ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានកិត្តិយសសូមសរសេរលិខិតមួយច្បាប់នេះ ផ្ញើជូនចំពោះសមាជិកសមាជិកានៃ គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង និងពិភពលោក ខណៈពេលគណៈកម្មាធិការព្រំដែននេះ រៀបចំជ្រើសរើសថ្នាក់ដឹកនាំថ្មី នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ ដើម្បីបន្តបេសកកម្មរបស់ លោក ស៊ាន ប៉េងសែ ដែលបានទទួលមរណភាព កាលពីចុងខែ មករា ឆ្នាំ ២០១៨ កន្លងទៅ។ បន្តបេសកកម្ម «ក្នុងការការពារបូរភាពទឹកដីខ្មែរ ប្រឆាំងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ផែនទីខុសច្បាប់ និងឯកសារខុសច្បាប់នានា ដែលធ្វើឡើងដោយរបប ហ៊ុន សែន សព្វថ្ងៃ»។
ក្រុមប្រឹក្សារបស់យើងខ្ញុំ យល់ស្របជាមួយសមាជិកមួយចំនួននៃ គណៈកម្មាធិការព្រំដែន ដែលស្នើឡើងថា «សូមប្រគល់ភារកិច្ចទាំងអស់ជូនក្រុមការងារ អ្នកបច្ចេកទេស និងអ្នកជំនាញនៅប្រទេសបារាំង ចាត់ចែងទទួលខុសត្រូវរបស់ស្ថាប័ន» ផ្តល់ភាពងាយស្រួលក្នុងការបន្តយន្តការការងាររបស់ខ្លួន។
ដោយឡែកករណីមានសមាជិក ១ នាក់ ឬ ២ នាក់ ដែលចេញផ្សាយសេចក្តីប្រកាសទិតៀនក្រុមការងារខ្លះ និងលោកបណ្ឌិត ឌី ការេត នៅក្នុងគោលបំណងអ្វីផ្សេងនោះ វាមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែង នៅចំពោះមុខសកម្មភាពការងាររបស់គណៈកម្មាធិការព្រំដែនកម្ពុជាទេ។
យើងខ្ញុំសូមស្នើយោបល់ដល់សមាជិកសមាជិកា គណៈកម្មាធិការព្រំដែនកម្ពុជា សូមផ្តល់ការគាំទ្រ លោកបណ្ឌិត ឌី ការេត ជាបេក្ខភាពប្រធាន សម្រាប់អាណត្តិថ្មី។
ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
(ហត្ថលេខា)
ម៉ែន ណាត
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា





