The Cambodia Daily
15-8-2023
អ្នកវិភាគនយោបាយនិយាយថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូល គឺបង្ហាញថា ស្ថាប័នកំពូលៗទាំង ៤ របស់ជាតិ និងប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងដៃនៃការគ្រប់គ្រងផ្ដាច់មុខ របស់គ្រួសារត្រកូល ហ៊ុន។
ប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ សីហា នេះថា លោក ជីវ កេង គឺជាមនុស្សគន្លឹះក្នុងផែនការនយោបាយគ្រប់គ្រងអំណាច ពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ដែលបានជួយតាក់តែងបំភ្លៃឯកសារខុសច្បាប់នានា ក្នុងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ដែលជាផែនការចម្បងបំផុត ក្នុងសេណារីយ៉ូនយោបាយ ជុំវិញការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ឲ្យលោក ហ៊ុន ម៉ាណែត នៅពេលនេះ។
លោក គឹម សុខ លើកឡើងថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូលនេះ គឺមានន័យច្បាស់ណាស់ថា ផែនការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ ពីលោក លោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត គឺចាត់ទុកប្រទេសកម្ពុជា ជាប្រទេសផ្ដាច់មុខ សម្រាប់តែក្រុមគ្រួសារ ហ៊ុន ប៉ុណ្ណោះ ដែលបង្ហាញឲ្យឃើញថា ការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ ក្នុងវង្សត្រកូល ហ៊ុន នេះ កំពុងរុញប្រទេសកម្ពុជា ឱ្យវិលទៅរករបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និង របបរដ្ឋកម្ពុជា ដូច្នោះដែរ។
លោក គឹម សុខ និយាយថា កម្ពុជាក្រោមស្នាដៃលោក ហ៊ុន ម៉ាណែត អាចនឹងរអិលធ្លាក់ទៅក្នុងរបបដឹកនាំបែបកូរ៉េខាងជើង បន្តិចម្តងៗ ដែលអង្គការរដ្ឋទាំងអស់ នឹងស្ថិតក្រោមការចាត់ចែងរបស់បុគ្គលតែម្នាក់ និងបញ្ជាដោយបុគ្គលតែម្នាក់។
លោកបន្តថា របបដឹកនាំបែបនេះ បានចាត់ទុកប្រទេសជាតិ ជាឧបករណ៍ និងចាត់ទុកពលរដ្ឋជាទាសករ សម្រាប់ប្រយោជន៍អំណាចរបស់គ្រួសារតែមួយដូច្នោះដែរ។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញលិខិតដំឡើងតួនាទីលោក ជីវ កេង ពីតំណែងអនុប្រធានតុលាការកំពូល មកជាប្រធានស្តីទីតុលាការកំពូល រហូតដល់មានការតែងតាំងប្រធានតុលាការកំពូលថ្មីជាផ្លូវការ។
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យមួយ ដោយដាក់ឱ្យចូលនិវត្តន៍នូវចៅក្រម ចំនួន ៣រូប រួមមានលោក ឌិត មុន្ទី ដែលជាប្រធានតុលាការកំពូល វ័យ ៧៤ឆ្នាំ លោក សោម សិរីវឌ្ឍ ចៅក្រមតុលាការកំពូល វ័យ ៧០ឆ្នាំ និងលោក ទី ណេង ចៅក្រមតុលាការកំពូល វ័យ ៧៩ឆ្នាំ តាមការស្នើសុំរបស់សាមីខ្លួន។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៩ ខែសីហា កន្លងទៅ លោក ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារសំឡេង ជុំវិញករណីដែលលោក ឌិត មុន្ទី បានដាក់លិខិតថ្វាយសុំព្រះមហាក្សត្រចូលនិវត្តន៍ កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅដែរ ក្រោមហេតុផលថា ដោយសារតែលោក ឌិត មុន្ទី មានវ័យកាន់តែច្រើន និងមានបញ្ហាសុខភាពថែមទៀតនោះ។
ការផ្លាស់ប្ដូរតួនាទី និងសមាសភាពមន្ត្រីរដ្ឋាភិបាល នៅអាណត្តិទី៧ នេះ ត្រូវគេមើលឃើញថា សុទ្ធតែជាការរៀបចំចាត់ចែងរបស់លោក ហ៊ុន សែន ដើម្បីធានាដល់ការគ្រប់គ្រងអំណាច របស់គាត់ទាំងអស់ ជាពិសេសស្ថាប័នកំពូលៗរបស់ជាតិ ត្រូវបានមេដឹកនាំក្រាញអំណាចតត្រកូលរូបនេះ គ្រប់គ្រងបានទាំងស្រុងទៅហើយនោះ។
ជាក់ស្តែង ស្ថាប័នរដ្ឋាភិបាល ត្រូវលោក ហ៊ុន ម៉ាណែត គ្រប់គ្រង ស្ថាប័នរដ្ឋសភាត្រូវអ្នកស្រី ប៊ុន រ៉ានី ជាអ្នកគ្រប់គ្រង តាមរយៈប្រធានរដ្ឋសភា ដែលជាមនុស្សជំនិតរបស់គាត់ គឺអ្នកស្រី ឃួន សុដារី ស្ថាប័នព្រឹទ្ធសភា ត្រូវបានលោក ហ៊ុន សែន គ្រប់គ្រង ក្នុងនោះលោក ហ៊ុន សែន ក៏នឹងគ្រប់គ្រងគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាប្រធានបក្សផងដែរ។ លើសពីនេះ លោក ហ៊ុន សែន ក៏មានតួនាទីជាប្រមុខរដ្ឋស្តីទីផងដែរ រាល់ពេលដែលព្រះមហាក្សត្រអវត្តមាន។
ជុំវិញបញ្ហានេះ អតីតមន្ត្រីនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ប្រចាំខេត្តកោះកុង លោក មុំ អស្សនី បានលើកឡើងក្នុងកម្មវិធី Idea Talkនៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៤ សីហា នេះថា ការរៀបចំផែនការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន នៅពេលនេះ កំពុងធ្វើឱ្យមន្ត្រីរដ្ឋាភិបាល ដែលធ្លាប់ជាសេណារីយ៉ូរបស់លោក ស ខេង អ្នកស្រី ម៉ែន សំអន លោក ហេង សំរិន និងលោក ទៀ បាញ់ ជ្រួលច្របល់នាំគ្នាទៅចុះចូលជាមួយខ្សែបណ្ដាញបក្ខពួករបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បណ្តើរៗហើយ ដើម្បីរក្សាតំណែងរបស់ខ្លួន។
លោក មុំ អស្សនី បញ្ជាក់ថា ផែនការរបស់លោក ហ៊ុន សែន ក្នុងការគ្រប់គ្រងអំណាចនៅពេលនេះ មិនមែនដើម្បីតែឱ្យលោក ហ៊ុន សែន មានអំណាចពេញលេញ ក្នុងនាមជានាយករដ្ឋមន្ត្រីចាត់តាំងទេ គឺគាត់មានផែនការប្រមូលផ្ដុំអំណាច ទៅគ្រប់គ្រងប្រទេសទាំងមូលក្នុងដៃគាត់ ពីលើព្រះមហាក្សត្រខ្មែរតែម្តង ដូច្នេះប្រសិនបើមន្ត្រីជាន់ខ្ពស់ផ្ទៃក្នុងបក្សកាន់អំណាច នៅតែរក្សាភាពស្ងៀមស្ងាត់បន្តទៀត ពួកគេនឹងចាញ់ល្បិចកល របស់លោក ហ៊ុន សែន ក្នុងផែនការប្រមូលផ្ដុំអំណាចរបស់គាត់នេះជាមិនខាន៕

