(CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ០៤ មេសា ២០២០)
គម្របព្រៃឈើ នៅកម្ពុជា បានថយចុះពី ៧៣% នៅឆ្នាំ ១៩៧៥ ធ្លាក់មកត្រឹមប្រមាណ ៤៧% នៅ​ឆ្នាំ២០១៨ ក្នុងអំឡុងពេលជាង ៤០ ឆ្នាំមកនេះ។ (របាយការណ៍​អភិវឌ្ឍរបស់អង្គការ UNDP ស្តីពីគម្របព្រៃឈើ)។

សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ ក្រោម​រូបភាព​ក្រុមហ៊ុន​អភិវឌ្ឍ​​ដីសម្បទាន​សេដ្ឋកិច្ច និង​​ ​ក្រោម​រូបភាព​អ្នក​មាន​អំណាច ជួល​អ្នកស្រុក​​ឲ្យទន្ទ្រាន​ដីព្រៃ​ជាដើម នៅ​តែ​បន្ត​កើត​មានជា​ប្រចាំ នៅ​តំបន់​ព្រៃឡង់ ដែល​ជាព្រៃ​ចុងក្រោយ​ របស់​ប្រទេស​កម្ពុជា ខណៈពេលវស័យ​អនុវត្ត​ច្បាប់​នៅ​ទន់ខ្សោយ, អំពើ​ពុករលួយ និង​បក្ខពួកនិយម។

នៅតំបន់​​ដែន​ជម្រក​សត្វ ព្រៃ​ព្រះ​រកា ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ ត្រូវ​បាន​ពលរដ្ឋ​ក្នុង​​សហគមន៍​ ឲ្យ​ដឹង​​ថា «គ្រាន់តែ​ពួកគេ ​ចូល​​ព្រៃ​​ព្រះ​រកា ត្រឹម​តែ​មួយ​ថ្ងៃ ​ប្រទះ​ឃើញ​បទល្មើស​​ព្រៃឈើ ៥៣ ករណី និង ឮ​សំឡេង​​រណា​យន្ត ទ្រហឹង​​ពេញ​ព្រៃ ពី​ម៉ោង ៩​ យប់ រហូត​ទល់​ភ្លឺ»។ នេះបើតាម​វិទ្យុអាស៊ីសេរី ដកស្រង់​ការផ្សាយ នៅ​ថ្ងៃទី ០៣ ខែ​មេសា ឆ្នាំ​២០២០។ «ក្រុម​ជន​ល្មើស ​សម្រុក​​កាប់ឈើ ​ធ្វើ​អាជីវកម្មដូចជា ដើម​ពពេល ស្ទៀង ចំបក ត្រាច ឈើទាល និង​​ត្រ​សេក​ជាដើម ដែល​មានមុខ​​កាត់​​ពី ៥ ​តឹក ដល់​​ជាង ១ ​ម៉ែត្រ»

ថ្លែងប្រាប់វិទ្យុអាស៊ីសេរី លោក ម៉ា ចិត្រា នៅ​ថ្ងៃទី ៣ ខែមេសា ថា «មាន​សិប្បកម្ម​កែច្នៃ​ឈើ​​មួយ​​ចំនួន នៅ​ជាប់​​ព្រៃ​ព្រះ​រកា ដែល​ធ្លាប់​​បិទ​កន្លង​ទៅ អំឡុង​​ពេល ​គណៈ​កម្មការ​​ជាតិ ចុះ​បង្ក្រាប ក៏ប៉ុន្តែ​​បច្ចុប្បន្ន ​រោង​សិប្បកម្ម​​កែច្នៃ​​ឈើ​​ទាំងនោះ កំពុង​​ដំណើរ​ការ​​រលូន​​ឡើង​វិញ»។ លោក បន្ត​ថា «រោង​សិប្បកម្ម​​កែច្នៃ​​ឈើ​ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​​មាន​ការ​ធ្វើ​​របង​​ហ៊ុមព័ទ្ធ​ ហើយ​សិប្បកម្ម​​កែច្នៃ​​ឈើ​ទាំងនោះ ដែល​ជាប់​ព្រៃ​​អភិរក្ស គឺជា​​ប្រភព​នៃ​​បទល្មើស​​ព្រៃឈើ ព្រោះ​​នៅ​​តំបន់​នោះ មានតែ​​ឈើ​ក្នុង​​ព្រៃ​ព្រះ​រកា​មួយ​ទេ ដែល​​ត្រូវ​បាន​​កាប់​ យក​​មក​​ផ្គត់ផ្គង់​​រោង​សិប្បកម្ម​ ដើម្បី​​កែច្នៃ​ឈើ ​ធ្វើជា​​គ្រឿង​សង្ហារិម {និងនាំចេញ}»

សកម្មជន​ការពារព្រៃឈើ លោក ហេង ស្រស់ បាន​ប្រាប់វិទ្យុវីអូឌី នៅថ្ងៃទី ០៤ ខែ​មេសា ថា «ការ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន បើកអាជីវកម្មអារឈើ នៅជា​ប់តំបន់ព្រៃ ជាដើមចម​ឱ្យមាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ នៅក្នុង​ប្រទេស​​កម្ពុជា ​កាន់ខ្លាំង​ឡើង»។ លោក បន្ត​ថា «បច្ចុប្បន្ន​សកម្មភាព​នៃ ការកាប់​បំផ្លាញព្រៃឈើ មិន​មានការថយចុះ​ឡើយ បើសិនរដ្ឋាភិ​បាល មិន​មានវិធានការ​ទប់ស្កាត់ ឱ្យមាន​ប្រសិទ្ធភាព​នោះ។ ព្រៃឈើ​នៅប្រទេស​​កម្ពុជា នឹង​វិនាស​អស់​ក្នុងពេល​ឆាប់ៗ»

ចំណែកមន្រ្តី​អាជ្ញាធរនៃ ដែន​ជម្រក​សត្វ ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុន​សឿន ទទួល​​ស្គាល់​​ថា «មាន​​ការ​លួច​​អារ​​ឈើ​បន្តិ​ចបន្តួច ក្នុង​​ព្រៃ​ព្រះ​រកា ក៏ប៉ុន្តែ​​​ជា​ឈើ​ សម្រាប់​​សង់ផ្ទះ ​ដែល​​មាន​​ស្នើសុំ​ពី​​អាជ្ញាធរ​​មូលដ្ឋាន»​។ លោក ​បដិសេធ​ថា «គ្មាន​បទល្មើស​​ព្រៃឈើ ទ្រង់ទ្រាយ​​ធំ​ ក្នុង​​ព្រៃ​​ព្រះ​រកា​​នោះ​ទេ»

លោក ប៉ឹក សោភ័ណ នាយក​ប្រតិបត្តិ​នៃ​ អង្គការ​ពន្លក​ខ្មែរ ត្រូវ​បាន​វិទ្យុ​អាស៊ីសេរី​ដកស្រង់​សំដី​ថា «ភស្តុតាង​​បទ​ល្មើស​​ព្រៃឈើ​​ជាក់ស្ដែង ដែល​​ក្រុម​យុវជន​ រក​ឃើញ គឺ​ជា​​បន្ទុក​សំខាន់ ​ស្នើ​ឱ្យ​​មន្ត្រី​ជំនាញ និង​​អាជ្ញាធរ​​ពាក់ព័ន្ធ​ រក​ដំណោះ​ស្រាយ ក៏ប៉ុន្តែ​មន្ត្រី​ជំនាញ បែរជា​​រក​លេស​ឆ្លើយ​​ដោះ​សារ ​គេច​ពី​​ការទទួល​ខុសត្រូវ​​ដដែលៗ ហើយ​​ព្រៃឈើ​ នៅ​តែ​ទទួល​រង​​ការ​កាប់​​បំផ្លាញ​ ឥត​​ឈប់ឈរ​»

 លោក អ៊ូច ឡេង សកម្មជនបរិស្ថាន និង ​សហគមន៍​ព្រៃ​ឡង់ ៣ នាក់​​ទៀត កាល​ពីថ្ងៃ​ទី ១៦ ខែ​មីនា ត្រូវបាន​​តុលាការ​​ខេត្ត​ក្រចេះ កោះ​​ហៅ​ទៅ​ជំនុំជំរះក្តី តាម​​បណ្តឹង​​របស់ ​ក្រុមហ៊ុន​ស៊ីង​បាយ​អូថេក (THINK BIOTECH CAMBODIA) និង​ ក្រុម​ហ៊ុន​​អង្គរ ប្លាយវូដ (Angkor Plywood) ដែល​​​ជា​ក្រុមហ៊ុន រកស៊ី​កាប់ព្រៃឈើ​ខុសច្បាប់ ក្រោម​រូបភាព​អភិវឌ្ឍ​ដី​​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្តល់ដោយ​រដ្ឋាភិបាល។ ក្រុមហ៊ុន​ទាំងនេះ មាន​អ្នកមាន​អំណាច កាង​នៅពីខាង​ក្រោយ។ លោក អ៊ូច ឡេង និងសកម្មជនសហគមន៍ទាំង ៣ នាក់ តុលា​ការ សម្រេច​ដោះលែ​ង​​វិញ បន្ទាប់​ពី​គ្មាន​​ភស្តុតាង​​ដាក់បន្ទុកផង និង មាន​សម្ពាធ ពីក្រុមសកម្មជន​ការពារ​ព្រៃឈើ ចេញ​​តវ៉ា​នៅ​ខាមុខ​តុលាការ​ផង។

សកម្មជនព្រៃឈើ កាលពីខែតុលា ឆ្នាំ ២០១៩ ចេញរបាយកាណ៍​រកឃើញថា ឧកញ៉ា ទ្រី ភាព ដែល​មាន​ឈ្មោះល្បី​ល្បាញ ក្នុង​ការបំផ្លាញ​ឈើខ្មែរ មាន​ទ្រព្យសម្បត្តិ​ដ៏មហាសាល​ជាង ១០០០ លាន​ដុល្លារ ក្នុង​ចំណោម​ក្រុមឧកញ៉ាជាច្រើន ដែលរកស៊ីកាប់បំផ្លាញព្រៃឈើ ដែលពួកគេ រាប់អានយ៉ាងជិតស្និទ្ធ ជាមួយគ្រួសារលោក ហ៊ុន សែន លោក ទ្រី ភាព បានបើកក្រុមហ៊ុនអាជីវកម្មរកស៊ីឈើ ២១ កន្លែង ក្នុងនោះបានទទួលដីសម្បទានសេដ្ឋកិច្ច និងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១៤ ក្រុមហ៊ុន ពីរដ្ឋាភិបាល លោក ហ៊ុន សែន ដែលមានផ្ទៃដីសរុបជិត ៧ ម៉ឺន ហិកតា។ (មានឯកសារភ្ជាប់ )។

ការបាត់បង់ព្រៃឈើ នៅកម្ពុជា គឺជាសេចក្តីព្រួយ​បារម្ភរបស់ អ្នក​ការពារ​បរិស្ថាន និ​ងអ្នក​ស្រឡាញ់​ធម្មជាតិ ដែល​ជាផ្នែក​មួយ​នៃ​ការបម្រែ​បម្រួល​អាកាសធាតុ កំពុង​​ឡើង​កំដៅ នៅ​ជុំវិញ​ពិភពលោក។ ពួក​គេ តែង​ទទូច​ឲ្យ​រដ្ឋាភិបាល ត្រូវ​ចាត់​វិធានការ​តឹងរឹង ក្នុង​ការបង្រ្កាប​បទឧក្រឹដ្ឋកម្ម​ព្រៃឈើ និង​ការបំផ្លាញ​ធនធាន​ធម្មជាតិ៕

.