វិទ្យុអាស៊ីសេរី RFA / ដោយ សន ចាន់រដ្ឋា / 13-9-2021

អ្នក​​ឃ្លាំមើល​​កម្ពុជា រិះគន់​ការ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​សង់​ពហុកីឡាដ្ឋាន​​ដាក់​ឈ្មោះ​ខ្លួន​ឯង​ថា ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា ដែល​​មិន​សមស្រប​ជា​​ប្រទេស​ក្រីក្រ។ ​ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ ក្រោយ​ពេល​លោក ហ៊ុន សែន ​បាន​ចំណាយ​ថវិកា​​ចំនួន​ ១៥០​ លាន​ដុល្លារ​អាមេរិក សង់​ពហុកីឡាដ្ឋាន​ជាតិ​​មរតក​តេជោ​ ហើយ​​​​ធ្វើ​ពិធី​​ទទួល​ពី​ប្រមុខ​ការ​ទូត​របស់​ចិន​ នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​។

អ្នក​ឃ្លាំមើល​កម្ពុជា ​និង​មន្ត្រី​គណបក្ស​ប្រឆាំង​​រិះគន់​ថា ​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​​ មិន​បាន​គិត​គូរ​ពី​សេចក្ដីសុខ និង​តម្រូវ​ការ​ជាក់​ស្តែង​​​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ទើប​លោក​បាន​​​ចំណាយ​ប្រាក់​​មហាសាល ​ក្នុង​ការ​​សាងសង់​ពហុកីឡាដ្ឋាន ​​​ដាក់​ឈ្មោះ​ខ្លួន​ឯង​បែប​នេះ​​។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ និង​ជា​ប្រធាន​​ក្រុមប្រឹក្សាភិបាល​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ដែល​កំពុង​រស់​នៅ​ប្រទេស​ណ័រ​វេស​ (Norway)​ លោក ម៉ែន ណាត​​ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៣​ ខែកញ្ញា​ថា ​កម្ពុជា​ជា​ប្រទេស​ក្រីក្រ ​ដែល​មាន​​​ប្រជាពលរដ្ឋ​​​រាប់​លាន​នាក់​ ធ្វើ​ចំណាក​ស្រុក​បែប​នេះ​ ​លោក ​ហ៊ុន សែន​ ​មិន​គួរ​សាងសង់​ពហុកីឡាដ្ឋាន​តម្លៃ​ ១៥០​លាន​ដុល្លារ​នោះ​ទេ ព្រោះ​​មិន​សូវ​មាន​សារៈ​សំខាន់​ចំពោះ​​ពលរដ្ឋ​ដែល​កំពុង​តែ​អត់ឃ្លាន​​ឡើយ​។ ​លោក​បញ្ជាក់​ទៀត​ថា ​ក្នុង​ស្ថានភាព​បែប​នេះ​លោក​ ហ៊ុន សែន​ គួរតែ​យក​ប្រាក់​​ទាំង​នោះ​​ទៅ​អភិវឌ្ឍន៍​ផ្លូវ​ថ្នល់ មន្ទីរ​ពេទ្យ ប្រព័ន្ធ​ធារាសាស្ត្រ និងរក​ទីផ្សារ​លក់​កសិផល​ដល់​កសិករ​ប្រសើ​ជាង​៖ «មោទនភាព​ខ្លួន​គាត់​ វា​មួយ​ទៅ​ ហើយ​មោទនភាព​គ្រួសារ​គាត់​ ព្រោះ​គ្រួសារ​គាត់​ អា​រឿង​ស្តាត​ហ្នឹង អា​រឿង​ដី​ព្រលាន​យន្តហោះ​នៅ​ស្រុក​កណ្ដាល​ស្ទឹង​ អី​ហ្នឹង សុទ្ធតែ​មាន​ជំពាក់ជំពិន​ជា​មួយ​កូន​ស្រី​របស់​គាត់​ទាំង​អស់​គឺ​ លោក​ស្រី ហ៊ុន ម៉ាណា​​។ ​កូន​ស្រី​របស់​គាត់​ហ្នឹង​ ឱ្យ​ឈ្មោះ​អ្នក​នេះ​អ្នក​នោះ​ ពុង ឃាវសែ​ អី​ អ្នក​នោះ​អី​ ឈរ​ជំនួស​ ហើយ​គាត់​នៅ​ពី​ក្រោយ​ខ្នង​។ ដូច្នេះ​រឿង​អស់​នេះ​វា​ពាក់ព័ន្ធ​​ទៅ​ហ្នឹង​ផល​ប្រយោជន៍​ទៅ​ហ្នឹង​គ្រួសារ​ ហ៊ុន​។ ​ដូច្នេះ​បើ​សិន​ជា​លោក​ ហ៊ុន​ សែន ​ជា​មេ​ដឹក​នាំ​ដែល​គិត​​អំពី​ប្រយោជន៍​ជាតិ​ អា​រឿង​ស្តាត​​​ជាង ​១០០​លាន(ដុល្លារ )​អី​នេះ​ វា​មិន​គួរ​សម​នឹង​យើង​​ធ្វើ​ទេ​ យើង​យក​​អភិវឌ្ឍន៍​ផ្លូវ​ផ្សេង​ ដើម្បី​ជួយ​រំដោះ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​វិញ​»។

​ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​លោក​ ហ៊ុន សែន​ ​ធ្វើ​ពិធី​ទទួល​​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ​ពី​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី ​(WANG YI) នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា​ថា ​លោក​គ្មាន​កំហុស​អ្វី​នោះ​ទេ ក្នុង​ការ​ដែល​លោក​ទំនាក់​ទំនង​ជា​មួយ​ចិន​ ដោយ​ទទួល​បាន​​សំណង់​ដ៏​ធំ​នេះ​​។ ​​មេ​ដឹក​នាំ​របប​ឯក​បក្ស​​​បន្ថែម​ថា ​ពហុកីឡាដ្ឋាន​នេះ​ជា​មោទនភាព​ជាតិ​​​​មហាសាល​ ក្រោម​ការ​ដឹក​នាំ​​របស់​លោក​ទៀត​ផង​៖ «នេះ​គ្រាន់​តែ​ជា​ការ​ទទួល​ផល​ដើម​រដូវ​នៃ​ចំណង​មិត្តភាព​ដែក​ថែប​ ដែល​ប្រធានាធិបតី​ ស៊ី​ជិន ភីង​ បាន​ប្រសិទ្ធិនាម​ឡើង។​ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​និយាយ​ថា ​វា​ជា​ការ​ទទួល​ផល​ដើម​រដូវ យើង​មិន​មែន​ទាក់ទង​ជា​មួយ​ចិន ត្រឹម​តែ​ថ្ងៃ​នេះ ឬ​ថ្ងៃ​ស្អែក​បន្ទាប់​ពី​ទទួល​ស្តាត​នេះ​​រួច​ហើយ​នោះ​ទេ ​យើង​ត្រូវ​ធ្វើ​ជា​មួយ​មិត្ត​ចិន​ច្រើន​ឆ្នាំ​តទៅ​ទៀត​»។

​លោក ​ហ៊ុន សែន​ អះអាង​ថា​ ពហុកីឡាដ្ឋាន​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប ​១៥០​ ដុល្លារ​អាមេរិក​ ដែល​ជា​ជំនួយ​របស់​ចិន​ ក៏ប៉ុន្តែ​សាធារណមតិ​មួយ​ចំនួន នៅ​តែ​មាន​មន្ទិល​ជុំវិញ​តម្លាភាព​នៃ​ជំនួយ​នេះ។​ សំណង់​មួយ​នេះ​សាងសង់​រយៈ​ពេល​ជាង​៧​ឆ្នាំ​​ដោយ​​​​មាន​អ្នក​ជំនាញ​ការ​របស់​ចិន​ ២០០​នាក់ និង​កម្មករ​ខ្មែរ​ចំនួន ​៥០០​នាក់​​បាន​បិទ​បញ្ចប់​ការ​សាងសង់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា។

ទោះ​ជា​យ៉ាង​ណា​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន មើលឃើញ​ថា ​ការ​ដែល​លោក​ ហ៊ុន សែន ​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ដាក់​ឈ្មោះ​ខ្លួន​ឯង​​បែប​នេះ ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ ដើម្បី​​បម្រើ​ផលប្រយោជន៍​របស់​លោក ហ៊ុន សែន និង​ចិន។ លោក​បន្ត​ថា ​​ទាំង​ប្រាក់​ជំនួយ​និង​ប្រាក់​កម្ចី​​របស់​ចិន​​ គឺ​​ជា​អន្ទាក់​​ដើម្បី​បម្រើ​​នយោបាយ​​របស់​ចិន​៖ «ខ្ញុំ​យល់​ថាការ​សាងសង់​វា​មិន​មាន​តម្លា​ភាព​ អាច​មាន​អំពើ​ពុក​រលួយ ដែល​យើង​ខ្ចី​លុយ​ពី​គេ​ហើយ ត្រូវ​មន្ត្រី​របស់​លោក​ ហ៊ុន សែន​​ ហ្នឹង​ស៊ី​ទៅ​លើ​អា​កម្ចី​ហ្នឹង​ទៀត អាហ្នឹង​វា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​កាន់​ក្រ​ទៅៗ​ ព្រោះ​យើង​ជំពាក់​លុយ​គេ​កាន់​តែ​ច្រើន​ ហើយ​យើង​ប្រទេស​ក្រីក្រ​អីចឹង​ផង​ ហើយ​យើង​ចំណាយ​ខ្ជះខ្ជាយ​អត់​ចំ​អ្វី​ដែល​​ជា​គោលដៅ ​ដែល​ត្រូវ​អភិវឌ្ឍន៍​ផង​អាហ្នឹង​​វា​ធ្វើ​ឱ្យ​ប្រទេស​យើង​ ប្រជាពលរដ្ឋ​កាន់​តែ​ក្រ​ បំណុល​កាន់​តែ​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​​ត្រូវ​សង​បំណុល​​ជំនួស​លោក​ ហ៊ុន សែន​ កាន់​តែ​ច្រើន​ឡើង​ៗ»។

សង្គម​ស៊ីវិល ​និង​មន្ត្រី​បក្ស​ប្រឆាំង​ សង្កេត​ឃើញ​ថា ចិន​ពង្រីក​ទំនាក់ទំនង​ស្អិតល្មួត​ជា​មួយ​កម្ពុជា​ ក៏​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​កម្ពុជា ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​កម្ពុជា និង​នៅក្នុង​តំបន់​។ ​​ពួក​លោក​ព្រួយបារម្ភ​ថា ការ​ពឹង​ផ្អែកលើ​កម្ចី​ឥណទាន​ចិន​នេះ​ កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ជាប់​អន្ទាក់​បំណុល​។ បន្ថែម​ពី​នេះ​​ ជំនួយ​ និង​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​ខ្វះ​តម្លាភាព និង​គណនេយ្យ​ភាព ដែល​ជា​ការ​រួម​ចំណែក​ដល់​ការ​រីក​រាលដាល​នៃ​អំពើពុករលួយ​។ ចំណែក​រឿង​លើក​កម្ពស់​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​ភាព​ហិនហោច​នៃ​ធនធាន​ធម្មជាតិ​វិញ ចិន​ពុំ​បាន​ខ្វាយខ្វល់​ទាល់តែ​សោះ​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​២០២០ ​បង្ហាញ​ថា​ កម្ពុជា​ជំពាក់​ចិន​ដល់​ទៅ​ជិត ៤​ ពាន់​លាន​ដុល្លារ (៣.៧០០​) ឬ​ស្មើនឹង​ជិត ៤៧ ភាគរយ​នៃ​ទំហំ​បំណុល​សរុប ​ដែល​កម្ពុជា​ជំពាក់​បរទេស​។ លុយ​ដែល​ខ្ចី​ពី​ចិន ​ភាគច្រើន​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​ស្ពាន​ជា​ដើម៕

.