
លោក ឌី ការ៉េត បណ្ឌិតច្បាប់ ជាប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានមូលដ្ឋាននៅប្រទេសបារា៉ង នៅថ្ងៃទី ៥ មករា ឆ្នាំ២០២០ ចេញសេចក្តីថ្លែងការណ៍ ៦ ទំព័រ រំលឹកខូប ៤១ឆ្នាំនៃទិវាថ្ងៃ ៧ មករា ថាថ្ងៃដែលវៀតណាម ចូលឈ្លានពានប្រទេសកម្ពុជា។ ខ្លឹមសារនៃសេចក្តីថ្លែងការណ៍ទាំងស្រុង មានដូចតទៅ៖
សេចក្តីថ្លែងការណ៍
៧ មករា ៧៩៖ យួន «រំដោះ» ខ្មែរ (?)
ការវាយប្រហារលុកលុយកម្ពុជា នៃកងទ័ពយួនកុម្មុយនីស្ត នាឆ្នាំ ១៩៧៨–១៩៧៩ ត្រូវបានយួនខំឃោសនាបន្លំថា ជា «ការរំដោះប្រជាជនខ្មែរ អំពីរបបប្រល័យពូជសាសន៍ នៃពួកខ្មែរក្រហម ប៉ុល ពត» គឺថាជា «អំពើមនុស្សធ៌ម» ជា «កិច្ចការពារសិទ្ធិមនុស្ស» នៅកម្ពុជា មិនមែនយួន បានឈ្លានពាន ក្នុងបំណងលេបទឹកដីកម្ពុជាទេ។
យើងធ្លាប់ដឹងហើយថា កាលណាគេតាំងទី ឬពង្រីកអំណាចរបស់គេ ពួកយួនកុម្មុយនិស្ត មិនដែលខ្វល់ខ្វាយ អំពីសិទ្ធិមនុស្សអីទេ។ ឧទាហរណ៍គឺវាសនាដ៏សោកសង្រេង នៃពួកយួនខាងត្បូង ចាញ់សង្គ្រាមដោយការលាងខួរក្បាល នៅក្នុង «ជំរុំអប់រំជាថ្មី» ឬការសម្លាប់ចោល ពីឆ្នាំ ១៩៧៥, សោកនាដកម្មនៃពួកយួន «រត់តាមទូក» (the Boat people), ការវាយបង្រ្កាបជនជាតិភាគតិចជាអាទិ៍។
ប៉ុន្តែកាលពីខែ មិថុនា ឆ្នាំ ២០១៩ នេះ រដ្ឋមន្រ្តីការពារជាតិយៀកណាម គឺឧត្តមសេនីយ៍ ង៉ូស៊នឡិក (Ngô Xuân Lich) មិនបានលើកអំពី «ការប្រល័យពូជសាសន៍» នៃពួក ប៉ុល ពត ទេ នៅពេលដែលគាត់រំលឹកម្តងទៀត អំពីគោលបំណងនៃការវាយប្រហារ កម្ពុជាប្រជាធិបតេយ្យ ក្នុងឆ្នាំ ១៩៧៨ ដោយកងទ័ពយៀកណាមនោះ គឺជា «ការកំទេចសត្រូវ ដើម្បីការពារព្រំដែន ភាគនិរតីនៃប្រទេសយៀកណាម»។ គាត់បានបញ្ជាក់ទៀតថា “សកម្មភាពនៃរបបប៉ុលពត បានរំលោភឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យៀកណាម ក៏ដូចជាច្បាប់អន្តរជាតិ ដែលធ្វើឱ្យខូចទំនាក់ទំនង រវាងប្រទេសទាំងពីរ”… ។
គេបានដឹងដែរថា ទំនាស់រវាង ប៉ុល ពត និងពួកកុម្មុយនិស្តយួន បានផ្ទុះឡើងយ៉ាងឃោរឃៅជាដំបូង នៅខែ កក្កដា ឆ្នាំ ១៩៧៣។ ក្រោយពីមានការស៊ីញ៉េ កិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ពីថ្ងៃទី ២៧ មករា ១៩៧៣ រវាងអាមេរិក និងយៀកណាមខាងជើង/យៀកកុង ដែលក្នុងនោះ មានជំពូកមួយ ស្តីពីស្ថានភាពនៃប្រទេសឡាវ និងកម្ពុជា ផង ប៉ុល ពត បានស្នើឱ្យកងទ័ពយៀកណាម ដកខ្លួនចេញពីកម្ពុជាទៅ។ សំណើនេះ ត្រូវបានធ្វើជាថ្មី នៅខែ ឧសភា ឆ្នាំ ១៩៧៥ ដោយហេតុថា កងទ័ពយៀកណាម បានបន្តកាន់កាប់ខេត្តខាងកើតនៃកម្ពុជា គឺរតនគីរី មណ្ឌលគីរី ក្រចេះ ព្រមទាំងស្រុកពញាក្រែក មេមត់ ស្នួល នៅកំពង់ចាម និងស្វាយរៀង។ ការចរចាគ្នា រវាងប្រទេសទាំងពីរ អំពីខ្សែបន្ទាត់ព្រំដែន ក៏បានកើតឡើង នៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៧ ដោយគ្មានបានលទ្ធផលអ្វីទេ ពីព្រោះយៀកណាម បានបដិសេធ មិនទទួលស្គាល់ព្រំដែនកម្ពុជា ដែលពួកគេខ្លួនឯង ធ្លាប់បានទទួលស្គាល់ជាឳឡារឹក និងម្តងហើយម្តងទៀត នៅឆ្នាំ ១៩៦៦ ១៩៦៧ និង ១៩៧០។ លើសពីនេះទៀត នៅឆ្នាំ ១៩៧៧ ក្រុងហាណូយ បានទាមទារ ឲ្យពួកខ្មែរក្រហម ទទួលយកនូវ «ទំនាក់ទំនងពិសេស» រវាងប្រទេសទាំងពីរ ដូចគ្នានិងឡាវ ជាមួយយៀកណាមដែរ តែ ប៉ុល ពត ប្រកែកដោយចង់រក្សាឯករាជ្យនៃបក្សកុម្មុយនីស្ត៍កម្ពុជា និងរដ្ឋកម្ពុជាប្រជាធិបតេយ្យ និងមានតែ «ទំនាក់ទំនងធម្មតា» ប៉ុណ្ណោះ ជាមួយបក្សកុម្មុយនីស្ត៍យៀកណាម និងរដ្ឋយៀកណាមសង្គមនិយម។
ការរៀបចំនយោបាយ
នៅដើមឆ្នាំ ១៩៧៧ ក្រុងហាណូយ បានរៀបចំផែនការ ដើម្បីលុកលុយកម្ពុជា ដោយវិធីនយោបាយការទូត និងយោធាជាស្រេច។ គោលដៅរបស់ហាណូយ គឺកំចាត់ឥទ្ធិពលចិន ទាំងអស់ ចេញពីអតីតឥណ្ឌូចិនបារាំង នៅយៀកណាម ក៏ដូចជានៅឡាវ និង កម្ពុជាដែរ។ ការត្រៀមរបស់ហាណូយ បានបង្ហាញថាការលុកលុយរបស់គេ នឹងត្រូវបន្តភ្លាមៗ ដោយការកាន់កាប់ និងការធ្វើអាណានិគម នៃកម្ពុជា។ នេះហើយជាអត្ថន័យនៃសំដី ដែលនាយករដ្ឋមន្ត្រី ផាម វាន់ដុង (Pham Van Dong) ប្រកាសដល់ពិភពលោក នៅខែ កុម្ភៈ ឆ្នាំ ១៩៧៩ បន្ទាប់ពីកងទ័ពយួន បានចូលកាន់កាប់ភ្នំពេញយ៉ាងស្រួល និងបន្ទាប់ពីបានធ្វើយ៉ាងរហ័សនា ថ្ងៃទី ១៨ កុម្ភៈ ១៩៧៩ នូវ «សន្ធិសញ្ញាសន្តិភាពមិត្តភាព និងសហប្រត្តិបត្តិការ» ជាមួយពួកកូនចៅខ្មែររបស់ខ្លួនថា “ស្ថានភាពនៃកម្ពុជា មិនអាចត្រឡប់ទៅក្រោយវិញឡើយ”! (“la situation du Cambodge est irréversible”)! ។
– យោងតាមលោកប៉ាទ្រីសដឺបែរ (Patrice De Beer, អ្នកកាសែតបារាំង ដ៏សំខាន់ម្នាក់) ការសម្រេចចិត្តរបស់ហាណូយ ដើម្បីកម្ចាត់ ប៉ុល ពត បានធ្វើឡើងតាំងពី ខែ កក្កដា ឆ្នាំ ១៩៧៧៖ “នៅខែ កក្កដា ឆ្នាំ ១៩៧៧ ពួកយៀកណាមបានស្នើ មេដឹកនាំខ្មែរ សីហនុ និយមម្នាក់ (លោក ចៅ សែនកុសល) ដែលបានភៀសខ្លួន ទៅនៅទីក្រុងសៃហ្កុង (ព្រៃនគរ) ក្នុងឆ្នាំ១៩៧៥ ឲ្យទទួលតំណែងដឹកនាំកម្ពុជា ជាថ្មី”។
– នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ១៩៧៨ វិទ្យុហាណូយជាភាសាខ្មែរ បានស្រែកអំពាវនាវជាលើកដំបូង ឲ្យប្រជាជនកម្ពុជា ងើបឡើង ប្រឆាំងនឹងរបបខ្មែរក្រហម។
– ដល់ខែមិថុនា ឆ្នាំ ១៩៧៨ ទើបកាសែតរបស់បក្ស ឈ្មោះ “ញ៉ានដាន” (Nhân Dân) បរិហារ “បន ប៉ុល ពត-អៀង សារី ជាឃាតករ គួរអោយស្អប់ខ្ពើមបំផុត នៃជនជាតិខ្មែរ ចាម យៀកណាម និងចិន នៃប្រទេសកម្ពុជា”… “យើងត្រូវតែបញ្ឈប់ អំពើប្រល័យពូជសាសន៍ ដោយដៃនៃបន ប៉ុល ពត-អៀង សារី នេះ” !។
– ដល់ខែកក្កដា ក្រុងហាណូយក៏បានបញ្ជូន កងទ័ពចំនួន ១៥០,០០០ នាក់ ទៅព្រំដែនរបស់ខ្លួន ជាមួយប្រទេស ចិន ជាស្រេច។
ការរៀបចំការទូត
– នៅដើមខែកញ្ញា ១៩៧៨ លោក ឡេ ដន (Lê Duan) ជាមេបក្សកុម្មុយនីស្ត៍យៀកណាម (ប.ក.យ.) បានប្រាប់ ឯកអគ្គរដ្ឋទូត នៃសហភាពសូវៀត នៅទីក្រុងហាណូយ ថាការិយាល័យនយោបាយ នៃ ប.ក.យ. បានកំណត់គោល បំណងនៃ “ការដោះស្រាយទាំងស្រុង នៃ”បញ្ហា” កម្ពុជាប្រជាធិបតេយ្យ នៅដើមឆ្នាំ១៩៧៩។ ឡេ ដន បានបន្ថែមថា ចាំបាច់ត្រូវតែចាត់វិធានការ យ៉ាងឆាប់រហ័ស ដើម្បីកុំទុកពេល ឱ្យចិន បញ្ជូនទ័ពរបស់ខ្លួន ១០ កងពល តាមផ្លូវសមុទ្រ ឬផ្លូវគោក មកកម្ពុជា និងពង្រឹងជំហររបស់ខ្លួន នៅក្នុងប្រទេសនេះ។
– នៅថ្ងៃទី ២ វិច្ឆិកា បន្ទាប់មក ឡេ ដន បានផ្លាស់ប្តូរទាំងស្រុង នូវនយោបាយអន្តរជាតិ នៃយៀកណាម ដោយចុះ ហត្ថលេខា ជាមួយសហភាពសូវៀត នូវ“សន្ធិសញ្ញា មិត្តភាព និងសហប្រតិបត្តិការ”ព្រមទាំងសន្ធិសញ្ញាជំនួយ សេដ្ឋកិច្ច (ចូលជាសមាជិក នៃអង្គការ កូមេកុម – COMECOM) និង សន្ធិសញ្ញា ជួយការពារគ្នា ទៅវិញទៅមក។ ហេតុនេះ ការរៀបចំឥណ្ឌូចិន តាមគំរូសហភាពសូវៀត ក៏ត្រូវបានគេគ្រោងទុក រួចហើយដែរ។ ដូច្នេះ សហភាព សូវៀត នឹងផ្តល់នាវា និងយន្ដហោះចម្បាំង និងគ្រឿងបរិក្ខារយោធា យ៉ាងច្រើន ឲ្យកងទ័ពយៀកណាម ដើម្បីទៅ ដោះស្រាយ បញ្ហាកម្ពុជាប្រជាធិបតេយ្យ ឲ្យបាន”ទាំងស្រុង”។
– នៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយសារការបារម្ភ និងប្រតិកម្មរបស់ចិននោះ រដ្ឋមន្ត្រីការបរទេសយៀកណាម លោក ង្វៀន កូ ថាច់ (Nguyen Co Thach) ក៏បានជួបពិភាក្សាការងារ នៅឯអង្គការសហប្រជាជាតិ ជាមួយ លោក រីឈើត ហុលប្រ៊ុក (Richard Holbrooke) និងលោក រូបើត អូក្លី (Robert Oakley) ដែលជាជំនួយការ នៃប្រមុខ ក្រសួងការបរទេសអាមេរីក គឺលោក សាយរឺស វ៉ាន (Cyrus Vance) អំពីរឿងជម្លោះយៀកណាម-កម្ពុជាប្រជាធិបតេយ្យ។ ភាគីអាមេរិក បានស្នើទៅ ថាច់ ឲ្យប្រើឧបករណ៍ នៃ អ.ស.ប. វិញ ដើម្បីឲ្យបានជាដំណោះស្រាយ នៃអ.ស.ប. ផង។ ថាច់ ឆ្លើយភ្លាមថា “គ្មានត្រូវការទេ!” (“No way!”) យើងដឹងហើយថា យើងត្រូវធ្វើអ្វីខ្លៈ “។
ការរៀបចំយោធា
ក្នុងឆ្នាំ ១៩៧៧ ការប៉ុនប៉ងលុកលុយ ទ្រង់ទ្រាយធំ របស់យួន ដែលគាំទ្រ ដោយរថពាសដែក និងយន្តហោះទម្លាក់គ្រាប់បែក បានកើតឡើងពីរដង រួចមកហើយ គឺនៅខែ តុលា និងខែ ធ្នូ។ នៅខែ ឧសភា ឆ្នាំ ១៩៧៨ សហរដ្ឋអាមេរិក បានដឹង តាមរយៈស្ថានទូតរបស់គេ នៅទីក្រុងបាងកក ថាយៀកណាម បានរៀបចំផែនការឈ្លានពានកម្ពុជា យ៉ាងសម្បើម។ នៅថ្ងៃទី ២៥ ធ្នូ ១៩៧៨ ការវាយប្រហាររបស់យួន ដ៏ធំអស្ចារ្យ ត្រូវបានផ្តើម ដោយកងទ័ព “ស្ម័គ្រចិត្ត”ចំនួន១៧០,០០០នាក់ (១៥កងពល) ជាមួយនិងរថក្រោះ ៩០០គ្រឿង គ្រប់ធុន។ កងទ័ពអាកាស ក៏បានចូលរួម ដោយយន្តហោះ និងឧទ្ធម្ភាគចក្រប្រយុទ្ធ ជាង៣០០គ្រឿង ក្នុងនោះមាន យន្តហោះធុន A-37 Dragonfly និងធុន F-5 (ដែលសល់ ពីអតីតយៀកណាមខាងត្បូង) យន្តហោះចម្បាំងសូវៀត MiG-21, MiG-19 ចាស់ៗ និង ឧទ្ធម្ភាគចក្រ ពាសដែក ថ្មីៗ ធុន Mi-24A Hind។ បន្ថែមលើនេះ យួនបានរៀបចំ កងកម្លាំងខ្មែរ ជាង១ម៉ឹននាក់ (៣កងវរសេនាធំ) ដែលនឹងក្លាយជាស្នូល នៃ”រដ្ឋាភិបាលបដិវត្តន៍កម្ពុជា” ថ្មី។
កងទ័ពខាងប៉ុល ពត មានទាហាន តែជាង៦ម៉ឺននាក់ និងរថក្រោះបន្តិចបន្តួច។ កងទ័ពអាកាសមាន ឧទ្ធម្ភាគចក្រ Huey ចំនួន ២០ គ្រឿង (ដែលគេបានទុកចោល) និងយន្តហោះចម្បាំង Shenyang J-6 ចំនួន ១៦ គ្រឿង (MiG-19 ចិន) ដែលទទួលបាន ពីប្រទេសចិន ។
ការវាយលុករបស់យួន ត្រូវបានដាក់ក្រោមបញ្ជាការ នៃឧត្តមសេនីយ៍ ឡេ ត្រុង តាន (Lê Trong Tân) ដែល ជានាយអគ្គសេនាធិការ នៃកងទ័ពយៀកណាម និងឧត្តមសេនីយ៍ ឡេ ឌុក អាញ (Lê Duc Anh) ជាមេបញ្ជាការ តំបន់យោធាទី៩ មានទីតាំង នៅជាប់ព្រំដែនខាងត្បូង ប្រទេសកម្ពុជា។ លោក ឡេ ឌុក ថូ (Lê Duc Tho) បាន ត្រួតត្រា កិច្ចប្រតិបត្តិការទាំងអស់ ក្នុងនាម ការិយាល័យនយោបាយ នៃ ប.ក.យ.។ ដូចដែល ឡេ ដន ចង់បាន យួនបានវាយយក ភាគខាងកើតទាំងមូល នៃប្រទេសកម្ពុជា តែក្នុងរយៈពេល១៣ថ្ងៃ នៃការប្រយុទ្ធគ្នា ហើយគេ បានចូលយករដ្ឋធានីភ្នំពេញ នាថ្ងៃទី៧ មករា ១៩៧៩ ដោយគ្មានការរារាំងអ្វីមួយ ពីខាងប៉ុល ពត ឡើយ។ ឡេ ឌុក អាញ ក៏បានកាន់បញ្ជាការ នៃកងទ័ពកាន់កាប់កម្ពុជា ក្រោមការដឹកនាំនយោបាយ នៃ ឡេ ឌុក ថូ ។ គេបានយក បដិវត្តយៀកណាម តាមបែបសូវៀត មកអនុវត្តភ្លាមៗ ជំនួសបដិវត្តន៍ខ្មែរក្រហម ពីពេលនោះទៅ។
ការបាក់ទ័ពយ៉ាងរប៉ាត់រប៉ាយ នៃកងកម្លាំងប៉ុល ពត បានផ្តល់ឳកាស ឱ្យប្រជាជនខ្មែររត់ចេញ ពីនរកនៃ”សហករណ៍”ខ្មែរក្រហម ប៉ុន្តែពួកគេត្រូវបានអាជ្ញាធរថ្មី រៀបចំត្រួតត្រាយ៉ាងម៉ឹងម៉ាត់ នៅក្នុងក្រុម“ផ្ទៈ១០ខ្នង” នៃភូមិនិមួយៗ របស់ពួកគេ។ តាមរបាយការណ៍ នៃលោកស្រី អេស្មេរាល់ដា លុស្យូលី (Esméralda Luciolli) ដែលជាវេជ្ជបណ្ឌិត នៃអង្គការកាកបាទ-ក្រហមបារាំង គឹគេបានបង្កើតទៀត នូវ”ការងារសង្គមនិយម”ចាំបាច់ មកជំនួសការងារដោយបង្ខំ នៃពួកប៉ុល ពត ពីពេលមុន។ នាឆ្នាំ ១៩៨៤ គេបានអនុវត្តន៍ «ផែនការ ក៥» (តាមគំនិត និងការចាត់ចែង នៃ ឡេ ឌុក អាញ) ដោយចាប់បង្ខំយុវជនខ្មែរទូទាំងប្រទេស អាយុ១៧-៤៥ឆ្នាំ រាប់សែននាក់ ជាកងបន្តបន្ទាប់គ្នា ឲ្យទៅកាប់ឆ្ការព្រៃស្រោងយ៉ាងធំធេង ធ្វើជារបស់ហៅថា”ជញ្ជាំងឫស្សី”(បណ្តោយ៨០០គ.ម. ទទឹង៥០០ម.) ក្នុងបំណងរារាំងការឆ្លងកាត់ នៃពួកខ្មែក្រហមតស៊ូ ពីខាងព្រំដែនខ្មែរ-ថៃ ដែលបានបណ្តាល ឲ្យ ស្លាប់យុវជនទាំងនោះ ជាង ២ សែននាក់ (ដោយជម្ងឺ ជាពិសេសគ្រុនចាញ់ ដោយការខ្វៈទីជម្រក-ខ្វៈអាហារ ដោយ ការបាក់កម្លាំង និងដោយត្រូវគ្រាប់មីនផ្ទុះ ។ល។) យ៉ាងអាណោចអាធ៌ម … ឥតប្រយោជន៍។
ជាសារុប តើការផ្លាស់ប្តូរទាំងអស់ នៃនយោបាយអន្តរជាតិ និងការបញ្ជូនកងទ័ពវាយប្រហារ យ៉ាងសន្ធឹកសន្ធាប់ របស់យួននោះ គឺដើម្បីមកដោះ”ប្រជាជនខ្មែរ ពីការសម្លាប់រង្គាល របស់ប៉ុល ពត ឬ?
ការថ្កោលទោសយៀកណាម នៃអន្តរជាតិ
នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ហ៊ានធ្វើអន្តរាគមន៍យោធា ទៅក្នុងប្រទេសមួយទៀត ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះទេ។ មានតែអង្គការសហប្រជាជាតិ ដែលប្រទេសនេះ បានចុះ និងធម្មនុញ្ញ អនុសញ្ញា និងកតិកាសញ្ញា ស្តីពីសិទ្ធិទាំងនោះ ជាមួយអ.ស.ប.ទេ ដែលអាចធ្វើដូច្នេះបាន បន្ទាប់ពី អ.ស.ប. បានប្រើអស់មធ្យោបាយការទូត និង ដោយបានការយល់ព្រម ពីក្រុមប្រឹក្សាសន្តិសុខ ផង។
បណ្តាប្រទេសអាស៊ាន នៅពេលនោះ មានថៃ ម៉ាឡេស៊ី និងសឹង្ហបូរី មិនដែលបានរិៈគន់ប្រឆាំង និង ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជាប្រជាធិបតេយ្យ ហើយក៏មិនបានតវ៉ា នឹងអំពើអមនុស្សធម៌ របស់យៀកណាម អំពីរឿងពួកយួន”រត់តាមទូក” ដែលប្រទេសគេ បានរងនូវផលវិបាកទេ ប៉ុន្តែ ពួកគេបានសម្តែង ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកាន់កាប់ប្រទេសឡាវ និងការឈ្លានពានកម្ពុជា នៃកងទ័ពវៀតណាម ដ៏ខ្លាំងក្លានោះ។
ពិភពលោកទាំងមូល លើកលែងតែសហភាពសូវៀត និងសម្ព័ន្ធមិត្តរបស់ខ្លួន បានថ្កោលទោស ដល់ការឈ្លានពាន និងការកាន់កាប់កម្ពុជា ដោយយៀកណាម។ ភាគច្រើន នៃប្រទេសមិនចូលបក្សសម្ព័ន្ធ ក៏បានទាមទារ ឱ្យយៀកណាម ដកកងទ័ពទាំងអស់របស់ខ្លួន ពីកម្ពុជា ដោយគ្មានលក្ខខណ្ឌ និងភ្លាមៗ ហើយទុកឱ្យប្រជាជន កម្ពុជា ដោះស្រាយបញ្ហាផ្ទាល់ខ្លួន ដោយគ្មានការជ្រៀតជ្រែក ពីបរទេស។ អ.ស.ប. ពីឆ្នាំ១៩៧៩ ដល់១៩៨៦ បានចេញ សេចក្តីសម្រេចចិត្តប្រចាំឆ្នាំ ដោយទទួលស្គាល់ ភាពស្របច្បាប់ និងនិរន្តភាព នៃកម្ពុជាប្រជាធិបតេយ្យ ហើយទាមទារឱ្យយៀកណាម ដកកងទ័ពចេញ ពីប្រទេសនេះ ជាចាំបាច់ដែរ។
ចំពោះលោក ប៊ូយ ទិន (Bui Tin) អតីតវរសេនីយ៍ឯក នៃកងទ័ពយៀកណាម ទទួលបន្ទុកព័ត៌មានយោធា ដែលបានចូលរួម ក្នុងការវាយប្រហារ និងការកាន់កាប់កម្ពុជា បានសរសេរថា “ថ្ងៃ៧ មករា ១៩៧៩ គឺជាការ ឈ្លានពាន និងការត្រួតត្រា របស់វៀតណាម នៅកម្ពុជា” ។ គាត់ក៏បានរៀបរាប់ផងដែរ អំពីរបៀប ដែលក្រុង ហាណូយ ចាត់តាំងរបបអាយ៉ង នៅភ្នំពេញ ដើម្បីលាក់បំបាំង ការត្រួតត្រារបស់ខ្លួន នៅកម្ពុជា បន្ទាប់ពីការឈ្លាន ពានយោធា។
លោក វីល្លាម សូក្រូស (William Shawcross) អ្នកនិពន្ធជាតិអង់គ្លេស ក៏រឹតតែច្បាស់ថែមទៀត ថា៖ ការ ឈ្លានពានរបស់យៀកណាម មកកម្ពុជា គឺជាកង្វល់យុទ្ធសាស្ត្រ ហើយមិនមានអ្វីទាក់ទិន ជាមួយ បញ្ហាសិទ្ធិ មនុស្ស ទេ។ វីល្លាម សូក្រូស បានបញ្ជាក់ទៀតថា ង្វៀង កឺ ថាច់ រដ្ឋមន្ត្រីការបរទេសយួន បានប្រាប់(នៅឆ្នាំ ១៩៧៩) សមាជិកសភាអាមេរិក ឈ្មោះ ស្ទ៊ីវ សូឡារ (Steve Solarz) ថា៖ “រឿងសិទ្ធិមនុស្ស (នៅកម្ពុជា ប្រជាធិបតេយ្យ) វាជាបញ្ហារបស់ពួកវា(ប៉ុល ពត) ទេ…ចំពោះយើង គឺមានតែ រឿងសុវត្ថិភាពទេ ដែលជាកង្វល់ របស់យើង “។
លោក ប៊ែន សែហ្វែរ (Bernd Schaefer) ជាប្រវត្ដិវិទូជាតិអាឡឺម៉ង់ បានថ្លែងថា យៀកណាម បានជ្រើសរើស វាយលុកលុយកម្ពុជា នៅថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ១៩៧៨ ឲ្យចំថ្ងៃចុងបញ្ចប់យ៉ាងរីករាយ នៃសម័យប្រជុំពេញអង្គ នៃបក្សកុម្មុយនិស្តចិន នៅទីក្រុងប៉េកាំង និងខណៈ ដែលលោកខាងលិច កំពុងសប្បាយ និងពិធីបុណ្យណូអែល និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី…»។ លោកបានបញ្ជាក់ ដូចអ្នកឯទៀតថា ពួកយៀកណាម មិនបានចូលវាយ ប្រហារខ្មែរក្រហម ដោយសារហេតុផលមនុស្សធម៌ទេ តែពួកគេចង់កម្ចាត់ រដ្ឋាភិបាលប្រឆាំងយៀកណាម និង ជំនួសដោយ រដ្ឋាភិបាលនិយមយៀកណាម ដើម្បីសន្តិសុខ របស់ប្រទេសគេ។ ហើយនេះ ជាការជាក់ស្តែង” ។
បន្ទាប់ពីគេយកបានទីក្រុងភ្នំពេញ យួនបានផ្តើម រៀបចំកម្ពុជា ជាអាណានិគម របស់យៀកណាម ភ្លាម។ នៅ ទសវត្សឆ្នាំ ១៩៨០ អ្នកសង្កេតការណ៍ និងអ្នកស្រាវជ្រាវបារាំង បានសិក្សានិងពិពណ៌នា យ៉ាងទូលំទូលាយ អំពី ដំណើរការ នៃអាណានិគមនេះ។ ៤០ ឆ្នាំក្រោយមក គឺនៅថ្ងៃទី ៩ មករា ១៩៧៩ លោក ហ្វ្រង់ស្វ័រ ប៉ុងសូ (François Ponchaud) ជាព្រៈសង្ឃកាតូលិក បានថ្លែងតាម”វិទ្យុវ៉ាទីកង់” ថា “ពួកយៀកណាម មិនដែលទន់ ភ្លន់ ជាមួយជនជាតិខ្មែរទេ។ ខ្ញុំផ្ទាល់ខ្លួនវិញ ខ្ញុំបានប្រឆាំងដាច់ខាត ១០០ភាគរយ និងពួកខ្មែរក្រហម ប៉ុន្តែលុះ យៀកណាមមករំដោះកម្ពុជា ខ្ញុំគិតថា ការរំដោះហ្នឹង វាអាក្រក់ជាងរបបខ្មែរ ក្រហម ទៅទៀត”។
ទីក្រុងប៉ារីស ថ្ងៃទី៥ មករា ២០២០
{បណ្ឌិតច្បាប់} ឌី ការ៉េត
ជ. គណកម្មាធិការព្រំដែនកម្ពុជា ប្រចាំប្រទេសបារាំង និងក្នុងពិភពលោក
………….