បញ្ចូលអត្ថបទដោយលោក ម៉ែន ណាត

គណៈកម្មាធិការព្រំដែនកម្ពុជា នៅប្រទេស​បារាំង លោក​បណ្ឌិត ឌី ការ៉េត បាន​​បង្ហាញ​​ឯកសារ​​ស្តី​អំពី​ការ​ក្តោប​ក្តាប់​របស់​ចិន នៅ​កម្ពុជា ដែល​សរសេរ​ភាសា​បារាំង (សូម​ទាញ​យក in French) រួច​បក​ប្រែ​ជាភាសា​ខ្មែរ (សូមទាញយក Khmer)។ ខាងក្រោមនេះ គឺខ្លឹមសារលំអិតទាំងស្រុងនៃឯកសារ។

ការក្តោបក្តាប់របស់ចិន នៅ​ប្រទេស​កម្ពុជា

(លោក ឌី ការ៉េត ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា)

ចិន​តែងតែ​ផ្តោត​អារម្មណ៍​ជាពិសេស មក​លើ​ប្រទេស​នានា​ ដែល​នៅ​ខាង​ត្បូង​ប្រទេស​ខ្លួន គឺ​នៅ​​តំបន់​អាស៊ី​​អគ្នេយ៍។ ចិន​កុម្មុយនិស្ត បាន​ចាប់​អារម្មណ៍ មក​លើប្រទេស​កម្ពុជា តាំង​ពីសន្និ​សីទ ​ទីក្រុង​​ហ្សឺណែវ ឆ្នាំ​១៩៥៤ នៃ​ការបញ្ចប់​​សង្គ្រាម​បារាំង ​និង​ការប្រកាស​អព្យាក្រឹត​ភាព នៃ​​ឥណ្ឌូចិន​។ កាល​នោះ ការទូត​ចិន បាន​ប្តេជ្ញា​ការពារ​អព្យាក្រឹតភាព​នៃ​​កម្ពុជា នៃ​សម្តេច​​ នរោត្តម​ សីហនុ ដើម្បី​ស្ថេរភាព នៃ​តំបន់។ នៅខែ​មេសា ឆ្នាំ​១៩៥៥ នៅក្នុង​សន្និសិទ ទីក្រុង​បាន់ឌុង (Bandung) នៅ​​ប្រទេស ឥណ្ឌូនេស៊ី ចិន និងកម្ពុជា បាន​សម្រេច​ដូចគ្នា ចូលជាសមាជិក​នៃ​ «ចលនានៃ​ប្រទេស​​មិន​ចូល​បក្សសម្ព័ន្ធណា» ក្នុង​បរិបទនៃ​​សង្គ្រាម​​​ត្រជាក់ រវាង​អាមេរិក និង​សហភាព​​សូវៀត។ ជាបន្ទាប់មក ចំណង​មិត្តភាព​ដ៏ល្អ​ប្រសើរ រវាង ​លោក ជូ អេន ឡាយ និង​សម្តេច សីហនុ បាន​​នាំ​​​ឲ្យ​សម្តេច​​ប្រកាស​ទទួល​ស្គាល់ ភាពត្រឹមត្រូវ​ស្រប​​ច្បាប់ ​នៃ​សាធារណរដ្ឋចិន​ប្រជាមានិត​ និង​​បង្កើត​​​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ នៅ​ថ្ងៃទី​១៩ កក្កដា ១៩៥៨។

លុះបារាំង បានចេញ​ពីឥណ្ឌូចិន ចិន​បានប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង នឹង​វត្តមាន​របស់​អាមេរិក នៅ​ក្នុង​តំបន់ ដោយ​គាំ​ទ្រ ពួកកុម្មុយនិស្ត​យៀកណាម​ខាង​ជើង-យៀក​កុង ដែល​ទៅ​វាយប្រហារ យៀកណាម​ខាង​​ត្បូង ​ដែល​និយម​​អាមេរិក។ តាម​សំណើ​របស់ ជូ អេន ឡាយ សម្ដេច សីហនុ ក៏បាន​ទាំង​យល់​ព្រម តាំង​ពីឆ្នាំ​១៩៦៥ ឲ្យ​​ចិន​បញ្ជូនសព្វាវុធ ទៅឱ្យ​ទ័ព​​យៀកកុង តាមរយៈ​ប្រទេស​កម្ពុជា​ផង។ ក្រុង​ប៉េកាំង ក៏​បាន​ផ្តល់ ជំនួយ​ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​ «ឥតចំណង » មួយ​ចំនួន​ ដល់​កម្ពុជា​នៅ​ពេល​នោះ​​ដែរ។

បន្ទាប់ពីការដកទ័ព​របស់​អាមេរិក ពី​វៀតណាម នៅឆ្នាំ​១៩៧៥ ចិន ​បាន​បោះបង់​សម្តេច {សីហនុ} ​ចោល ហើយ​បាន​ផ្ដល់​មធ្យោបាយ​ហិរញ្ញវត្ថុ និង​យោធា​ដ៏​មាំមួន ដល់​ ប៉ុល ពត ដើម្បី​​ឱ្យ​អាច​​បន្ត​​កាន់​​អំណាច នៅ​​ភ្នំពេញ និង​​វាយ​តប​​ទៅ​​នឹង​​ការឈ្លាន​ពាន​​កម្ពុជា ពី​​យួន​កុម្មុយនិស្ត ដែល​​បាន​​សហភាព​​សូវៀត គាំទ្រ​​យ៉ាង​​ខ្លាំង ។ សូវៀត​​បាន​​ដួល​រលំ នៅ​​ចុង​​ទសវត្ស​ឆ្នាំ ១៩៨០ ប៉ុន្តែ​​បន្ទាប់​ពី​សន្ធិសញ្ញា​សន្តិភាព​​​ទីក្រុង​​​ប៉ារីស ស្តីពី​​កម្ពុជា ឆ្នាំ​​១៩៩១ ខ្មែរក្រហម​​របស់ ប៉ុល ពត ត្រូវ​​ពិភព​លោក ថ្កោល​ទោស​​គ្រប់គ្នា​​ជានិច្ច និង​​​​បានបែក​​ខ្ញែក​​គ្នា​ផង រីឯ​​សម្តេច សីហនុ ក៏គ្មាន​​សកម្មភាព​​ខ្លាំងក្លា នោះ​​ចិន​​ងាក​​ទៅ​គាំទ្រ លោក​ ហ៊ុន ​សែន ដែល​​ជាមនុស្ស​​រណប​​របស់​​ក្រុង​ហាណូយ​វិញ ដើម្បី​រក្សា​​វត្តមាន​​របស់​ខ្លួន នៅ​​កម្ពុជា​​នេះ។

ទំនាក់ទំនងថ្មី ចិន-កម្ពុជា

បន្ទាប់​ពីឆ្នាំ​១៩៩១ ក្នុង​ការតទល់​នឹង​ឥទ្ធិពល​អាមេរិក ចិន​ពឹង​ផ្អែក​លើ​ប្រទេស នៃ​សមាគម​«អាស៊ាន» ដែល​ទំនាក់​​ទំន​ងពាណិជ្ជកម្ម​សរុប ជាមួយ​ចិន បាន​​បន្ត​​កើន​ឡើង រៀង​រាល់​ឆ្នាំ​​ហើយ។ ប៉ុន្តែ​ចិន ក៏​​ខិតខំ​ផង​ដែរ ក្នុង​ការបំ​បែក«អាស៊ាន» ដោយ​ចិន​ឲ្យ​តម្លៃ ដល់​ទំនាក់​​ទំនង​​ទ្វេភាគី​របស់​ខ្លួន ជាមួយ​​ប្រទេសនីមួយៗ​នោះ​វិញ។ ហេតុនេះ កម្ពុជា​នៃ ហ៊ុន សែន ត្រូវ​គាំទ្រ និង​ការពារ​ជំហរ​ចិន គ្រប់​យ៉ាង​នៅ​ «អាស៊ាន» និង​នៅមុខ​អាមេរិក និង​បស្ចិម​ប្រទេស​ជា​ចាំបាច់។ ​

​ម្យ៉ាងទៀត ​តាំង​ពីឆ្នាំ​២០១២ លោក​ប្រធានា​ធិបតី​ចិន ស៊ី ជីនពីង​ បាន​ចាត់​ទុក​កម្ពុជា ជា​ភាគ​សំខាន់​ពិសេស​​មួយ នៅ​​ក្នុង​​«ជួរខ្សែ​គុជ​​សមុទ្រ» នៃ​ផែនការ «ខ្សែក្រវាត់​មួយ​-​ផ្លូវមួយ» នៃ​សេដ្ឋកិច្ច​ចិន ជុំវិញ​ពិភព​លោក ចាប់​ពីទីក្រុង​ហុងកុង កាត់​តាម​មហាសមុទ្រ​ឥណ្ឌា ទៅដល់​ប្រទេស​ស៊ូដង់ នៅ​អាហ្រិ្វក។

គឺចំណុច​ទាំងពីរ​នេះ​ហើយ ដែល​ជាមូលដ្ឋាន នៃ​ទំនាក់ទំនង​ថ្មី ចិន​-​កម្ពុជា និង​​«ការវិនិយោគ»​​ផ្សេងៗ របស់​ចិន នៅ​កម្ពុជា។

ការវិនិយោគ​ ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច

យើងបានឃើញថា ចិន​បាន​ចាប់អារម្មណ៍​ពិសេស ជាយូរ​មក​ហើយ​ មក​លើ​ប្រទេស​កម្ពុជា។ កម្ពុជា ជា​ប្រទេស​​មួយ​​តូច មាន​ប្រជាជនតិច និង​មិន​មាន​កម្លាំង​ការពារ​ខ្លួន។ ប៉ុន្តែ​កម្ពុជា មាន​ធន​ធាន​​ធម្មជាតិ​សំខាន់ៗ​ខ្លះ (ឈើ ត្រី ផលិតផល​កសិកម្ម រ៉ែ…) និង​ជាប្រទេស​​មាន​លំហ ទៅលើ​​ឈូង​សមុទ្រ​សៀម ដែល​សម្បូរ​ដោយ​ជលផល និង​ជាមណ្ឌល​ធន​ធាន​​ប្រេង។​ ម្តងនេះ ចិន​មិន​ប្រើ​ចុង​កាំភ្លើង ដើម្បី​ក្តាប់ ​យក ​ប្រទេស​តូច​នេះ​ទេ តែ​គេបាន​សម្រេច​ចិត្ត ទិញ​​វានិង​សាច់ប្រាក់​ ដោយ​ទិញ​មេដឹកនាំ ទិញ​ទីក្រុង ​និង​​ខេត្តនានា​នៅ​តាម​ឆ្នេរសមុទ្រ ខណៈ​ដែល​គេ​ប្រាថ្នា​កាន់កាប់​សេដ្ឋកិច្ច និង​ពង្រីក​​ឥទ្ធិពល​​​វប្បធម៌​ចិន​ នៅ​ស្រុក​ខ្មែរ​​ផង។ ពីឆ្នាំ​២០០៥​​-​២០១៩ ជំនួយ​«ឥតចំណង», ប្រាក់​កម្ចី, និង​ការវិនិយោគ​សេដ្ឋកិច្ច របស់​ចិន មាន​ចំនួន​ជាង ២៥​ពាន់​លាន​ដុល្លារ ដែល​ជាផ្នែកមួយ នៃ​ការកសាង​ហេដ្ឋារចនា​សម្ព័ន្ធ ដូចជា អគារ​ធំៗ,​​​ ផ្លូវថ្នល់​​ (១៥០០ គីឡូម៉ែត្រ), ស្ពាន (៣១០០ម៉ែត្រ), ទំនប់វារី​អគ្គិសនី… ។

រាជធានីភ្នំពេញ ​ដែលធ្លាប់​តែជាទីក្រុង​-សួន​ច្បារមួយ ប្រកប​ដោយ​សម្រស់​ប្រិមប្រិយ និង​ជាទីសួស្តី​​រីករាយ បាន​ក្លាយ​ជា​ក្រុង​ធំ​មួយ ដ៏អាក្រក់ នៃ​សំណង់​គ្មាន​សណ្តាប់​ធ្នាប់ស្ថាបនកម្ម នៃ​អគារស៊ីម៉ងត៍​-​បេតុង​ខ្ពស់ៗ​ នៅ​កណ្តាល​ទីក្រុង និង​នៅ​តាម​ដងទន្លេ​មេគង្គ​ ដែល​ជាសណ្ឋាគារ ហាង​លក់​ទំនិញ និង​​រោងចក្រ​ចិន ដែល​ជា​និមិត្តរូប នៃ​មហិទ្ធិឬទ្ធ​សេដ្ឋកិច្ច និង​នយោបាយ​ថ្មី របស់​ចិន មក​លើ​កម្ពុជា។

នៅក្រុង​ព្រះសីហនុ​ ពីឆ្នាំ​​២០១៧ ដល់ខែ​ឧសភា ឆ្នាំ​២០២០ គម្រោង​សាងសង់ មាន​តម្លៃ​​សរុប ជាង​​៧​ពាន់​លាន​ដុល្លារ។ សំណង់​បាន​ដុះដូច​ផ្សឹត​យក្ស មាន​សណ្ឋាគារ​ប្រណីត​​ធំៗ កាស៊ីណូធំ​ និង​តូច ភោជនីយដ្ឋានចិញ្ចាច​ចិញ្ចែង ហាងម៉ាស្សា និង​ផ្ទះបនផ្សេង​ទៀត គ្រប់«ថ្នាក់​​តម្លៃ»។

ទីក្រុង​កំពត និង​តំបន់​ជុំវិញ​នោះ ក៏​ត្រូវ​បាន​លុក​លុយ ដោយ​ពាណិជ្ជករ​ចិន​ ដែល​មក​ធ្វើ​អាជីវកម្ម​ លើ​ទី​ដី​គ្រប់​កន្លែង ​ដោយ​គេ​ទិញ​ អច​លនទ្រព្យ​ទាំង​អស់​ ដែល​មាន​លក់។ មួយ​ផ្នែក​ធំ នៃ​ប៉ែក​ខាង​លិច នៃ​ស្ទឹង​កំពត ក៏​ត្រូវ​ពួក​គេ​ទិញយក ហើយ​គេបាន​បូមដី ​ធ្វើ​កំពង់​​ផែទឹក​ជ្រៅ​មួយ​ ដែល​គេថា​នឹង​នាំ​​ភ្ញៀវ ទេសចរ​ចិន ពី ១លាន ទៅ ២​លាន​នាក់ ​ក្នុង​មួយ​​ឆ្នាំៗ មក​ជិះទូក​កម្សាន្ត និង​ដឹក​ទៅកាន់​ភ្នំ​បូកគោ ដោយ​ឡានក្រុង ដើម្បី​ទៅ​លេង​កាស៊ីណូ និង​ទីលំហែរ​កាយ​ថ្មីៗ នៅ​លើកំពូល​ភ្នំនោះ។

ការវិនិយោគ នយោបាយ និង​យោធា

ក្នុង​ដំណើរទស្សនកិច្ច​លើកដំបូង​ នៅខែ​ធ្នូ ឆ្នាំ​២០០៩ របស់លោក ស៊ី ជិនពីង ដែល​ពេល​នោះ ជា​អនុ ប្រធានាធិបតី នៃ​ប្រទេស​ចិន លោក ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​សំណើ​របស់​លោក​ស៊ី ថា «កម្ពុជា ​នឹង​​ធ្វើការ​រួម​គ្នា ជាមួយ​ចិន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ចិន​-​កម្ពុជា គ្រប់​កម្រិត​ទាំង​អស់ នៅ​ក្នុង វិស័យ​នយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ និង​សន្តិសុខ»

ពីខែកក្កដា ឆ្នាំ​២០១៥ ទីភ្នាក់ងារ​សារព័ត៌មាន ស៊ីនហួ​​ (Xinhua) បាន​រំលឹកបន្ថែម​ថា ​«ប្រទេស​ចិន​ និង​ប្រទេស​​​កម្ពុជា​ បាន​សន្យា​​ពង្រឹង​ទំនាក់ទំនង​យោធា និង​ការគាំទ្រ​គ្នា​ទៅវិញ​ទៅ​មក នៅ​ក្នុង​បញ្ហា​ទាក់ ទង​​នឹង​អធិបតេយ្យភាព សន្តិសុខ និង​ការអភិវឌ្ឍ នៃ​ប្រទេស​ទាំងពីរ»។ ដូច្នេះ​នៅឆ្នាំ​ ២០០៧ ក្រុង ប៉េកាំង បាន​ផ្តល់​នាវា​ល្បាត ចំនួន​ ៩​គ្រឿង និង​នាវា​ចម្បាំង ចំនួន ៥​គ្រឿង សម្រាប់​កងទ័ព​ជើង​ទឹកខ្មែរ បន្ទាប់​មក សម្រាប់​កងទ័ព​ជើងគោក ​គេ​បាន​ផ្តល់​រថក្រោះ រថពាស​ដែក រថយន្ដ​ដឹកទ័ព ជា​ច្រើនគ្រឿង រួម​ជាមួយ ការបណ្តុះ​បណ្តាល​មន្ត្រី​យោធា និង​ការធ្វើ​សមយុទ្ធ​យោធា ជាមួយ​គ្នា​យ៉ាង​ទៀង​ទាត់។

ក្នុងផែនការ​ធ្វើឲ្យ​កម្ពុជា ក្លាយជា«គុជ​សមុទ្រ»មួយ នៃ​យុទ្ធសាស្ត្រ​ «ខ្សែក្រវាត់មួយ-ផ្លូវមួយ» នៃ​សេដ្ឋ​កិច្ច​​ចិន ក្រុង​ប៉េកាំង​បាន​សម្រេច​​ចិត្ត ធ្វើ​ឱ្យ​ក្រុង​ព្រះសីហនុ ក្លាយ​ជាកំពង់​ផែ​សមុទ្រ​ធំ នៃ​ប្រទេស ហើយ​តំបន់​ជុំវិញ មាន​មូលដ្ឋាន​យោធា រាម និង​ខែត្រ​កោះកុង ក៏​​ឲ្យ​ក្លាយ​ជាទីតាំង​មាំមួន​មួយ ដែរ។

គេក៏គ្រោងពង្រីក មូលដ្ឋាន​កងទ័ព​ជើង​ទឹក​​នៅ​រាម និង​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ជុំវិញ​មូលដ្ឋាននោះ។ សំណង​នានា ដែល​មាន​តម្លៃ​ជាង ៣,៨ ពាន់​លាន​ដុល្លារ បាន​ផ្តើម នៅឆ្នាំ​២០០៨ ដោយក្រុមហ៊ុន​ចិន«ចានជីន» (Tianjin Group) លើ​ដី​សម្ប​ទាន​ ៩៩​ឆ្នាំ។ ស្ថានីយ៍វារី​អគ្គិសនី​មួយ នៅ​​លើ​ស្ទឹង​ឬ​ស្សីជ្រុំ ក្នុង​ព្រៃ​នៃ​កោះកុង ក៏ត្រូវ​គេ​កំពុង​សាងសង់។ អាកាសយានដ្ឋាន​ដ៏​ធំមួយ​ ដែល​មាន​​ផ្លូវ​​ចុះយន្ត​ហោះ​​យ៉ាង​វែង​ (៣.២ គីឡូម៉ែត្រ) នឹង​ត្រូវ​បញ្ចប់ នៅក្នុង​ព្រៃនេះ​ដែរ។ ​កំពង់ផែ​ទឹក​ជ្រៅ ក៏កំពុង​​ត្រូវ​​បាន​សាង​សង់ នៅ​កោះនេះ​ថែម​ទៀត។​ ការ​ដែល​អន្តរជាតិ​សង្ស័យ​ថា ចិន​កំពុង​សាងសង់ មូល​ដ្ឋាន​​សឹក​សមុទ្រមួយ នៅ​កម្ពុជា​នេះ គឺ​មិន​មែន​​គ្មាន​មូលដ្ឋាន​ជាក់ស្តែង​ខ្លះ នោះ​ទេ។

«មិត្តភាពដែកថែប»​​… សម្រាប់ «វាសនា​រួមគ្នា»

តាមពិត ចិន​មិន​ដែល​ផ្តល់​អ្វី ដែល​ឥត​ប្រយោជន៍​ ដល់​គេ​វិញ​ទេ។ ជាមួយគ្នា និង​ការគាំទ្រ​​នយោបាយ សម្លាប់​អាត្មា​ពី​ខ្មែរ ជំនួយ​«ឥតចំណង» ប្រាក់​កម្ចី និង​ទុនវិនិយោគ​របស់​ចិន បាន​បឹត​បូម​យក​វិញ នូវ ធនធាន​ធម្មជាតិ​​​​របស់​កម្ពុជា ដូចជា​ដីសម្បទាន ឈើ រ៉ែ និង​ដីកសិកម្ម និង​ប្រេងកាត​​ក្នុង​ពេល​ខាងមុខ​នេះ។ អន្តរាគមន៍​របស់​ចិន ក្នុង​រយៈពេល ១៥​ឆ្នាំ​កន្លង​មក ដែល​បាន​ជួយ​ដល់​​ការអភិវឌ្ឍ​សេដ្ឋកិច្ច កម្ពុជា​ «ដ៏ខ្លាំងក្លា»​នោះ បាន​ផ្តល់​ផលប្រយោជន៍​យ៉ាង​ច្រើន តែ​ទៅ​ដល់​ក្រុមហ៊ុន​ចិន និង​និយោជិក​រាប់​សែន​នាក់ មក​ពីប្រទេស​ចិន និង​បាន​បង្កើន​សម្បត្តិ​ទ្រព្យ​យ៉ាង​សន្ធោ​សន្ធៅ ដល់​ ហ៊ុន សែន និង​​​គ្រួសារ និង​គូកនរបស់​គាត់​ទាំង​អស់។ ប៉ុន្តែ វាមិន​បាន​ផ្តល់​ផល​ល្អ​អ្វី​ច្រើន ដល់​ជនជាតិ​ខ្មែរ​ទេ។ ភាគ​ច្រើន​នៃ ពួក​នេះ ត្រូវបាន​គេបង្ខំ ឲ្យចាក​ចេញ ពីទឹកដី​-​ផ្ទះ​សម្បែង​របស់​ខ្លួន ដើម្បី​ជាប្រយោជន៍​នៃ​សំណង់​ចិន។ យុវជន​ខ្មែរ​រាប់លាន​នាក់ មិន​អាច​រក​ការងារ​ធ្វើ នៅក្នុង​​ស្រុក​ឯង​បាន​ទេ ហើយ​ត្រូវរត់​ទៅ​ក្រៅ​ប្រទេស ដើម្បី​រក​ការងារ​កញ្ជះ​គេ​ធ្វើ ចិញ្ចឹម​ជីវិត​ និង​គ្រួសារ។

យើងឃើញថា តាំង​ពីឆ្នាំ​១៩៥៤​ ​ចិន​បាន​ជ្រើស​រើស​កម្ពុជា ជា​ឈ្នាន់​ជំហរ សម្រាប់​ការ​ត្រួត​ត្រា ​តំបន់​​នេះ។ លោក ហ៊ុន សែន មានមោទនភាពចំពោះខ្លួនឯង ខ្លាំងណាស់ថា «កម្ពុជា និង​ចិន ពេលនេះ បាន​រួបរួម​គ្នា ដោយ«មិត្តភាពដែកថែប» សម្រាប់​«វាសនា​រួមគ្នា»​តទៅ។ មិត្តភាព​នេះ បាន​លើក​ទឹក​ចិត្ត​ និង​​ជួយហ៊ុន សែន ឲ្យពង្រឹង​អំណាច​ផ្តាច់ការ​ឥត​ព្រំដែន កាន់​តែ​ខ្លាំង ក្នុង​ការសង្កត់​សង្កឹន ប្រជាពលរដ្ឋ​ខ្មែរ​​។​ ជាថ្នូរ​ទៅ​វិញ ហ៊ុន សែន បាន​ខំ​ការពារ​ជា​ខ្លាំង គ្រប់ជំហរ​​របស់​ចិន​ នៅ​ក្នុង​ផ្ទៃ​«អាស៊ាន» ទាំង​ក្នុង​​បញ្ហាសេដ្ឋកិច្ច ទាំងក្នុង​បញ្ហា​ជម្លោះ​ នៅ​សមុទ្រ​ចិន​​ខាងត្បូង រវាង​ចិន និង​ប្រទេស​ឯទៀត។ ក្នុង​បញ្ហា​​ជម្លោះ ហ៊ុន សែន បាន​ជំទាស់​ជានិច្ច មិន​ឲ្យ​«អាស៊ាន» រួម​គ្នា​​ជាក្រុម​តែ​មួយ តទល់​​និង​ចិន​ទេ ដើម្បី​​ជម្រុញ​ប្រទេស​​និមួយៗ​នោះ​ ឲ្យ​ធ្វើការ​ចរចា​ផ្ទាល់​ ជាមួយ​ចិន​វិញ។ ជាមួយ​គ្នា​នេះ ហ៊ុន សែន បាន​ដាក់​​កម្ពុជា​​ទាំង​ស្រុង ជា​អ្នកគាំទ្រ និង​ការពារ​យុទ្ធសាស្រ្ត «ខ្សែក្រវាត់មួយ-ផ្លូវមួយ» របស់​​ចិន។​ ចំណុច​ទាំង​ពីរ​​ហ្នឹង បានធ្វើឲ្យ​​«អាស៊ាន»​ និង​បស្ចឹម​ប្រទេស ទាស់​ចិត្ត​ជាខ្លាំងនឹង​​កម្ពុជា។

ម្យ៉ាងទៀត តាំងពីឡើង​កាន់អំណាច​មក លោក ស៊ី ជីនពីង បាន​បង្ហាញ​ឆន្ទៈ ធ្វើឱ្យ​​លទ្ធិ​​កុម្មុយនីស្ត ក្នុង​ពិភពលោក រស់រាន​​ឡើង​វិញ ម្តង​នេះ​តាម​គំរូ​ចិន ដើម្បី​ប្រយុទ្ធ​ប្រឆាំង ដោយ​ប្រសិទ្ធ​ភាព នឹង​លទ្ធិ មូលធន​និយម។ កាលពី​​ខែ​សីហា ឆ្នាំ​ ២០១៨ លោកស៊ី​ បាន​ជំរុញ​ឱ្យ ហ៊ុន សែន ពង្រឹង​ថែម​​ទៀត នូវ ទំនាក់​ទំនង​នយោបាយ រវាង​​បក្សកុម្មុយនីស្ត​ចិន​​ និង​បក្ស​ប្រជាជន​​កម្ពុជា។ នៅថ្ងៃទី ៣ កក្កដា ២០២០ ​ថ្មីៗ​នេះ​ទៀត កាសែតស៊ីនហួ (Xinhua) បាន​សរសេរ​ថា «លោក ស៊ី បានត្រៀមខ្លួន​ជា​​ស្រេច នឹង​ធ្វើការ​​ជាមួយ​លោក ហ៊ុន សែន ដើម្បី​ពង្រឹង​​ការតំរង់​​ទិស​នយោបាយ នៃ​ទំនាក់​ទំនង រវាង​​បក្ស និង​ប្រទេស​​ទាំង​ពីរ»

នេះមាន​ន័យថា បក្សប្រជា​ជន​​កម្ពុជា របស់ ​ហ៊ុន សែន នឹង​ត្រូវចូល​ជួរ ជា​មួយ​​បក្ស​​ចិន សម្រាប់​​ការធ្វើ​ចិនូបនីយកម្ម នៃ​កម្ពុជា ទាំង​​ស្រុង​ទៅ​។​ តើ«អាស៊ាន» និង​បស្ចឹមប្រទេស នឹង​មាន​ប្រតិកម្មយ៉ាង​ណា?

ជាពិសេស​ តើ​យួន​​ហាណូយ ដែល​ជាបីតា​ស្ថាបនិក នៃ​បក្ស​ និង​របប​ ហ៊ុន សែន ហើយ​ដែល​​បាន​​ប្រឹង​ប្រែង​ ធ្វើ​​យួនូប​នីយ​​កម្ម នៃ​​​កម្ពុជា ជាង ៤០ឆ្នាំ​មក​​ហើយ​​នោះ តើយួន​​នឹង​ព្រមលាក្រញ៉ាំ​ដៃ​គេវិញ​ ឬទេ?

ទីក្រុងប៉ារីស​ ថ្ងៃទី២៦ កក្កដា ២០២០

ឌី ការ៉េត
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា

.

.