ក្រោយ​ពេល​វៀតណាម សម្រេច​​​បិទ​ច្រកព្រំដែន ជា​ឯកតោ​ភាគី ដោយ​គ្មាន​ពិគ្រោះយោបល់​ជាមួយ​ភាគីក​ម្ពុជា នៃ​​លោក ហ៊ុន សែន ដោយ​បាន​ហាម​ប្រាម​មិន​ឲ្យពលរដ្ឋ​ខ្មែរ ចូល​ទៅ​ទឹកដី​វៀតណាម ជុំវិញ​ការរីករាលដាល​មេរោគ​កូរ៉ូណា ឬ Covid-19 ភ្លាម​នោះ​ធ្វើឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ លោក ហ៊ុន សែន បង្ហាញ​​ការអាក់អន់ចិត្ត ហើយ​បញ្ជា​ឲ្យមានការបិទច្រក​ព្រំដែន​កម្ពុជា មិន​អនុញ្ញាត​ពលរដ្ឋ​វៀតណាម ឲ្យ​ចូល​កម្ពុជា​វិញ​ដែរ។ ប៉ុន្តែ​​ផ្នែក​ពាណិជ្ជកម្ម ភាគី​កម្ពុជា ស្នើ​ឲ្យ​​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ជួយ​សម្រួល ដោយ​​មាន​ការយោគយល់​គ្នា។ នេះ​បើតាម​លិខិត​របស់​ក្រសួង​ការបរទេស​ខ្មែរ ផ្ញើទៅ​កាន់​​ស្ថាន​ទូត​​វៀតណាម នៅ​កម្ពុជា នៅថ្ងៃទី ១៩ ខែ​មីនា ឆ្នាំ ២០២០ នេះ។

តាមរយៈសារ​ជាសម្លេង​របស់លោក ហ៊ុន សែន ដែល​​ត្រូវ​បាន​​ផ្សព្វផ្សាយ​នៅ​​ថ្ងៃទី ១៨ មីនា បាន​​ឲ្យ​ដឹង​​ថា កម្ពុជា សម្រេច​​បិទ​ច្រក​ព្រំដែន​​កម្ពុជា​-​វៀតណាម ចាប់ពី​ម៉ោង ២៤:០០ ឈាន​ចូល​ថ្ងៃទី ២០ មីនា តទៅ ក្រោម​ហេតុផល​ទប់ស្កាត់​មេរោគ Covid-19។ លោក ហ៊ុន សែន និយាយក្នុងសារថា «មិនមែន​ការសងសឹក តប​ទៅ​វៀតណាម​វិញទេ ចំពោះ​ការបិទច្រក​ព្រំដែន​នេះ តែ​គឺ​ជា​ការបង្ការ​ការឆ្លង​រីករាល​ដាល {មេរោគ Covid-19} ទៅ​វិញ​ទៅ​មក»

លោក ហ៊ុន សែន សម្តែង​ការមិន​ពេញ​ចិត្ត ចំពោះ​វៀតណាម ដែល​​បិទច្រក​ព្រំដែន ជាឯកតោ​ភាគី ដោយគ្មានការសួរយោបល់ មក​កម្ពុជា។ ចំណែក​​​ភាគី​កម្ពុជា ជា​រឿយៗ​តែង​តែសួរ​យោបល់ ​ទៅ វៀតណាម មុន​នឹង​​សម្រេច​អ្វីមួយ ដែល​​ពាក់ព័ន្ធ​​បញ្ហា​ការបិទ ឬបើក​ច្រកព្រំដែនរួមគ្នា រវាង​​ប្រទេស​​ទាំងពីរ។

កាលពីថ្ងៃទី ០៩ មីនា កន្លងទៅ លោក ហ៊ុន សែន បាន​មានប្រតិកម្ម​ធ្ងន់ៗ​ម្តង​រួច​ហើយ​ ចំពោះ​កាសែត​រដ្ឋ​ វីអិនអេ (VNA) របស់​វៀតណាម ដែល​ចុះផ្សាយ​ថា កម្ពុជា ជាប្រទេស​ឆ្លងមេរោគ Covid-19 ដ៏គ្រោះ​ថ្នាក់ ក្នុង​ចំណោម​ប្រទេស​មួយចំនួន​ពីអឺរ៉ុប ដែល​ត្រូវហាមប្រាម​ចូល​ទឹកដី​វៀតណាម។ លោក ហ៊ុន សែន ហៅ​ការចុះផ្សាយ​នោះ មាន​ន័យថា «ចាត់ទុក​កម្ពុជា ជាមនុស្ស​ចម្លែក»

កាលពីថ្ងៃទី ០៩ មីនា​ដដែល​នោះ លោក ហ៊ុន សែន ថ្លែង​បញ្ជាក់ថា វៀតណាម ត្រូវ​តែ​ដោះស្រាយ​រឿង​ចុះផ្សាយ​របស់កាសែតរដ្ឋ​ វីអិនអេ (VNA) ជាមួយក​ម្ពុជា ឲ្យ​បាន​ច្បាស់លាស់។ លោកថា «បើមិន​មាន​ការដោះស្រាយ​ទេ វាអាច​ឲ្យមា​ន​ការបិទច្រក​ព្រំដែន រវាង​ប្រទេសទាំងពីរ» ។ លោក បានបញ្ជា​ឲ្យរដ្ឋមន្រ្តី​ការបរទេស លោក ប្រាក់ សុខុន «ឲ្យ​ធ្វើ​កំណត់ទូត​តវ៉ា ទៅ​វៀតណាម»។ ប៉ុន្តែ​ក្រោយ​បន្តិច​មក លោក ហ៊ុន សែន ថា «បាន​ដោះស្រាយ​ជាមួយ​វៀតណាម រួចរាល់​»

ក្រុមបញ្ញវន្ត និង​អ្នកជំនាញនានា ដែល​ត្រូវបាន​ដកស្រង់​ដោយកាសែត​ក្នុងស្រុក បានផ្តល់​យោបល់​ថា ការបិទច្រក​ព្រំដែន​កម្ពុជា និង​វៀតណាម គឺស្ថិត​នៅក្រោម​ហេតុផលនយោបាយ​ច្រើន ជាជាង​ករណីមេរោគ Covid-19 ហើយថា កម្ពុជា នឹង​ខាតបង់​សេដ្ឋកិច្ច ច្រើន​ជាង​វៀតណាម។ ករណីបិទ​ច្រក​ព្រំដែន​នេះ មាន​ទំនាក់ទំនង​ទៅនឹង​សេណារីយ៉ូ​មួយចំនួន រវាង​កម្ពុជា វៀតណាម និង ចិន ខណៈពេល​រដ្ឋបាល​លោក ហ៊ុន សែន ដែល​ពឹង​ផ្អែកទៅ​លើ​រដ្ឋាភិបាល នៃ​ទីក្រុង​ប៉េកាំង សឹង​តែ​ទាំងស្រុង៕
(អត្ថបទដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា)

.

.