ករណីឃាតកម្មវីរជនកម្មករ លោក ជា វិជ្ជា ជាមេដឹកនាំ​សហជីព​សេរីកម្មករ ដ៏​ល្បី​ល្បាញ កាល​​​ពី​​ថ្ងៃទី ២២ មករា ឆ្នាំ ២០០៤ មាន​​ពាក់ព័ន្ធ​​ជាក់លាក់​ទៅ​​នឹង​​​លោក ហុក ឡងឌី ដែល​កាល​នោះ​ ជាមេប៉ូលីសជាតិ នៃ​ក្រសួង​មហាផ្ទៃ និង​ជាដន្លង​របស់​លោក ហ៊ុន សែន។ ហើយ​លោក ហេង ពៅ អតីតស្នងការ​នគរបាល​ក្រុងភ្នំពេញ ក៏ជាប់​ពាក់​ព័ន្ធ​​ក្នុង​សំណុំ​រឿង ធ្វើ​ឃាត​លោក ជា វិជ្ជា ផងដែរ ពីព្រោះសំណុំរឿងនេះគឺជា​សេណារីយ៉ូ​​របស់​​រដ្ឋាភិបាល​ចាំផ្ទះរបស់​លោក ហ៊ុន សែន ដែល​​ជាប់​​គាំង​ជិត​​មួយ​ឆ្នាំ តាំង​​ពីក្រោយ​​ការបោះ​ជាតិ ខែ​​កក្កដា ឆ្នាំ ២០០៣ ដល់ខែ​មិថុនា ឆ្នាំ ២០០៤។ ប៉ុន្តែ​លោក ហេង ពៅ ជាប់​គុក​​មក​ទល់​សព្វថ្ងៃ គឺពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ពាលស៊ីពាល ក្នុង​ចំណោម​មន្រ្តី​ជាន់ខ្ពស់​ដូចគ្នា កាល​ពីមុន​ឆ្នាំ ២០០៦។

(អត្ថបទ​បន្ថែមខាងលើដោយលោក ម៉ែន ណាត អតីតក្រុមការងារជាមួយលោក ជា វិជ្ជា នៃ​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)


(វិទ្យុអាស៊ីសេរីដោយ យន់ សាមៀន / RFA / 21-1-2018)

ភរិយា​លោក ជា វិជ្ជា ដែល​ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស ​តាំងពី​ឆ្នាំ​​២០០៤ នៅ​​តែ​ដង្ហោយ​​ហៅ​យុត្តិធម៌  និង​ជំរុញ​ ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន វែកមុខ​ឃាតក​ពិត ​ដែល​សម្លាប់​លោក ជា វិជ្ជា មក​ផ្ដន្ទាទោស។ អ្នកស្រី​ថា ប្រសិនបើ​រដ្ឋាភិបាល​ មិន​អាច​រក​ឃាតក​ពិតប្រាកដ​ មក​ផ្ដន្ទាទោស​នោះ វា​នឹង​ស​បញ្ជាក់​ថា សំណុំ​រឿង​នេះ​ជាប់​ពាក់​ព័ន្ធ​​រដ្ឋាភិបាល ​នៅ​ពីក្រោយ។

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គឹមនី រស់នៅ​ប្រទេស​​ហ្វាំងឡង់ (Finland) ទាម​ទារ​​​ឲ្យ​​​លោក ហេង ពៅ ដែល​ជា​អតីត​ស្នងការ​ក្រុងភ្នំពេញ ដែល​កំពុង​​ជាប់​ពន្ធនាគារ បក​ស្រាយ​​ការពិត ជុំវិញ​សំណុំរឿង​បាញ់សម្លាប់​ស្វាមី​គាត់ ដែល​បាន​កន្លង​ផុត​ទៅ​ ១៤ ​ឆ្នាំ​ហើយ។ លោកស្រី​ ហ៊ាន​និយាយ​ថា លោក ហេង ពៅ បាន​ទទួល​បញ្ជា​ពី​អ្នក​មាន​អំណាច ហើយ​គឺជា​អ្នក​រៀបចំ​ឲ្យ​មានការ​បាញ់សម្លាប់​ ស្វាមី​គាត់ រួច​រៀបចំ​ឆាកល្ខោន ចាប់​លោក ប៊ន សំណាង និង​លោក សុខ សំអឿន៖ «១៤​ ឆ្នាំ​ហើយ​ រឿង​ពាក់ព័ន្ធ​ប្ដី​ខ្ញុំ​ គឺ​លោក ហេង ពៅ ដឹង​ច្បាស់​ណាស់ បើ​ ហ៊ុន សែន រក​មិន​ឃើញ​ទេ អ្នកឯង​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង អ្នកឯង​ឃុបឃិត​គ្នា ជាមួយ​មេ​ប៉ូលិស ហេង ពៅ។ ហេង ពៅ ហ្នឹង​ជា​អ្នក​រៀបចំ​​ចាប់ ប៊ន សំណាង និង សុខ សំអឿន អ្នក​ដែល​សម្លាប់​រួចខ្លួន ទៅ​យក​គ្នា​អ្នក​មិន​ដឹង​យក​ទៅ​ទទួល​កំហុស​ ឲ្យ​គ្នា​រងគ្រោះ​ប៉ុន្មាន​ឆ្នាំ​ នៅ​ក្នុង​ពន្ធនាគារ សម​ដែរធ្វើបាប​តែ​អ្នក​ក្រីក្រ អ្នក​បាញ់​សម្លាប់​រួចខ្លួន អ្នកឯង​ត្រូវ​គិត​កន្លែង​ហ្នឹង​ អ្នកឯង​ រៀបចំ​ធ្វើ​សកម្មភាព​​ទាំង​អស់ ល្មម​បកស្រាយ​ហើយ កុំ​សំងំ​ក្នុង​គុក​ទៀត ឬមួយ​បាន​សុខ​ហើយ​កូនចៅ​បាន​សុខ​ហើយ ខ្លួនឯង​បាន​សុខ​ហើយ​អ្នក​ដែល​ស្លាប់​ទៅ​នោះ ចង់​បំបិទ​ចោល​ឬមួយ​យ៉ាងម៉េចអ្នកឯង​កុំ​ក្បត់​ឧត្ដមគតិ​ខ្លួនឯង ឬមួយ​សព្វថ្ងៃ​នេះ រស់​ស្រួល​ដេក​ស្រួល​ដោយសារ​ហ៊ុន សែន ជួយ?»។

លោក ជា វិជ្ជា ដែល​ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ ជិត​វត្ត​លង្កា ក្រុងភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​មករា ឆ្នាំ ​២០០៤។ កាលនោះ​ លោក​មាន​កូនស្រី​អាយុ​ជាង ២ ​ឆ្នាំ ហើយ​ភរិយា​របស់​លោក ​កំពុង​ពរ​ពោះ​កូនស្រី​ទី​២។

អំឡុង​ឆ្នាំ​២០០០ លោក ជា វិជ្ជា មាន​ប្រជាប្រិយ​ភាព​ខ្លាំង តាមរយៈ​ការ​តស៊ូ​ទាមទារ​ឲ្យ​មា​នការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា និង​សិទ្ធិ​ផ្សេងៗ ​ជូន​កម្មករ។ កាលនោះ កម្មករ​កម្មការ​នី​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ជួប​ភាព​លំបាក​ខ្លាំង ព្រោះ​ត្រូវ​ថៅកែ​ប្រើ​ឲ្យ​ធ្វើ​ការងារ​ដូច​ទាសករ ហើយ​ប្រសិន​ពួកគេ​ធ្វើការ​លើស​ម៉ោង​រហូត​ធ្លាក់ខ្លួន​ឈឺ ត្រូវ​គេ​បញ្ឈប់​ចោល និង​អ្នកខ្លះ​ស្លាប់​វិញ គឺ​គ្មាន​យន្តការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។

ភ្លាមៗ​ក្រោយ​ឃាតកម្ម​លើ លោក ជា វិជ្ជា តែ​ ២​ ថ្ងៃ សមត្ថកិច្ច​ចាប់​មនុស្ស ​២ ​នាក់ គឺ​លោក ប៊ន សំណាង និង​លោក សុខ សំអឿន។ កាល​ពី​ឆ្នាំ​២០០៥ តុលាការ​បាន​ផ្ដន្ទាទោស​អ្នក​ទាំង​២ ឲ្យ​ជាប់គុក​ម្នាក់ ២០ ​ឆ្នាំ និង​ផ្ដល់​សំណង​ប្រាក់ ៤០ ​លាន​រៀល​ដល់​ដើមបណ្ដឹង។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៣ តុលាការ​កំពូល សម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ដោយ​ថា ភស្តុតាង និង​សាក្សី​ដាក់​បន្ទុក​ មិនបាន​ស៊ី​សង្វាក់​គ្នា​ដូច​ការចោទប្រកាន់ ហើយ​តុលាការ ​គ្មាន​ភស្តុតាង​ច្បាស់លាស់​ សម្រាប់​ការ​ចោទ​ប្រកាន់​ឡើយ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស ហៅ​លោក ប៊ន សំណាង និង លោក សុខ សំអឿន ថា​ជា​ឃាតក​សិប្បនិម្មិត ព្រោះ​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជិត ៦​ឆ្នាំ ដោយ​គ្មាន​ទោសពៃរ៍។

លោក ប៊ន សំណាង ដែល​ជា​អតីត​អ្នកទោស​ដោយ​តុលាការ​ចោទ​ថា ជា​ជន​ដៃដល់​បាញ់សម្លាប់​ លោក ជា វិជ្ជា ថ្លែង​ថា លោក​មិន​ចង់​រំលឹក​ពី​ភាព​ឈឺ​ចាប់​នេះ​ទៀត​ទេ ពីព្រោះ​វា​បាន​បន្សល់ទុក​នូវ​ភាព​អយុត្តិធម៌  និង​មរកត​ជំងឺ​មក​លើ​រូបលោក ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ៖ «តាម​ពិត​ទៅ​ខ្ញុំ​នឹកឃើញ​ដល់​រឿង​ហ្នឹង​ខ្ញុំ​វា​ឈឺចាប់ នឹកឃើញ​យើង​អត់​ខុស​អី​សោះ យើង​វេទនា​ដេក​ពិបាកចិត្ត​ក្នុង​ហ្នឹង​។ កាលណា​ខ្ញុំ​គិត​រឿង​អត់​សប្បាយចិត្ត​វា​ប៉ះពាល់​ដល់​សុខភាព​ខ្ញុំ។ ខ្ញុំ​ប្រឹង​ព្យាយាម​លេង​កីឡា ពី​ថ្ងៃ​ហ្នឹង​ទៅមុខ ស្អែក​ខ្ញុំ​មាន​អី​ហូប ខ្ញុំ​ហូប​អី​ស្អែក​ខ្ញុំ​ធ្វើ​អី​បាន​លុយ​យក​មក​ហូប​ទៀត ខ្ញុំ​គិត​អ៊ីចឹង​វិញ​។ អតីតកាល​ខ្ញុំ​គិត​ថា ជា​កម្ម​ពៀរ​របស់ខ្ញុំ​ទៅ​ចុះ កាលណា​ខ្ញុំ​គិត​ច្រើន​ខ្ញុំ​ដេក​អត់​លក់ ហូប​អី​អត់​កើត​ទេ។ សម្រាប់​ខ្ញុំ​តុលាការ​ថ្នាក់​ដំបូង និង​ឧទ្ធរណ៍​បាន​កាត់ទោស​ខ្ញុំ វា​អយុត្តិធម៌​ណាស់ អត់​ខុស​សោះ គាត់​កាត់ទោស​ទាំង​បំពាន ប៉ុន្តែ​ខ្ញុំ​សូម​អរគុណ​ដល់​តុលាការ​កំពូល​ដែល​លោក​បាន​ដោះលែង​ខ្ញុំ​២​ដង។ បើ​តាម​ច្បាប់​តាម​មេធាវី​ខ្ញុំ​គាត់​ប្រាប់​ខ្ញុំ​ថា តម្រូវ​ឲ្យ​យើង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត ប៉ុន្តែ​ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​អត់​ប្ដឹង​ទាមទារ​អី​ទេ រាល់​ថ្ងៃ​នេះ​ខ្ញុំ​សុំ​តែ​សុខ​សប្បាយ»។

ភរិយា​លោក ជា វិជ្ជា គឺ​លោកស្រី ជា គឹមនី ថ្លែង​ថា ជាង​១០​ឆ្នាំ​ហើយ ហេតុអ្វី​បានជា​រដ្ឋាភិបាល​គ្មាន​លទ្ធភាព​រក​ឃាតក​ពិត ដើម្បី​ផ្ដល់​ឲ្យ​គ្រួសារ​លោកស្រី​ទទួល​បាន​យុត្តិធម៌? ឃាតកម្ម​បាញ់សម្លាប់​ស្វាមី​គាត់​គឺជា​ការរៀបចំ​គម្រោង​ជា​ប្រព័ន្ធ។ លោកស្រី​បន្ត​ថា ភាព​ឈឺចាប់​នៅ​តែ​ជា​ស្រមោល​អន្ទោល​តាម​ប្រាណ​រហូត​មកដល់​បច្ចុប្បន្ន មាន​​តែ​លោក ហេង ពៅ ទេ​ដែល​អាច​លាតត្រដាង​ការពិត​បាន។

កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ លោក ហេង ពៅ បាន​និយាយ​​ទៅ​កាន់​អ្នក​សារព័ត៌មាន​​​​នៅ​​ក្នុង​​បរិវេណ​​តុលាការ​​កំពូល​ថា អ្នកសារព័ត៌មាន​នឹង​បាន​ដឹង​ថា នរណា​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​អនាគត។ សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា នេះ​មិន​បាន​បិទ​បញ្ចប់​ឡើយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១៥ បាន​តែង​តាំង​​សមាសភាព​ពិសេស​ក្នុង​គណៈកម្មការ​អន្តរក្រសួង ជៀស​ផុត​ការរិះគន់​ពី​មជ្ឈដ្ឋាន​នានា ដើម្បី​ស៊ើបអង្កេត​រក​ឃាតក អ្នកសមគំនិត និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត ក្នុង​សំណុំ​រឿង​​ឃាតកម្ម​ លើ​អតីត​មេដឹកនាំ​សហជីព​សេរី​កម្មករ ៣​ រូប ដូចជា​លោក ជា វិជ្ជា លោក រស់ វណ្ណារ៉េត និង​លោក ហ៊ី វុទ្ធី ដែល​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​ជា​បន្តបន្ទាប់​ ក្នុង​​ឆ្នាំ ​២០០៤, ២០០៥ និង​ឆ្នាំ​២០០៧។ ប៉ុន្តែ​មកដល់ពេលនេះ អាជ្ញាធរ​មិនទាន់​រក​ឃើញ​តម្រុយ​ណាមួយ ​ពី​ការស៊ើបអង្កេត​ឡើយ។ អាស៊ីសេរី​ មិន​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បានទេ​នៅ​ថ្ងៃ​ទី​ ២០ មករា។ ប៉ុន្តែ​ធ្លាប់​បាន​ផ្ដល់​សម្ភាសន៍​ថា សមត្ថកិច្ច​មិនដែល​បិទ​សំណុំ​រឿង​នេះ​ទេ។

អតីត​សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ដៃគូ​លោក ជា វិជ្ជា ធ្វើ​ការងារ​​ការពារ​កម្មករ គឺ​លោក រ៉ុង ឈុន លើក​ឡើង​ថា រយៈ ១៤ ​ឆ្នាំ​ហើយ លោក​មិន​ដឹង​ថា ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ក្រុងភ្នំពេញ​មាន​វិធីសាស្ត្រ​បែប​ណា ​ដើម្បី​ពន្លឿន​សំណុំ​រឿង​​ឃាតកម្ម​ លើ​លោក ​ជា ​វិជ្ជា ​និង​មេដឹកនាំ​សហជីព​ផ្សេងៗ​ទៀត។ លោក​អំពាវនាវ​ ដល់​​អាជ្ញាធរ​រដ្ឋាភិបាល ឲ្យ​វែកមុខ​ចាប់​ជន​ដៃដល់ និង​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ទាំង​នេះ​ យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ដើម្បី​លុបបំបាត់​អំពើ​និទ្ទណ្ឌភាព ​នៅ​កម្ពុជា៖ «ក្នុងនាម​​ជា​អតីត​ប្រធាន​សមាគម ក៏ដូចជា​សហភាព​យើង​នឹង​ចូលរួម​ជំរុញ​ទៅ​រដ្ឋាភិបាល​​ពន្លឿន​វែកមុខ​រក​ឃាតក និង​អ្នក​នៅ​ពី​ក្រោយខ្នង​ឃាតក​យក​មក​ផ្ដន្ទាទោស ដើម្បី​​ផ្ដល់​យុត្តិធម៌​ដល់​កូន​ប្រពន្ធ សាច់ញាតិ បងប្អូន ក៏ដូចជា​កម្មករ​កម្មការិនី ដែល​បាន​គោរព​ស្រលាញ់​លោក ជា វិជ្ជា»។

ជាង ២​ ទសវត្សរ៍​មកនេះ យ៉ាងហោចណាស់​ក៏​មាន អ្នកសារព័ត៌មាន សកម្មជន​គណ​បក្ស​​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ ប្រមាណ ជាង ១០០​ នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត។ សាច់ញាតិ និង​សហជីព​កន្លងមក បាន​ទាមទារ​សង់​រូបសំណាក ដើម្បី​រំលឹក​ពី​វីរភាព និង​ការ​លះបង់​របស់​លោក ជា វិជ្ជា។ កាល​ពី​ឆ្នាំ​២០១៣ រូបសំណាក​លោក ជា វិជ្ជា ត្រូវ​បាន​អាជ្ញាធរ ​យក​ទៅ​តម្កល់​លើ​សួនច្បារ​ប៉ែក​ខាងលិច​វិមាន​ឯករាជ្យ មុខ​បែរ​ទៅ​ទិស​ខាងលិច អម​ដោយ​ដៃ​ស្ដាំ​លើក​ឡើងលើ​ចង្អុល​ត្រង់​ទៅមុខ ដៃ​ឆ្វេង​កាន់​ក្បាល​មីក្រូហ្វូន ក្បែរ​តូប​លក់​កាសែត​ជាប់​របង​វត្ត​លង្កា ជាទី​ដែល​លោក ​ត្រូវ​ឃាតក​បាញ់​សម្លាប់។ ភរិយា​លោក ជា វិជ្ជា បាន​ថ្លែងអំណរគុណ​ ដល់​អតីត​បុគ្គលិក​ស្វាមី​លោកស្រី អតីត​សហការី គ្រូបង្រៀន និង​កម្មករ​ដែល​តែងតែ​ប្រារព្ធ​ពិធី​ដាក់​កម្រងផ្កា​ចងចាំ​ ចំពោះ​ឃាតកម្ម​ស្វាមី​លោកស្រី ជា​រៀងរាល់​ឆ្នាំ។ សហជីព​សេរី​កម្មករ ​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ចំ​ថ្ងៃ​ទី​២២ មករា គម្រប់​ខួប ១៤​ ឆ្នាំ នៅ​ក្បែរ​តូប​កាសែត ទី​តម្កល់​រូបសំណាក​ខាងមុខ ​វត្ត​លង្កា រាជធានី​ភ្នំពេញ៕

11667406_10153427235723210_543218362352089632_n.jpgLy Rasy-Born Samnang-SokSamOeun.012417943_1668309003428485_1842834075411167083_nfree-trade-union-president-chea-mony-places-incense-by-photograph-of-his-brother-slain-labour-rights-leader-chea-vichea-in-jan-2012-photo-phnom-penh-post