រដ្ឋាភិបាលលោក ហ៊ុន សែន បាន​ជូន​ដំណឹង​ជា​ថ្មី មិន​នុញ្ញាត​ឲ្យ​ជន​បរទេស​ ដែល​មក​​ពី​​​ប្រទេស​ ៦ ដែល​ភាគ​ច្រើន មក​ពី​​ក្រុម​​ប្រទេស​​លោក​ខាងលិច គឺ​មិន​ឲ្យ​ចូល​​មក​​ប្រទេស​​កម្ពុជា​ទេ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា មិន​ដែល​​បិទ​ការ​ចេញ​ចូល​របស់​ជន​ជាតិ ចិន មក​កម្ពុជា​ម្តង​ណា​សោះ នៅ​ក្នុង​ស្ថានភាព​​​រីក​រាល​ដាល​​មេរោគ​កូរ៉ូណា ឬ​ជំងឺ​​​កូ​វីដ-១៩ បើ​ទោះ​ជា​ប្រទេស​ចិន ជា​ប្រភព​នៃ​ការរីករាល​មេរោគនេះ​។

ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យដឹង​ថា ប្រទេស​ទាំង​ ៦ នោះ​មាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និង ​សហរដ្ឋ​អាមេរិក។

សេចក្តីជូនដំណឹងនេះ បាន​ចេញផ្សាយ​នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០ បញ្ជាក់​ថា កម្ពុជា​ដាក់​កំហិតសុពលភាព ៣០ ថ្ងៃ​បន្ថែម​​ទៀត បន្ត​សុពលភាព​លើ​សេចក្តី​ជូនដំណឹង​លើកមុន ស្តីពី​ការ​ហាម​ប្រាមប្រទេស​ទាំង ៦ ដែល​ផុត​កំណត់​ទៅ​ហើយ គិត​មក​ត្រឹម​ថ្ងៃទី ១៧ ខែ​មសា។

ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះ ក្រសួង​​ការបរទេស​ សរសេរថា «រាល់​​វិធានការ​​រឹត​បន្តឹង​​​ការ​​ធ្វើ​ដំណើរ​​ទាំង​អស់ គឺ​​មាន​​​លក្ខណៈ​​ជា​បណ្តោះ​អាសន្ន នឹង​​ត្រូវ​បន្ត​​អនុវត្ត​​រហូត​ដល់​​ស្ថានភាព​​ជំងឺ​​កូ​វីដ១៩ មាន​ការ​ធូរ​ស្រាល ក្រោយ​​ពី​មាន​ការ​វាយ​តម្លៃ​រួមគ្នា​ រវាង​​ក្រសួង​សុខាភិបាល និង​ អង្គការ​សុខភាព​​ពិភពលោក»។

ក្រុមអ្នកឃ្លាំមើល និង​​សកម្មជន​បក្ស​ប្រឆាំង បាន​រិះគន់​ចំៗ​ទៅ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​ហូរ​ហែរ​​ថា ​«លោក ហ៊ុន សែន មិនសែល​​ហ៊ាន​​ដាក់​បម្រាម​របៀប​នេះ ជាមួយ​ប្រទេស​ចិន​ទេ ព្រោះ​ខ្លាច​ចិន​អន់​ចិត្ត ​ដែល​ជាការ​ធ្វេស​ប្រហែស​ តាំង​ពី​ដើម​ដំបូង​មក​ម្ល៉េះ​»។

មានមពលរដ្ឋជាង ២០ នាក់​ហើយ ត្រូវបានចាប់ឃុំខ្លួន ដោយ​អាជ្ញាធរ​រដ្ឋាភិបាល បន្ទាប់​ពី​ពួក​គាត់ ​បាន​បញ្ចេញ​មតិ អំពី​ការព្រួយ​បារម្ភ​ជំងឺ​រីក​រាល​ដាល​កូរ៉ូណា ឬជំងឺ​​កូ​វីដ-១៩ នេះ។

មកទល់ពេលនេះ ក្រសួង​សុខាភិបាល​កម្ពុជា ​បាន​​រក​ឃើញ​​អ្នក​​ឆ្លង​​ជំងឺ​​កូ​វីដ-១៩ មាន ១២២ នាក់​ហើយ ដែល​​​ក្នុង​​នោះ​​មាន​ប្រមាណ ៨០% បាន​ធូរ​ស្បើយ (បង្ហាញ​សញ្ញា​អវិជ្ជមាន ក្រោយ​ពេល​ពិនិត្យ​សុខភាពឡើង​វិញ)។ ក្រសួងនេះ​បញ្ជាក់​ថា មាន​តែ​អ្នក​ជំងឺ​​ចំនួន ២៤ នាក់​​ទៀត​ទេ កំពុង​​សម្រាក​​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​​រដ្ឋ​​៕

អត្ថបទដោយលោក ម៉ែន ណាត / ១៧ មេសា ២០២០

.