ទស្សនៈដំណោះស្រាយបញ្ហាកម្ពុជា ទៅរកឯកភាពជាតិ
ដោយលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /អត្ថបទធ្វើបច្ចុប្បន្នភាព ថ្ងៃទី ១១ ឧសភា ២០២០
អំពីបុព្វហេតុ
នយោបាយកម្ពុជាសព្វថ្ងៃ បង្ហាញពីរបៀបដឹកនាំប្រទេស គ្មានទស្សនវិស័យជាតិជារួម គ្មានឯកភាពជាតិ ក្នុងនាមជាប្រជាជាតិមួយ និងគ្មានការបើកលំហ នូវសេរីភាពនានា តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ស្របតាមជាលទ្ធផលនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទេ។
រដ្ឋាភិបាល លោក ហ៊ុន សែន មិនអាចដោះស្រាយបញ្ហាជាតិធំៗបាន ប៉ុន្តែបែរជាយកយន្តការហិង្សា ការគំរាមកំហែង និងការបង្ក្រាប មកធ្វើជាត្រើយមុខ ក្នុងការដោះស្រាយបញ្ហាទៅវិញ ដែលមិនមែនជារឿងល្អ និងមិនមែនជាដំណោះស្រាយពិតប្រាកដ សម្រាប់បង្ហាញមុខមាត់កម្ពុជា នៅលើឆាកអន្តរជាតិ និងការអភិវឌ្ឍប្រទេសជាតិត្រឹមត្រូវឡើយ។
ពលរដ្ឋខ្មែរ មិនពេញចិត្ត និងធុញទ្រាន់ ចំពោះរបៀបរដ្ឋាភិបាលសព្វថ្ងៃ (លើកលែងក្រុមទទួលផលប្រយោជន៍) និងព្រួយបារម្ភអំពីហានីភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយ ដោយមានហេតុមានផលសមស្រប ដូចខាងក្រោម៖
១. សន្ធិសញ្ញាព្រំដែនថ្មីៗ មានសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ ២០០៥ និង ២០១៩ ជាមួយវៀតណាម។ ភាគីរដ្ឋាភិបាល ហ៊ុន សែន យល់ថា ការបញ្ចប់បញ្ហាព្រំដែន ជាមួយវៀតណាម គឺជារឿងយុត្តិធម៌ និងបញ្ចប់ទំនាស់គ្នា រវាងប្រទេសទាំងពីរ។ រីឯអ្នកជំនាញព្រំដែនខ្មែរ និងក្រុមសកម្មជនព្រំដែន តវ៉ាប្រឆាំងជំទាស់ទង្វើរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ថា «គ្មានការឯកភាពជាតិ និងជាការធ្វើឲ្យភាគីខ្មែរ បាត់បង់ទឹកដីទៅខាងវៀតណាម»។ អ្នកជំនាញព្រំដែនខ្មែរ ជឿជាក់ថា «កម្ពុជា ត្រូវប្តឹងតវ៉ារឿងនេះ តាមយន្តការអន្តរជាតិ នៅពេលកម្ពុជា មានមេដឹកនាំស្រឡាញ់ជាតិ និងស្នេហាជាតិ»។ សន្ធិសញ្ញាបំពេញបន្ថែមថ្មីៗ ក៏បានផ្ទុយទៅនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ពីព្រោះបានទទួលស្គាលសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥។ កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតម្រូវឲ្យលុបចោល នូវរាល់សន្ធិសញ្ញាទាំងឡាយ ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩០ ក្នុងសម័យវៀតណាម ត្រួតត្រាកម្ពុជា ក្នុងលោក ហ៊ុន សែន ពេលនោះ។ កិច្ចព្រមព្រៀងព្រំដែនទឹកប្រវត្តិសាស្ត្រ ក៏ត្រូវបានលោក ហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម នៅខែកក្កដា ឆ្នាំ ១៩៨២ ដែលធ្វើឲ្យកម្ពុជា បាត់បង់សិទ្ធិកាន់កាប់ «កោះត្រល់ និងចង្កោមកោះក្រចកសេះ» មកទល់សព្វថ្ងៃ។
២. ការបង្ក្រាបផ្នែកនយោបាយ៖ រដ្ឋាភិបាល រំលាយគណបក្សប្រឆាំង ដែលមានសមាជិករដ្ឋសភា ៥៥ កៅអី និងមានសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ នាក់ ដោយរំលោភរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ១៩៩១។
៣. ផែនការផ្ទេរអំណាច៖ លោក ហ៊ុន សែន មានផែនការ ១០ ឆ្នាំទៀត ផ្ទេរអំណាចនាយករដ្ឋមន្រ្តី ទៅឲ្យកូនប្រុសច្បងរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ដែលជាកត្តាចំបង នាំឲ្យមានទំនាស់ផ្ទៃក្នុង រីកធំធាត់បាន។ រឿងនេះ ធ្វើឲ្យប្រទេសចិន និងវៀតណាម ត្រូវប្រទាញប្រទង់គ្នា និងដណ្តើមឥទ្ធិពលគ្នា តាមរយៈសេណារីយ៉ា ក្នុងជួរមន្រ្តីធំៗ នៃគណបក្សកាន់អំណាចសព្វថ្ងៃ។
៤. បញ្ហាទំនាស់ដីធ្លី គឺជាធ្វើទុក្ខបុកម្មេញដល់ពលរដ្ឋខ្សត់ខ្សោយ និងអ្នកមានទ្រព្យខ្លះផង ទាំងដោយផ្ទាល់ និងដោយប្រយោល ពីសំណាក់អ្នកមានអំណាច និងអ្នករកស៊ីខិលខូច។ ពលរដ្ឋរាប់សែននាក់ ត្រូវបានបណ្តេញចេញពីលំនៅឋានយ៉ាងអយុត្តិធម៌ ចាប់តាំងឆ្នាំ ២០០៨ មក។
៥. ការបំផ្លាញព្រៃឈើ ភ្នំ សមុទ្រ រ៉ែ និងធម្មជាតិឯទៀត គឺជាការទទួលខុសត្រូវរបស់ប្រមុខរដ្ឋាភិបាល។ បើតាមច្បាប់ ការបំផ្លាញធនធានធម្មជាតិទាំងនេះ គឺអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។ ក្រុមអ្នកបំផ្លាញនោះ ជាសែស្រឡាយ និងមន្រ្តីគ្រាក់ៗ ដែលជិតស្និទ្ធជាមួយក្រុមគ្រួសារនាយករដ្ឋមន្រ្តី ហ៊ុន សែន (តាមរបាយការណ៍អង្គការ Global Witness ឆ្នាំ ២០១៦)។
៦. អំពើពុករលួយ និងបក្ខពួកនិយម ក្នុងជួរមន្រ្តីរដ្ឋាភិបាល គឺជាការបំផ្លាញប្រព័ន្ធដឹកនាំសង្គម និងច្បាប់។ ពលរដ្ឋស្លូតត្រង់ ក្រុមអ្នកប្រឆាំង និង ជនងាយរងគ្រោះ តែងតែទទួលរងភាពអយុត្តិធម៌ ពីសំណាក់អ្នកមានអំណាច និងតុលាការ ជាដើម។ល។
អំពីដំណោះស្រាយ
ចំណុចមួយចំនួនខាងក្រោមនេះ ជាគោលគំនិតខ្លះៗ ក្នុងការដោះស្រាយបញ្ហា ដែលជាដើមចម ឬជាបុព្វហេតុ ធ្វើឲ្យពលរដ្ឋខ្មែរមិនពេញចិត្ត ចំពោះរបបដឹកនាំសព្វថ្ងៃ។
១. កម្ពុជា ត្រូវមានឯកភាពជាតិ ហើយត្រូវប្រើយន្តការរដ្ឋសភា អនុម័តលុបចោល «មោក្ខភាព» នូវសន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមិនស្របច្បាប់ ពោលគឺផ្ទុយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងរដ្ឋធម្មនុញ្ញជាតិ ឆ្នាំ១៩៩៣។ រឿងនៅសេសសល់ កម្ពុជាត្រូវប្រើយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង។ កម្ពុជា ត្រូវយកមរតករបស់អាណានិគមបារាំង មកដោះស្រាយក្នុងរឿងនេះ។
២. ស្តារលិទ្ធិប្រជាធិបតេយ្យ ស្តារស្ថានភាពសិទ្ធិមនុស្ស និងបើកលំហសេរីភាពឡើងវិញ ក្នុងគោលដៅវិលទៅរក «ឯកភាពជាតិ និងផ្សះផ្សារជាតិ» ពិតប្រាកដ ដែលជាទស្សនវិស័យវែងឆ្ងាយសម្រាប់ជាតិ និងពលរដ្ឋខ្មែរ។ លោក កឹម សុខា និងអ្នកទោសមនសិការឯទៀត ត្រូវបន្តជំរុញឲ្យដោះលែងឲ្យមានសេរីភាពឡើងវិញ ដើម្បីបន្តកិច្ចការរបស់ពួកគេ។
៣. លោក ហ៊ុន សែន ត្រូវបំភ្លេចចោលនូវផែនការ «ផ្ទេរអំណាចស្នងត្រកូល» ដែលជាយុទ្ធសាស្ត្រដ៏ចម្រូងចម្រាស ដើម្បីជៀសវាងរឿងអវិជ្ជមាននានា។ ដូចចំណុចទី២ ក្នុងដំណោះស្រាយនេះ ចូរក្រុមមេដឹកនាំ គប្បីនាំគ្នាគិតគូររៀបចំប្រព័ន្ធដឹកនាំរដ្ឋឡើងវិញ និងបើកចំហ នូវសេរីភាពខាងនយោបាយ ប្រគួតប្រជែង ដោយស្មើភាព និងដោយយុត្តិធម៌។
៤. អនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ បំបាត់អំពើពុករលួយ បក្ខពួកនិយម និងកែទម្រង់ប្រព័ន្ធតុលាការ ដើម្បីឲ្យមានយុត្តិធម៌សង្គម និងយុត្តិធម៌ដល់ជនងាយរងគ្រោះ។
៥. បញ្ឈប់ការបំផ្លាញធនធានធម្មជាតិគ្រប់ប្រភេទ តាមយៈការអនុវត្តច្បាប់ហ្មត់ចត់ និងចាប់ក្រុមជនប្រព្រឹត្តល្មើស ទៅផ្តន្ទាទោស។
៦. ក្រុមមេដឹកនាំមានវ័យចំណាស់ គប្បីចូលនិវត្តិន៍ រួមទាំងលោក ហ៊ុន សែន ផង ហើយបើកចំហ ឲ្យមានការប្រគួតប្រជែងនយោបាយ ដោយស្មើភាព និងយុត្តិធម៌។ កម្ពុជា គួរតែសាកល្បង គិតគូរអំពីបញ្ហានេះ ដើម្បីផលប្រយោជន៍វែងឆ្ងាយ ជាទស្សនវិស័យយូរអង្វែងទៅមុខ រួមគ្នាលើកស្ទួយ និងកសាងស្រុកទេស៕


.