RFA, ដោយ យ៉ង ចាន់តា
02-8-2017
ប្រតិភូគណៈកម្មការកិច្ចការបរទេសនៃ សភាកម្ពុជា ឡាវ និង វៀតណាម ជួបជុំគ្នានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ សីហា ដើម្បីធ្វើសន្និសីទ លើកទី៦ ស្ដីពីការគាំទ្រ និងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV = Cambodia, Laos, Vietnam)។
សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋសភា ចេញផ្សាយនៅព្រឹកថ្ងៃទី ២ សីហា បញ្ជាក់ថា ប្រតិភូសភាកម្ពុជា ដឹកនាំដោយលោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា។
លោក ឈាង វុន ថ្លែងក្នុងឱកាសនោះថា ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម កំពុងធ្វើឲ្យតំបន់ ក្លាយជាសហគមន៍តែមួយ ហើយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងប្រតិបត្តិនៃប្រទេសទាំង ៣ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើផែនការអភិវឌ្ឍន៍ ប្រកបដោយចីរភាពក្នុងតំបន់។
តំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នា ត្រូវបានបង្កើតកាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលនៃ ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ តំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្ នាមានខេត្តចំនួន ១៣ ជាចំណុះ ដោយកម្ពុជា មាន ៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ប្រទេសឡាវ មាន ៤ ខេត្ត និងប្រទេសវៀតណាម មាន ៥ ខេត្ត៕
.