អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / ដោយលោក ហាស់ សាន / 28-12-2020
ទិដ្ឋភាព និងរូបភាពនៃសកម្មភាពកាប់ឈើ អារឈើ ដឹកឈើចេញពីព្រៃស្រុកខ្មែរ ទៅកាន់រោងចក្រក្នុងស្រុកខ្មែរ ឬ ដឹកចេញបន្តតម្រង់ទៅកាន់រោងចក្រនៅស្រុកយួន មិនមែនជាទិដ្ឋភាព ឬរូបភាពពីសកម្មភាព បង្កឡើងដោយប្រជាពលរដ្ឋខ្មែរសាមញ្ញ តូចតាច លួចចូលព្រៃ កាប់ឈើលក់ឲ្យក្រុមហ៊ុនធ្វើអាជីវកម្មនោះទេ។
ទំហំផ្ទៃដីធ្វើអាជីវកម្ម បរិមាណឈើ គុណភាពឈើដែលកាប់ទាំងអស់ ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្នកាលនេះ បង្ហាញឲ្យឃើញថា ជាអាជីវកម្មលើធនធានធម្មជាតិខ្មែរ ខ្នាតពាណិជ្ជកម្មអន្តរជាតិឆ្លងដែន មានទឹកប្រាក់ក្នុងទីផ្សារ បើគ្មានការលួចបន្លំ កែវិក្កយបត្រនោះ មានចំនួនរាប់ពាន់លានដុល្លារ។ បញ្ហាធំគឺនៅត្រង់ឃ្លាំងរដ្ឋ មិនបានទទួលផល ជាចំនួនទឹកប្រាក់ពិតៗតាមតម្លៃនៃទំហំ បរិមាណ និងគុណភាពឈើខ្មែរទាំងនោះទេ។
ឈើខ្លឹមខ្មែរដែលក្រសួងកសិកម្ម បានចាត់ថ្នាក់ជាប្រភេទឈើប្រណីត (deluxe), ឈើលេខ១, ឈើលេខ២ ឬ ឈើលេខ៣ ហើយដែលឈ្មួញត្រូវការជាងគេនោះមាន គ្រញូងដែក គ្រញូងឈាមមាន់ ធ្នង់ បេង នាងនួន គ្រើល ទ្រាស គគី កកោះ ឈើទៀល ស្រឡៅ ផ្តៀក ជាដើម។ល។
ដើមឈើពេញតម្រូវការទាំងនេះ បើគេកាប់រំលំ មានបន្ទាត់ផ្ចិត ឬមុខកាត់ប្រវែងជាង ៥០ស.ម. ឬជាង ៥តឹក ត្រូវការពេលដុះលូតលាស់ប្រមាណ ២០០−៣០០ឆ្នាំ ទើបមានដើមទំហំធំប៉ុណ្ណឹង។
ការស្រាវជ្រាវពីអង្គការសង្គមស៊ីវិល ពីឆ្នាំ២០១៨−២០១៩ ឈើខ្មែរភាគច្រើនដឹកចេញទៅស្រុកយួន។ ឈើពីតំបន់ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ពួកដង្ខៅ ថៅកែក្រុមហ៊ុន ឈើដឹកចុះតាមផែខេត្តកោះកុង និងខេត្តព្រះសីហនុ ឆ្ពោះទៅក្រុងហុងកុង។
ផ្លូវទឹកដឹកឈើនេះ ទំនងជាឈ្មួញប្រើប្រាស់ ដើម្បីចៀសពីឈ្មួញកណ្តាលយួន ដែលធ្វើឲ្យបាត់បង់ចំណេញពីតម្លៃពិត គិតជាគីឡូក្រាម។ ឈើពីតំបន់ព្រៃឡង់ ដង្ខៅ ថៅកែក្រុមហ៊ុន ប្រើបណ្តាញផ្លូវគោក ដឹកកាត់ខេត្តក្រចេះ ខេត្តកំពង់ធំ កំពង់ចាម ឬ ត្បូងឃ្មុំ ឆ្ពោះទៅកាន់ព្រំដែនយួន តាមច្រក ដូនរ័ត្ន ស្នួល និង ហ័លូ ជិតស្វាយរៀង។
ក្រុមហ៊ុនយួន ដឹកបន្តទៅកាន់ផែ ក្រុងព្រៃនគរ ទៅកាន់ផែ ខេត្តដាណាង ខេត្តគ្វាងទ្រី មុននឹងចេញបន្តទៅហុងកុង ឬផែ ខេត្ត ស្ហិនហ្ស្ហ៊ិន (Shenzhen) ប្រទេសចិន។ ពីរោងចក្រឈើ Angkor Plywood នៅព្រែកទម័ក (ឬព្រែកតាមាក់) ក្នុងខេត្តកណ្តាល ឈើខ្មែរដឹកចេញតាមផ្លូវទន្លេធំ (មេគង្គ) ទៅកាន់ច្រកព្រំដែន ធួងភួក (Thuong Phuoc)។ ឈើខ្មែរពីភាគឦសាន ដឹកចេញទៅស្រុកយួន តាមច្រក អូរយ៉ាដាវ ខាងខ្មែរ និងឡេថាញ់ ខាងយួន។ ឈើខ្លឹមក្រហមៗ ចិនហៅថា ហុងមូ (Hongmu = rosewood /red wood)។
ក្នុងសេចក្តីរាយការណ៍ពីអង្គការឈ្មោះ Forest Trends ខែតុលា ឆ្នាំ២០១៩ ព្រោះតែជំនួញឈើខ្មែរ កាប់ដឹក ទិញដោយខុសច្បាប់ ចូលទៅប្រទេសយៀកណាម។ ប្រទេសសង្គមនិយមនេះ ក្លាយជាប្រទេសដឹកចេញឈើ ទៅបរទេសទី២ នៅតំបន់អាស៊ី បន្ទាប់ពីប្រទេសចិន និងជាប្រទេសលំដាប់ទី៥ ក្នុងពិភពលោក ក្នុងអាជីវកម្មនាំឈើចេញ។
របៀបច្នៃឈើ មានសហគ្រាសចំនួន ៤,៥០០ ហើយ ផ្តល់ការងារធ្វើឲ្យពលរដ្ឋយួន ចំនួនកន្លះលាននាក់ (៥ សែន) នៅឆ្នាំ២០១៩។ ការធ្វើអាជីវកម្មជាមួយនឹងឈើខ្មែរ ធ្វើឲ្យប្រទេសយៀកណាម បានចំណូលចំនួន ៩០០០ លានដុល្លារក្នុងឆ្នាំ២០១៨។ តាមសេចក្តីរាយការណ៍នេះ គេប៉ាន់ស្មានថា ឈើខ្មែរ ដឹកចេញទៅលក់ឲ្យក្រុមហ៊ុនយួន មួយឆ្នាំៗមានបរិមាណប្រមាណ ៥ សែនម៉ែត្រគីប។
សេចក្តីរាយការណ៍ក្នុងខែសីហា ឆ្នាំ២០២០ នេះ ដោយអង្គការឈ្មោះ Inclusive Development International ប្រមាណជាង ១០ឆ្នាំមុន ឈើស្រឡៅ ជាប្រភេទឈើលេខ១ ក្នុងមួយម៉ែត្រគីប តម្លៃទីផ្សារ ២៥០ ដុល្លារ ប៉ុន្តែឈ្មួញ ឬ អាជីវករឈើនៅភ្នំពេញ អាចទិញក្នុងពី ៥០០ ដុល្លារ ទៅ ៦៥០ដុល្លារក្នុងមួយម៉ែត្រគីប។ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចិនសង់នៅត្រពាំងស្រែ ស្រុកស្នួល ខេត្តក្រចេះ ក្រុមហ៊ុនក្តារបន្ទះឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា ដែលគ្រប់គ្រងក្រុមហ៊ុន Lim Royal Joint Stock សាខាក្រុមហ៊ុនចិន Zhongqi Overseas Group ដែលសង់តំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) ចម្ងាយ ១៥០០ ម៉ែត្រពីព្រំដែនយៀកណាម នោះ។
តាមឯកសារផ្លូវការពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្នែករដ្ឋបាលព្រៃឈើ នៅក្រុងសែនមនោរម្យ ចុះហត្ថលេខាដោយប្រធានមន្ទីរ លោក សុខ ឃាង និង នាយផ្នែករដ្ឋបាលព្រៃឈើ លោក ជ័យ សុខា ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ឈើប្រភេទលេខ១ អនុញ្ញាតឲ្យក្រុមហ៊ុន Lim Royal Joint Stock ដឹកចេញទៅរោងចក្រ តាមសេចក្តីសម្រេចពីនាយក្រសួងកសិកម្ម លោក វេង សាខុន មួយឆ្នាំមុន បរិមាណជិត ១៨ ម៉ែត្រគីប មានទឹកប្រាក់ស្មើនឹងជិត ៤ សែនដុល្លារ។ នេះបង្ហាញឲ្យដឹងថា ឈើលេខ១ មានតម្លៃ ១ ម៉ែត្រគីប ជាង ២០០០ដុល្លារ ស.រ.អា.។
អាជីវកម្មទុច្ចរិតលើព្រៃឈើខ្មែរ ដែលស្មើនឹងឧក្រិដ្ឋកម្មលើធនធានធម្មជាតិមួយ ក្នុងប្រទេសកម្ពុជា ពួកដង្ខៅ ថៅកែក្រុមហ៊ុន ប្រទាក់ក្រឡាគ្នាជាប្រព័ន្ធ ចងក្រងសម្ព័ន្ធភាព ក្រឡឹងជុំវិញមាត្រាច្បាប់ តាមរបៀបស៊ីសំណូកសូកប៉ាន់ ស៊ុមគ្រលុំ បិទភ្នែក បិទត្រចៀក ធ្វើមិនដឹងមិនឃើញ មិនឮ ចាំតែទទួលលុយពីមេការ ឬតំណាងក្រុមហ៊ុន ឬតាមរបៀបបន្លំ បំភ័ន្តភ្នែកសាធារណជន។
ឧទាហរណ៍ថា បើគេមិនចង់ដឹកឈើ ទៅដាក់នៅដេប៉ូតិ៍ឈើរបស់គេផ្ទាល់ ដូចជាដេប៉ូតិ៍របស់ក្រុមហ៊ុន ទ្រី ភាព គ្រុប នៅឧដុង្គ ឬដេប៉ូតិ៍របស់ក្រុមហ៊ុន Lim Royal Joint Stock ឈើនៅស្នួល គេចេញច្បាប់អនុញ្ញាតឲ្យបង្កើតរោង សន្និធិ ឬ កន្លែងសន្សំទុកលក់ចែកចាយផល អនុផលព្រៃឈើ មានដូចជារោង សន្និធិ របស់ឈ្មោះ ទា កែវមុនី នៅជាប់ព្រំដែនយួន កាលពីឆ្នាំ២០១៩ ជាដើម។
ពួកដង្ខៅ ថៅកែ ជាប់សែត្រកូល ហ៊ុន ផ្ទាល់ក្តី ជាប់ខ្សែនឹងសាច់ញាតិត្រកូល ហ៊ុន ក្តី ឬក៏គ្រាន់តែជាមិត្តភក្តិ ក្លើម្រាក់ក្តី គេរៀបបណ្តាញរបស់គេដូចសម្បុកពីងពាង បង្វែងដានមិនឲ្យដឹង មិនឲ្យស្គាល់ប្រភពជាខ្នងបង្អែកសម្រាប់មុខរបររបស់គេ។ ការបាត់បង់ព្រៃឈើរាប់ពាន់ហិកតា នៅតំបន់ព្រៃឡង់ ពីស្រុកឆែប ខេត្តព្រះវិហារ មកស្រុកសណ្តាន់ ខេត្តកំពង់ធំ មានជាប់ទាក់ទងនឹងក្រុមហ៊ុន ព្រមទាំងបុគ្គលមួយចំនួន។
ឧកញ៉ា ឌី ឌុក ជិតស្និទ្ធនឹងលោក ហ៊ុន ណេង បងប្រុសលោក ហ៊ុន សែន រកស៊ីជាមួយឧកញ៉ា អ៊ឹម សំអឿន និង ហង់ សូវ៉ាន់ ក្នុងក្រុមហ៊ុនអារឈើ សំអឿន សូវ៉ាន់ ដែលមានឧកញ៉ា ហូឡា សុភ័ណ ជាម្ចាស់ក្រុមហ៊ុន Iron Wood។ ក្រុមហ៊ុនចំការអំពៅចិន រុយហ្វេង (Rui Feng Sugar Plantation) ផ្ទេរដីសម្បទានទៅឲ្យឈ្មោះ អ៊ឹម សំអឿន និង ហូឡា សុភ័ណ ចូលហ៊ុនដោយឈ្មោះ ហ៊ុន សុភ័គ ការពារដោយលោក ហ៊ុន ណេង។ បណ្តាញឈ្មួញរកស៊ីឈើទាំងនេះ ដឹកឈើ គិតជាទឹកប្រាក់មានប្រមាណ ៣០លានដុល្លារ។
បណ្តាញឈ្មួញរកស៊ីឈើមួយទៀត គឺក្រុមហ៊ុន ឡេង រិទ្ធី។ ឧកញ៉ា ឡេង រិទ្ធី ទីប្រឹក្សាក្លឹបអាជីវកម្មយួន ជាប្រធានសាជីវកម្មកៅស៊ូយួន (VRG = Vietnam Rubber Group) មានក្រុមហ៊ុនកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ភីអិនធី (PNT) និង ធី ង៉ា អភិវឌ្ឍន៍ និង វិនិយោគ (Thy Nga Development and Investment) ទំហំ ១ម៉ឺន ៦ ពាន់ហិកតារ ក្នុងតំបន់ព្រៃឡង់ ដើម្បីដឹកឈើ។
ឧកញ៉ា ឡេង រិទ្ធី ផ្ទេរសិទ្ធិឲ្យទៅក្រុមហ៊ុន ដួង ស្រួច គ្រុប ជាប្តីអ្នកស្រី សេង គាង ថៅកែក្រុមហ៊ុនអារឈើ ភីអិនធី និង ធី ង៉ា តែមានភាគហ៊ុនជាមួយអ្នកស្រី សេង គាង។
អ្នកស្រី សេង គាង មនុស្សជិតស្និទ្ធនឹងលោក ហ៊ុន ណេង ផ្ទេរសិទ្ធិទៅឲ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (MACLE LOGISTICS) គ្រប់គ្រងដោយឈ្មោះ សយ សុផល ដែលផ្គត់ផ្គង់ឈើទៅ ឲ្យក្រុមហ៊ុនក្តារបន្ទះ Angkor Plywood របស់ឧកញ៉ា ជា ពៅ។
បណ្តាញឈ្មួញរកស៊ីឈើទាំងនេះ រួមនឹងជំនួយពីបង ប្អូនប្រុសអ្នកស្រី សេង គាង ឈ្មោះ សេង កុកហ៊ាង នាយទាហាននៃកងពលតូចអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី លេខ៧០ ព្រមទាំងរោងអារឈើ ម្ចាស់ឈ្មោះ សេង សារ៉ាវុធ ដឹកឈើក្នុងរយៈពេល ២០ខែ ពីឆ្នាំ ២០១៧ ដល់ ឆ្នាំ២០១៩ គិតជាទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ស.រ.អា៕

.
.