ រង​ការ​កាប់​បំផ្លាញ​ថែម​ទៀត បើ​តាម​រូបភាព​ផ្កាយ​រណប
ក្រសួងបរិស្ថាន ព្រមានសកម្មជនបរិស្ថាន ប៉ុន្តែ​សកម្មជន​បរិស្ថាន ថាត្រូវ​​ការពារ​ព្រៃឈើ​រួម​គ្នា ខណៈបទ​ល្មើស មិន​ថម​ថយ
ក្រុម​គ្រួសារ​លោក ឈុត វុទ្ធី ថាមិន​​ទាន់​​​បាន​ទទួល​​ពន្លឺ​​យុត្តិធម៌! តើលោកស្រី ហ៊ុន ម៉ាណា ជា​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន Timber Green កាល​នោះ?
– គម្រប​ព្រៃ​ឈើ​ខ្មែរ សល់​ជាង ៤០% ​កំពុង​រង​ការ​កាប់​បំផ្លាញ​បន្ថែម
– ឯកសារ៖ លោក ហ៊ុន សែន «សន្យា​កាត់​ក» ឆ្នាំ​២០០២ បរាជ័យ​​រឿង​​ទប់ស្កាត់​ការបំផ្លាញ​ព្រៃ​ឈើ រួច​មក​ប្តូរពាក្យ​ថា ​កាប់​​បំផ្លាញ​​ព្រៃ​ឈើ​ «ដូច​​កាប់​​ក្បាល ហ៊ុន សែន​»

Cambodia deforestation 2020
Cambodia deforestation 2020

.