ដំណើរឆ្ពោះទៅមុខរបស់កម្ពុជា
បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃទី២៣ តុលា ១៩៩១ កម្ពុជាបានរៀបចំការបោះឆ្នោតជាតិលើកដំបូង នៅឆ្នាំ១៩៩៣ ហើយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតទ្បើង ដែលក្នុងនោះបានបែងចែកស្ថាប័នជាតិសំខាន់ៗ ឲ្យមានឯករាជ្យម្ចាស់ការ ដូចជាស្ថាប័ននីតិបញ្ញត្តិ (សភាជាតិ ព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ), នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងតុលាការ ដើម្បីគ្រប់គ្រងប្រទេសជាតិ ដូចបណ្តាប្រទេសនានានៅលើសកលលោក តាម«គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។
ក្រោយមកទៀត អ្នកនយោបាយខ្មែរ បានរៀបចំយន្តការនយោបាយមួយចំនួនរបស់ខ្លួន ចូលរួមប្រកួតប្រជែង តាមរយៈការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជាតិ រកសំទ្បេងគាំទ្រពីប្រជាពលរដ្ឋ ឈានទៅដឹកនាំស្ថាប័នជាតិ ដូចបានរៀបរាប់ខាងលើ ក្នុងគោលបំណងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគោរពដើរតាមរដ្ឋធម្មនុញ្ញរបស់ជាតិ។
គិតមកដល់បច្ចុប្បន្ននេះ អ្នកតំណាងរាស្ត្រ ឬសមាជិកសភា ជាតំណាងរបស់ប្រជាពលរដ្ឋ រួមទាំងរដ្ឋាភិបាល ជាអ្នកបម្រើប្រជាពលរដ្ឋ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន និងគណបក្សប្រឆាំង (គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយនៅថ្ងៃទី១៦ តុលា ២០១៧) ដឹកនាំដោយលោក កឹម សុខា និងលោក សម រង្សុី។ ក្រៅពីនោះមានគណបក្សដទៃទៀត ជាគណបក្សក្រៅរដ្ឋសភា ក៏ដើរតួនាទីសំខាន់ដែរ ក្នុងចលនាលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែដំណើរលទ្ធិប្រជាធិបតេយ្យនេះ ត្រូវបានធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋាភិបាលនៃលោក ហ៊ុន សែន បានចាប់ឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា និងរំលាយគណបក្សនេះចោល ដែលបណ្តាលឲ្យសហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់ទណ្ឌកម្មបន្តបន្ទាប់។
សូមរំលឹកទ្បើងវិញថា កម្ពុជាមានស្ថាប័នជាតិសំខាន់ៗ រួមមានស្ថាប័ននីតិបញ្ញត្តិ (សភាជាតិ ព្រឹទ្ធសភា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ) នីតិប្រតិបត្តិ (រដ្ឋាភិបាល) និងតុលាការ។ ម្ល៉ោះហើយ គណបក្សនយោបាយនីមួយៗ រួមជាមួយកម្មវិធីនយោបាយរបស់ខ្លួន ធ្វើការប្រកួតប្រជែងតាមរយៈការបោះឆ្នោតជាតិ គឺដើម្បីទទួលបានសំទ្បេងគាំទ្រពីប្រជាពលរដ្ឋ ទៅដឹកនាំស្ថាប័នជាតិទាំងនោះ។
ការដឹកនាំស្ថាប័នជាតិរបស់គណបក្សណាមួយ ដែលឈ្នះឆ្នោត ត្រូវទទួលបាននូវការវាយតម្លៃយ៉ាងពេញលេញ ពីប្រជាពលរដ្ឋ នេះបើតាម«គោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស»។ គោលការណ៍នេះ តម្រូវឲ្យគណបក្សនីមួយៗ រួមទាំងគណបក្សកាន់អំណាចផង ត្រូវតែប្រកួតប្រជែងដោយ«សេរី ត្រឹមត្រូវ និងយុត្តិធម៌»។
ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោតជាតិនៅឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជា បានទទួលសំទ្បេងគាំទ្រ ដឹកនាំស្ថាប័នជាតិទាំងអស់ ជាមួយគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលហៅថា «រដ្ឋាភិបាលចម្រុះ» ដែលបង្កើតឡើងតាមរូបមន្ត ២ភាគ៣ (២/៣)។ គណបក្សប្រជាជនកម្ពុជាដដែល ចាប់ផ្តើមកាន់អំណាចតែម្នាក់ឯង ចាប់ពីឆ្នាំ ២០០៨ រហូតដល់សព្វថ្ងៃ ក្រោយពេលមានការប្រែរដ្ឋធម្មនុញ្ញ តាមរូបមន្ត ៥០%+១ កាលពីខែមីនា ឆ្នាំ២០០៦។ រដ្ឋាភិបាលនៃគណបក្សកុម្មុនីស្តមួយនេះ តែងតែទទួលបាននូវការរិះគន់ពីសាធារណជន ទៅលើការបង្កើតច្បាប់ធាក់ថយក្រោយ ការអនុវត្តច្បាប់មិនត្រឹមត្រូវ និងការរំលោភរដ្ឋធម្មនុញ្ញ នាំទៅរកការរឹតត្បិតសេរីភាពពលរដ្ឋ ក្នុងការបញ្ចេញមតិ និងរំលោភលើសិទ្ធិមនុស្សនានា ដែលធ្វើឱ្យមានភាពអយុត្តិធម៌សង្គម ពុករលួយ និងខកខានដោះស្រាយបញ្ហាជាតិធំៗ ដូចជា៖
១. បញ្ហាព្រំដែនជាមួយប្រទេសជិតខាង (ដោះស្រាយមិនប្រក្រតី និងអាថ៌កំបាំង)
២. បញ្ហាអំពើពុករលួយ បក្ខពួកនិយម ការរំលោភច្បាប់ និងការរំលោភអំណាចដោយអន្លើៗពីក្រុមមន្រ្តីគ្រាក់ៗ
២. បញ្ហាភាពក្រីក្ររបស់ប្រជាពលរដ្ឋ
៣. បញ្ហាកង្វះខាតទីផ្សារការងារជូនពលរដ្ឋ នាំឲ្យមានពលរដ្ឋចំណាកស្រុករាប់លាននាក់ និង
៤. បញ្ហាបាត់បង់ធនធានធម្មជាតិ ជាដើម។ល។
សូមរំលឹកទៀតថា ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា គឺលោក កឹម សុខា ត្រូវចាប់ខ្លួន នៅថ្ងៃទី០៣ កញ្ញា ២០១៧ ហើយគណបក្សប្រឆាំងនេះ ត្រូវបានរំលាយចោល នៅថ្ងៃទី១៦ តុលា ២០១៧ រួមនឹងមន្ត្រីថ្នាក់ដឹកនាំ ១០៨ រូប ត្រូវបានហាមប្រាមធ្វើនយោបាយ ៥ ឆ្នាំ ហើយអាសនៈរដ្ឋសភា ៥៥ នៃគណបក្សប្រឆាំងនេះ ត្រូវបានបក្សកាន់អំណាច ឆក់ប្លន់ យកទៅបែងចែកឲ្យគណបក្សផ្សេងទៀត ដែលគ្មានពលរដ្ឋបោះឆ្នោតគាំទ្រ។ ចំណែកសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន ៥០៧ នៃគណបក្សប្រឆាំងនេះ ក៏ត្រូវបានដកហូតទៀត។
ចំពោះការចោទប្រកាន់ និងការឃុំខ្លួនលើរូបលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង គឺនាំឲ្យមានការតស៊ូមតិយ៉ាងសកម្ម ដោយសន្តិវិធី និងតាមផ្លូវច្បាប់ ដើម្បីស្វែងរកយុត្តិធម៌ ជាមួយស្ថាប័នតុលាការ គួបផ្សំការសម្របសម្រួលនយោបាយជាមួយភាគីពាក់ព័ន្ធ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដោយទ្បែក សហការីជាច្រើនរបស់លោក កឹម សុខា ក្នុងជួរក្រុមមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ បាននាំគ្នារត់ចេញពីប្រទេសកម្ពុជា ហើយពួកគេបានប្រមូលផ្តុំគ្នាទ្បើងវិញ ដែលដឹកនាំដោយលោក សម រង្សុី ដែលបានលាលែងពីគណបក្សរួចហើយ តាំងពីដើមឆ្នាំ ២០១៦។ នៅពេលលោក សម រង្ស៊ី ដឹកនាំក្រុមរបស់លោកឡើងវិញ ពេលនោះនាំឲ្យមានបដិមតិ (ខ្វែងគំនិត/ទស្សនៈ) ជាមួយក្រុមរបស់លោក កឹម សុខា ដែលប្រកាន់គោលជំហរ «អហិង្សា និងមិនយកខ្មែរណាជាសត្រូវ»។ ចំណែកភាគីលោក សម រង្ស៊ី ប្រកាសកៅគងក្នុងយុទ្ធនាការមួយ ដែលមានឈ្មោះហៅថា «បេសកកម្មផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន និងកំចាត់ត្រូកូល ហ៊ុន» ដោយបានកំណត់ពេល«ធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី០៩ វិច្ឆិកា ២០១៩»។
ដោយសារតែការប្រទាក់ក្រទ្បាគ្នារវាងលោក កឹម សុខា និងលោក សម រង្សុី ដូចបញ្ជាក់ជូនខាងលើ បានធ្វើឲ្យស្ថានភាពតស៊ូមតិ និងការសម្របសម្រួលនយោបាយ រវាងលោក កឹម សុខា និងលោក ហ៊ុន សែន បន្តបន្យាពេលរហូតមកដល់សព្វថ្ងៃ ថ្វីត្បិតតែលោក កឹម សុខា និងលោក សម រង្ស៊ី មានបដិមតិគ្នា (ខ្វែងគំនិត/ទស្សនៈ) តាមរយៈសារនយោបាយ ផ្សព្វផ្សាយលើបណ្តាញសារព័ត៌មានក្តី។
ក្រុមសកម្មជនជាច្រើន ដែលពាក់ព័ន្ធនឹងសកម្មភាពផ្តួលរំលំរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក សម រង្សុី ទទួលរងជាហូរហែនូវការចោទប្រកាន់ និងការចាប់ដាក់គុក ពីសំណាក់អាជ្ញាធររដ្ឋាភិបាល។ ហើយសកម្មជនខ្លះទៀត ត្រូវនិរន្ទេសខ្លួន ទៅក្រៅប្រទេស។
តើកម្ពុជាត្រូវធ្វើដំណើរទៅមុខដោយរបៀបណា?
យើងខ្ញុំសូមផ្តល់ជូនអនុសាសន៍មួយចំនួន ដូចតទៅ៖
១- ត្រូវថែរក្សាប្រពៃណីនៃការបោះឆ្នោត ៖ គ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេសគណបក្សប្រឆាំង ត្រូវតែចូលរួមការបោះឆ្នោត ទោះបីមានការសង្ស័យថា គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) មានភាពលម្អៀងយ៉ាងណាក៏ដោយ។ ការចូលរួមបោះឆ្នោត គឺដើម្បីជ្រើសរើសមេដឹកនាំថ្មី ទាំងមេដឹកនាំគណបក្ស និងមេដឹកនាំជាតិ។ គណបក្សនីមួយៗ ជាពិសេសគណបក្សកាន់អំណាច ត្រូវតែប្រកួតប្រជែង តាមយន្តការ «សេរី ត្រឹមត្រូវ និងយុត្តិធម៌»។
២- គណបក្សកាន់អំណាចនៃលោក ហ៊ុន សែន ត្រូវវិលទៅស្តារប្រក្រតីភាពនៃស្ថានភាពនយោបាយកម្ពុជាឡើងវិញ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពិតប្រាកដ។
៣- គណបក្សប្រឆាំង ត្រូវរៀបចំចងក្រងគណបក្សរបស់ខ្លួនទ្បើងវិញ ដើម្បីត្រៀមខ្លួន ចូលរួមការបោះឆ្នោត។ ចំពោះករណី លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ត្រូវបន្តការតស៊ូមតិ តាមរយៈយន្តការតុលាការ និងការស្វះស្វែងរកកិច្ចសម្របសម្រួលនយោបាយជាមួយលោក ហ៊ុន សែន តាមសេណារីយ៉ូ «ជាខ្មែរដូចគ្នា ជជែកគ្នា ផ្សះផ្សា និងរកឯកភាពជាតិ» ដើម្បីប្រក្រតីភាពជាតិឡើងវិញ ស្របតាមរដ្ឋធម្មនុញ្ញ រួមគ្នាដោះស្រាយវិបត្តិសង្គម សេដ្ឋកិច្ច និងនយោបាយ។
៤- យន្តការរៀបចំគណបក្សប្រឆាំងទ្បើងវិញ គប្បីតម្រូវឱ្យមានការរួបរួមប្រមូលផ្តុំកម្លាំងអ្នកប្រជាធិបតេយ្យនានា ដែលមានគោលការណ៍ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ដើរតាមគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ៕
(អត្ថបទដោយលោក ទូច វិបុល និងលោក ម៉ែន ណាត / ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ)
អត្ថបទភ្ជាប់៖
– ស្វែងយល់ ការកែប្រែរដ្ឋធម្មនុញ្ញ ពី ២/៣ មក ៥០%+១ និងរូបមន្តបង្កើតរដ្ឋាភិបាលថ្មី
– ស្វែងយល់៖ ហេតុអ្វីលោក សម រង្ស៊ី ចូលរួមកែប្រែរដ្ឋធម្មនុញ្ញ មក ៥០%+១ ក្លាយជាកំហុសឆ្គង និងនាំមកវិបត្តិនយោបាយ?


.
.