អត្ថបទ៖ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) / 29-12-2020

អ្នកឃ្លាំមើល​សង្ឃឹម​ថា ដើម្បី​ស្តារ​ទំនាក់​ទំនង​កម្ពុជា​-​អាមេរិក ហើយ​បញ្ចៀស​ផលវិបាក​ទៅ​ថ្ងៃ​មុខ​បន្ថែម​ទៀត ​រដ្ឋាភិបាល​កម្ពុជា​នឹង​អាច​សម្រប​សម្រួល​ទទួល​យក​លក្ខខណ្ឌ​របស់​អាមេរិក ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​កញ្ចប់​ថវិកា ជិត​ ១​០០​​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ​ ២០២១។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ជំនួយ​របស់​អាមេរិក​ ជិត ១០០​ លាន​ដុល្លារ​​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​ធ្វើការ​សម្រប​សម្រួល​ទទួល​យក​លក្ខខណ្ឌ​មួយ​ចំនួន​របស់​អាមេរិក។ លោក​បន្ត​ថា ជំនួយ​របស់​អាមេរិក​នេះ គឺ​មាន​សារសំខាន់​ណាស់ ដែល​រដ្ឋាភិបាល​គប្បី​ទទួល​យក ​ដោយ​ឈរ​នៅ​លើ​គោល​ការណ៍​ផល​ប្រយោជន៍​ជាតិ​ជា​សំខាន់ មិន​ត្រូវ​ផ្អៀង​ទៅ​រក​ចិន​ពេក ពោល​​គឺ​​ឈរ​​នៅ​​លើ​​ទំនាក់​​ទំនង​​ជា​កណ្តាល​ប្រទេស​​មហា​អំណាច ហើយ​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រទេស​មហា​អំណាច​ទាំង​សង​ខាង។

លោក​បន្តថា ជា​ផលប្រយោន៍​កម្ពុជា​ទៅ​វិញ​ទេ នៅ​ពេល​កម្ពុជា​ ទទួល​យក​លក្ខខណ្ឌ​របស់​អាមេរិក​ ជា​ថ្នូរ​នឹង​ជំនួយ ព្រោះ​ក៏​ជា​មុខ​មាត់​​កម្ពុជា​ក្នុង​ការ​បង្ហាញ​ពី​ឆន្ទះ ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ គោរ​ព​សិទ្ធិ​មនុស្ស​ពិត​ប្រាកដ​ផង​ដែរ។

ការអះអាង​របស់​លោក ម៉ែន ណាត ធ្វើឡើង​បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​សំណើ​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា អនុម័ត​លើ​កញ្ចប់​ថវិកា​ជាតិ​ជាង​ ២​ទ្រីលាន​ (២០០០​ពាន់​លាន)​ដុល្លារ​ សម្រាប់​ឆ្នាំ​២០២១។ ក្នុង​ចំណោម​កញ្ចប់​ថវិកា​ជាតិ ទាំង​នេះ អាមេរិក​ក៏​បាន​សម្រេច​ផ្តល់​មក​ឱ្យ​កម្ពុជា​ជាង​ ៨៥ លាន​ដុល្លារ​ ប៉ុន្តែ​ភ្ជាប់​នឹង​លក្ខខណ្ឌ​មួយ​ចំនួន។ 

លក្ខខណ្ឌ​ទាំង​នោះ អាច​ជា​ការ​ពង្រឹង​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​​ប៉ា​ស៊ី​ហ្វិក ពិសេស​លើ​ជម្លោះ​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ចូល​រួម​អនុវត្ត​ទណ្ឌ​កម្ម​អន្តរ​ជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។  

បន្ថែមពីនេះ ប្រកាស​អធិបតេយ្យភាព​របស់​ខ្លួន​ តទល់​នឹង​ការ​ជ្រៀត​ជ្រែក​របស់​សាធារណៈ​ប្រជា​មានិត​ចិន ដោយ​រួម​បញ្ចូល​ទាំង​ការ​ផ្តល់​នូវ​ការ​រក្សា​ដែល​អាច​ផ្អៀង​ផ្ទាត់​បាន ​នូវ​អព្យា​ក្រឹត្យ​ភាព​នៃ​មូលដ្ឋាន​យោធា​សមុទ្រ​រាម ក្នុង​គម្រោង​អភិវឌ្ឍន៍​តារា​សាគរ នៅ​ខេត្ត​កោះកុង។

លក្ខខណ្ឌមួយ​ទៀត រដ្ឋាភិបាល​កម្ពុជា ត្រូវ​បញ្ឈប់​នូវ​រាល់​អំពើ​ហិង្សា ​និង​ការ​បៀត​បៀន ឬ​យាយី លើ​សង្គម​ស៊ីវិល និង​ក្រុម​ប្រឆាំង​​​ផ្នែក​​​​​នយោបាយ​​​នៅ​​​កម្ពុជា។ លើស​​ពី​នេះ ត្រូវ​​ទម្លាក់​​ចោល​​​នូវ​​ការ​​ចោទ​​ប្រកាន់​​ផ្នែក​​ព្រហ្ម​ទណ្ឌ​ ដែល​មាន​ចរិក​នយោបាយ​​ប្រឆាំង និង​ក្រុម​ទាំង​ឡាយ​ណា ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល។ ក្នុង​លក្ខខណ្ឌ​នេះ ទាម​ទារ​ឱ្យ​មាន​ការ​គោរ​ពសិទ្ធិ​មនុស្ស សេរីភាព និង​ករណីកិច្ច ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ តាំង​ពី​ឆ្នាំ​១៩៩៣។ 

អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ លោក​បណ្ឌិត សេង សារី យល់​ឃើញ​ថា ការ​ផ្តល់​ជំនួយ​ដោយ​​ភ្ជាប់​​លក្ខខណ្ឌ​​របៀប​​នេះ រដ្ឋាភិបាល​​មិន​​គួរ​​ទទួល​​យក​ទេ​ ប៉ុន្តែ​​​រដ្ឋាភិបាល​​​ខ្លួន​​​ឯង​​​ត្រូវ​​ពិនិត្យ​មើល​ ថា​​​តើ​ការ​ភ្ជាប់​លក្ខខណ្ឌ​របស់​អាមេរិក ពិត​ជា​ត្រឹមត្រូវ​ដែរ​ឬ​ទេ។ លោក​​បន្តថា ប្រសិន​បើក​រណី​ពិត​ជា​មាន​ការ​ជ្រៀត​ជ្រែក​ ឬ រំលោភ​អធិប​តេយ្យភាព​កម្ពុជាពី​បរទេស​ពិត​មែន​ មិន​បាច់​ឱ្យ​អាមេរិក យក​ថវិកា​ជិត ១០០ លាន​មក​ឱ្យ​កម្ពុជា ដើម្បី​ភ្ជាប់​លក្ខខណ្ឌ​របស់​គេ​នោះ​ឡើយ ដោយ​សារ​វា​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ រួច​ទៅ​ហើយ។

លោកប​ន្ថែមថា ប្រសិន​បើក​ម្ពុជា​មិន​មាន​ការ​ប្រយ័ត្ន​ប្រយែង​ផ្នែក​ការ​ទូត ក្នុង​ល្បែង​នយោបាយ​ភូមិ​សាស្ត្រ​តំបន់​ទេ កម្ពុជា​នឹង​មាន​បញ្ហា​ធំ​នៅ​ពេល​ខាង​មុខ ដោយ​ប្រទេស​​មហា​អំណាច​ នឹង​យក​កម្ពុជា​ ជា​ទី​លាន​ប្រកួត​ប្រជែង​នយោបាយ ឬ​ឥទ្ធិពល​មនោគមន៍​វិជ្ជា​របស់​ពួក​គេ​ជា​ថ្មី​ទៀត ហើយ​កម្ពុជា​នឹង​មាន​វាសនា​អាក្រក់​ ដូច​អតីត​កាល​មិន​ខាន​ឡើយ។

ទោះជាយ៉ាង​ណាក៏ដោយ កន្លងមក លោក ហ៊ុន សែន តែង​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា កម្ពុជា​នឹង​មិន​អោន​ក្បាល​ចំពោះ​ប្រទេស​​ណា​​មួយ​ ដើម្បី​ជា​ថ្នូរ​នឹង​ជំនួយ ឬ​លក្ខខណ្ឌ​អនុគ្រោះ​ណា​មួយ​នោះ​ឡើយ។

បន្ថែមពីនេះ សារព័ត៌មាន The Cambodia Daily ​នៅ​​មិន​​ទាន់​​អាច​​ទាក់​​ទង​​​អ្នក​​នាំ​ពាក្យ​​​របស់​​រដ្ឋាភិបាល​​កម្ពុជា ដើម្បី​​សុំ​​ការ​​បំភ្លឺ​ជុំវិញ ជំនួយ​​របស់​​អាមេរិក​ដែ​លភ្ជាប់​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន សំរាប់​កម្ពុជា នេះ​នៅ​ឡើយ​ទេ៕

.

.