ច្បាប់ស្តីពីការគ្រប់​គ្រង​​ប្រទេស​ជាតិស្ថិត​​ក្នុង​ភាព​​អាសន្ន ត្រូវបានប្រកាសដោយព្រះរាជក្រម ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តដោយរក្សា​ទុកខ្លឹមសារ​ដើម​ទាំង​ស្រុង។ សូម​អាន ឬ​ទាញ​យក ​ច្បាប់​ – Download

ច្បាប់នេះ ​បានផ្តួចផ្តើមគំនិតដោយ​លោក ហ៊ុន សែន មេដឹកនាំ​កម្ពុជា ក្រោម​ហេតុផលនៃ​ការ​រីករាល​ដាល​មេរោគ​កូរ៉ូណា ឬកូវីដ១៩។ រួចមកគណៈរដ្ឋមន្រ្តី បានប្រើពេលជាង ២ ម៉ោង ដើម្បី​ប្រជុំសម្រេចសេចក្តីព្រាងច្បាប់នេះ ក្រោម​ការដឹកនាំ​កិច្ច​ប្រជុំដោយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០២០។

​ច្បាប់ដដែលនេះ ត្រូវបានរដ្ឋសភាជាតិ របស់​លោក ហេង សំរិន អនុម័តជាការ​​ប្រញាប់ កាលពី​ថ្ងៃទី ១០ ខែមេសា ហើយព្រឹទ្ធសភា បានអនុម័ត កាលពីនៅថ្ងៃទី ១៧ ខែមសា។

ប្រតិកម្មនានា ជុំវិញច្បាប់ស្តីពី​ការគ្រប់​គ្រង​​​ប្រទេស​​​​ក្នុង​​ភាព​​អាសន្ន

– អង្គការ​សង្គម​ស៊ីវិល​ជិត ៧០ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ​ធ្វើ​​វិសោធនកម្ម​​​មាត្​រា​​មួយ​​ចំនួន​ ​នៃ​​​​ច្បាប់​​​​ស្ដីពី​​​ការ​គ្រប់​គ្រង​​​ប្រទេស​​​​ក្នុង​​​​​ភាព​អាសន្ន ដើម្បី​​​ការពារ​​​​សិទ្ធិមនុស្ស​។ សូម​អាន អត្ថប​ទាំង​ស្រុង

– លោក​ស្រី រ៉ូណា ស្ម៊ីត (​Rhona Smith) អ្នក​រាយការណ៍​ពិសេស​​នៃអ​ង្គការ​សហ​ប្រជា​ជាតិ (អ.ស.ប)​ កាល​ពីថ្ងៃទី ០៩ មេសា ឆ្នាំ​២០២០ បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋាភិបាល​កម្ពុជា (សូម​ទាញ​​យក Download) ស​ម្តែង​ការព្រួយ​បារម្ភ យ៉ាង​ដូច្នេះ​ថា ​«យើង​យល់​អំពី​ស្ថានភាពនៃ វិធានការ​បង្ការ​សុខភាព​ពលរដ្ឋ ពី​ការឆ្លង​ជំងឺ​កូវីដ-១៩។ យើង​មាន​ការព្រួយ​បារម្ភ​ថា ការធ្វើ​ច្បាប់​នេះ​ឡើង មាន​ការ​រឹតត្បឹត​ធ្ងន់ធ្ងរ នូវសេរីភាព​បញ្ចេញ​មតិ សេរីភាព​​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សេរីភាព​ដើរហើរ ដែល​មាន​ចែង​ក្នុង​​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ»។ សូមអាន អត្ថបទទាំងស្រុង

– ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានអំពាវនាវតាំងពីដំបូងថា ស្នើឲ្យរដ្ឋសភា និង​​ព្រឹទ្ធសភា ឲ្យធ្វើការ​​ពិចារណា​ អាច​​ផ្អឹប​​ច្បាប់​​ហ្នឹង​ទុក​សិន ឬ​ក៏​បើ​មិន​​អាច​​ផ្អឹប​ទុក​​ទេ {លុះ}ទៅ​ដល់​​ស្ថាប័ន​​ព្រះមហាក្សត្រ ឬក៏​ប្រមុខ​​រដ្ឋ​ស្តីទី​ សូម​​ឱ្យ​​កុំ​ចុះហត្ថលេខា ឬ កុំ​ឡាយ​ព្រះ​ហស្ថ​​ទៅ ដើម្បី​​សិក្សា​​ឱ្យ​​ស៊ីជម្រៅ ឱ្យ​​បាន​​ត្រឹម​ត្រូវ​ ​ស្រប​​ទៅ​​តាម​​ខ្លឹមសារ​​រដ្ឋធម្មនុញ្ញ​ ​​និង​​គោល​ការណ៍​​​លទ្ធិ​ប្រជាធិបតេយ្យ​​របស់​កម្ពុជា​។ សូមអាន អត្ថបទទាំងស្រុង

– លោក Phil Robertson នាយករង​អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បាន​មើល​ឃិញ​ថា ច្បាប់​ស្តីពី​ការដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​នេះ មិន​មាន​ភាព​ចាំ​បាច់​ទេ ក្នុង​ស្ថាន​ភាព​កម្ពុជា​បច្ចុប្បន្ន។ ច្បាប់​នេះ គប្បី​ត្រូវ​​លុប​ចោល។

– លោកបណ្ឌិត ឡៅ ម៉ុងហៃ ត្រូវ​បាន​កាសែត The Cambodia Daily ដក​ស្រង់​សម្តីចុះ​ផ្សាយ​ថា «ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន គួរតែ​កែលម្អ»។ លោកបណ្ឌិត យល់​ឃើញ​ថា «ច្បាប់​នេះ ​ហាក់​បាន​ប្រគល់​អំណាច​លើសលប់ ទៅ​រដ្ឋាភិបាល បន្ថែម​លើអំណាច​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ សម្រាប់ប្រឈម​នឹង​កាល:ទេស:ពិសេស​ណាមួយ»។

– ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​​នៃ​អង្គការ​​សហ​ប្រជា​ជាតិ​ (UNHRC) និង​​ឧត្តម​ស្នងការ​សិទ្ធិ​​មនុស្ស​​​​នៃ​​អង្គការ​​សហ​ប្រជា​ជាតិ​ (UNHCR) នៅ​ទីក្រុងហ្សឺណែវ កាល​ពីថ្ងៃទី ០៩ ខែមេសា ឆ្នាំ​​២០២០ បាន​​បើក​កិច្ចប្រជុំ​សន្ទនា​​តាម​វីដេអូ​​ខល (Video Conference) សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​​ប្រទេស​​មួយចំនួន​នៅ​​ជុំវិញ​ពិភពេលោក ដែល​​យក​វិធានការ​ដាក់​ប្រទេស​​ក្នុង​ភាព​អាសន្ន នៅ​​ក្នុង​ស្ថានភាព​រីក​រាល​ដាល​មេរោគ​កូរ៉ណា ឬ​កូវីដ-១៩ ដើម្បី​គ្រប់​គ្រង​អំណាច​​ត្រួតត្រា​​ គ្មាន​ពេល​កំណត់។ សូមអាន អត្ថបទទាំងស្រុង

អត្ថបទទាក់ទង
ក្រុម​អង្គការ​​សង្គម​​ស៊ីវិល ​អំពាវនាវ​​ឱ្យ​​​កែ​ប្រែ​​ច្បាប់​​គ្រប់​​គ្រង​​​ប្រទេស​​ក្នុង​​​ភាព​​អាសន្ន ​ដើម្បី​​ការពារ​​សិទ្ធិ​មនុស្ស
ព្រឹទ្ធសភា​ អនុម័ត​​​​ច្បាប់​​​គ្រប់​គ្រង​​ប្រទេស​​​ក្នុង​​ភាព​​អាសន្ន ទោះ​​បី​មាន​ប្រតិ​កម្ម​ចម្រុះ​ ទាំង​ជាតិ និង​អន្តរ​ជាតិ
អ្នកឃ្លាំមើល៖ រដ្ឋសភា ព្រឹទ្ធសភា រួម​ទាំង​ស្ថាប័ន​ព្រះ​មហា​ក្សត្រ គ្មាន​អំណាច​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​លោក ហ៊ុន សែន ទេ
UN លោកស្រី Rhona Smith សម្តែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​កម្ពុជា អនុម័ត​​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន
ក្រុមអ្នកឃ្លាំមើល ស្នើ​ឲ្យ​ផ្អឹប​ទុក​សិន តែ​ព្រឹទ្ធសភា ថា​មិន​ផ្អឹប​ទេ ត្រូវ​តែ​អនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​​អាសន្ន
រដ្ឋសភា អនុម័ត​ច្បាប់​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ខណៈ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល ស្នើ​ឲ្យ​ផ្អឹប​ទុក​សិន

CWCI Cambodia /អត្ថបទដោយលោក ម៉ែន ណាត / ១៤ ឧសភា ២០២០

.