ឯកសារស្តីអំពីការកំណត់ព្រំដែនគោក និងព្រំដែនសមុទ្រ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលរៀបចំឡើងដោយគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារាំង ជាសារណាឆ្លើយបំភ្លឺតបទៅកាន់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលតែងតែអះអាងអំពីរឿងបូរណភាពទឹកដីខ្មែរ ដើម្បីការពារនយោបាយឈ្លានពានរបស់វៀតណាម។ ឯកសារនេះចងក្រងឡើងតាំងពីឆ្នាំ២០១២ ដោយលោក ឌី ការ៉េត បណ្ឌិតច្បាប់ និងបច្ចុប្បន្នជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា។
សូមទាញយកឯកសារ៖ Download – ឯកសារស្តីអំពីការកំណត់ព្រំដែនគោក និងព្រំដែនសមុទ្រ រវាងប្រទេសកម្ពុជា និងវៀតណាម
ការវិវត្តន៍ថ្មីៗជុំវិញរឿងព្រំដែន
លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បានថ្លែងបញ្ជាក់អំពីបញ្ហាបូរណភាពទឹកដីកម្ពុជា ជាមួយវៀតណាមជាថ្មីទៀត រួចហើយលោក ក៏បញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចាក់ផ្សាយឡើងវិញនូវសុន្ទរកថារបស់លោក ដែលបានថ្លែងក្នុងរដ្ឋសភាជាតិ កាលពីថ្ងៃទី ៩ សីហា ២០១២។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានបញ្ជាក់អំពីសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ និងការប្រើប្រាស់ផែនទី បោះបង្គោលព្រំដែនជាមួយវៀតណាម តាមផែនទី ប្រភេទបោន (Bonne) ១/១០០.០០០ និង ផែនទី ប្រភេទយូធីអឹម (UTM) ១/៥០.០០០ ដែលអមនឹងសន្ធិសញ្ញកំណត់ព្រំដែនរដ្ឋ {ខុសច្បាប់} ឆ្នាំ១៩៨៥ ព្រមទាំងផែនទីថ្មីមួយប្រភេទទៀត ដែលបោះពុម្ពនៅប្រទេសដាណឺម៉ាក ខ្នាត ១/២៥.០០០ បន្ទាប់ពីក្រុមការងារព្រំដែន នៃរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលនៃលោក ហ៊ុន សែន បានគូសផែនទីរួចរាល់ ឲ្យរលូនតាមសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០១៩ ដែលបន្ថែមខ្លឹមសារទៅលើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥។
ក្រុមអ្នកជំនាញព្រំដែនខ្មែរ និងអ្នកធ្វើកិច្ចការព្រំដែន ប្រឆាំងជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាលនៃលោក ហ៊ុន សែន ថា «រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់សន្ធិសញ្ញាព្រំដែនមិនស្មើភាព ភ្ជាប់សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ ព្រមទាំងប្រើផែនទីមិនប្រក្រតី» ធ្វើការបោះបង្គោលព្រំដែន ជាមួយវៀតណាម ហើយជាការធ្វើឡើងដោយស្ងាត់ៗ ដែលធ្វើឲ្យកម្ពុជា បាត់បង់បូរណភាពទឹកដី ទៅខាងវៀតណាម។
គួររំឭកថា កម្ពុជា និងវៀតណាម មានបង្គោលព្រំដែនច្បាស់លាស់រួចហើយ ចំនួន ១២៤ បង្គោល តាមអនុសញ្ញាព្រំដែនកម្ពុជា-កូសាំងស៊ីនបារាំង ឆ្នាំ១៨៧៣ ជាមរតករបស់អាណានិគមបារាំង។ លុះនៅថ្ងៃទី ១៩ កក្កដា ១៩៩៣ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ក៏ធ្លាប់បានរំឭកឡើងវិញ នូវបង្គោលទាំង ១២៤ នេះ ទៅកាន់សហ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ និងលោក ហ៊ុន សែន ឲ្យប្រាប់មេដឹកនាំវៀតណាម ត្រូវយកបង្គោលព្រំដែនសម័យ អាណាព្យាបាលបារាំង ទាំង ១២៤ បង្គោល ទៅដាក់ត្រង់កន្លែងដើមវិញ។
ជុំវិញករណីរឿងព្រំដែនកម្ពុជា និងវៀតណាមនេះ ស្ថាប័នព្រះមហាក្សត្រ ត្រូវរងការគំរាមកំហែងធ្ងន់ធ្ងរ រហូតដល់ការព្រមានផ្លាស់ប្តូររបបដឹកនាំទៀត ពីសំណាក់លោក ហ៊ុន សែន កាលពីឆ្នាំ ២០០៥ ខណៈពេលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ មិនទាន់ចូលជាធរមាន តាមរយៈរដ្ឋសភាកម្ពុជា។ គ្រានោះ ក្រុមសកម្មជនព្រំដែន និងក្រុមអ្នកច្បាប់មួយចំនួន ដែលទិតៀនសន្ធិសញ្ញាថ្មីនោះ ក៏ទទួលរងការគំរាមកំហែងធ្ងន់ធ្ងរផងដែរ {ដូចជាលោក ស៊ាន ប៉េងសែ អ្នកជំនាញព្រំដែនខ្មែរ, ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ, បណ្ឌិតច្បាប់ សាយ បូរី} ក្នុងនោះមានអ្នកខ្លះ ត្រូវចាប់ដាក់ពន្ធនាគារ ដូចជាលោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជា និងលោក ម៉ម សូណងដូ នាយកវិទ្យុសំបុកឃ្មុំ ហើយអ្នកទាំងពីរ និងអ្នកទោសមនសិការដទៃទៀត ត្រូបបានដោះលែងវិញ នៅខែមករា ឆ្នាំ២០០៦ រួមមានលោក កឹម សុខា ប្រធានមណ្ឌលសិទ្ធិមនុស្សកម្ពុជាផង។ ក្នុងពេលនោះដែរ សកម្មជនព្រំដែនមួយចំនួនទៀត បានភៀសខ្លួនទៅក្រៅប្រទេស នៅពាក់កណ្តាលខែតុលា ឆ្នាំ២០០៥ រួមមានលោក ម៉ែន ណាត អ្នកសម្របសម្រួលក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមមន្ត្រីរាជការកម្ពុជា, លោក អៀ ចាន់ណា អគ្គលេខាធិការរងចលនានិស្សិត និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, លោក ឆាំ ឆានី ប្រធានសមាគមកសិករកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, លោក ប៉ាង សុខឿន ប្រធានចលនានិស្សិត និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ ដោយឡែកលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានវិលត្រឡប់ប្រទេសបារាំង ទៅកម្ពុជាវិញ នៅខែកុម្ភៈ ឆ្នាំ២០០៦។
ថ្មីៗនេះ ជុំវិញការទិតៀនការដោះស្រាយរឿងព្រំដែនមិនប្រក្រតីដដែលនេះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ៣១ កក្កដា ២០២០ និងលោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី ១៤ សីហា ២០២០។ ហើយក្រុមយុវជនខ្មែរថាវរៈ ដែលទាមទាររកយុត្តិធម៌ជូនលោក រ៉ុង ឈុន ក៏ត្រូវបានចាប់ឃុំខ្លួន ដូចជាយុវតី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និងអតីតសកម្មជនបក្សប្រឆាំង ២រូបទៀត។ ក្រុមសកម្មជនទាំងនេះ មិនទាន់ត្រូវបានដោះលែងឲ្យមានសេរីភាពនៅឡើយទេ បើទោះបីជាសហគមន៍ជាតិ និងអន្តរជាតិ អំពាវនាវឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់នានា ទៅលើក្រុមអ្នកតស៊ូមតិ និងអ្នកនយោបាយប្រឆាំង ដើម្បីស្តារស្ថានភាពលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អត្ថបទដោយលោក ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /ចលនិស្សិតខ្មែរ
អត្ថបទាក់ទង៖
– បណ្ឌិត ឌី ការ៉េត៖ ផែនទី ១/២៥.០០០ និងបង្គោលព្រំដែន នៃអាណានិគមនិយមយួន
– ចលនានិស្សិត SMD ធ្វើសេចក្តីបំភ្លឺ បដិសេធការចោទប្រកាន់ពីគណៈកម្មាធិការចម្រុះព្រំដែនរបស់លោក វ៉ា គឹមហុង
– ចលនានិស្សិត ច្រានចោលការបម្លែងខ្នាតផែនទី ១/២៥.០០០ ក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
– ចលនានិស្សិត បញ្ជាក់ឯកសារកោះត្រល់ និងទាមទារវៀតណាម ត្រូវបញ្ឈប់ការអភិវឌ្ឍលើ កោះត្រល់ និងចង្កោមកោះក្រចកសេះ
– ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវរដ្ឋាភិបាល ដោះលែងក្រុមសកម្មជនសេរីភាព
– ចលនានិស្សិត ថ្កោលទោសរដ្ឋាភិបាល ករណីចាប់ឃាត់ខ្លួនយុវជន
.
.