The Cambodia Daily
04th-11-2023
ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី សំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួន នៅតាមខេត្តជាប់ព្រំដែនឱ្យបានប្រសើរឡើង។
នៅក្នុងឱកាសអនុញ្ញាតឱ្យលោក ង្វៀន ហ៊ុយ តាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសមនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី ឃួន សុដារី ថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅរវាងកម្ពុជា និងវៀតណាម នៅតែបន្តឈរស្ថិតស្ថេរយ៉ាងរឹងមាំ និងលូតលាស់ទ្វេឡើងថែមទៀត ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ប្រភពដដែល បានលើកជាសំណូមពរដល់ប្រទេសវៀតណាម បន្តជួយសម្របសម្រួលសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរបន្ថែមទៀត ដើម្បីលើកកម្ពស់ផលប្រយោជន៍ទាំងសងខាង ក៏ដូចជាការធ្វើឱ្យកម្ពុជា កាន់តែមានលទ្ធភាពអភិវឌ្ឍប្រទេសជាតិ នៅក្នុងនោះ មានការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋខ្លួន នៅតាមខេត្តជាប់ព្រំដែន ឱ្យបានប្រសើរឡើងផងដែរ។
លោកស្រី ឃួន សុដារី បន្តថា ទោះបីក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ក្តី ក៏រដ្ឋសភានៃប្រទេសទាំងពីរ នៅតែបានបន្តទំនាក់ទំនង និងធ្វើសកម្មភាពសំខាន់ៗជាមួយគ្នា និងបានគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌសភាតំបន់ និងសកលលោក រួមមាន AIPA, IPU, APPF និង APF ជាដើម។
ជាការឆ្លើយតប លោក ង្វៀន ហ៊ុយ តាំង បានលើកឡើងថា លោកមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាល និងរដ្ឋសភា នីតិកាលទី៧ បានចេញដំណើរដោយភាពស្វាហាប់ និងច្បាស់លាស់ ដែលនឹងនាំមកនូវជោគជ័យធំៗជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើង។
ប្រភពដដែលបានលើកឡើងថា សូមបន្តគាំទ្រ និងជំរុញដល់ការអនុវត្តកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកន្លងមក និងបន្តពង្រឹងពង្រីកទំនាក់ទំនង ការផ្លាស់ប្ដូរដំណើរទស្សនកិច្ច គណៈប្រតិភូរដ្ឋសភានៃប្រទេសទាំងពីរ ឱ្យបាននៅគ្រប់កម្រិត។
ប្រទេសកម្ពុជា មានខេត្តចំនួន ៩ ដែលជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ដូចជាខេត្តកំពត ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តកណ្ដាល និងខេត្តតាកែវ ដែលមានព្រំដែនគោករួមគ្នាប្រវែង ១២៧០គីឡូម៉ែត្រ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ចំណងមិត្តភាពកម្ពុជា និងវៀតណាម បច្ចុប្បន្ននេះ គឺមានផលចំណេញសម្រាប់ប្រទេសវៀតណាម តែមួយគត់។ ជាក់ស្តែង ចាប់ពីកងទ័ពវៀតណាម លើកបន្តុបលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរបស់កម្ពុជា តាំងពីទសវត្សរ៍ឆ្នាំ១៩៨៥ មក កម្ពុជាបានបាត់បង់ធនធានធម្មជាតិរបស់ខ្លួន ទៅប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺព្រៃឈើ និងដីធ្លីរាប់សិបម៉ឺនហិកតារ ដែលក្រុមហ៊ុនវៀតណាម ទទួលបានសិទ្ធិកាន់កាប់ពីរដ្ឋាភិបាលកម្ពុជា រាប់សិបឆ្នាំសព្វថ្ងៃនេះ។
លោក ម៉ែន ណាត លើកឡើងថា ក្នុងរយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន បានងាកទៅរកមហាមិត្តចិន ជាខ្នងបង្អែករបស់ខ្លួនវិញ ក្នុងបំណងឱ្យជួយគាំទ្រដល់កូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត ឱ្យកាន់អំណាចបន្តពីខ្លួន ប៉ុន្តែទំនាក់ទំនងនេះ ក៏មិនខុសពីទំនាក់ទំនងរវាងលោក ហ៊ុន សែន និងវៀតណាម កន្លងមកដែរ គឺកម្ពុជាត្រូវតែផ្តល់ផលប្រយោជន៍ឱ្យចិន ដូចដែលកម្ពុជា ធ្លាប់ផ្តល់ផលប្រយោជន៍ឱ្យវៀតណាម ដូច្នេះដែរ៕