ច្បាប់ស្តីពីការគ្រប់​គ្រង​​ប្រទេស​ជាតិស្ថិត​​ក្នុង​ភាព​​អាសន្ន ត្រូវបានប្រកាស​ឲ្យ​​ប្រើ​ប្រាស់ ​ដោយ​ព្រះរាជក្រម ដែល​ចុះហត្ថលេខា​ដោយប្រមុខរដ្ឋស្តីទី និង​ជាប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តដោយរក្សា​ទុកខ្លឹមសារ​ដើម​ទាំង​ស្រុង។ សូម​ចុច​ត្រង់​នេះ ដើម្បី​អាន ឬ​ទាញ​យក ​ច្បាប់​ – Download(អត្ថបទបន្ថែម​ដោយ  CWCI Cambodia)


(ដោយលោក ទីន ហ្សាការីយ៉ា /RFA Khmer /14-5-2020)

អង្គការ​សង្គម​ស៊ីវិល​ជិត ៧០ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​ធ្វើ​វិសោធនកម្ម​​មាត្រា​​មួយ​ចំនួន​ នៃ​​​ច្បាប់​​​ស្ដីពី​​ការ​គ្រប់​គ្រង​​ប្រទេស​​​ក្នុង​​​​ភាព​អាសន្ន ដើម្បី​​ការពារ​​​សិទ្ធិមនុស្ស​។ អ្នកនាំពាក្យ​​​ក្រសួង​យុត្តិធម៌ ​ច្រាន​ចោល​ការ​​អំពាវនាវ​​​នេះ ហើយ​​ជំរុញ​​ឱ្យ​​អង្គការ​​សង្គម​ស៊ីវិល​​ទាំងនេះ​ ទៅ​អាន​​​ច្បាប់​នេះ​​​ឡើង​វិញ។

អង្គការ​សង្គម​ស៊ីវិល​ជិត ​៧០ ​ស្ថាប័ន​ ចាត់​ទុក​ច្បាប់​​ស្ដីពី​ការគ្រប់គ្រង​​ប្រទេស​​នៅ​ក្នុង​​ភាព​អាសន្ន ជា​​ច្បាប់​​​ដែល​​​រដ្ឋាភិបាល​​​ធ្វើឡើង​​​យ៉ាង​​ឆាប់​រហ័ស ហើយ​​ពុំបាន​ពិគ្រោះ​យោបល់​​គ្រប់គ្រាន់​ ​ជាមួយ​​ភាគី​ពាក់ព័ន្ធ ដោយ​​​អំពាវនាវ​​ឱ្យ​រដ្ឋាភិបាល​ ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​​ឡើងវិញ​​ជា​បន្ទាន់។

អង្គការ សមាគម និង​សហគមន៍​ចំនួន ​រួមគ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​​ស្នើ​ឱ្យ​​រដ្ឋាភិបាល ​ធ្វើ​​វិសោធនកម្ម​ច្បាប់​​នេះ​​ឡើង​វិញ មាន​ដូចជា​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR, អង្គការ​​សិទ្ធិមនុស្ស​​ លីកាដូ Licadho, មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM, និង​សហគមន៍​មួយ​ចំនួន​ទៀត។

សេចក្ដីថ្លែងការណ៍​ទាមទារ​ឱ្យ​រដ្ឋាភិបាល ​ធ្វើ​វិសោធនកម្ម​ «​ច្បាប់​គ្រប់​គ្រង​​ប្រទេស​​នៅ​​ក្នុង​​ភាព​​អាសន្ន»  មាន​​ដូចជា មាត្រា​៥ មាត្រា​៧ មាត្រា​៨ មាត្រា​៩ និង​មាត្រា​មួយ​​ចំនួន​​ទៀត​។ មាត្រា​៥ ដែល​​ផ្ដល់​​អំណាច​​លើស​លប់​ ឱ្យ​ទៅ​​រដ្ឋាភិបាល​​នោះ អង្គការ​សង្គម​ស៊ីវិល​ ស្នើ​ឱ្យ​ធ្វើ​​វិសោធនកម្ម​វិញ ដើម្បី​​ដាក់​បញ្ចូល​​ដែន​កំណត់ និង​​លក្ខខណ្ឌ ក្នុង​ការ​កំណត់ យ៉ាង​តឹងរ៉ឹង​​ចំពោះ​អំណាច ​ដែល​​បាន​ផ្ដល់​​ឱ្យ​រដ្ឋាភិបាល ដើម្បី​​ធានា​ដល់​​ការ​គោរព​​សិទ្ធិមនុស្ស និង​ធានា​ថា ច្បាប់​នេះ មិន​ត្រូវ​បាន​ប្រើ​ដើម្បី​បំបិទ​សំឡេង ឬ​បំភិតបំភ័យ​សំឡេង​មិន​ស្រប​នឹង​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់​ថា បទល្មើស​មាត្រា ៧ មាត្រា ៨ និង មាត្រា​៩ សក្ដានុពល​​នៃ​​​ការ​ប្រើ​ប្រាស់​​​ច្បាប់​នេះ ដើម្បី​​​តម្រង់​​គោលដៅ​​ ទៅលើ​អ្នកការពារ​​សិទ្ធិមនុស្ស សង្គម​ស៊ីវិល ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​​ពលរដ្ឋ​​ទូទៅ​ ​គឺ​​កាន់​​តែ​​មាន​​សភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ដាក់​​នូវ​​បទល្មើស​​ព្រហ្មទណ្ឌ ដែល​​មាន​សភាព​​ធ្ងន់ធ្ងរ ចំពោះ​​​ការ​មិន​គោរព​​តាម​​វិធាន​ការ​​សម្រាប់​ទាំង​បុគ្គល និង​នីតិបុគ្គល​។ រដ្ឋាភិបាល​ គួរតែ​ពិនិត្យ​​ឡើងវិញ​នូវ​ពាក្យ​​មិន​​ច្បាស់លាស់ ​ដែល​​មាន​​ចែង​​នៅ​​ក្នុង​​មាត្រា​​ទាំងនេះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​ប្រកាន់​នូវ​គោល​ការណ៍​​និត្យានុកូលភាព និង​សមាមាត្រ ព្រមទាំង​ធាន​ថា ច្បាប់​នឹង​មិន​ត្រូវ​យក​មក​ប្រើប្រាស់​បង្ក្រាប​ទៅលើ​សេរីភាព​ពលរដ្ឋ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សំឡេង​ជំទាស់។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM លោក ណុប វី មាន​ប្រសាសន៍​ថា ខាង​អង្គការ​សង្គម​ស៊ីវិល​ បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ ឱ្យ​ពិនិត្យ​ខ្លឹមសារ​​សេចក្ដី​ព្រាងច្បាប់​​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​នេះ មុន​ពេល​ច្បាប់​នេះ ត្រូវ​បាន​សភា​អនុម័ត​ទៅទៀត​។ លោក​បញ្ជាក់​ថា ច្បាប់​នេះ រឹតត្បិត​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​៖ «ច្បាប់​នេះ​មានការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​តួនាទី​របស់​អ្នកសារព័ត៌មាន​ដែល​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ដែល​សភា​គួរតែ​ពិនិត្យ និង​វិសោធនកម្ម​ច្បាប់​នេះ​ឡើងវិញ»

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស មាន​​ប្រសាសន៍​​ថា រដ្ឋាភិបាល​ ​មិន​ព្រម​​តាម​​សំណើ​របស់​សង្គម​ស៊ីវិល​ ឱ្យ​សភា​វិសោធនកម្ម​ច្បាប់​នេះ​វិញ​ឡើយ​។ ដោយ​លោក​ជំរុញ​ឱ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​អាន​ច្បាប់​នេះ ឡើងវិញ​ «ការ​ស្នើ​របស់​សង្គម​ស៊ីវិល​គាត់​មិន​យល់​ខ្លឹមសារ​ច្បាប់​នេះ ឬ​មិន​ធ្វើ​មិន​យល់ ទី​២ ច្បាប់​នេះ​មិនមែន​ផ្ដល់​អំណាច​ឱ្យ​រដ្ឋាភិបាល​លើសលប់​នោះ​ទេ មាន​លក្ខខណ្ឌ​ច្បាស់លាស់ សូម​ឱ្យ​ពួកគាត់​ពិនិត្យមើល​ឡើងវិញ បើ​មិន​យល់​ទេ​សួរ​គេ បើ​មិន​សួរ​គេ​ទេ​អាន​ឡើងវិញ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក ណុប វី បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ពិនិត្យមើល​​ច្បាប់​​នេះ​​ គ្រប់​​ជ្រុង​ជ្រោយ ហើយ​ច្បាប់​នេះ ពិនិត្យ​ឃើញ​ថា ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​​ជា​មូលដ្ឋាន​ខ្លាំង​តែម្ដង​ «ច្បាប់​នេះ​ជា​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​យក​តែ​ម្ដង»

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ទទួល​ស្គាល់​នូវ​ភាព​ចាំបាច់​ ក្នុង​ការ​ដាក់​អាទិភាព​លើ​ការពារ​​សិទ្ធិ ក្នុង​​កំឡុង​​ពេល​​មាន​​វិបត្តិ​​ជំងឺ​កូវីដ១៩ ​នេះ ប៉ុន្តែ​ក៏​ត្រូវ​តែ​មាន​តុល្យភាព​ ជាមួយ​នឹង​ការ​គោរព​សិទ្ធិមនុស្ស​ជាទូទៅ​ផង​ដែរ​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ពិគ្រោះ​យោបល់ ​ឱ្យ​បាន​ទូលំទូលាយ​ជាមួយ​​​ភាគី​ព័ន្ធ ដើម្បី​ធ្វើ​វិសោនកម្ម​ច្បាប់​នេះ​ឡើងវិញ ដោយ​ត្រូវ​រាប់​បញ្ចូល​ទាំង​ការ​ដាក់​ដែន​កំណត់ ​លើ​ការអនុវត្ត​អំណាច​របស់​រដ្ឋាភិបាល ដើម្បី​ធានា​ថា ច្បាប់​នេះ មិន​ងាយ​នឹង​ត្រូវ​បាន​បំពាន​ផ្ទុយ​ពី​គោល​បំណង​​នៃ​ច្បាប់ និង​អនុវត្ត​តាម​កាតព្វកិច្ច​សិទ្ធិមនុស្ស​របស់​កម្ពុជា ពី​ព្រោះ​ថា រដ្ឋាភិបាល​ធ្វើ​ច្បាប់​នេះ​ឡើង​​ស្រប​ពេល​មានការ​បង្ក្រាប និង​ការ​បំបិទ​សំឡេង​សង្គម​ស៊ីវិល ចាប់ខ្លួន​មនុស្ស​ប្រមាណ​ ៤០ ​នាក់ ដក​ហូត​​អាជ្ញាប័ណ្ណTVFB និង​ប្រពន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កន្លង​មក ​ជា​ដើម៕

.