អត្ថបទចលនានិស្សិត SMD
សេចក្តីប្រកាសព័ត៌មានស្ដីពីការប្ដូរឈ្មោះ «ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ» ជា «ចលនាពលដ្ឋដើម្បីប្រជាធិបតេយ្យ»
ថ្ងៃទី២៤ ខែកញ្ញានេះ ចំទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ នៃ«ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ» ជាភាសាអង់គ្លេស «The Student Movement for Democracy – SMD» សូមប្រកាសប្ដូរឈ្មោះជា «ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ» ជាភាសាអង់គ្លេស «The People Movement for Democracy – PMD»។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ក៏សម្រេចប្រើរូបសញ្ញាថ្មី(Logo) គឺរូបកណ្ដាប់ដៃក្ដាប់ណែន ដែលបង្ហាញពីការរួបរួម និងកម្លាំងថាមពលខ្លាំង។ រូបសញ្ញាថ្មីនេះ មានពណ៌ខៀវ ក្រហម និងស ដោយមានសរសេរអក្សរកាត់ «ច.ព.ធ.» និង«P.M.D»។
ការប្ដូរឈ្មោះនេះ មានគោលដៅពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋទូទៅ ទាំងក្នុងនិងក្រៅប្រទេស ពុំមែនត្រឹមតែក្របខណ្ឌនិស្សិតដូចកន្លងមក។ នេះគីជាវិធីដើម្បីរួមថាមពលគ្នា ជាពលសង្គមសកម្មនិងខ្លាំង។
យើងខ្ញុំមានចក្ខុវិស័យថា មានតែប្រជាពលដ្ឋខ្លាំងទេ ទើបអាចសង្គ្រោះដង្ហើមប្រជាធិបតេយ្យដ៏ក្មេងខ្លីនៅកម្ពុជា ដែលកំពុងតែជួបគ្រោះអាសន្នដ៏ធ្ងន់ធ្ងរសព្វថ្ងៃបាន។ លើសពីនេះទៀត គឺមានតែប្រជាពលដ្ឋខ្លាំងប៉ុណ្ណោះ ទើបធ្វើឲ្យប្រទេសជាតិខ្មែរយើងខ្លាំង ដែលមានសមត្ថភាពការពារខ្លួនបានជានិរន្ត។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ កំណត់ទស្សនវិស័យ បង្កើតកម្មវិធីបណ្ដុះស្មារតីប្រជាពលរដ្ឋខ្មែរ ឲ្យក្លាយជាប្រជាពលរដ្ឋខ្លាំង។ គឺជាប្រជាពលរដ្ឋ ដែលមានលក្ខណៈសម្បត្តិ ៖
១- យល់ច្បាស់ពីសិទ្ធិអំណាច និងករណីកិច្ចរបស់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ
២- យល់ច្បាស់ពីស្ថានភាពប្រទេសជាតិរបស់ខ្លួន
៣- មានឆន្ទៈក្នុងការជួយប្រទេសជាតិរបស់ខ្លួន
៤- អនុវត្តតាមឆន្ទៈ និងសិទ្ធិអំណាចដែលខ្លួនមាន
៥- ប្រតិបត្តិដោយមិនបោះបង់ និងមិនរាថយ ឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដ។
ចលនាពលរដ្ឋដើម្បីប្រជាធិតេយ្យ យល់ឃើញថា ការស្ថាបនាជាតិមួយឲ្យខ្លាំងទៅបាន ទាល់តែចាប់ផ្ដើមពីមានប្រជាពលរដ្ឋខ្លាំង ដែលមានលក្ខណៈសម្បត្តិខាងលើឲ្យកាន់តែច្រើន។ កាលណាមានប្រជាពលរដ្ឋខ្លាំងច្រើនឡើង នោះនឹងអាចឈានទៅដល់ការកសាងស្ថាប័នជាតិខ្លាំង និងប្រព័ន្ធច្បាប់យុត្តិធម៌រឹងមាំ ដែលជាគោលការណ៍នីតិរដ្ឋ នៃការគ្រប់គ្រងជាតិ។
សូមប្រជាពលរដ្ឋខ្មែរ ចូលរួមសហការជាមួយចលនាពលរដ្ឋដើម្បីប្រជាធិតេយ្យរួមគ្នា សម្រេចគោលដៅ «ពលរដ្ឋខ្លាំង ជាតិខ្លាំង» នេះ។
រដ្ឋធានីវ៉ាសុីនតុន ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១
ជ. ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការប្រតិបត្តិ
ទូច វិបុល (ហតុថលេខា)
ប្រធានប្រតិបត្តិ
.