The Cambodia Daily
20-01-2022
ក្រសួងការបរទេសកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៊ូយ ថាញ់សឺន មកកាន់ប្រទេសកម្ពុជា គឺដើម្បីបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម បន្ថែមទៀត។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នេះថា រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប៊ូយ ថាញ់សឺន នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះ។
ប្រភពដដែលអះអាងថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា គឺដើម្បីបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដែលត្រូវបានកសាងឡើងឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលដែលអគ្គលេខាធិការអាស៊ាន ក៏កំពុងតែមានវត្តមាននៅកម្ពុជានៅពេលនេះ ហើយក៏ត្រូវអ្នកឃ្លាំមើលសង្ស័យពីដំណើរទស្សនកិច្ចនេះផងដែរថាជាប់ពាក់ព័ន្ធនឹងបញ្ហាក្រឹត្យក្រមចរិយាបញ្ញត្តិ (Code of Conduct = COC) សមុទ្រចិនខាងត្បូង ដែលអូសបន្លាយរហូតដល់សព្វថ្ងៃនេះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៩ មករា នេះថា ដំណើរទស្សនកិច្ចរបស់លោក ប៊ូយ ថាញ់សឺន នៅកម្ពុជា ចំពេលដែលអគ្គលេខាធិការអាស៊ានកំពុងមានវត្តមាននៅកម្ពុជានៅពេលនេះ គឺវៀតណាមមានចេតនាព្យាយាមជំរុញឱ្យកម្ពុជាជួយដោះស្រាយបញ្ហា COC ឬក្រមចរិយាបញ្ញត្តិសម្រាប់ដោះស្រាយវិបត្តិសមុទ្រចិនខាងត្បូង ដែលចិនកំពុងតែរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួនសព្វថ្ងៃនេះ ខណៈកម្ពុជានៅពេលនេះក៏ជាប្រធានអាស៊ានផងដែរនោះ។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋ PMD រូបនេះបញ្ជាក់ថា នៅពេលដែលប្រទេសវៀតណាម ទាមទារឱ្យប្រទេសកម្ពុជា អនុវត្តច្បាប់សមុទ្រឆ្នាំ១៩៨២ ឬ UNCLOS ១៩៨២ ដើម្បីកំណត់ការគ្រប់គ្រងដែនទឹករបស់ខ្លួនជាមួយចិននោះ រាជរដ្ឋាភិបាលប្រទេសកម្ពុជាក៏ត្រូវតែប្រើច្បាប់នេះអនុវត្តកំណត់ដែនទឹកកម្ពុជា-វៀតណាម ដែលរដ្ឋការក្រុងហាណូយ បានរំលោភលើដែនទឹកអធិបតេយ្យរបស់ខ្លួនកន្លងមកផងដែរ ដូចជាទាមទារមកវិញនូវកោះត្រល់ និងចង្កោមកោះក្រចកសេះ ជាដើម។
លោក ម៉ែន ណាត បញ្ជាក់ថា កម្ពុជាល្មមដល់ពេលអនុវត្តច្បាប់ពង្រឹងអធិបតេយ្យជាតិរបស់ខ្លួនពាក់ព័ន្ធជាមួយនឹងប្រទេសវៀតណាមហើយ ដូចជាការអនុវត្តច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ច្បាប់សញ្ជាតិឆ្នាំ១៩៩៦ និងត្រូវផ្អាកបោះបង្គោលព្រំដែនទ្វេភាគីជាមួយវៀតណាមផងដែរ។ លើសពីនេះទៀត កម្ពុជាក៏ត្រូវដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV) ផងដែរ នោះទើបកម្ពុជាអាចរក្សាអធិបតេយ្យរបស់ខ្លួនបានដោយឯករាជ្យពិតប្រាកដ។
លោកអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា ត្រួតពិនិត្យឡើងវិញនូវទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ថាតើរយៈពេលជាង ៤០ឆ្នាំក្រោមការដឹកនាំរបស់បក្សកាន់អំណាចដែលដឹកនាំដោយលោក ហ៊ុន សែន កន្លងមកនេះ ប្រទេសកម្ពុជាទទួលបានផលចំណេញអ្វីខ្លះពីទំនាក់ទំនងជាមិត្តភាពជាមួយប្រទេសវៀតណាម។ ក្រៅពីនេះទៀត បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សប្រជាជនកម្ពុជានៃរាជាណាចក្រកម្ពុជានៅថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត ក៏ត្រូវគិតគូរពីបញ្ហានេះផងដែរ។
ជុំវិញបញ្ហានេះ ក្រុមអ្នកសង្កេតការណ៍រិះគន់ថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាពិតប្រាកដ គឺជាវៀតណាមទៅវិញទេ ព្រោះថារាល់ពេលចុះហត្ថលេខាផ្តល់ផលប្រយោជន៍ឱ្យរដ្ឋាភិបាលវៀតណាមម្តងៗ មេដឹកនាំខ្មែរបច្ចុប្បន្នតែងតែធ្វើសម្បទានគ្រប់បែបយ៉ាង រហូតដល់កាត់ទឹកដីរបស់ខ្លួន និងការជួយសម្រួលផ្លូវច្បាប់ដល់រដ្ឋការក្រុងហាណូយ ថែមទៀត ដើម្បីជួយឱ្យការរំលោភបំពានពីវៀតណាមមកលើកម្ពុជា មានលក្ខណៈកាន់តែស្របច្បាប់ថែមទៀត៕