The Cambodia Daily
27-9-2023
រដ្ឋាភិបាលក្បាលធំ ដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត កំពុងចាត់វិធានការរឹតបន្តឹងការប្រមូលពន្ធគ្រប់ច្រកល្ហក ដែលមាន ២០ប្រភេទខុសៗគ្នាយ៉ាងប្រញាប់ប្រញាល់ ក្រោយពីរដ្ឋាភិបាលតពូជថ្មីនេះ ចាប់កំណើតបានត្រឹមតែ ៣៣ថ្ងៃប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជា បានអនុវត្តការប្រមូលពន្ធពីពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលចំនួន ២០ប្រភេទខុសៗគ្នា ក្នុងនោះរួមមាន (សូមទាញយក លិខិតជាច្បាប់ដើម)៖
- ពន្ធលើប្រាក់ចំណូលចាប់ពី ៥% ទៅ ២០%
- ពន្ធលើចំណេញមូលធនចំនួន ២០%
- ពន្ធលើអចលនទ្រព្យ ០,១%
- ពន្ធអាករបំភ្លឺសាធារណៈ ៣%
- ពន្ធមធ្យោបាយដឹកជញ្ជូន ដែលត្រូវកំណត់តម្លៃតាមប្រភេទយានយន្ត
- ពន្ធប្រថាប់ត្រា ៤%
- ពន្ធអាករស្នាក់នៅ ២%
- ពន្ធលើដីធ្លីមិនទាន់បានប្រើប្រាស់ ២%
- ពន្ធលើថ្លៃឈ្នួលលើអចលនទ្រព្យ ១០%
- ពន្ធប៉ាតង់ គឺត្រូវកំណត់តាមប្រភេទអាជីវកម្ម
- ពន្ធអាករលើតម្លៃបន្ថែម ១០%
- ពន្ធកាត់ទុក ១៥%
- ពន្ធអប្បបរមា ១%
- ពន្ធលើប្រាក់បៀវត្សចាប់ពី ៥% ទៅ ២០%
- ពន្ធកាត់ទុកពីការចំណេញលើការប្រាក់ ៦%
- ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី ០% ទៅ ៣០%
- ពន្ធប្រថាប់ត្រាមាន ៤% និង ១%
- ពន្ធកាត់ទុកមាន ១០% ១៥% និង ១៤%
- ពន្ធកាត់ទុកពីការផ្ញើប្រាក់គ្មានដែនកំណត់ ៤%
- និងពន្ធអាករពិសេសលើទំនិញ និងសេវា ១០% ផងដែរ។
កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានលើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសមួយ ស្តីអំពីផែនការ និងយុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីកៀរគរចំណូលសម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ថា អគ្គនាយកដ្ឋានពន្ធដារ មានផែនការសកម្មភាពជាក់លាក់ក្នុងការប្រមូលពន្ធឱ្យបានតាមផែនការកំណត់ នៅចុងឆ្នាំ២០២៣ ដើម្បីផ្តល់ជូនតាមតម្រូវការរបស់រដ្ឋាភិបាល អាណត្តិថ្មីនេះ ដែលហៅថាផែនការ ១០០ថ្ងៃ។
លោក គង់ វិបុល លើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ បានអនុវត្តការប្រមូលពន្ធពីពលរដ្ឋ បានល្អហើយនាពេលកន្លងមក ប៉ុន្តែវិធានការដែលខ្លួននឹងដាក់ចេញបន្ថែមទៀតនេះ គឺដើម្បីពង្រឹងការប្រមូលពន្ធ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនោះគឺពង្រឹងលើប្រាក់ចំណូល ដែលបានមកពីការនាំចូលភេសជ្ជៈ និងពង្រឹងលើការប្រមូលពន្ធខាងវិស័យអចលនទ្រព្យផងដែរ ជាពិសេសគឺការប្រមូលពន្ធមូលធន ដែលនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។
ទាក់ទិននឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងកាលពីពេលថ្មីៗនេះថា ក្នុងច្បាប់បានចែងអំពីការលើកលែងពន្ធ សម្រាប់ការទិញអចលនទ្រព្យ ដែលមានទំហំទឹកប្រាក់ក្រោម ៧ ម៉ឺនដុល្លារអាមេរិក ប៉ុន្តែអគ្គនាយកពន្ធដារ មិនបានអនុវត្តដូចមានចែងក្នុងច្បាប់នោះទេ គឺតែងតម្រូវឱ្យអ្នកទិញលក់បង់ពន្ធរហូតមក។
លោកបន្ថែមថា នេះហើយជាវិធីសាស្ត្រក្នុងការប្រមូលពន្ធឱ្យបានតាមផែនការ និងលើសផែនការរបស់អគ្គនាយកពន្ធដារកន្លងមក។
បណ្ឌិត គី សេរីវឌ្ឍន៍ អះអាងថា ក្រៅពីបញ្ហាទាំងនេះ ក៏មានបញ្ហាផ្សេងៗទៀតដែរ។ ជាក់ស្តែង វិបត្តិអចលនទ្រព្យនៅកម្ពុជា បានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលចុងក្រោយនេះ ហើយបញ្ហានេះក៏បណ្តាលមកពីការបង់ពន្ធដែរ ដោយសារតែខាងអគ្គនាយកដ្ឋានពន្ធដារ មិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ម្ចាស់អាជីវកម្មអចលនទ្រព្យ ខណៈម្ចាស់អាជីវកម្មទាំងនោះ ក៏មិនបានសិក្សាស្វែងយល់ពីនីតិវិធី ក្នុងការបង់ពន្ធនេះឱ្យបានច្បាស់លាស់ថែមទៀត។
បណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា កន្លងមកមានម្ចាស់អាជីវកម្មអចលនទ្រព្យខ្លះ បានសាងសង់ផ្ទះល្វែង ឬខុនដូ ដោយគ្រាន់តែបង់លុយឱ្យទៅមន្ត្រីពន្ធដារខណ្ឌ ដែលបានចុះទៅដល់ទីតាំងរបស់ពួកគេប៉ុណ្ណោះ ខណៈមន្ត្រីពន្ធដារខណ្ឌទាំងនោះ ក៏មិនធ្វើរបាយការណ៍ជូនទៅអគ្គនាយកពន្ធដារដែរ ហើយបញ្ហានេះ បានធ្វើឱ្យម្ចាស់អាជីវកម្មយល់ថា ពួកគាត់បានបង់លុយទៅខាងពន្ធដាររួចហើយ ទាំងដែលគាត់មិនបានដឹងថា មន្ត្រីពន្ធដារខណ្ឌទាំងអស់នោះ គ្មានសិទ្ធិទារពន្ធពីម្ចាស់អាជីវកម្មនោះទេ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បញ្ជាក់ថា នៅពេលដែលម្ចាស់អាជីវកម្មទាំងនោះ ចាប់ផ្តើមលក់អចលនទ្រព្យ ដោយមិនដឹងថាខ្លួននៅជាប់ពន្ធ ដូចជាពន្ធលើប្រាក់ចំណូលក្រុមហ៊ុន ពន្ធលើប្រាក់បៀវត្សបុគ្គលិក ពន្ធអាករលើតម្លៃបន្ថែម ពន្ធលើឈ្នួលអចលនទ្រព្យ ពន្ធអចលនទ្រព្យ ពន្ធប្រថាប់ត្រា ពន្ធប្រាក់ចំណេញមូលធន និងពន្ធលើដីធ្លីដែលម្ចាស់អាជីវកម្មបានប្រើ ជាដើម។
លោកបន្ថែមថា នៅពេលដែលរដ្ឋចាប់ផ្តើមទូទាត់ទារពន្ធទាំងនេះហើយ ទើបម្ចាស់អាជីវកម្មភ្ញាក់ខ្លួន ក្នុងនោះម្ចាស់អាជីវកម្មខ្លះ ត្រូវបង់ពន្ធលើសចំណូលដែលខ្លួនទទួលបាន ពីការលក់អចលនទ្រព្យនោះថែមទៀត ដែលជាហេតុធ្វើឱ្យអាជីវកម្មរបស់ពួកគេ ក្ស័យធនរហូតដួលរលំតែម្តង។
ទាក់ទិននឹងបញ្ហានេះ នាយកវិទ្យុ អេប៊ីស៊ី ដែលគេស្គាល់ថាឈ្មោះ អាចារ្យអេ បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកមិនបានដឹងថា វិទ្យុ ABC របស់លោកដែលបានប្រតិបត្តិការប្រមាណ ១០ឆ្នាំមកនេះជាប់ពន្ធដល់ទៅជាង ៤ម៉ឺនដុល្លារអាមេរិកនោះទេ ហើយមន្ត្រីពន្ធដារ ក៏កំពុងធ្វើទុក្ខបុកម្នេញលើដំណើរការផ្សាយរបស់វិទ្យុ អេប៊ីស៊ី របស់លោកដែរនៅពេលនេះ។
លោក អាចារ្យអេ លើកឡើងថា វិទ្យុ ABC គឺជាគ្នាឯងផង ខាងអគ្គនាយកដ្ឋានពន្ធដារធ្វើបែបនេះទៅហើយ ចុះទម្រាំមិនមែនគ្នាឯងទៀត តើអគ្គនាយកដ្ឋានពន្ធដារធ្វើបែបណាទៅ?
ចំណែកលោក ប៉ា ចន្ទរឿន សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៦ កញ្ញា នេះថា ប្រទេសស្វីស គឺជាប្រទេសដែលយកពន្ធគ្រប់មុខ ដូចប្រទេសដទៃដែរ ដូចជា ពន្ធលើប្រាក់បៀវត្ស ពន្ធអចលនទ្រព្យ ពន្ធយានយន្ត និងពន្ធអាជីវកម្ម ជាដើម ប៉ុន្តែជាការឆ្លើយតបនឹងការប្រមូលពន្ធនេះ រដ្ឋាភិបាលស្វីស បានផ្តល់ជូនពលរដ្ឋត្រឡប់មកវិញ នូវផ្លូវថ្នល់ស្អាតគ្រប់ទីកន្លែង សន្តិសុខ សុវត្ថិភាពពេញលេញ ផ្តល់សេវាសុខភាពមានគុណភាព ផ្តល់កន្លែងស្នាក់នៅ ថវិកា អាហារ និងការរៀនសូត្រដល់អ្នកក្រីក្រ ព្រមទាំងជួយឧបត្ថម្ភបង្គ្រប់ជីវភាព សម្រាប់គ្រួសារដែលមានចំណូលទាប ជាងស្តង់ដារផងដែរ។
ជាងនេះទៅទៀត រដ្ឋាភិបាលនៃប្រទេសស្វីស ក៏បានផ្តល់ប្រាក់ចិញ្ចឹមកូន ប្រមាណ ៤០០ដុល្លារក្នុងមួយខែសម្រាប់កូនម្នាក់ក្នុងរយៈពេល ១៨ឆ្នាំ ផ្តល់នូវសង្គមមួយ ដែលគ្មានការរំលោភបំពាន គ្មានហិង្សា និងការពារពលរដ្ឋខ្លួនពេញលេញ។ លើសពីនេះ ពលរដ្ឋដែលបាត់បង់ការងារ រដ្ឋមានកាតព្វកិច្ចផ្តល់ប្រាក់បៀវត្ស ប្រមាណ ៧០% នៃប្រាក់ខែចុងក្រោយរបស់ពួកគេ សម្រាប់រយៈពេល ១៨ ទៅ ២៤ខែ និងបណ្តុះបណ្តាលលើជំនាញ ដែលខ្វះខាតឲ្យដោយឥតគិតថ្លៃថែមទៀត។ ដោយឡែកពេលចូលនិវត្តន៍ ពលរដ្ឋអាចទទួលបានប្រាក់សោធនដោយទៀងទាត់ ទោះជាពួកគេចាកចេញពីប្រទេសស្វីស ទៅរស់នៅប្រទេសដទៃក៏ដោយ ប៉ុន្តែនៅពេលដែលពួកគេ ត្រឡប់មកវិញ រដ្ឋាភិបាលស្វីស មានកាតព្វកិច្ចរ៉ាប់រងក្នុងការចិញ្ចឹមពួកគេ ដូចមុនដដែល៕

