The Cambodia Daily
19-10-2022
មន្ត្រីជាន់ខ្ពស់នៃប្រទេសវៀតណាម និងកម្ពុជា ប្ដេជ្ញាជំរុញឲ្យស្ថាប័នរដ្ឋ គណបក្សនយោបាយ និងអង្គការមហាជន បន្តសហការគ្នាឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរទៅថ្ងៃមុខ។
ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះថា ក្រោយជំនួប រវាងសមាជិកការិយាល័យនយោបាយប្រចាំការ គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ូ វ៉ាន់ធឿង និងអគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ កាលពីថ្ងៃទី១៧ តុលា នេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានអបអរសាទរខួប ៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃមិត្តភាពរវាងកម្ពុជា-វៀតណាម ដែលគណបក្ស និងប្រទេសទាំងពីរ បានសហការគ្នារហូតមក។
ប្រភពដដែលលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម បានឯកភាពបន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនងនៅគ្រប់ថ្នាក់ រវាងគណបក្ស និងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីការរីកចម្រើនឥតឈប់ឈរ តាមទិសស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ លេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក វ៉ូ វ៉ាន់ធឿង បានជួបជាមួយមេដឹកនាំបក្សកាន់អំណាច ដែលកងទ័ពវៀតណាមលើកបន្តុប លោក ហ៊ុន សែន ផងដែរ ក្នុងនោះ លោក វ៉ូ វ៉ាន់ធឿង បានអះអាងថា ការធ្វើដំណើរទស្សនកិច្ចនៅកម្ពុជានៅពេលនេះ គឺដើម្បីរំឭកខួប ៥៥ ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរផង និងដើម្បីរំឭកខួប ៤៥ឆ្នាំនៃការចូលរួមរបស់កងទ័ពវៀតណាម ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សម្រាប់ប្រជាជនកម្ពុជាផង។
លោក វ៉ូ វ៉ាន់ធឿង បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក នៅពេលនេះ គឺដើម្បីជំរុញទំនាក់ទំនងរវាងបក្ស និងបក្សឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត និងធ្វើយ៉ាងណាជំរុញខេត្តនៃប្រទេសទាំងពីរ នៅតាមបណ្តោយព្រំដែន ឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារ និងវិស័យពាណិជ្ជកម្ម ឱ្យកាន់តែល្អប្រសើរថែមទៀត។
ចំណែកមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងជំនួបនោះដែរថា លោកគាំទ្រឱ្យមានការសហការរវាងខេត្តនៃប្រទេសទាំងពីរ ឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដើម្បីសម្រួលដល់ការការពារសន្តិសុខ និងការធ្វើពាណិជ្ជកម្ម របស់ប្រទេសទាំងពីរផងដែរ។
ក្រុមអ្នកឃ្លាំមើលសង្គមត្អូញត្អែរថា ចំណងមិត្តភាពកម្ពុជា និងវៀតណាម បច្ចុប្បន្ននេះ គឺមានផលចំណេញសម្រាប់ប្រទេសវៀតណាមតែមួយគត់។ ជាក់ស្តែង បន្ទាប់ពីប្រទេសទាំងពីរ បានបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍រួមគ្នា កម្ពុជាបានបាត់បង់ធនធានធម្មជាតិរបស់ខ្លួន ទៅប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺព្រៃឈើ និងដីធ្លីរាប់សិបម៉ឺនហិកតារ ដែលក្រុមហ៊ុនវៀតណាម ទទួលបានសិទ្ធិកាន់កាប់ ពីរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃនេះ។
ប្រភពដដែលលើកឡើងថា ក្រៅពីបាត់បង់ធនធានធម្មជាតិ ទៅប្រទេសវៀតណាម កម្ពុជាក៏បានផ្តល់សិទ្ធិជ្រកកោនដល់ជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ តាមសំណើរបស់មេដឹកនាំវៀតណាម ថែមទៀត។ ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន៍ នៅកម្ពុជា ស្របពេលដែលគេមើលឃើញថា ជនអន្តោប្រវេសន៍ដែលរស់នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ច្រើនលើសលប់សព្វថ្ងៃនេះ គឺមានតែជនជាតិវៀតណាម ប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់ព្រមានកាលពីពេលថ្មីៗនេះថា កម្ពុជានឹងត្រូវរលាយបាត់ពីផែនទីពិភពលោក ទៅថ្ងៃអនាគតជាមិនខានឡើយ ប្រសិនបើរដ្ឋាភិបាលកម្ពុជា នៅតែបន្តមិត្តភាពស៊ុមគ្រលុំជាមួយវៀតណាម ដូចសព្វថ្ងៃនេះ៕

.