វិទ្យុអាស៊ីសេរី RFA /ដោយ សុជីវី
10th-11-2023

អ្នកវិភាគ​នយោបាយ និង​អ្នកឃ្លាំមើល​លើកឡើង​ថា កម្ពុជា​ងាយ​នឹង​ធ្លាក់​ក្រោម​ឥទ្ធិពល ​នៃ​អាណានិគមនិយម​បែប​ថ្មី ដរាបណា​សេដ្ឋកិច្ច​កម្ពុជា វិស័យ​យោធា និង​អភិបាលកិច្ច​នៅតែ​ទន់ខ្សោយ​ ដូច​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ ការ​លើកឡើង​បែបនេះ ស្រប​ពេល​ដែល​កម្ពុជា ​កំពុង​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​ទិវា​ឯករាជ្យ​ជាតិ នៅ​​ថ្ងៃ​ទី​​៩ ខែ​វិច្ឆិកា។

គិត​ត្រឹម​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ កម្ពុជា​បាន​ទទួល​ឯករាជ្យ​ពី​អាណានិគម​បារាំង ​រយៈពេល​ ៧០​​ឆ្នាំ​មក​ហើយ​។ ទោះជា​យ៉ាងណា ដោយសារ​ឆ្លងកាត់​សម័យកាល​សង្គ្រាមត្រជាក់​ រវាង​ប្រទេស​មហាអំណាច របប​វាល​ពិឃាដ ឬ​កម្ពុជា​ប្រជាធិបតេយ្យ សង្គ្រាមស៊ីវិល និង​ការដឹកនាំ​បែប​ផ្ដាច់ការ​ផង​នោះ ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈម​នឹង​ការ​ធ្លាក់​​ក្រោម​​អាណានិគម​បែប​ថ្មី ពី​សំណាក់​បរទេស។

អ្នកវិភាគ និង​អ្នកឃ្លាំមើល​ស្ថានការណ៍​សង្គម លើកឡើង​ស្រដៀងៗ​គ្នា​ថា អ្នកដឹកនាំ​រដ្ឋាភិបាល គួរ​លើកកម្ពស់​ការផ្សះផ្សា​ជាតិ និង​យុត្តិធម៌​សង្គម ដើម្បី​ពង្រឹង​ឯករាជ្យភាព​ជាតិ ជាជាង​គ្រាន់តែ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ផ្អើល​ទឹក​ផ្អើល​ដី ប៉ុន្តែ​វិស័យ​សេដ្ឋកិច្ច យោធា និង​​ធនធាន​មនុស្ស​នៅ​តែ​ទន់ខ្សោយ។

អ្នកវិភាគ​នយោបាយ​ចាស់វស្សា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា កម្ពុជា​នឹង​មិន​អាច​មាន​ឯករាជ្យ​ភាព និង​​អធិបតេយ្យ​ភាព​​ពេញ​លេញ​​នោះ​ឡើយ ប្រសិនបើ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ មិន​លើកកម្ពស់​នីតិរដ្ឋ និង​ការផ្សះផ្សា​ជាតិ។

បណ្ឌិត ឡៅ ម៉ុងហៃ​៖ «ហើយ​មួយទៀត​ពី​រឿង​លទ្ធិប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស​អី អាហ្នឹង​យើង​មាន ប្រទេស​​យើង​មូល​មាត់​ជាមួយ​គេ​។ ប្រទេស​ឯករាជ្យ មិន​ចាំបាច់​មាន​អ្នកណា​មក​ប្រដៅ​ទេ យើង​សន្យា​គោរព​សិទ្ធិមនុស្ស​គោរព​អ៊ីចឹង​ទៅ​។ សន្យា​ធ្វើ​នយោបាយ​ការបរទេស​អព្យាក្រឹត្យ​ហ្នឹង យើង​ប្រកាន់​អព្យាក្រឹត្យ នេះ​ជា​ចរិត​អ្នក​ដែល​ថា​ឯករាជ្យ ម្ចាស់ការ​ខ្លួនឯង»។

លោក​បន្ត​ថា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតន​កោដ្ឋ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាន​ឯករាជ្យ​ជាតិ​ពេញលេញ មិន​មែន​​ដោយសារតែ​ព្រះអង្គ​ដឹកនាំ​ប្រទេស​បែប​នីតិ​មាត់ ដែល​មាន​ន័យថា​សេចក្ដីសម្រេច​អ្វី​គ្រប់យ៉ាង អាស្រ័យ​តែ​លើ​អ្នកដឹកនាំ​តែ​ម្នាក់​នោះ​ទេ ប៉ុន្តែ​ដោយសារតែ​ការអនុវត្ត​ច្បាប់​បាន​ល្អ​តាំងពី​ថ្នាក់​ភូមិ ឃុំ រហូតដល់​ថ្នាក់លើ។

បណ្ឌិត ឡៅ ម៉ុងហៃ៖ «ខ្ញុំ​សុំ​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ពង្រឹង​ឯករាជ្យភាព​របស់​យើង តាមរយៈ​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

ប្រទេស​កម្ពុជា ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល និង​អាណានិគម​របស់​ប្រទេស​បារាំង ​រយៈពេល​ ៩០​​ឆ្នាំ គឺ​ពី​ឆ្នាំ​១៨៦៣ ដល់ ១៩៥៣។ បន្ទាប់ពី​ទទួល​បាន​ឯករាជ្យភាព​ពេញលេញ នៅ​ថ្ងៃទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ កម្ពុជា​បាន​ចាប់ផ្ដើម​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​រំឭក​ដល់​ស្មារតី​កងទ័ព​ជាតិ​កម្ពុជា និង​ស្នា​ព្រះហស្ត ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង​។​

​ជុំវិញ​ថ្ងៃ​រំឭក​ខួប​ឯករាជ្យ​ជាតិ​នេះ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី បាន​បង្ហោះ​រូបថត​មួយ​ចំនួន​​របស់​ឪពុក​លោក គឺ​លោក សម សារី ថត​ជាមួយ​សម្ដេចព្រះ​ នរោត្តម សីហនុ ព្រមទាំង​ជាមួយ​ឥស្សរជន​នយោបាយ​ខ្មែរ​មួយ​ចំនួន​ទៀត នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដោយ​រំឭក​ឡើងវិញ​នូវ​កិច្ច​ខំ​ប្រឹង​ប្រែង​​របស់​ឪពុក​លោក ដែល​បាន​បំពេញការងារ​យ៉ាងសកម្ម​ ជាមួយ​ព្រះ​បរមរតនកោដ្ឋ ក្នុង​ការ​ទាមទារ​ឯករាជ្យ​មក​ឱ្យ​កម្ពុជា​វិញ។ លោក​បាន​រំលេច​ពី​សារ​របស់​ព្រះបាទ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ កោតសរសើរ​ពី​ការងារ​របស់​លោក សម សារី ចំពោះ​បុព្វហេតុ​ទាមទារ​ឯករាជ្យ​ជាតិ​ នៅ​ប្រទេស​បារាំង​។ ព្រះរាជសារ​ដែល​បាន​ផ្ញើ​ចេញ​ពី​ទីក្រុង​បាងកក (Bangkok) កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៥៣ ​នោះ បង្ហាញ​ថា ព្រះបាទ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ មាន​ចេតនា​ដំឡើង​ឋានៈ​លោក សម សារី ទៅជា​រដ្ឋមន្ត្រី​ ដោយ​មិន​ត្រូវ​ពន្យារ​ពេល​ទៀត​ផង។

បើទោះបីជា​លោក សម រង្សី មិន​បាន​បញ្ជាក់​ពី​គោលបំណង​នៃ​ការ​បង្ហោះ​សារ​នេះ​ក្ដី ប៉ុន្តែ​តាមរយៈ​ការ​រំឭក​ពី​វីរភាព​របស់​ឪពុក​លោក​នេះ ប្រៀប​ដូចជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន កាល​ពី​ពេល​កន្លង​មក តែងតែ​ចោទប្រកាន់​លោក សម រង្សី ដោយ​គ្មាន​ភស្តុតាង​ថា ជា​ជន​ក្បត់ជាតិ ៣​​ជំនាន់។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត យល់ឃើញ​ថា ដោយសារតែ​នយោបាយ​ការបរទេស​របស់​រដ្ឋាភិបាល​ លំអៀង​ទៅ​រក​ប្រទេស​ចិន ​ក្នុង​ពេល​បច្ចុប្បន្ន ខណៈ​ព្រំដែន​គោក និង​ទឹក​របស់​កម្ពុជា នៅតែ​ប្រឈម​នឹង​ការបាត់បង់​ទៅ​ឱ្យ​ប្រទេស​ជិតខាង​ផង​នោះ ដូច្នេះ ឯករាជ្យ​ភាព​​របស់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ​មិន​រឹងមាំ​នោះ​ឡើយ។

លោក ម៉ែន ណាត​៖ «បញ្ហា​បូរណភាព​ទឹកដី​ទៀត​សោត យើង​ឃើញ​មាន​តំបន់​កន្ទុយ​នាគ មាន​ព្រំដែន​ខ្មែរ រដ្ឋាភិបាល ហ៊ុន សែន ឪពុក​របស់ ហ៊ុន ម៉ាណែត ហ្នឹង គឺ​បាន​ចុះ​ហត្ថលេខា ចុះ​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម​តែ​ផ្ដេសផ្ដាស​អ៊ីចឹង​ទៅ ខុស​រដ្ឋធម្មនុញ្ញ ខុស​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ថែមទាំង​ទទួលស្គាល់​ កោះត្រល់ ចង្កោម​កោះ​ក្រចកសេះ ​ថា ជា​របស់​វៀតណាម​ទៀត។ អាហ្នឹង ​ជា​របស់​ខ្មែរ​។ អ៊ីចឹង​បាន​យើង​និយាយ​ពី​ភាព​ពេញលេញ នៃ​រដ្ឋ​អធិបតេយ្យ​កម្ពុជា មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ទេ​បច្ចុប្បន្ន​ហ្នឹង»។

​ទោះជា​យ៉ាងណា លោក ម៉ែន ណាត យល់ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​តែ​អាច​ពង្រឹង​ឯករាជ្យ​ភាព​ជាតិ​​បាន ប្រសិនបើ​រដ្ឋាភិបាល ​បើក​លំហ​ប្រជាធិបតេយ្យ និង​ជំរុញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ។

លោក ម៉ែន ណាត​៖ «ឧទាហរណ៍​គ្រួសារ​មួយ យើង​វាយ​ចាន​វាយ​ឆ្នាំង មាន​បញ្ហា​ផ្ទៃក្នុង​គ្រួសារ​ខ្លួនឯង តើ​ឱ្យ​អ្នកដទៃ​ជិតខាង​ណា ​គេ​ហ៊ាន​ជជែក​ជាមួយ​យើង មក​រក​ស៊ី​ជាមួយ​យើង​​(?)។ អ៊ីចឹង​បាន​យើង​រំឭក​ហើយ​រំឭក​ទៀត​ថា ឱ្យ​ដាក់​ចិត្ត​ដាក់​កាយ ជជែក​ជាមួយ​អ្នកនយោបាយ ​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​ហ្នឹង បើក​ការប្រកួតប្រជែង​ស្មើមុខស្មើមាត់​គ្នា​ទៅ អាហ្នឹង​អាច​ជា​មធ្យោបាយ​ ផ្សះផ្សា​ផ្លូវ​ចិត្តបាន​ហើយ ហើយ​អាច​ថ្ងៃ​ណាមួយ​ គេ​សរសើរ​ប្រហាក់ប្រហែល​ហ្នឹង​ក្រុម​មេដឹកនាំ​ ដែល​ទាមទារ​រំដោះ​ឯករាជ្យ​ ពី​ប្រទេស​បារាំង​ផង​ដែរ»។

ដោយ​ឡែក អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន លើកឡើង​ថា ឯករាជ្យភាព​ជាតិ​អាច​រឹងមាំ​​ទៅ​បាន លុះត្រាតែ​វិស័យ​សេដ្ឋកិច្ច យោធា និង​ធនធាន​មនុស្ស​កម្ពុជា​រឹងមាំ និង​មាន​គុណភាព។

លោក អ៊ុំ សំអាន​៖ «លោក ហ៊ុន សែន ហ្នឹង​គាត់​បាន​កាន់អំណាច​ហ្នឹង ​គឺ​ដោយសារ​វៀតណាម​លើក​បន្តុប អ៊ីចឹង​បើសិនជា​គ្មាន​វៀតណាម​ជួយ​គាំទ្រ​ទេ អាច​មាន​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​មាន​ការ​ប្រេះស្រាំ ដូច្នេះ​ដើម្បី​អាច​កាន់អំណាច​ត​ពូជ​បាន ​ត្រូវ​ពឹង​វៀតណាម ដើម្បី​សម្របសម្រួល​នយោបាយ​ នៅក្នុង​បក្ស​ប្រជាជន​។ អ៊ីចឹង​កម្ពុជា​ក៏​អាច​ជា​កូនជឹង​មួយ ឬ​ប្រទេស​មួយ ​ដែល​រណប​វៀតណាម ឬក៏​ចាត់ទុក​វៀតណាម ​ជា​បងធំ​ផង​ដែរ»

លោក អ៊ុំ សំអាន បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ មិនដឹង​ពី​កាតព្វកិច្ច​របស់​ខ្លួន ដែល​មាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​មិន​ចូលរួម​ទាមទារ ​ឱ្យ​មាន​ការ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ កម្ពុជា​នៅតែ​ប្រឈម​នឹង​ការ​ដាក់​អាណានិគម​ជំនាន់​ថ្មី​ របស់​បរទេស។

លោក អ៊ុំ សំអាន​៖ «ប្រជាពលរដ្ឋ​ហ្នឹង ​ធ្វើ​ម៉េច​ចេះ​ប្រើ​សិទ្ធិ​របស់​ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ហើយ​យើង​ត្រូវ​ក្រោក​ឈរ​​ទាំងអស់គ្នា ជាមួយ​អ្នក​ប្រជាធិបតេយ្យ ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ហ្នឹង​រួមគ្នា ដើម្បី​បញ្ចប់​របប​ផ្ដាច់ការ​នៅ​កម្ពុជា បើសិនជា​យើង​មិន​អាច​បញ្ចប់​របប​ផ្ដាច់ការ​ត​ពូជ​នៅ​កម្ពុជា​ទេ យើង​ហ្នឹង​មិន​ទទួល​នូវ​ឯករាជ្យ​ភាព​ពិត​ប្រាកដ មិន​អាច​​ការពារ​​បូរណភាព​​ទឹកដី មិន​អាច​មាន​​ប្រជា​ធិបតេយ្យ ការ​គោរព​​សិទ្ធិ​មនុស្ស​ពិតប្រាកដ ​នៅ​កម្ពុជា​​នោះ​​ទេ»។

វិទ្យុ​អាស៊ីសេរី​ មិនអាច​ទាក់ទង​​ប្រធាន​​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​​បាន​ឡើយ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា។

រដ្ឋាភិបាល​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ យ៉ាង​ឱឡារិក ជា​រៀងរាល់​ឆ្នាំ ក្រោម​ព្រះ​រាជាធិបតីភាព របស់​ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះ​ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​វិមាន​ឯករាជ្យ​​ក្នុង​​រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ក្រោម​ការដឹកនាំ​តាម​បែប​ផ្ដាច់ការ​​របស់​គ្រួសារ​ត្រកូល ហ៊ុន បាន​បណ្ដាល​ឱ្យ​កម្ពុជា ​ប្រឈម​នឹង​ការបាត់បង់​ឯករាជ្យភាព​កាន់តែ​ខ្លាំង ដោយ​សារ​តែ​មិនអាច​ប្រកាន់ខ្ជាប់​នូវ​ គោល​នយោបាយ​ការបរទេស​អព្យាក្រឹត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​មិន​​គោរព​គោលការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិមនុស្ស ព្រមទាំង​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកនយោបាយ ​មាន​និន្នាការ​ប្រឆាំង ខ្វះ​ស្មារតី​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ។

កាល​ពី​ពេល​នៅ​មាន​ព្រះជន្ម ព្រះបិតា​ឯករាជ្យ​ជាតិ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះអង្គ​តែង​តែ​​ផ្ញើ​សារ​អំពាវនាវ​ឱ្យ​អ្នកនយោបាយ​ខ្មែរ ចេះ​រួបរួម ផ្សះផ្សា​គ្នា ​ជា​ធ្លុង​មួយ​ ដើម្បី​ធ្វើ​ការងារ​បម្រើ​ប្រទេសជាតិ និង​ប្រជាជន​។ ព្រះអង្គ​មាន​ព្រះបន្ទូល​ថា មាន​តែ​ការផ្សះផ្សា រួបរួម​គ្នា​ជា​ធ្លុង​មួយ​រវាង​ភាគី​ខ្មែរ​និង​ខ្មែរ​ទេ ទើប​ធ្វើ​ឱ្យ​ខ្មែរ​ខ្លាំង ខ្មែរ​រឹងមាំ​តទៅ​អនាគត​។ ក្រៅ​ពី​នោះ ព្រះអង្គ​ក៏បាន​បំពេញ​ព្រះ​រាជ​តួនាទី​ខ្ជាប់ខ្ជួន​ ក្នុងនាម​ជា​និមិត្តរូប​ជាតិ តាមរយៈ​ការ​កោះ​ហៅ​អ្នក​នយោបាយ ​មកពី​និន្នាការ​ផ្សងៗ​គ្នា អង្គុយ​ជជែក​ពិភាក្សា​គ្នា​ រក​ដំណោះស្រាយ​ជាតិ ជាពិសេស​នៅ​ពេល​មាន​បញ្ហា​ជាប់​គាំង​ផ្នែក​នយោបាយ និង​ការ​ខ្វែង​គំនិត​គ្នា​ធ្ងន់ធ្ងរ ​របស់​ក្រុម​អ្នក​នយោបាយ​​ខ្មែរ៕