ដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
រដ្ឋាភិបាលវៀតណាម បានស្នើឲ្យប្រទេសកម្ពុជា និង ឡាវ ផ្តល់ខក្ខខណ្ឌងាយស្រួលផ្នែកសេវាសុខាភិបាល ដល់ជនជាតិវៀតណាម ដែលរស់នៅក្នុងទាំងពីរ ខណៈពេលមានការរីករាលដាលមេរោគកូរ៉ូណា ឬកូវីដ១៩ (Covid-19) នៅជុំវិញពិភពលោក។ ជាមួយសំណើនេះ វៀតណាម បានផ្តល់ជំនួយផ្នែកគ្រឿងសម្ភារៈបរិក្ខាពេទ្យ ដល់ប្រទេសទាំង ២ មានទំហំទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក។ វៀតណាម បានសម្រេចអនុម័ត ក្នុងការផ្តល់ជំនួយ ឬអំណោយនេះ ធ្វើឡើងពីថ្ងៃទី ២៦ ខែមីនា កន្លងទៅ។ នេះបើតាមការចុះផ្សាយព័ត៌មាន VGP News របស់វៀតណាម។
គេហទំព័រមណ្ឌលព័ត៌មានស្ត្រី បានដកស្រង់ប្រភពព័ត៌មាន Vietnam Plus ចុះផ្សាយ នៅថ្ងៃទី ០៥ ខែមេសាថា «អំណោយរបស់វៀតណាម រួមមានសម្លៀកបំពាក់ការពារ ម៉ាសការពារ ប្រដាប់តេស្ដរកមេរោគកូវីដ១៩ និង ប្រព័ន្ធតាមដានសុខភាព»។
នៅក្នុងពិធីផ្តល់អំណោយនោះ អនុរដ្ឋមន្រ្ដីការបរទេសវៀតណាម លោក Nguyen Quoc Dung បញ្ជាក់ថា «ទំនាក់ទំនងរវាងប្រទេសទាំងបី គឺប្រទេសកម្ពុជា ឡាវ និង វៀតណាម ជាអ្នកជិតខាងល្អ ដែលតែងតែឈរកំដរគ្នាគ្រប់កាលៈទេសៈ»។
គេហទំព័រនេះដដែល បានដកស្រង់សំដីឯកអគ្គរដ្ឋទូតឡាវ លោក Sengphet Houngboungnuang និង ឯកអគ្គរាជរដ្ឋទូតកម្ពុជា លោក ឆាយ ណាវុធ (Chay Navuth) ថា «អំណោយនេះ បានផ្ដល់ជាធនធានដ៏អស្ចារ្យ សម្រាប់កម្ពុជា និង ឡាវ ក្នុងការពុះពារនឹងបញ្ហា ដែលកំពុងកើតមាន»។ ពួកគេ សន្យាជាមួយវៀតណាមថា «ធានានូវផលប្រយោជន៍សហគមន៍វៀតណាម នៅក្នុងប្រទេសទាំង ២»។
ដោយឡែកកាលពីថ្ងៃទី ១៨ ខែមីនា វៀតណាម សម្រេចបិទព្រំដែនរបស់ខ្លួន ជាឯកតោភាគី ដោយគ្មានជូនដំណឹងមករដ្ឋាភិបាល លោក ហ៊ុន សែន សូម្បីតែមួយម៉ាត់។ ពេលនោះលោក ហ៊ុន សែន សម្តែងការអាក់អន់ចិត្ត ហើយក៏ប្រកាសបិទព្រំដែនវិញដែរ និងហាមប្រាមជនជាតិវៀតណាម មិនឲ្យឆ្លងចូលប្រទេសកម្ពុជា ក្រោមហេតុជំងឺឆ្លងកូរ៉ូណា ឬកូវីដ-១៩។
គួររំលឹកសម្រាប់ប្រទេសកម្ពុជា កាលពីខែវិច្ចិកា ឆ្នាំ ២០១៩ រដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចផ្តល់ដី ៤០ ហិកតា ដល់ជនជាតិវៀតណាម ៤៥៦៣ គ្រួសារ ធ្វើលំនៅឋាន ដែលជាដីបម្រុងរបស់រដ្ឋ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈពេលពលរដ្ឋខ្មែរ រាប់ម៉ឺនគ្រួសារ បាត់បង់ដីធ្លីរបស់ខ្លួន ដោយសារអ្នកមានអំណាច រំលោភបំពាន និងរឹបអូសយកទៅ យ៉ាងអយុត្តិធម៌។ ប៉ុន្តែអាជ្ញាធរខេត្តកំពង់ឆ្នាំង បាននិយាយថា ក្នុងចំណោមមនុស្សជាង ៤០០០ គ្រួសារនោះ មានភាគច្រើន ជាជនជាតិវៀតណាម, មានខ្មែរអ៊ីស្លាមខ្លះ និង មានពលរដ្ឋខ្មែរផងដែរ ដែលត្រូវធ្វើបម្លាស់ទី ពីផ្ទះបណ្តែតទឹក លើផ្ទៃបឹងទន្លេសាប ឲ្យទៅរស់នៅលើដីគោក។ ចុះនៅទូទាំងប្រទេសកម្ពុជា តើមានជនជាតិវៀតណាម ប៉ុន្មានគ្រួសារ ឬប៉ុន្មាននាក់ទៀត?
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សម្តែងការព្រួយបារម្ភជាហូរហែរថា «កម្ពុជា នឹងមានហានីភ័យធ្ងន់ធ្ងរ ទៅថ្ងៃអនាគត បើរដ្ឋាភិបាលលោក ហ៊ុន សែន មិនភ្ញាក់រលឹកទេនោះ»។ ការផ្តល់ជំនួយអ្វីក៏ដោយ ពីសំណាក់វៀតណាម ឲ្យមកកម្ពុជា ដែលភ្ជាប់នូវលក្ខខណ្ឌនានានោះ គឺជាការរំលឹកទៅភាគីរបបលោក ហ៊ុន សែន ត្រូវតែតបស្នងសងគុណច៉ពោះវៀតណាមផង និង ត្រូវផ្តល់សិទ្ធិស្របច្បាប់ ដល់ជនជាតិរបស់ពួកគេ នៅកម្ពុជាផង។ នោះមិនទាន់រាប់បញ្ចូល អំពីកិច្ចព្រមព្រៀង និងសន្ធិសញ្ញាមួយចំនួន ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាម៕
.