អត្ថបទ CWCI Cambodia /10 th-7-2020
ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ នៅថ្ងៃទី០៩ កក្កដា ២០២០ បានចេញសេចក្តីបំភ្លឺ ទៅកាន់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលចាទប្រកាន់សេចក្តីថ្លែងការណ៍របស់ចលនានិស្សិត ជុំវិញការជំរុញឱ្យរដ្ឋាភិបាល ស្វែងរកយុត្តិធម៌ដល់លោកបណ្ឌិត កែម ឡី និងឃាតកម្មធំៗផ្សេងទៀតថា «មានចេតនាវាយប្រហាររដ្ឋាភិបាល បម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង»។ សូមទាញយក (Download) ឬអានសេចក្តីបំភ្លឺ ទាំងស្រុងដូចតទៅ៖
សេចក្តីបំភ្លឺ
ចំពោះលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌
យើងខ្ញុំ សូមបំភ្លឺលោក ជិន ម៉ាលីន ថា «សេចក្តីថ្លែងការណ៍ របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ស្តីពី «ខួប៤ឆ្នាំនៃឃាតកម្មលោកបណ្ឌិត កែម ទ្បី» គឺ«ធ្វើការទាមទារឲ្យតុលាការកម្ពុជា បង្ហាញរបាយការណ៍ស៊ើបអង្កេត របស់ខ្លួនឲ្យច្បាស់លាស់ និងជាសាធារណៈ ទៅតាមអង្គហេតុនៃព្រឹត្តិការណ៍ធ្វើឃាតសម្លាប់លោកបណ្ឌិត កែម ឡី ដើម្បីជម្រះមន្ទិលសង្ស័យ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដែលចោទប្រកាន់អំពីការពាក់ព័ន្ធរបស់មន្រ្តីជាន់ខ្ពស់ក្នុងជួរអាជ្ញាធររដ្ឋាភិបាល»។ ខ្លឹមសាររបស់យើងខ្ញុំ គឺចង់ឃើញយុត្តិធម៌ពិតប្រាកដ សម្រាប់ជនរងគ្រោះខ្មែរទូទៅ និងពុំមែនធ្វើអាជីវកម្មនយោបាយបម្រើភាគីណាទេ។ មូលហេតុ ដែលយើងខ្ញុំស្នើទៅតុលាការកម្ពុជា ឲ្យចាត់ការរកយុត្តិធម៌ និងពុំបានសំណូមពរទៅកាន់គណបក្សនយោបាយណាមួយ ជាពិសេសនោះ គឺដោយសារយើងខ្ញុំសិក្សាច្បាស់ថា សំណុំរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី និងជនរងគ្រោះដទៃទៀត ស្ថិតក្នុងចំណាត់ការតុលាការ និងក៏ជាកាតព្វកិច្ចតុលាការ ជាស្ថាប័នកំពូលរបស់ជាតិ ដែលត្រូវធានាយុត្តិធម៌ស្មើមុខគ្នា សម្រាប់ជនរងគ្រោះគ្រប់រូប។
ការចោទប្រកាន់មកលើ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយលោក ជិន ម៉ាលីន អ្នកនាំពាក្យនៃ ក្រសួងយុត្តិធម៌ ស្រង់សម្ដីផ្សាយដោយស្ថាប័នព័ត៌មានវីអូឌី (VOD) ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ដែលថា «សេចក្តីថ្លែងការណ៍ នោះ មានចេតនាវាយប្រហាររដ្ឋាភិបាល បម្រើផលប្រយោជន៍ឱ្យក្រុមប្រឆាំង មិនឆ្លុះបញ្ចាំងពីការខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ ទេ» បែបនេះ គឺផ្ទុយទាំងស្រុងពីមូលដ្ឋានខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ចលនានិស្សិត ហើយទាំងពុំយល់ច្បាស់អំពីការងារ បច្ចេកទេសឯករាជ្យរបស់យើងខ្ញុំ និងឆ្លុះបញ្ចាំងពីការឆ្លើយដោះសារបស់លោក ជិន ម៉ាលីន។ ការអត្ថាធិប្បាយរបស់លោក ជិន ម៉ាលីន ត្រង់ថា «ក្រសួងយល់ថា សេចក្តីថ្លែងការណ៍ហ្នឹង ជាអាជីវកម្មនយោបាយ សម្រាប់ក្រសួងគេបំពេញភារកិច្ចទៅតាមនីតិវិធីច្បាប់ ដែលមានជាធរមានរួចអស់ហើយ» កាន់តែបង្ហាញឲ្យឃើញថា ក្រសួងយុត្តិធម៌ និងតុលាការ នៅតែបិទភ្នែកបន្តធ្វើគ ធ្វើថ្លង់ ចំពោះការស្រែកទ្រហោយំរបស់ប្រជាពលរដ្ឋខ្មែររងគ្រោះធ្ងន់ធ្ងរជាច្រើន ដែលទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដឹងជាទូទៅថា មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
លោក ជិន ម៉ាលីន កំពុងព្យាយាមបង្វែងការពិត លើកទឹកចិត្តឲ្យតុលាការ មិនបំពេញកាតព្វកិច្ច តាមគោលការណ៍ច្បាប់ ហើយដូច្នេះ គឺជាការមើលងាយទឹកភ្នែកដ៏ឈឺចាប់នៃសាច់ញាតិជនរងគ្រោះខ្មែរគ្រប់ក្រុមគ្រួសារ និងការឈឺឆ្អាលរបស់យើងខ្ញុំ។ ដើម្បីអាចបំពេញតួនាទីខ្លួនឲ្យបានត្រឹមត្រូវ និងប្រសិទ្ធ ក្នុងវិស័យយុត្តិធម៌នៅកម្ពុជា រដ្ឋាភិបាល និងតុលាការ ត្រូវចេះស្ដាប់សម្លេង របស់ពលរដ្ឋរងគ្រោះ អ្នកស្រាវជ្រាវគ្រប់មជ្ឈដ្ឋាន និងរបាយការណ៍ពីអង្គការជំនាញជាតិ និងអន្តរជាតិ ហើយកុំយករឿងយុត្តិធម៌ ផ្លូវច្បាប់ ទៅកកូរឲ្យច្របល់នឹងករណីនយោបាយ។
របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក (World Justice Project) ស្តីពីនីតិរដ្ឋនៅកម្ពុជា ឆ្នាំ២០២០ បានផ្តល់ ពិន្ទុឲ្យកម្ពុជា ជាប់លេខទី១៥ នៃ ១៥ប្រទេស ក្នុងតំបន់អាសុីប៉ាសុីហ្វិកខាងកើត និងលេខទី ១២៧ ក្នុងចំណោម ១២៨ ប្រទេស នៅជុំវិញពិភពលោក។ របាយការណ៍នេះ បានរកឃើញថា ការជ្រៀតជ្រែកពីអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល, អំពើពុករលួយ, តម្លាភាពនៃអភិបាលកិច្ច, សិទ្ធិជាមូលដ្ឋាន, សន្តិសុខសណ្តាប់ធ្នាប់, ការអនុវត្តច្បាប់, យុត្តិធម៌រដ្ឋប្បវេណី និងយុត្តិធម៌ព្រហ្មទណ្ឌ គឺជាប្ញសគល់ដែលធ្វើឲ្យនីតិរដ្ឋនៅកម្ពុជា ទទួលបានពិន្ទុអាក្រក់បំផុត ទាំងនៅក្នុងតំបន់ និងពិភពលោក។
ទាំងអស់នេះ គឺជាមេរៀន ដែលស្ថាប័នយុត្តិធម៌កម្ពុជា ត្រូវប្រើជាមូលដ្ឋាន ដើម្បីធ្វើការឆ្លុះបញ្ចាំងលទ្ធផលការងារ ខ្វះស្ដង់ដាយុត្តិធម៌ត្រឹមត្រូវរបស់ខ្លួន។ ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ សូមបញ្ជាក់ជាថ្មីថា ការទាមទារឲ្យតុលាការ បង្ហាញអង្គចងចាំនៃប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ពាក់ព័ន្ធនឹងឃាតកម្មលោកបណ្ឌិត កែម ឡី ពុំមានមូលហេតុនយោបាយ ដូចការចោទប្រកាន់របស់លោក ជិន ម៉ាលីន ទេ ប៉ុន្តែជាការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ ការលើកកម្ពស់នីតិរដ្ឋ ការស្តារមុខមាត់ ប្រព័ន្ធយុត្តិធម៌ និងកិត្តិយសរដ្ឋាភិបាលកម្ពុជា។
ប្រធានប្រតិបត្តិ
(ហត្ថលេខា)
ទូច វិបុល
អត្ថបទទាក់ទង
– ចលនានិស្សិត ទាមទារយុត្តិធម៌ជូនជនរងគ្រោះ ក្នុងខួប៤ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី
.