ឧកញ៉ា ម៉ុង រិទ្ធី និងឧកញ៉ា លី យ៉ុងផាង ពាក់ព័ន្ធការនាំខ្សាច់ ទៅតៃវ៉ាន់ បាត់បង់ចំណូលជាតិជាង ៣០ លានដុល្លារ។ នេះបើតាមរបាយការណ៍បង្ហាញមិនចំឈ្មោះ របស់អង្គការបរិស្ថានមាតាធម្មជាតិ។ រឿងនេះទោះបីជាលោក ម៉ុង ប្ញទ្ធី និងលោក លី យ៉ុងផាត់ ឆ្លើយបដិសេធក្តី។ ចំពោះលោក ម៉ុង ប្ញទ្ធី ត្រូវបានគេស្គាល់ថា ជាមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលរកស៊ីជិតមួយជីវិតមកនេះ គឺគ្មានមន្រ្តីរដ្ឋាភិបាលណាម្នាក់ ហ៊ានប៉ះពាល់ឡើយ សូម្បីតែរកស៊ីគ្រឿងញៀន ដែលបែកធ្លាយ កាលពីឆ្នាំ ១៩៩៧ ក្តី។ ចំពោះករណីការជួញដូរខ្សាច់នេះ ត្រូវបានគេរកឃើញទាំងឈ្មោះកប៉ាល់ និងឈ្មោះក្រុមហ៊ុនជារបស់លោក ម៉ុង ប្ញទ្ធី។ (អត្ថបទដោយ ម៉ែន ណាត, 14-9-2017)
របាយការណ៍បង្ហាញការបាត់បង់ទឹកប្រាក់ជាង ៣០លានដុល្លារ ក្នុងការនាំខ្សាច់ទៅតៃវ៉ាន់ បន្ថែមពីលើភាពខុសគ្នាជិត ៧០០លានដុល្លារ នៃទិន្នន័យនាំខ្សាច់ ទៅប្រទេស សិង្ហបុរី
(VOA, 13-9-2017 ដោយ ស៊ុន ណារិន) ភ្នំពេញ — ទឹកប្រាក់ជាង ៣០ លានដុល្លារអាមេរិក នៃការនាំចេញខ្សាច់ស៊ីលីកា (ខ្សាច់ស) ទៅតៃវ៉ាន់ ត្រូវបានរកឃើញថា បាត់បង់តាមរយៈ ការផ្ទៀងផ្ទាត់ខុសគ្នាឆ្ងាយ រវាងរបាយការណ៍ផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា និងរបាយការណ៍ ដែលបានមកពី តៃវ៉ាន់។
របាយការណ៍ខុសគ្នានេះ ត្រូវបានផ្សព្វផ្សាយដោយ ក្រុមបរិស្ថាននៃអង្គការមាតាធម្មជាតិ ដែលបានធ្វើយុទ្ធនាការ ប្រឆាំងនឹងការបូមខ្សាច់ច្រើនឆ្នាំមកហើយ។
អង្គការមាតាធម្មជាតិ ដែលត្រូវបានរដ្ឋាភិបាល ចាត់ទុកថា «ជាក្រុមញុះញង់» បានបញ្ចេញរបាយការណ៍របស់រដ្ឋបាលគយតៃវ៉ាន់ ដែលបង្ហាញថា តៃវ៉ាន់ បាននាំចូលខ្សាច់ស៊ីលីកាចំនួន ១.៥៣៣.៨៥៥ តោន ពីប្រទេសកម្ពុជា ក្នុងចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ដែលមានតម្លៃជាង ៣២ លានដុល្លារអាមេរិក (៣២.២៧២.០០០ ដុល្លារអាមេរិក)។
ប៉ុន្តែទិន្នន័យនេះ ខុសពីទិន្នន័យដែលត្រូវបានកត់ត្រាដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួងពាណិជ្ជកម្ម ដែលត្រូវបានផ្តល់ដោយ អង្គការមាតាធម្មជាតិ។ ទិន្នន័យរបស់រដ្ឋាភិបាលកម្ពុជា បង្ហាញថា ខ្សាច់ចំនួន ២៨.៩០០ តោន ដែលមានតម្លៃ ២៧៥.៦០៦ ដុល្លារអាមេរិក ត្រូវបានកត់ត្រានៅក្នុងរយៈពេលដូចគ្នា។ បើតាមការផ្ទៀងផ្ទាត់ទិន្នន័យ ទឹកប្រាក់នៃការនាំខ្សាច់ ចេញទៅតៃវ៉ាន់ខុសគ្នាដល់ទៅជាង ៣០ លានដុល្លារអាមេរិក។
VOA មិនអាចទទួលបានទិន្នន័យពីស្ថាប័ននានា របស់រដ្ឋាភិបាល អំពីការនាំខ្សាច់ចេញ អំឡុងពេលនៃការស៊ើបអង្កេតរបស់ អង្គការមាតាធម្មជាតិនោះទេ។
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលនៃប្រទេសកម្ពុជា បានបដិសេធមិនបញ្ជាក់អំពីទិន្នន័យ ហើយបានឲ្យអ្នកយកព័ត៌មាន ទៅមើលរបាយការណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយ រដ្ឋាភិបាល កាលពីមុន។
លោកបានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា៖ «បើយើងនិយាយអំពីពាក្យស្ថិតិ ទោះបីជាមកយកពីខ្ញុំ យកថ្ងៃហ្នឹង និងយកស្អែក ក៏ស្ថិតិវាខុសគ្នាដែរ មិនអីចឹង? ដូច្នេះខ្ញុំអត់មានអីដែលហួសអំពីអ្វីដែលយើងបានធ្វើជូនទៅខាងសភា…»។ លោកបានចាត់ទុកក្រុមអង្គការមាតាធម្មជាតិថា ជាក្រុមប្រឆាំងរដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ «អាហ្នឹងគ្រាន់តែវារំខានការងាររដ្ឋាភិបាលយើង»។
កាលពីខែតុលា ឆ្នាំ២០១៦ មានការបង្ហាញរបាយការណ៍ខុសគ្នា នៃការនាំខ្សាច់ចេញទៅប្រទេស សិង្ហបុរី ដែលមានការបាត់បង់ថវិកា ដល់ទៅ ៧០០ លានដុល្លារ។ ក្រោយមក នៅខែកក្កដា ឆ្នាំ២០១៧ រដ្ឋាភិបាលបានប្រកាសបិទការនាំខ្សាច់ ចេញទៅ សិង្ហបុរី ដោយអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លើកឡើងថា ដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន។
ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការ នៅកម្ពុជា ត្រូវបានតម្រូវឲ្យបង់ពន្ធ ២០ ភាគរយ ទៅលើប្រាក់ចំណេញ។
លោក យស មុនីរ៉ាត់ មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា អាចរកចំណូលបានពីការនាំខ្សាច់ចេញ តាមរយៈការបង់ថ្លៃសួយសារអាករ លើចំនួនខ្សាច់នាំចេញ តែលោកមិនបានផ្តល់ចំនួនជាក់លាក់នោះទេ។ លោកបន្តថា ក្រុមហ៊ុនក៏ត្រូវបង់ទៅឲ្យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នូវថ្លៃនាំខ្សាច់ចេញ និងបង់ពន្ធ លើប្រាក់ចំណេញទៅខាងពន្ធដារផងដែរ។
VOA មិនអាចសុំការឆ្លើយតបពីមន្រ្តីនៅអគ្គនាយកដ្ឋានពន្ធដារ មន្រ្តីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្រ្តីនៅ ក្រសួងពាណិជ្ជកម្ម បាននោះទេ។
កាលពីចុងខែ សីហា ក្រសួងរ៉ែ និងថាមពលរបស់កម្ពុជា បានចេញផ្សាយសេចក្តីប្រកាសព័ត៌ មានមួយ ដែលបង្ហាញថា ការនាំខ្សាច់ស៊ីលីកាចេញ ពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែ មិថុនា ឆ្នាំ២០១៧ សរុបមានចំនួន ១៥៨.០០០ តោន។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា អាជ្ញាប័ណ្ណ សម្រាប់ការនាំខ្សាច់ ស៊ីលីកា ចេញ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនចំនួន ២ គឺក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលគ្រប់គ្រងដោយលោក ម៉ុង ឬទ្ធី សមាជិកព្រឹទ្ធសភាស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង ក្រុមហ៊ុន Sibelco Cambodia។
លោក ម៉ុង ឫទ្ធី ម្ចាស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប បានថ្លែងប្រាប់ VOA កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនរបស់លោកបានផ្អាកការនាំខ្សាច់ចេញហើយនៅពេលនេះ តែលោកបានបដិសេធមិនអធិប្បាយពីមូលហេតុនៃការផ្អាកនេះទេ។ លោកក៏បានបដិសេធមិនអធិប្បាយលម្អិត ទាក់ទងនឹងការនាំខ្សាច់ចេញ ទៅក្រៅប្រទេសដែរ។ លោក ម៉ុង ឫទ្ធី មានប្រសាសន៍ថា៖ «កុំសរសេរឲ្យមនុស្សឈ្លោះគ្នា ស្អីៗ។ ខ្ញុំដឹងអាហ្នឹងវារសើបហើយ»។
កាលពីយប់ថ្ងៃចន្ទ អង្គការមាតាធម្មជាតិ បានបង្ហោះវីដេអូមួយ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដែលនិយាយពីការបាត់បង់ខ្សាច់ ដែលលក់ឲ្យ តៃវ៉ាន់។
ស្របពេលមានព័ត៌មាននៃ ការចេញផ្សាយរបាយការណ៍នាំខ្សាច់ចេញទៅ តៃវ៉ាន់ និងការបង្ហោះវីដេអូរបស់អង្គការមាតាធម្មជាតិ សកម្មជនរបស់មាតាធម្មជាតិ ២ នាក់ នៅខេត្តកោះកុងគឺឈ្មោះ ឌឹម គុនឌី និងហ៊ុន វណ្ណៈ ត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលពួកគេ បានចុះទៅមើលការដ្ឋានខ្សាច់ នៅក្នុងខេត្ត ដែលមានព្រំប្រទល់ជាប់ប្រទេស ថៃ នេះ។
កញ្ញា លីម គីមស័រ សកម្មជនរបស់អង្គការមាតាធម្មជាតិ បានប្រាប់ VOA ថា សកម្មជនទាំង ២ នាក់នោះ ត្រូវបានចោទប្រកាន់ពីបទចូលទៅការដ្ឋានក្រុមហ៊ុន ដោយគ្មានការអនុញ្ញាត។ កញ្ញា បានបញ្ជាក់ថា ការចាប់ខ្លួននេះ អាចមកពីការបង្ហោះវីដេអូលើហ្វេសប៊ុក និងការចេញផ្សាយ របាយការណ៍ទាក់ទងនឹងការនាំខ្សាច់ ចេញទៅ តៃវ៉ាន់។ កញ្ញាបានថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា៖ «វាស្របពេលជាមួយដែលយើងទើបចេញវីដេអូថ្មី ទាក់ទងនឹងការនាំខ្សាច់ ស៊ីលីកា ចេញ។ ដល់ពេលអីចឹង យើងមើលឃើញថា ក្រុមហ៊ុន ដែលនាំខ្សាច់ស៊ីលីកាចេញហ្នឹង គាត់ ដូចជាកំពុងតែមានការភ័យខ្លាច ជាមួយនឹងការបង្ហាញភស្តុតាងពិត»។
សហស្ថាបនិកអង្គការមាតាធម្មជាតិគឺលោក Alejandro Gonzalez-Davidson ដែលត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីឆ្នាំ២០១៥ បានការពាររបាយការណ៍រកឃើញរបស់ក្រុមការងារអង្គការនេះ ហើយថា លោក និងអង្គការនៅតៃវ៉ាន់ នឹងបន្តការស្រាវជ្រាវបន្ថែមទៀត ប្រឆាំងនឹងអំពើពុករលួយ ទាក់ទងនឹងបញ្ហាខ្សាច់នេះ។ លោកបានថ្លែងប្រាប់ VOA ថា៖ «យើងបានឮថា តៃវ៉ាន់ មានប្រព័ន្ធតុលាការឯករាជ្យ ដែលឯករាជ្យ ជាងប្រព័ន្ធតុលាការ ក្នុងប្រទេសកម្ពុជា និង សិង្ហបុរី។ យើងក៏ដឹងថា តៃវ៉ាន់មានភ្នាក់ងាររឹងមាំប្រឆាំងអំពើពុករលួយ និងមានច្បាប់ស្តីអំពីសិទ្ធិសេរីភាពនៃ ការទទួលព័ត៌មាន»។ លោក បន្ថែមថា រដ្ឋាភិបាលកម្ពុជា អាចដោះស្រាយបញ្ហាខ្សាច់នេះ ឲ្យស្អាតយ៉ាងងាយស្រួល ប្រសិនបើពួកគេចង់ធ្វើ។ លោក បានបញ្ជាក់ថា៖ «បើគេមានភាពស្មោះត្រង់ ក្នុងការស្វែងរកដំណោះស្រាយនោះ នោះវាងាយស្រួលបំផុត។ អ្វីដែលពួកគេត្រូវធ្វើគឺ បើកមើលឯកសារកត់ត្រា របស់ពួកគេ»។
លោក Chou Kuo-tung អនុប្រធានការិយាល័យរ៉ែរបស់តៃវ៉ាន់ បានប្រាប់ VOA ថា លោកមិនមានព័ត៌មានអំពីក្រុមហ៊ុនដែលពាក់ព័ន្ធទេ ហើយការស៊ើបអង្កេត នឹងត្រូវពឹងផ្អែកលើការស្រាវជ្រាវក្នុងប្រទេសកម្ពុជា ដែលមិនមានទំនាក់ទំនងការទូតជាមួយតៃវ៉ាន់។ លោក មានប្រសាសន៍ថា៖ «របាយការណ៍របស់យើង ទៅលើក្រុមហ៊ុនទាំងនេះគឺ មិនពេញលេញនោះទេ។ យើងតែងតែចង់មើលវា ប៉ុន្តែមិនមានមធ្យោបាយនោះទេ។ មានតែការិយាល័យពាណិជ្ជកម្មបរទេស (របស់តៃវ៉ាន់) ទេ ដែលមានព័ត៌មានទាំងនោះ»។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជា លើកឡើងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ត្រូវធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកការគេចពន្ធ ដែលបានកើតមានឡើង។ លោក មានប្រសាសន៍ថា៖ «វាមិនមែនជាជំនួញធម្មតាទេ នៅពេលវាមានភាពខុសគ្នាយ៉ាងច្រើន និងវាកើតឡើង មិនមែនក្នុងពេលតែមួយ»។ លោកបញ្ជាក់បន្ថែមថា៖ «វាមានសារៈសំខាន់ដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការម៉ឺងម៉ាត់ លើបញ្ហាទាំងនេះ ហើយប្រជាជនមានសិទ្ធដឹងថា តើមានរឿងអ្វីកំពុងកើតឡើង»៕