ដោយ CWCI Cambodia / 03rd-6-2020
ក្រុមអ្នកឃ្លាំមើលនិយាយថា ល្បែងនយោបាយ«ខ្លួនមួយជិះទូក ២ របស់របស់លោក ហ៊ុន សែន» កំពុងនាំនាវាកម្ពុជា ជួបគ្រោះមហន្តរាយនយោបាយ និងគ្រោះមហន្តរាយសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើតាមការលើកឡើងរបស់វាគ្មិន លោក មាជ សុវណ្ណារ៉ា និងលោក គឹម សុខ ក្នុងកម្មវិធីពិភាក្សា Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីល្ងាចថ្ងៃទី ២៩ ឧសភា ២០២០។
អតីតអ្នកទោសមនសិការ លោក មាជ សុវណ្ណារ៉ា លើកឡើងថា «លោក ហ៊ុន សែន បានងាកទៅរឹតចំណងមិត្តភាពជាមួយចិន ធ្វើជ្រុលហួសរហូត ធ្វើឲ្យវៀតណាម បាត់ទំនុកចិត្តលើលោកទាំងស្រុង»។ លោកបន្តថា «ចិន និងវៀតណាម សុទ្ធតែមានមហិច្ឆតា ចង់ដាក់អណានិគមលើកម្ពុជា ទៅថ្ងៃអនាគត»។
ចំណែកលោក គឹម សុខ អ្នកវិភាគនយោបាយឯករាជ្យ ដែលចូលរួមជាវាគ្មិន ក្នុងកម្មវិធីនេះដែរ បានថ្លែងថា «លោក ហ៊ុន សែន ចងសម្ព័ន្ធមិត្តជាមួយចិន តែមិនអាចធ្វើសត្រូវជាមួយវៀតណាម បានឡើយ ព្រោះបណ្តាញចារកម្មវៀតណាម ក្នុងជួរគណបក្សប្រជាជនកម្ពុជា និងក្នុងជួរមន្ត្រីរដ្ឋាភិបាល ច្រើនហួសពីការស្មាន ដែលអាចបង្កវិនាសកម្មដល់លោក ហ៊ុន សែន គ្រប់ពេល»។
អ្នកវិភាគនយោបាយសង្គមរូបនេះ លើកឡើងថា នយោបាយបញ្ច្រាសគ្នា រវាងកុម្មុយនិស្តចិន និងកុម្មុយនិស្តវៀតណាម ពិតជាធ្វើឲ្យលោក ហ៊ុន សែន ពិបាកទប់អំណាចរបស់ខ្លួនខ្លាំងណាស់ ក្នុងស្ថានភាពនេះ។ លោកបន្តថា វៀតណាម បានចងមិត្តជាមួយអាមេរិក ចំណែកអាមេរិក ជាគូរប្រកួតប្រជែងគ្នា ជាមួយចិន លើវិស័យយោធា ភូមិសាស្ត្រនយោបាយ និងវិស័យសេដ្ឋកិច្ច ដែលកំពុងតែឡើងកំដៅរៀងខ្លួននៅសមុទ្រចិនខាងត្បូង។
លោក គឹម សុខ បន្តថា «ចំណងមិត្តភាពដែកថែប រវាងកម្ពុជា-ចិន បានធ្វើឲ្យលោក ហ៊ុន សែន ធ្លាក់ប្រជាប្រិយភាព ក្នុងជួរមន្រ្តីរដ្ឋាភិបាល និងនៅក្នុងគណបក្សរបស់ខ្លួន» បន្ទាប់ពីចិន ត្រូវរងសម្ពាធពីបណ្តាប្រទេសលោកសេរី ទាក់ទងទៅនឹងការផ្ទុះជំងឺកូវីដ១៩ នៅទីក្រុង វូហាន កន្លងទៅ។ លោក បញ្ជាក់បន្ថែមថា បណ្តាប្រទេសទាំងនោះ បានបង្ហាញពីនយោបាយការទូត ប្រឆាំងទៅនឹងប្រទេសចិន និងទាមទារឲ្យចិន បង្ហាញមូលហេតុពិត នៃការផ្ទុះឡើងនៃជំងឺនេះ។
រីឯលោក ម៉ាជ សុវណ្ណារ៉ា លើកឡើងថា ដើម្បីការពារប្រយោជន៍ជាតិ ការពារទឹកដី រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវមានឆន្ទៈពិតប្រាកដ បង្កើតយន្តការសមស្របមួយ «មិនយកខ្មែរណាជាសត្រូវ ជជែកគ្នាដោយស្មោះត្រង់ លើប្រយោជន៍ជាតិជាគោល» ដោយផ្អែកលើសន្ធិសញ្ញាទីក្រុងប៉ារីស ឆ្នាំ ១៩៩១។
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ កន្លងទៅ លោក ហ៊ុន សែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនយោបាយរួមគ្នា ជាមួយចិន ហើយបានចាត់ទុកកម្ពុជាជាមិត្ត «ដែកថែបជាមួយចិន» ដែលមិនអាចបំបែកបាន។
ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យ Michigan លោក John Cioriari បានមានប្រសាសន៍ថា «ចិន ផ្តល់នូវការវិនិយោគ និងជួយពួកមេដឹកនាំកម្ពុជា ឲ្យពង្រឹងសេដ្ឋកិច្ច និងជំហររបស់គណបក្សប្រជាជនកម្ពុជា ជាថ្នូរនឹងការរុករកធនធានធម្មជាតិ របស់កម្ពុជា និងការគាំទ្រនយោបាយការទូត»។
ចំណែក លោក គឹម សុខ វិញបានផ្តល់អនុសាសន៍ថា «ដើម្បីដោះស្រាយវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចនៅកម្ពុជា មានតែអ្នកប្រជាធិបតេយ្យ ត្រូវរួបរួមកម្លាំងគ្នា សហការជាមួយសង្គមស៊ីវិល និងសមាគមន៍នានា ហើយត្រូវហ៊ានចេញមុខ ទប់ស្កាត់នយោបាយ ឈ្លានពានបរទេសជិតខាង»។
លោក មាជ សុវណ្ណរ៉ា ទទូចឲ្យមានការកែប្រែច្បាប់ពី ៥០%+១ ទៅជា ២/៣ (២ភាគ៣) វិញ ដើម្បីធានា អធិបតេយ្យភាព ស្ថេរភាព និងឯករាជ្យភាពជាតិ។ លោក បានរិះគន់ថា ច្បាប់ ៥០%+១ គឺជាគ្រោះមហន្តរាយ សម្រាប់ជាតិខ្លាំងណាស់ ព្រោះអំណាចនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គ្របលើអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការទៅហើយ៕
.