អត្ថបទទស្សនាវដ្តី (Nokor Thom Daily)
09th-6-20
21

ភ្នំពេញ ៖ អ្នកវិភាគ និង​ឃ្លាំមើល​នយោបាយ​-​សង្គម បាន​លើក​ឡើង​ថា ជាតិ​មួយ​រឹងមាំ​ទៅ​បាន ទាល់​តែ​កោសិកា​សំខាន់​ ៥ រឹង​មាំ​ល្អ។

លោក ម៉ែន ណាត ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស បាន​សរសេរ​នៅ​ក្នុង​គណនី និង​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា ជាតិ​មួយ​រឹង​មាំ​ទៅ​បាន ទាល់​តែ​៖

១. ប្រព័ន្ធច្បាប់រឹងមាំ
២. ធ្វើ​សេដ្ឋកិច្ច​រឹង​មាំ​ម្ចាស់ការ
៣. នយោបាយ​ផ្ទៃក្នុង និង​អន្តរជាតិ​ល្អ
៤. ក្រុម​មេដឹកនាំ​មាន​កំណើត
៥. ពលរដ្ឋ​ឧស្សាហ៍​ព្យាយាម​ការងារ​ ការ​អាន រៀនសូត្រ។

បន្ថែម​លើ​សំណេរ​តាម​ហ្វេសប៊ុក​ខាង​លើ​នេះ លោក ម៉ែន ណែត បាន​បញ្ជាក់​ប្រាប់​«នគរធំ» នៅ​ថ្ងៃទី​០៧ ខែ​មិថុនា ឆ្នាំ​២០២១ ថា នៅ​ក្នុង​ខ្លឹមសារ​ដែល​លោក​លើក​ឡើង​ពី​កោសិកា​សំខាន់​ទាំង ៥ នេះ លោក​ចង់​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល ប្រជាពលរដ្ឋ និង​ អ្នកនយោបាយ ទាំងប្រឆាំង និង​គណបក្ស​កាន់​អំណាច ត្រូវ រួមគ្នា​ផ្តោត​លើ​កោសិកា​ទាំង ៥ នេះ ទើប​ជាតិ​ខ្មែរ ដែល​កាន់​របប​លទ្ធិ​ប្រជា​ធិបតេយ្យ រឹងមាំ​ទៅ​បាន។

លោក ម៉ែន ណាត បាន​មាន​ប្រសាសន៍​ថា «សំខាន់​នៅ​ក្នុង​ខ្លឹមសារ​ដែល​ខ្ញុំ​លើក​ឡើង​ហ្នឹង ខ្ញុំ​ចង់​លើក​ទឹកចិត្ត​ទៅ​ខាង​រដ្ឋាភិបាល​ខ្លះ​ទៅ ហើយ​លើក​ទឹកចិត្ត​ដល់​ប្រជា​ពលរដ្ឋ​យើង​ខ្លះ​ទៅ ហើយ​និង​អ្នក​នយោបាយ​ខ្លះ​ទៅ អ្នក​នយោបាយ​ទាំង​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច​ហ្នឹង។ ដួច្នេះ​ដើម្បី​កសាង​ជាតិ​មួយ​រឹងមាំ ខ្ញុំ​គិត​ថា អាហ្នឹង​វា​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដែរ ប្រព័ន្ធ​ច្បាប់​រឹង​មាំ ប្រព័ន្ធ​ច្បាប់​រឹង​មាំ​នេះ វា​ទាល់​តែ​អំណាច​ទាំង ៣ របស់​ជាតិ​ហ្នឹង​វា​ឯករាជ្យ ទី១ សភា ទី២ រដ្ឋាភិបាល ទី៣ តុលាការ ហ្នឹង ហើយ​បន្ថែម​មួយ​ទៀត អំណាច​ទី៤ នៅ​ក្នុង​របប​ប្រជា​ធិបតេយ្យ​ហ្នឹង វា​មាន​ប្រព័ន្ធសារ​ព័ត៌មាន ៤​ចំណុច​ហ្នឹង​ ឯករាជ្យ។ ក្រៅ​ពី​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ឯករាជ្យ​ទាំង ៣ ហើយ វា​មាន​បណ្តាញ​សារព័ត៌មាន ទាំង​រដ្ឋ ទាំង​ក្រៅ​រដ្ឋាភិបាល​ហ្នឹង ឯករាជ្យ​ដែរ អាហ្នឹង​បាន​អាច​កសាង​​ជាតិ​​មួយ កោសិកា​ទី​១ ដែល​វា​ជា​ចំណុច វិជ្ជមាន​រឹង​មាំ​បាន»។

«ចំណុច​ទី​២ បញ្ហា​សេដ្ឋកិច្ច​រឹង​មាំ វា​ទាល់​តែ​មេ​ដឹកនាំ​ជាតិ​ហ្នឹង ត្រូវ​តែ​រក​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង ហៅ​ថា ម្ចាស់​ការ។ ជា​ការ​ពិត ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ ចៀស​មិន​ផុត​ពី​កម្ចី​បរទេស​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​ចំណុច​ច្បាប់​រឹង​មាំ​ហើយ អ៊ីចឹង​បើ​យក​ថវិកា​កម្ចី ឬ​ថវិកា​ជំនួយ វា​មិន​អាច​ទៅ​ពុក​រលួយ​ក្រោម​តុ យក​ធ្វើ​មាន​ធ្វើ​បាន​អី​កើត​ទេ អាហ្នឹង​វា​អ៊ីចឹង ហើយ​ធ្វើ​យ៉ាង​ម៉េច កសាង​សេដ្ឋកិច្ច​ជាតិ​ហ្នឹង​ឱ្យ​រឹង​មាំ គឺ​រក​ទីផ្សារ​ សំខាន់​ជាង​គេ រក​ទីផ្សារ​ឱ្យ​ពលរដ្ឋ។ ឧទាហរណ៍​ដូច​ក្នុង​ស្ថានភាព​{ជំងឺ}​កូវីដ​​សព្វថ្ងៃ​អ៊ីចឹង តើ​រដ្ឋាភិបាល ត្រូវ​ពឹង​ផ្អែក​លើ​អី​គេ​ជា​សំខាន់? ជា​ការ​ពិត នៅ​ស្រុក​ណា​ក៏​ដូច​ស្រុក​ណា គេ​ពឹង​ផ្អែក​ទៅ​លើ​ប្រជា​ពលរដ្ឋ ដែល​ធ្វើ​របរ​ឧស្សាហកម្ម កសិកម្ម ឬ​ក៏​សិប្បកម្ម​អី​ក្នុង​ស្រុក​ហ្នឹង គឺ​គេ​ឱ្យ​តម្លៃ​ជា​វិជ្ជមាន ហើយ​នាំ​គ្នា​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ធ្វើការ​ទៅ ហើយ​រដ្ឋ​ត្រូវ​ជួយ​រក​មធ្យោបាយ​យ៉ាង​ណា ដើម្បី​ឱ្យ​ពលរដ្ឋ​ហ្នឹង អាច​លក់​ផលិតផល​ក្នុង​ស្រុក ហើយ​ទប់​ស្កាត់​ការ​នាំ​ចូល​អីវ៉ាន់ ឱ្យ​បាន​ច្រើន​បំផុត អាហ្នឹង​ជា​ឧទាហរណ៍។ ដល់​អ៊ីចឹង នៅ​ពេល​ប្រជា​ពលរដ្ឋ​មាន​សេដ្ឋកិច្ច​ខ្លះ នៅ​ក្នុង​ដៃ​ហើយ អាច​រក​លទ្ធភាព​បាន​ហើយ ទាំង​ប្រជា​ពលរដ្ឋ ទាំង​រដ្ឋាភិបាល​ហ្នឹង រក មធ្យោបាយ​ជួយ​គ្នា ទៅ​វិញ​ទៅ​មក​ទៅ អាហ្នឹង​វា​ជា​ចំណែក ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង វា​អត់​ស្រួល​ទេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏ដោយ បើ​សិន​មេដឹកនាំ គាត់​ឆ្លាត​វៃ​នៅ​ក្នុង​ការ​ចាត់​ចែង​បញ្ហា​សេដ្ឋកិច្ច​ហ្នឹង ខ្ញុំ​គិត​ថា ប្រើ​ក្នុង​រយៈ​ពេល​កំណត់​មួយ អាច​រឹងមាំ​បាន អាច​លូត​លាស់​បាន»។

«ជា​ឧទាហរណ៍​ដូចជា កម្ពុជា​យើង​ទទួល​ការ​បោះ​ឆ្នោត​១៩៩៣ ហើយ​មក​ដល់​បច្ចុប្បន្ន​ហ្នឹង វា​នៅ​តែ​ក្រីក្រ ប៉ុន្តែ​ប្រទេស​ដែល​រង​ការ​ខ្ទេច​ខ្ទាំ​ដូចគ្នា ឧទាហរណ៍ ដូច​អាល្លឺម៉ង់ ទទួល​រង​ការ​ខ្ទេច​ខ្ទាំ​ជាង​កម្ពុជា ឆ្ងាយ​ណាស់ ក្រោយ​​សង្គ្រាម​លោក​លើក​ទី២ មក រហូត​មក​ដល់​សង្គ្រាម​ត្រជាក់ ឆ្នាំ១៩៨៩ ហ្នឹង បាន​អាល្លឺម៉ង់​ទាំង​ពីរ​ហ្នឹង អាច​បញ្ចប់​សង្គ្រាម​ត្រជាក់​បាន ខាង​លិច ខាង​កើត​ហ្នឹង ហើយ​បញ្ចប់​សង្គ្រាម​ត្រជាក់ យើង​គិត​មើល រយៈ​ពេល ២៥​ឆ្នាំ អាល្លឺម៉ង់ ក្លាយ​ជា​ប្រទេស​អ្នក​មាន ដូច​ប្រទេស​ឯទៀត នៅ​ក្នុង​លោក​ខាង​លិច ដូច​ន័រវែស ដូច​នៅ​បារាំង ដូច​នៅ​អង់គ្លេស ដូច​នៅ​ស៊ុយអែដ ដូច​នៅ​ដាណឺម៉ាក អ៊ីចឹងទៅ គឺ​សេដ្ឋកិច្ច​ប្រដម​ប្រសង​គ្នា។ ចុះ​កម្ពុជា? កម្ពុជា យើង​ទទួលរង​ឥទ្ធិពល​សង្គ្រាម​ត្រជាក់​តិច​តួច​ដែរ ប៉ុន្តែ​យើង​បាន​បញ្ចប់​ទៅ​ដំណាល​នឹង​គេ និង​ឯង​ដែរ យើង​បាន​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​១៩៩១ ហើយ​បាន​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ ហើយ​យើង មិន​បាច់​នឹក​ដល់​អាល្លឺម៉ង់​ផង {គឺ}​នឹក​ត្រឹម​កូរ៉េ​ខាងជើង កូរ៉េ​ខាងត្បូង ឃើញទេ! ប្រទេស​នៅ​ជិត ក្បែរ​ភ្នែក​យើង ប្រទេស​កូរ៉េ​ខាង​ត្បូង ក៏​ទទួល​ឥទ្ធិពល​សង្គ្រាម​ត្រជាក់​ដូចគ្នា ហើយ​បាន​ទទួល​ការ​អភិវឌ្ឍ​ខ្លាំង ក្រោយ​ឆ្នាំ​៩០ ដូចគ្នា ប៉ុន្តែ កូរ៉េ​ខាង​ត្បូង គេ​ក្លាយ​ជា​ប្រទេស​អ្នក​មាន​ដ៏​ស្តុក​ស្តម្ភ នៅ​ជាប់​អាស៊ី​អាគ្នេយ៍​យើង​ហ្នឹង។ ដូច្នេះ បញ្ហា​សេដ្ឋកិច្ច​នេះ វា​ទាល់​តែ​មាន​មេ​ដឹកនាំ​ឆ្លាត​វៃ​ណាស់ បាន​អាច​ធ្វើបាន​ក្នុងរយៈ​ពេល​មួយ»។

លោក ម៉ែន ណាត បន្តថា «ហើយ​ចំណុច​ទី​៣ ខ្ញុំ​ចង់​និយាយ​ពី​​នយោបាយ​ផ្ទៃ​ក្នុង​ជាតិ និង​អន្តរជាតិ​ហ្នឹង​ វា​ត្រូវ​តែ​ល្អ។ ហេតុ​អី​បាន​ខ្ញុំ​លើក​បញ្ហា​ហ្នឹង? ពី​ព្រោះ​អ៊ី​ចេះ! យើង​ធ្វើ​នយោបាយ ច្រើន​តែ​លម្អៀង​ដូច​សព្វថ្ងៃ​អ៊ីចឹង យើង​{រដ្ឋាភិបាល}​​ខ្ចី​លុយ​ចិន​ច្រើន យើង​ជំពាក់​លុយ​ចិន​ច្រើន យើង​លម្អៀង​ទៅ​ប្រទេស​ចិន​ជ្រុល ហើយ​ដល់​ចិន​ជ្រុល យើង​បើក​ការ​វាយ​ប្រហារ​ខាង​វោហារ​សាស្ត្រ ទៅ​ប្រទេស​លោក​សេរី យើង​{រដ្ឋាភិបាល}​ខាត! ដូច​បញ្ហា​សិទ្ធិ​មនុស្ស បញ្ហា​ប្រជា​ធិបតេយ្យ ដែល​អឺរ៉ុប​ ហ្នឹង​គេ​ធ្វើ​ជាមួយ​យើង ហ្នឹង​ហើយ​គេ​ដក​ {EBA} ២០​% យើង​ខាត​ណាស់ ខាត​សម្បើម​ណាស់ រាប់​ពាន់​លាន​{ដុល្លារ}​ក្នុង​​មួយៗ​ឆ្នាំ ជុំវិញ​ការ​នាំ​ទំនិញ​ចេញ។ ហេតុ​អី​បាន​យើង ចូល​ចិត្ត​តែ​រក​ស៊ី​ជួញ​ខាត​អ៊ីចឹង? អាហ្នឹង​​បញ្ហា​នយោបាយ ភ្ជាប់​នឹង​បញ្ហា​សេដ្ឋកិច្ច ក្នុង​ចំណុច​ទី​២ {ខាង​លើ}​ហ្នឹង​ដែរ។ យើង​កុំ​មាន​គំនិត​ជួញ​ខាត អ៊ីចឹង ប្រទេស​វៀតណាម គេ​អត់​ជួញ​ខាត​ទេ គេ​ធ្វើ​នយោបាយ​ទាំង​នយោបាយ​ជាតិ ទាំង​នយោបាយ​សេដ្ឋកិច្ច គេ​ធ្វើ​លេខ​បូក។ លេខ​បូក បាន​ទទួល​ការ​អនុគ្រោះ​ពន្ធ ពី​សហភាព​អឺរ៉ុប ហើយ​និង​ពី​សហរដ្ឋ​អាមេរិក ហើយ​បាន​ទទួល​ការ​វិនិយោគ​ច្រើន​ពី​ចិន ទៀត។ បើ​យើង​ធៀប​ចិន និង​វៀតណាម ជាមួយ​និង​ចិន​-​កម្ពុជា ចិន ទៅ​វៀតណាម​ច្រើន​ជាង​ចិន មក​កម្ពុជា ទៅ​ទៀត អាហ្នឹង​ថ្វី​ត្បិត​តែ​ប្រទេស​ទាំង​ពីរ មាន​អរិភាព​ខាង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ក៏​ដោយ។ ដូច្នេះ បញ្ហា​នយោបាយ យើង​កុំ​មាន​លម្អៀង បញ្ហា​នយោបាយ​អន្តរជាតិ យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​តុល្យភាព ហើយ​ធ្វើ​លេខ​បូក ដូច​គេ​ដូច​ឯង​ទៅ»។

«ប្រទេស​ថៃ ក៏​គេ​ធ្វើ​លេខ​បូក​ដែរ ប្រទេស​ថៃ ជាមួយ​វៀតណាម ជាមួយ​ចិន ជាមួយ​អាមេរិក ជាមួយ​អឺរ៉ុប ហ្នឹង គេ​ធ្វើ​លេខ​បូក​ដែរ។ ដូច្នេះ សេដ្ឋកិច្ច​គេ​ក៏​វា​ល្អ ទំនាក់​ទំនង​នយោបាយ​អន្តរជាតិ ក៏​វា​គ្រាន់​បើ ហើយ​បញ្ហា​នយោបាយ​ផ្ទៃក្នុង​ជាតិ វា​មាន​វិបត្តិ​ខ្លះនៅ​ប្រទេស​ថៃ ដោយសារ​អំណាច​យោធា។ ក៏​ប៉ុន្តែ ហេតុ​អី​បាន​ជា​វៀតណាម ប្រទេស​កុម្មុយនីស្ត គេ​មិន​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស? បញ្ហា​លទ្ធិ​ប្រជា​ធិបតេយ្យ? ហើយ​ហេតុ​អី​បាន​គេ​និយាយ​តែ​ពី​កម្ពុជា? ដោយសារ​កម្ពុជា យើង​ជាប់​លក្ខខណ្ឌ​មួយ គឺ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ហើយ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង គឺ​តម្រូវ​ឱ្យ​ភាគី​ទាំង​អស់ ផ្ទៃក្នុង​ជាតិ​ហ្នឹង ត្រូវ​តែ​រក​ចំណុច​ឯកភាព​គ្នា ហើយ​ធ្វើ​ឱ្យ​មាន​រដ្ឋធម្មនុញ្ញ យើង​ឆ្នាំ​១៩៩៣ នេះ ដើរ​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ ហើយ​ប្រទេស​វៀតណាម គេ​មាន​ឯ​ណា? ប្រទេស​វៀតណាម គេ​អត់​មាន​កិច្ច​ព្រម​ព្រៀង​អី ដើម្បី​ជំរុញ​ទៅ​រក​ប្រជា​ធិបតេយ្យ​ឯ​ណា អត់​ទេ! លក្ខខណ្ឌ​ខុស​គ្នា។ អ៊ីចឹង​យើង កុំ​ប្រៀប​ធៀប​កម្ពុជា និង​វៀតណាម កម្ពុជា​និង​ចិន យើង​ប្រៀប​ធៀប​មិន​បាន​ទេ។ អ៊ីចឹង អ្វី​ដែល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ហ្នឹង ហើយ​មាន​ប្រទេស​ជា​ច្រើន ដែល​ចូល​រួម​ទទួល​ស្គាល់​ហ្នឹង យើង​នាំ​គ្នា​អនុវត្ត​អាហ្នឹង​ទៅ។ អាហ្នឹង​ បញ្ហា​នយោបាយ​ហ្នឹង សព្វថ្ងៃ​យើង​មាន​រកាំ​រកូស​រឿង​បញ្ហា​ផ្ទៃក្នុង ហ្នឹង ដោយសារ​បក្ស​កាន់​អំណាច គាត់​ព្យាយាម​គ្រប់​គ្រង​អំណាច ដោយ​អត់​មាន​បក្ស​ប្រឆាំង ដែល​មាន​កម្លាំង​ស្មើ​អ៊ីចឹង​ទៅ មិន​ឱ្យ​បក្ស​ប្រឆាំង ដែល​មាន​កម្លាំង​ប្រដម​ប្រសង​ហ្នឹង ធ្វើ​នយោបាយ​ត​ទល់​ទេ តែ​ឱ្យ​គណបក្ស​តូចៗ ដែល​គ្មាន​ឥទ្ធិពល​អ្វី​ទាំង​អស់ ឱ្យ​ប្រកួត​ប្រជែង​ជា​មួយ​គាត់។ អាហ្នឹង​តាម​ពិត​ទៅ វា​មិន​ត្រូវ​ទេ ធ្វើ​អ៊ីចឹង វា​អត់​ត្រូវ​ទេ រក​ចំណុច​ឯកភាព​ជាតិ អត់​ទាន់​ឃើញ​ទេ។ អាហ្នឹង​ចំណុច​ទី​៣ ហ្នឹង​វា​មាន​ការ​ខ្វះ​ចន្លោះ​ច្រើន​ណាស់ សម្រាប់​ការ ដឹកនាំ​ជាតិ​របស់​យើង សព្វ​ថ្ងៃ​ហ្នឹង»។

«ហើយ​ចំណុច​ទី៤ វា​ទាល់​តែ​មេដឹកនាំ​ហ្នឹង​ល្អ ហើយ​ក្រុម​​មេ​ដឹកនាំ​ល្អ​ទៅ​បាន វា​ទាល់​តែ​មេដឹកនាំ​ ចេះ​ស្រលាញ់​ជាតិ ចេះ​ដឹកនាំ​ជាតិ​ហ្នឹង អត់​មាន​ការ​បែង​ចែក​និន្នាការ​នយោបាយ​នេះ​នោះ​អី​ទេ ហើយ​ព្យាយាម​ឱ្យ​អំណាច​ឱ្យ​ទៅ​ប្រជា​ពលរដ្ឋ ដូច​ជា​សេរីភាព​បញ្ចោញ​មតិ​ហ្នឹង នៅ​ក្នុង​របប​ប្រជា​ធិបតេយ្យ យើង​មាន​ប្រកាន់​ខ្ជាប់​ហ្នឹង យើង​ត្រូវ​តែ​មាន​ដែរ ហើយ«​មេដឹកនាំ​មាន​កំណើត»​ហ្នឹង វា​ទាល់​តែ​មេដឹក​នាំ​ហ្នឹង យក​ច្បាប់​ជា​គោល ដូច​ចំណុច​ទី​១ អ៊ីចឹង បាន​ដឹកនាំ​ជាតិ​ហ្នឹង វា​ទៅ​មុខ​បាន។ កាល​ណា​មាន​ចំណុច​ទី​១ មាន​ចំណុច​ទី​២ និង​មាន​ចំណុច​ទី​៣ គឺ មេដឹកនាំ​ហ្នឹង​ អាច​ក្លាយ​ជា​មេដឹកនាំ​ល្អ​ហើយ»។

លោក ម៉ែន ណាត មាន​ប្រសាសន៍​បន្ត​ទៀត​ថា «ហើយ​ចំណុច​ទី​៥ សំដៅ​ទៅ​លើ​​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គួរ​គប្បី​នាំ​គ្នា​ឧស្សាហ៍​ព្យាយាម ជាង​សព្វថ្ងៃ​ហ្នឹង។ ក្មេងៗ​ខំ​រៀន​សូត្រ ខំ​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​យើង ​ឃើញ​ខុស​ពី​ពលរដ្ឋ​គេ នៅ​ស្រុក​អឺរ៉ុប នេះ ដែល​ខ្ញុំ​ដើរ​ទៅ ពលរដ្ឋ​គេ​ចូល​ចិត្ត​អាន​សៀវភៅ​ណាស់ ពេល​ទំនេរ គេ​អត់​នាំ​គ្នា​ទៅ​ផឹក​ស្រា​អី ទៅ​បៀរ​ហ្គារដិន អី​ព្រឹក​ល្ងាច​ទេ គេ​អាច​ដែរ អ្នក​ដែល​ធ្វើការ​ ល្ងាច​ថ្ងៃ​សុក្រ ល្ងាច​ ថ្ងៃ​សៅរ៍ ហ្នឹង​អាច​ទំនេរ​មួយ​ថ្ងៃ ពីរ​ថ្ងៃ​ហ្នឹង គេ​អាច​នាំ​គ្នា​ផឹក​ស៊ី​ខ្លះ ជួប​ជុំ​បងប្អូន​អី​ម្តង​ម្កាល ប៉ុន្តែ​មិន​មែន​រាល់​ថ្ងៃ​ទេ ហើយ​ប្រជា​ពលរដ្ឋ​គេ នាំ​គ្នា​ធ្វើ​ការ គេ​នាំ​គ្នា​រៀន​សូត្រ ហើយ​គេ​នាំ​គ្នា​គោរព​ច្បាប់។ ដល់​អ៊ីចឹ​ងទៅ ឃើញ​ប្រព័ន្ធ​ ដឹកនាំ​របស់​គេ ក៏​ល្អ ហើយ​ប្រជា​ពលរដ្ឋ​គេ ក៏​ប្រជា​ពលរដ្ឋ​ល្អ ហើយ​គេ​អត់​ធ្វើការ​វ៉ៃ​ប្រហារ ទាំង​ខាង​នយោបាយ គេ​អត់​ធ្វើការ​វ៉ៃ​ប្រហារ ទាំង​ការ​ទិតៀន​គ្នា ជា​លក្ខណៈ​បុគ្គល​អី គឺ​អត់​និយាយ​ដើម​គ្នា​ខាង​មុខ ខាង​ក្រោយ​ខ្នង​អីហ្នឹង គឺ​គេ​ព្យាយាម​កាត់»។

«អ៊ីចឹង គេ​ប្រើ​ប្រាស់​ពេល​វេលា​ទំនេរ​របស់​គេ​ហ្នឹង ក្រៅ​ពី​ការងារ គេ​អាច​អាន​សៀវភៅ ហើយ​អ្នក​ខ្លះ​ គេ​អាច​រៀន​សូត្រ​អី​អ៊ីចឹង​ទៀត​ទៅ ហើយ​ដឹង​ស្រាប់​ហើយ នៅ​ស្រុក​នេះ សូម្បី​តែ​នាយក​សាលា​មត្តេយ្យ ពេល​ខ្លះ​គាត់​រៀន​បាន​ដល់​បណ្ឌិត (PHD) ឯ​ណោះ។ នាយក​សាលា​បឋម​សិក្សា អ្នក​ខ្លះ​អនុ​បណ្ឌិត គ្រូប​ង្រៀន​ក៏​ដោយ អ្នកខ្លះ​ក៏​អនុបណ្ឌិត អ្នក​ខ្លះ​ក៏​បាន​បណ្ឌិត​អី ក៏​គេ​បង្រៀន​នៅ​បឋម បង្រៀន​នៅ​សាលា​មត្តេយ្យ អី​បាន​ដែរ។ ដូច្នេះ​គេ​អត់​ចាំបាច់​ថា បាន​បណ្ឌិត ទាល់​តែ​ធ្វើការ​ខ្ពស់ ទាល់​តែ​ទៅ​បង្រៀន​នៅ​មហា​វិទ្យាល័យ អី​ទេ គេ​មិន​សំដៅ​ទៅ​លើ​អ៊ីចឹង​ទេ កន្លែង​ណា​ក៏​គេ​អាច​ធ្វើ​បាន​ដែរ គ្រាន់​តែ​ថា អតីត​ភាព​ការងារ បូក​និង​តម្លៃ​សញ្ញាបត្រ​គេ គឺ​ប្រាក់​ខែ​គេ​ប្រហែល​តែ​គ្នា។ អ៊ីចឹង​ហើយ បាន​ជា​គេ​មិន​ខ្វល់​ថា ធ្វើការ​នៅ​សាលា​មតេយ្យ ឬ​ឧត្តម​សិក្សា​អី​ទេ គេ​អាច​ទៅ​ធ្វើការ​បាន​គ្រប់​កន្លែង»។

«អ៊ីចឹង​ហើយ​បាន​ខ្ញុំ​គិត​ថា ចំណុច​ទី​៥ ហ្នឹង​មាន​សារសំខាន់​ណាស់ ​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ ព្យាយាម​រៀន​សូត្រ ហើយ​ការងារ​សព្វថ្ងៃ ខ្ញុំ​ឃើញ​កន្លែង​ខ្លះ ដែល​រៀន​សូត្រ យើង​រៀន​សូត្រ តាម​អនឡាញ អ្នក​ដែល​ចង់រៀន សូម្បី​តែ​ប្រើ​ហ្វេសប៊ុក​ហ្នឹង ក៏​រៀន​សូត្រ​បាន​ដែរ សូម្បី​តែ​ពេល​ខ្លះ ទៅ​អង្គុយ​មើល​សារព័ត៌មាន «នគរធំ» ក៏​ជា​កន្លែង​រៀន​សូត្រ​ដែរ មើល​អត្ថបទ​ទៅ​ គេ​សរសេរ​អី​ខ្លះ​ ជា​កន្លែង​រៀន​ទៅ ហើយ​ដក​ស្រង់​គំនិត​គេ ហើយ​ទៅ​ស្តាប់​វិទ្យុ​នានា ទាំង​វិទ្យុ​ប្រឆាំង ទាំង​វិទ្យុ​ស្រ​បអី​ហ្នឹង អាន​ព័ត៌មាន ទាំង​អស់​គ្រប់​ជ្រុង​គ្រប់​ជ្រោយ បើ​ចេះ​ភាសា​អង់គ្លេស​ទៀត វ៉ៃ​តែ Google អី ក៏​អាច​រក​ឯកសារ​រៀន​សូត្រ​បាន​ដែរ។ ដូច្នេះ វា​មាន​សារ​សំខាន់​ណាស់ ខ្ញុំ​គិត​ថា ពលរដ្ឋ​ខ្មែរ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​បន្តិច ដើម្បី​កសាង​សង្គម​មួយ​ ឱ្យ​រឹង​មាំ​ទៅ​បាន»៕ កុលបុត្រ