កម្ពុជា ជួបគ្រោះថ្នាក់ទៅថ្ងៃអនាគត ពីផែនការ ត្រីកោណអភិវឌ្ឍន៍ ឥណ្ឌូចិន របស់វៀតណាម
RFA Khmer / ដោយ តាំង សារ៉ាដា / 01 st-7-2012
រដ្ឋាភិបាលកម្ពុជា បានបង្ហាញក្ដីសង្ឃឹមដ៏មុតមាំរបស់ខ្លួន ក្នុងការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសរួមគ្នាជាមួយប្រទេសវៀតណាម និង ឡាវ នោះថា នាំមកនូវភាពចំរើនរុងរឿងដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់ភូមិភាគឦសានរបស់ខ្លួន។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលអំពីបូរណភាពទឹកដី បានសម្ដែងក្ដីបារម្ភថា ការបង្កើតតំបន់មុំបី ឬហៅថា (Cambodia, Laos, Vietnam – CLV) នេះ អាចនាំឲ្យកម្ពុជា បាត់បង់ធនធានធម្មជាតិ និងទឹកដីរបស់ខ្លួនដ៏ធំធេងទៅឲ្យប្រទេសវៀតណាម នៅថ្ងៃមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែឧសភា បានសម្ដែងមោទនភាព និងមហិច្ឆតារបស់ខ្លួនថា ការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ពិសេស រវាងកម្ពុជា វៀតណាម ឡាវ។ លោកចាត់ទុកថា គម្រោងនេះជាគន្លឹះមួយដ៏សំខាន់ ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការវិនិយោគ លើវិស័យទេសចរណ៍ កសិឧស្សាហកម្ម រ៉ែ និងទំនប់វារីអគ្គិសនី។
កាលពីខែធ្នូ ឆ្នាំ២០១១ កម្ពុជា បានយល់ព្រមដាក់បញ្ចូល ខេត្តរបស់ខ្លួនចំនួន ៤ មាន ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ដែលមានពលរដ្ឋប្រហែលជាង ៥ សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ ខេត្តដែរ ដូចជាខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧ សែននាក់ ហើយវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែលខេត្តទាំងនេះ មានមនុស្សជាង ៧ លាននាក់។
ប្រធានអង្គការខ្មែរម្ចាស់ស្រុក ដែលមានមូលដ្ឋានក្នុងប្រទេសបារាំង អ្នកស្រី ចក់ សុខុន មានប្រសាសន៍ថា ការរកស៊ីចូលគ្នាតាមរយៈការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នេះ អាចនាំឲ្យកម្ពុជា ខាតបង់ច្រើន ហើយអាចនាំឲ្យវៀតណាម ស្រូបយកសម្បត្តិធម្មជាតិរបស់ខ្មែរ ដោយស្របច្បាប់ ដើម្បីចិញ្ចឹមពលរដ្ឋរបស់គេ។ អ្នកស្រីបន្តថា វៀតណាម មានប្រជាជនច្រើន ដូច្នេះវៀតណាម ត្រូវការដីថ្មី ឬធនធានបន្ថែម សម្រាប់ចិញ្ចឹមពលរដ្ឋ របស់គេទៅថ្ងៃមុខទៀត។
ទោះបីជាយ៉ាងណាក៏ដោយ ទីស្ដីការគណៈរដ្ឋមន្ត្រីខ្មែរ បានឲ្យដឹងថា ការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេស គឺឈរលើមធ្យោបាយពីរ។ ទី១. គឺការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មសុខាភិបាលរវាងប្រទេសទាំង ៣ មានន័យថា ពលរដ្ឋរវាងប្រទេសទាំង ៣ នេះ អាចទទួលការព្យាបាលជំងឺ ក្នុងប្រទេសនីមួយៗ បានទៅវិញទៅមក។ ទី២. គឺការចល័តពាណិជ្ជកម្ម បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្ត នៃប្រទេសទាំងបីនេះ អាចនាំយកផលិតផលរបស់ខ្លួន ឆ្លងចូលធ្វើជំនួញទៅវិញទៅមក។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការបញ្ចូលតំបន់ពាណិជ្ជកម្មរួម ជាមួយវៀតណាមនេះ នឹងមិនអាចឲ្យកម្ពុជា បាត់បង់អធិបតេយ្យភាព នោះឡើយ។ លោកថា ផ្ទុយទៅវិញ ពលរដ្ឋខ្មែរក្រីក្រ នៅតាមតំបន់នោះ នឹងមានជីវភាពធូរធារ ស្របទៅតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាល។
គេហទំព័ររបស់តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស កម្ពុជា វៀតណាម ឡាវ បានចុះផ្សាយកិច្ចប្រជុំ លើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលរួម ដែលមានរដ្ឋមន្ត្រី នៃបណ្ដាប្រទេសទាំង ៣ ចូលរួម កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១១ ក្នុងខេត្តអាតាពើរ ប្រទេសឡាវ។ ភាគីកម្ពុជា មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ភាគីឡាវ មានលោក សំឌី ឌួងឌី (Somdy Douangdy) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។ ចំណែកភាគីវៀតណាម មានលោក បូយ ក្វាង វិញ (Bùi Quang Vinh) រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ។
របាយការណ៍ពីកិច្ចប្រជុំនោះ បានចុះផ្សាយថា ក្រុមរដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំងនេះ បានយល់ព្រមបង្កើតផែនការមេ ខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច នៅតំបន់ត្រីកោណ រហូតដល់ ឆ្នាំ២០២០ ផ្អែកលើការចុះអនុស្សរណៈយោគយល់គ្នា។ ក្រុមរដ្ឋមន្ត្រីទាំង បី ប្រទេសនេះក៏បានប្ដេជ្ញាចិត្ត ក្នុងការពន្លឿនការច្របាច់បញ្ចូលគ្នា ជាពិសេសខាងការឆ្លងដែន ផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ខាងផ្នែកសន្តិសុខ និងកិច្ចការបរទេស ដើម្បីនាំមកនូវសន្តិភាព សុវត្ថិភាព និងនិរន្តរភាពនៃ ការអភិវឌ្ឍក្នុងអនុតំបន់។
ក្រុមអ្នកឃ្លាំមើលនិយាយថា តំបន់ភូមិភាគឦសានរបស់កម្ពុជា ជាតំបន់មួយ ដែលសំបូរ ទៅដោយសម្បត្តិធម្មជាតិ ដែលមានតម្លៃដ៏មហាសាល ដូចជាព្រៃឈើ រ៉ែមាស រ៉ែបុកស៊ីត សំណដែក ថ្មម៉ាប និងជាជង្រុកនៃ អនុផលធម្មជាតិដ៏ធំ។ ក្រុមនេះឲ្យដឹងថា តំបន់ភូមិភាគឦសាន របស់កម្ពុជា គឺជាតំបន់យុទ្ធសាស្ត្រសង្គ្រាម ដ៏សំខាន់បំផុត ក្នុងឥណ្ឌូចិន។
លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានមូលដ្ឋាន ក្នុងប្រទេសបារាំង និងជាអតីតរដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងរ៉ែ ក្នុងទសវត្សទី៧០ មានប្រសាសន៍ថា វៀតណាម កំពុងដើរខ្សែលើ ឬលេងល្បិចលើកម្ពុជា និង ឡាវ។
ចំណែកប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន ក្នុងសហរដ្ឋអាមេរិក លោក ថាច់ ង៉ុកថាច់ និយាយថា ពលរដ្ឋនៅតាមតំបន់ភូមិភាគឦសាន ភាគច្រើនសុទ្ធតែជាជនជាតិភាគតិច ដែលខ្វះខាតការយល់ដឹងច្រើន អំពីបញ្ហាវិទ្យាសាស្រ្ត ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដែលអាចនាំឲ្យ ពួកគេលំបាកក្នុងការប្រឡូក នឹងប្រព័ន្ធសេដ្ឋកិច្ចចម្រុះ។
លោកថ្លែងបន្តថា វៀតណាមក៏បានប្រើយុទ្ធសាស្ត្រត្រជាក់ ដើម្បីត្រួតត្រាប្រព័ន្ធរដ្ឋបាល របស់ខ្មែរ ដូចជាការចងក្រងរចនាសម្ព័ន្ធ តាមថ្នាក់មូលដ្ឋានជាមួយកម្ពុជា ចាប់ពីថ្នាក់មេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្តរបស់ខ្មែរ ត្រូវភ្ជាប់ទំនាក់ទំនងជាមួយវៀតណាម។
ជាមួយគ្នានេះដែរ អតីតសាស្ត្រាចារ្យនៃសកលវិទ្យាល័យ ចន ហបឃិន (John Hopkin) លោកបណ្ឌិត ទិត្យ ណារ៉ាញ់គីរី មានប្រសាសន៍ថា ការបង្កើត តំបន់ត្រីកោណពិសេសនេះ គឺជាការផ្ដល់លទ្ធភាព និងជាការសម្រួលដល់ រដ្ឋាភិបាលវៀតណាម ក្នុងការបញ្ជូនពលរដ្ឋរបស់គេ ឲ្យមករស់នៅ ក្នុងទឹកដីកម្ពុជា ដោយស្របច្បាប់ ហើយនៅចុងបញ្ចប់ខេត្តរបស់ខ្មែរទាំងនោះ នឹងមានតែជនជាតិវៀតណាម ប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរីបានព្យាយាមសុំសេចក្ដីអត្ថាធិប្បាយ ពីក្រុមមន្ត្រីស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជាដែរ តែមិនមានមន្ត្រីណាមួយ អាចបកស្រាយបាននោះឡើយ។
ឆ្លើយតបទៅនឹងក្រុមអ្នកវិភាគ និងក្រុមអ្នករិះគន់នេះដែរ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីពាក់កណ្ដាល ខែមិថុនា ធ្លាប់បង្ហាញពីជំហរ មិនដកថយរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ក្នុងការបង្កើត តំបន់សេដ្ឋកិច្ចចម្រុះនេះ។
ក្រៅពីការបង្កើត តំបន់ត្រីកោណអភិវឌ្ឍន៍ពិសេស រវាងកម្ពុជា វៀតណាម ឡាវ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសុទិដ្ឋិនិយម ក្នុងការបង្កើតតំបន់មរកត អភិវឌ្ឍន៍ពិសេស រវាងបណ្ដាខេត្តជាប់ព្រំដែនឡាវ និងថៃ ដើម្បីបង្ហាញ អំពីកិច្ចខិតខំប្រឹងប្រែង ឲ្យបានជោគជ័យ សម្រាប់ទិសដៅអាស៊ាន សហគមន៍តែមួយវាសនា តែមួយក្នុង ឆ្នាំ២០១៥៕