អត្ថបទដោយ ទីន ហ្សាការីយ៉ា / វិទ្យុអាស៊ីសេរី RFA Khmer / 02nd-11-2020

តំណាងរាស្ត្រ ១១៦​​រូប នៃ​រដ្ឋសភា​​ឯក​បក្ស​​ អាណត្តិ​ទី៦ បាន​​អនុម័ត​​​ជា​ឯកច្ឆន្ទ​​លើ​​សេចក្ដី​​ព្រាង​​ច្បាប់​​ស្ដីពី​ការ​អនុម័ត​​យល់​ព្រម​​លើ​ពិធីសារ​​ខណ្ឌ​សីមា និង​​បោះ​បង្គោល​​ព្រំដែន​​គោក​ រវាង​កម្ពុជា និង​​វៀតណាម នៅ​ថ្ងៃ​ទី ០២ ខែវិច្ឆិកា។ ចំណែក​​ក្រុម​យុវជន ​ពលរដ្ឋ និង​អ្នក​ឃ្លាំមើល​ព្រំដែន​ ចាត់​ទុក​ការ​អនុម័ត​ច្បាប់​​នេះ​​ថា ជា​រឿង​អយុត្តិធម៌​ធ្ងន់ធ្ងរ​ សម្រាប់​​ប្រជាជាតិ​ខ្មែរ​​ទាំង​មូល និង​​ជា​កំហុស​​ដ៏​ធំ​មួយ​​របស់​រដ្ឋាភិបាល​​លោក ហ៊ុន សែន

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា​លោក ឡេង ប៉េងឡុង ប្រាប់​​អាស៊ី​សេរី​​ថា ក្រោយ​​ពី​​រដ្ឋសភា ​អនុម័ត​ច្បាប់​នេះ​រួច ​នឹង​រុញ​ឱ្យ​ព្រឹទ្ធសភា ​ពិនិត្​យ​នៅ​ពេ​ល​ឆាប់ៗ នេះ ព្រោះ​ច្បាប់​នេះ ​ត្រូវ​បាន​ចាត់ទុក​ជា​ការប្រញាប់។ លោក​ថា បន្ទាប់​ពី​ឆ្លង​ស្ថាប័ន​​ព្រឹទ្ធសភា​ពិនិត្យ​រួចរាល់​ នឹង​ដាក់ថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​ប្រកាស​​ឱ្យ​ប្រើ​ជា​ផ្លូវការ។

លោក ឡេង ប៉េងឡុង បន្ត​ថា ការ​អនុម័ត​ច្បាប់​នេះ ​ពុំ​មែន​ធ្វើឡើង​​ដោយ​​លាក់​លៀម​នោះ​​ទេ ព្រោះ​បង្គោល​ព្រំដែន ដែល​បាន​បោះ​រួច​ចំនួន ៨៤​ភាគ​រយ ​មាន​និយាមកា​​បង្ហាញ​ពី​ភូមិសាស្ត្រ​​ច្បាស់លាស់​​ អម​ដោយ​ឯកសារ​ជាង ៣​ពាន់​ទំព័រ និង​របាយការណ៍​តូចៗ រាប់​រយ​ទំព័រ​ទៀត។ លោក ​បដិសេធ​មិន​បញ្ជាក់​លម្អិត​ថា នឹង​ផ្សព្វផ្សាយ​​ខ្លឹមសារ​​ច្បាប់​​នេះ​នៅ​ពេលណា​​នោះ​ទេ៖ «ព្រឹទ្ធសភា​ លោក​ចាប់​ផ្ដើម​ពិភាក្សា​ភ្លាម​ ពីព្រោះ​ថា ច្បាប់​នេះ​ចាត់​ទុក ជា​ការ​ប្រញាប់​ អត់​មាន​អី​សង្ស័យ​ទៀត​ទេ គឺ​ថា យើង​ធ្វើ​ហ្មត់ចត់​ជា​ច្រើន​សិប​ឆ្នាំ​មក​ហើយ។ រឿង​ព្រំដែន​ហ្នឹង​គឺថា បាន​គិត​គូ​តាំង​ពី​ឆ្នាំ ១៩៩៧ រហូតដល់​ឆ្នាំ ១៩៨៥ ឆ្នាំ​២០០៥ យើង​បោះ​បង្គោល ៣​មុខ សុទ្ធតែ​មាន​និយាមកា​ច្បាស់លាស់»។

សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័តយល់ព្រម​​លើ​ពិធីសារ​ខណ្ឌសីមា និង​​បោះ​​បង្គោល​ព្រំដែន​​គោក ​រវាង​កម្ពុជា និង​វៀតណាម គឺជា​ការ​ទទួលស្គាល់​​និយាមកា ​នៃ​​ការ​បោះ​​បង្គោល​​ព្រំដែន​គោក​ កម្ពុជា ​និង​វៀតណាម ​សម្រេច​បាន ៨៤ភាគ​រយ​ ផ្សា​ភ្ជាប់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្​ឋ​ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែ​ម​ឆ្​នាំ២០០៥ និង​សន្ធិ​សញ្ញា​​ឆ្នាំ​២០១៩ និង​ផែនទី​ខ្នាត ១លើ ២៥ពាន់ (១/២៥.០០០) ដែល​វៀតណាម និង​កម្ពុជា​ ទើប​តែ​ចុះ​ហត្ថលេខា​ប្រកាស​ឱ្យ​ប្រើ​ថ្មីៗ នេះ។
​​
តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​​របប​ក្រុងភ្នំពេញ​​មួយ​ចំនួន បាន​​ចាត់​​ទុក​ថា ការ​អនុម័ត​​សេចក្ដី​ព្រាង​​ច្បាប់​មួយ​​នេះ គឺ​ជា​សមិទ្ធផល​​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ​​មាន​​ព្រំដែន​​ច្បាស់លាស់​​ជាមួយ​ប្រ​ទេ​ស​​ជិត​ខាង ដូចជា ការពារ​ទឹក​ដី បញ្ចប់​ជម្លោះ​ព្រំដែន​​ដ៏​ស្មុគ​ស្មាញ និង​រ៉ាំរ៉ៃ​ ព្រម​ទាំង​បង្កើត​​ព្រំដែន​​សន្តិភាព និង​​អភិវឌ្ឍន៍​​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា ក្រុម​យុវជន និង​គណបក្ស​ប្រឆាំង មិន​គាំទ្រ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​​នេះ​​ទេ ដោយ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ និង​អាថ៌កំបាំង ដើម្បី​​បំពេញ​មហិច្ឆតា​​ឈ្លានពាន​​ដី​ខ្មែរ​​ជា​ថ្មី​ទៀត​​របស់​វៀតណាម។ ពួក​គេ​ចោទ​ថា អ្នក​តំណាងរាស្ត្រ​​ដែល​​លើក​ដៃ​គាំទ្រ​​ការ​អនុម័ត​​ច្បាប់​នេះ នឹង​ត្រូវ​ចារ​ទុក​​ក្នុង​ទំព័រ​​ប្រវត្តិសាស្ត្រ ​រួម​ចំណែក​ធ្វើ​ឲ្យ​បាត់បង់​ទឹក​ដី​ខ្មែរ ​ទៅ​ខាង​វៀតណាម។

សមាជិក​ក្រុម​ការងារ ១០០រាត្រី​លោក ឃីម សុខុម ប្រកាស​មិន​ទទួល​ស្គាល់​​ច្បាប់​​នេះ​​ទេ ព្រោះ​​លោក​​ថា រដ្ឋសភា​​ឯក​បក្ស ដែល​គ្មាន​​គណបក្ស​ប្រឆាំង ​​ចូលរួម ​មិន​ឆ្លុះ​​បញ្ចាំង​​ឆន្ទៈ​ពិត​​ប្រាកដ​​របស់​ពលរដ្ឋ​ឡើយ។ លោក​​បញ្ជាក់​ថា ការ​អនុម័ត​ច្បាប់​​នេះ​​ដោយ​ប្រញាប់ គឺ​ធ្វើឡើង​​តាម​ការ​នឹក​ឃើញ​របស់​បុគ្គល​​មាន​អំណាច​​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ​ស្រប​ពេល ដែល​កម្ពុជា​​កំពុង​ជាប់​ផុង​​ក្នុង​ជម្លោះ​​នយោបាយ​​រ៉ាំរ៉ៃ៖ «បារម្ភ​មែនទែន ព្រោះ​បូរណភាព​ទឹកដី និង​ឯករាជ្យ​ភាព​របស់​ប្រទេស​មួយ ហើយ​ការ​ព្រួយបារម្ភ​នេះ ប្អូន​ផ្ទាល់​ក៏​គ្មាន​គំនិត​ឱ្យ​លើស​ពី​អ្នក​នយោបាយ​ផ្សេងៗ ថា ត្រូវ​ដោះស្រាយ​បែប​នេះ និង​បែប​នោះ​ដែរ​ដោយសារ​អី? ដោយសារ​ច្បាប់​នៅ​លើ​មនុស្ស​ម្នាក់ នៅ​លើ​មនុស្ស​មួយ​ក្រុម​គេ​ចង់​ធ្វើ​ម៉េច? គឺ​ធ្វើ​អ៊ីចឹង»

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា ការ​អនុម័ត​​សេចក្ដី​​ព្រាង​​ច្បាប់​​នេះ គឺ​ជា​​ការ​កាត់​ដី​​ខ្មែរ​​តាម​បណ្ដោយ​ព្រំដែន ​ទៅ​ឱ្យ​វៀតណាម​​ ដោយ​ស្រប​​ច្បាប់ ព្រោះ​​ការ​បោះ​បង្គោល​​ព្រំដែន​​គ្រប់តំបន់​ ធ្វើ​ឡើង​ខ្វះ​តម្លាភាព និង​មាន​​ភាព​មិន​ប្រក្រតី​ច្រើន ដូចជា កសិករ​ខ្មែរ​ត្អូញត្អែរ​ពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ។ លោក សង្កេតឃើញ​ថា របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​​ដោះស្រាយ​នោះ​ទេ បែរជា​ព្យាយាម​​ធ្វើ​ឱ្យ​បង្គោល​​ព្រំដែន ដែល​បោះ​លយ​ចូល​​ដី​ខ្មែ​រ​កន្លង​ទៅ ​ឱ្យ​ក្លាយ​ជា​បង្គោល​​ស្រប​ច្បាប់​​ទៅ​វិញ៖ «គណបក្ស​សង្គ្រោះ​ជាតិ សូម​បដិសេធ​មិន​ទទួល​ស្គាល់​ នូវ​ការ​អនុម័ត​​យល់​ព្រម​​លើ​សេចក្ដី​ព្រាង​​ច្បាប់​នេះ​​ផង​ដែរ។ ដូច្នេះ​ការ​អនុម័ត​​របស់​រដ្ឋសភា​​ថ្ងៃនេះ ​ជា​ការ​យល់ព្រម​កាត់​ទឹកដី​ខ្មែរ​ ទៅ​តាមដែល​​យួន​​ឈ្លានពាន ​​ឱ្យ​ទៅជា​ស្រប​ច្បាប់ ​ទៅ​ឱ្យ​ប្រទេស​យួន​ ប្រជាពលរដ្ឋ​ខ្មែរយើង​ នៅ​ពេល​បោះ​បង្គោល​ម្តងៗ ប្រជា​ការ​កសិករ​របស់​យើង​ តាម​ជាយ​ដែន​តែងតែ​ស្រែក​យំ​​បាត់​ដីស្រែ​​ចម្ការ​របស់​គាត់»

រីឯ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជា​ប្រចាំ​ប្រទេស​​ន័រវេស (Norway) លោក ម៉ែន ណាត ចាត់​​​ទុក​​សេចក្ដីព្រាង​​ច្បាប់​​នេះ ជា​ហានិភ័យ​ធ្ងន់ធ្ងរ​ណាស់​ សម្រាប់​​បូរណភាព​​ទឹក​ដី​​កម្ពុជា ជា​ពិសេស ធ្វើ​ឱ្យ​កម្ពុជា​ ខាត់​បង់​​ទឹកដី​​បន្ថែម​ទៀត នៅ​ពេល​​ដែល​​ច្បាប់​នេះ ត្រូវ​បាន​អនុវត្ត។ លោក ​បន្ទោស​រដ្ឋាភិបាល​ថា មិន​គោរពច្បាប់​ជាតិ និង​អន្តរជាតិ ​ក្នុង​ការ​ការពារ​បូរណភាព​​ទឹក​ដី និង​អធិបតេយ្យ​​ជាតិ​​ខ្មែរ​​នោះ​ទេ៖ «ដូច្នេះ​ហើយ​អា​ហ្នឹង​ ជា​ការ​ធ្វើ​ជាតិ​ប្រហារ ជា​ហានិភ័យ​​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ទឹកដី​កម្ពុជា​យើង​ សម្រាប់​យើង​​ជា​ពលរដ្ឋ​ខ្មែរ​ ជា​ម្ចាស់​​នៃ​ប្រទេស​​ខ្មែរ​ដែរ អ៊ីចឹង​​យើង​ត្រូវតែ​ប្រឆាំង​ជំទាស់​ ទៅ​លើ​ឯកសារ​ទាំង​អស់​ហ្នឹង ព្រោះ​​ធ្វើ​ឱ្យ​យើង​ បាត់បង់​បូរណភាព​ទឹក​ដី​កម្ពុជាយើង​ ទៅ​ប្រទេស​វៀតណាម»

ទាន់​ទិន​ការ​អនុម័ត​​សេចក្ដីព្រាង​ច្បាប់​នេះ​​ដែរ​ គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ថ្ងៃ​​ដដែល​​នេះ បាន​​ចេញ​​​សេចក្ដី​ថ្លែង​ការណ៍​​ថ្កោលទោស ចំពោះ​ការ​អនុម័ត​​ច្បាប់​នេះ ព្រោះ​​រដ្ឋសភា​​ឯក​បក្ស ដែល​​កើត​ចេញ​​ពី​ការ​បោះ​ឆ្នោត​​បង្គ្រប់​កិច្ច​ កាលពី​ឆ្នាំ​២០១៨ នឹង​​ត្រូវ​ទុក​​ជា​មោឃៈ។ សេចក្ដីព្រាង​ច្បាប់​នេះ​ ធ្វើ​ឡើង​អនុលោម​​តាម​សន្ធិសញ្ញា​​កំណត់​ព្រំដែន​​រដ្ឋ ឆ្នាំ១៩៨៥ សម័យ​​វៀតណាម ​ត្រួតត្រា​កម្ពុជា ហើយ​​សន្ធិសញ្ញា​នេះ ត្រូវ​បាន​​លុប​ចោល រួច​ហើយ​ ដោយ​អំណាច​​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ និង​​មាត្រា១ ចំណុច ២ «ឃ» នៃ​កិច្ច​ព្រមព្រៀង​​សន្តិភាព​ទីក្រុង​​ប៉ារីស ឆ្នាំ១៩៩១៕

.

.