The Cambodia Daily
18-9-2023
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការផ្តល់សញ្ជាតិ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ឱ្យជនបរទេសកន្លងមក ច្រើនតែផ្តល់ទៅឱ្យក្រុមឧក្រិដ្ឋជន និងនិគមជនវៀតណាម ដែលចូលទៅរស់នៅកម្ពុជាខុសច្បាប់ប៉ុណ្ណោះ ដោយពួកគេអាចចំណាយលុយចាប់ពី ១៣ ម៉ឺនដុល្លារអាមេរិកឡើងទៅ គឺអាចទទួលបានសញ្ជាតិខ្មែរភ្លាមៗ។
តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៧ កញ្ញា នេះថា ជនបរទេសដែលបានទិញសញ្ជាតិខ្មែរមួយចំនួនកន្លងមក ច្រើនតែជាឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ក្រុមឧក្រិដ្ឋជនលាងលុយកខ្វក់ និងក្រុមឧក្រិដ្ឋជនចាប់ជំរិត ជាដើម ជាពិសេសនោះគឺជនជាតិចិន តែម្តង ខណៈជនជាតិវៀតណាមខុសច្បាប់ ក៏កំពុងទទួលសញ្ជាតិខ្មែរ តាមរយៈនៃការស្នើសុំសញ្ជាតិជាបន្តបន្ទាប់ដែរសព្វថ្ងៃនេះ។
លោកបន្តថា ប្រសិនបើរដ្ឋាភិបាលថ្មីនេះ នៅតែបន្តដឹកនាំដូចរដ្ឋាភិបាលចាស់ ដែលលោក ហ៊ុន សែន ធ្លាប់ដឹកនាំ តាមរយៈការផ្តល់សញ្ជាតិខ្មែរ ឱ្យជនបរទេស ដែលជាឧក្រិដ្ឋជនបែបនេះទៀត នោះកម្ពុជានឹងខូចឈ្មោះលើឆាកអន្តរជាតិកាន់តែធ្ងន់ធ្ងរ ពីព្រោះក្រុមឧក្រិដ្ឋជនទាំងនោះ នឹងយកប្រទេសកម្ពុជា ជាមូលដ្ឋាននៃការចាប់ជំរិត ការលាងលុយកខ្វក់ និងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត កាន់តែច្រើនឡើងៗទៅថ្ងៃមុខ។
លោកបន្តថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ប៉ូលិសសិង្ហបុរី បានចាប់ខ្លួនជនជាតិចិន និងមនុស្ស ៧ នាក់ទៀតដែលពាក់ព័ន្ធការលាងលុយកខ្វក់ជិត ១ ពាន់លានដុល្លារអាមេរិក ដែលត្រូវគេរកឃើញថា ពួកគេសុទ្ធតែមានសញ្ជាតិខ្មែរ តាមរយៈលិខិតឆ្លងដែន របស់ពួកគេ ដែលបានប្រើប្រាស់ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលគេមើលឃើញថា រដ្ឋាភិបាលកម្ពុជា បានផ្តល់សញ្ជាតិខ្មែរដល់ជនបរទេសជាបន្តបន្ទាប់ ក្នុងនោះ មួយចំនួនធំត្រូវគេដឹងថា បានផ្តល់ទៅឱ្យក្រុមឧក្រិដ្ឋជន ដែលនឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅថ្ងៃមុខ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ជនបរទេស ១០ នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការប្រឆាំងការលាងលុយកខ្វក់ដ៏ធំបំផុតមួយ ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១ ពាន់លានដុល្លារសិង្ហបុរី ដែលស្មើនឹងជាង ៧០០ លានដុល្លារអាមេរិក (៧៣៦ លានដុល្លារអាមេរិក) ត្រូវបានរឹបអូស និងបង្កក ក្នុងប្រតិបត្តិការនោះ។ ជាងនេះទៀត ក្រុមឧក្រិដ្ឋជនជនជាតិចិន ៣ នាក់ ត្រូវបានរកឃើញថា មានសញ្ជាតិខ្មែរ ដែលពួកគេត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងបន្លំ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨ កញ្ញា នេះថា មុននឹងផ្តល់សញ្ជាតិឱ្យជនបរទេស រដ្ឋាភិបាលត្រូវតែសិក្សាអំពីប្រវត្តិរូប អំពីប្រភពចំណូលរបស់ពួកគេ ឱ្យបានល្អិតល្អន់ជាមុន មិនមែនត្រឹមតែថាឱ្យតែអ្នកណាមានលុយវិនិយោគ ឬក៏មានលុយជួយរដ្ឋាភិបាល អាចចូលសញ្ជាតិខ្មែរបាននោះទេ។ លោកបន្តថា ការធ្វើដូច្នេះ នឹងបង្កហានិភ័យដល់កម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញនៅពេលក្រោយ។
លោក មាជ សុណ្ណារ៉ា លើកឡើងថា ប្រសិនបើលុយទាំងអស់នោះ បានមកពីបទឧក្រិដ្ឋ ដូចជាការលាងលុយកង្វក់ ឬការជួញដូរមនុស្ស ដូច្នេះការផ្តល់សញ្ជាតិនេះ នឹងប៉ះពាល់ដល់មុខមាត់ប្រទេសជាតិជាមិនខាន ខណៈរដ្ឋាភិបាលខ្លួនឯង ក៏ត្រូវប្រឈមនឹងការដោះស្រាយអំពើឧក្រិដ្ឋកម្មនានា ដែលក្រុមឧក្រិដ្ឋនោះ បានប្រព្រឹត្តដែរ ដូចជា ការយកទឹកដីខ្មែរធ្វើជាមូលដ្ឋានចាប់ជំរិត ការឆបោក ឬលាងលុយកខ្វក់ ជាដើម។
ច្បាប់ស្ដីពីសញ្ជាតិឆ្នាំ១៩៩៦ ចែងថា ការទទួលបានសញ្ជាតិខ្មែរ អាចកើតឡើងបាននៅក្នុងករណីដែលបុគ្គលណាម្នាក់ ទទួលសញ្ជាតិខ្មែរពីកំណើត ឬតាមរយៈអាពាហ៍ពិពាហ៍ និងការសុំចូលសញ្ជាតិ ដែលហៅសញ្ជាតូបនីយកម្ម ជាដើម។
យ៉ាងណាក៏ដោយ ច្បាប់ស្ដីពីសញ្ជាតិនេះ ត្រូវបានព្រះមហាក្សត្រព្រះបរមនាថ សីហមុនី ឡាយព្រះហស្តលេខាឱ្យប្រើប្រាស់ជាថ្មី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីរដ្ឋាភិបាលបានផ្ដួចផ្ដើមកែប្រែនូវខ្លឹមសារមួយចំនួន និងទទួលបានការយល់ព្រមទាំងស្រុង ពីរដ្ឋសភាជាតិ។
ខ្លឹមសារកែប្រែក្នុងច្បាប់ស្ដីពីសញ្ជាតិថ្មីនេះ មិនបានកំណត់ទឹកប្រាក់សម្រាប់ជនបរទេស ដែលមានបំណងទិញសញ្ជាតិខ្មែរនោះទេ គឺសម្រេចទុកសិទ្ធិនៃការកំណត់នេះ ទៅឲ្យរដ្ឋាភិបាល ជាអ្នកកំណត់ក្នុងអនុក្រឹត្យវិញ ខណៈច្បាប់ចាស់ បានកំណត់យ៉ាងច្បាស់ថា ជនបរទេសដែលបានធ្វើវិនិយោគក្នុងទំហំទឹកប្រាក់ចំនួនជាង ១ពាន់លានរៀល (១២៥០ លានរៀល) ឬបរិច្ចាគលុយជូនរដ្ឋ នូវទឹកប្រាក់ចាប់ពី ១ពាន់លានរៀលឡើងទៅ (១ ពាន់លានរៀល) គឺអាចស្នើសុំសញ្ជាតិខ្មែរបាន រួមជាមួយលក្ខខណ្ឌមួយចំនួនទៀត។
កាលពីអំឡុងឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ចាប់តាំងពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០២២ កន្លងទៅ ជនបរទេសដែលបានសុំចូលសញ្ជាតិខ្មែរ តាមរយៈសញ្ជាតូបនីយកម្ម និងតាមរយៈនៃការបរិច្ចាគប្រាក់ឱ្យដល់រដ្ឋាភិបាលកម្ពុជា មកទល់នឹងឆ្នាំ២០២២ កន្លងទៅនេះ គឺមានចំនួនសរុបដល់ជាង ២ពាន់នាក់ហើយ (២៥២៨ នាក់) ដែលមកពីសញ្ជាតិដើម ចំនួន ៥០ ខុសៗគ្នា៕