The Cambodia Daily
11th-10-2023
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល សម្រាប់រដ្ឋាភិបាលថ្មីនេះ គ្រាន់តែជាការរៀបចំរបស់លោក ហ៊ុន សែន ដែលគាត់ធ្លាប់មានស្នាដៃ ក្នុងការចូលរួមរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ មិនមែនដោយសារលោក ជីវ កេង ជាមនុស្សដែលមានសមត្ថភាព ធ្វើឱ្យប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា ធានានូវភាពយុត្តិធម៌នោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា ស្ថាប័នជាតិទាំង៣ ដូចជា ស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច ដែលមានលោក ហ៊ុន សែន ជាអ្នកក្តោបក្តាប់សព្វថ្ងៃនេះ មិនអាចធានាគោលការណ៍នីតិរដ្ឋ ជូនពលរដ្ឋខ្មែរ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញបានទេ ព្រោះថាស្ថាប័នទាំងនេះត្រូវលោក ហ៊ុន សែន ទុកប្រើប្រាស់ជាឧបករណ៍នយោបាយរបស់គាត់ទៅហើយនោះ។
លោក ម៉ែន ណាត លើកឡើងថា ការតែងតាំងលោក ជីវ កេង ធ្វើជាប្រធានតុលាការកំពូល គឺជាសេណារីយ៉ូដែលលោក ហ៊ុន សែន រៀបចំឱ្យបម្រើនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដូច្នេះមានន័យថា ប្រព័ន្ធតុលាការ ដែលធ្លាប់តែអយុត្តិធម៌នាពេលកន្លងមក គឺនៅតែបន្តភាពអយុត្តិធម៌ដដែល ទោះរដ្ឋាភិបាលថ្មីនេះ បានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មីក៏ដោយ ព្រោះថា ប្រព័ន្ធដឹកនាំ គឺនៅតែស្ថិតក្រោមការក្តោបក្តាប់របស់លោក ហ៊ុន សែន ដដែល។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានស្នើទៅព្រះមហាក្សត្រ ឱ្យតែងតាំងលោក ជីវ កេង ធ្វើជាប្រធានតុលាការកំពូល កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។
អគ្គលេខាធិការដ្ឋានឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នេះថា កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បានបើកកិច្ចប្រជុំមួយ ដែលដឹកនាំដោយព្រះមហាក្សត្រខ្មែរដោយផ្ទាល់ ដើម្បីពិនិត្យ សម្រេច និងតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលរបស់កម្ពុជា បន្ទាប់ពីលោកធ្វើជាប្រធានតុលាការកំពូលស្តីទី អស់រយៈពេលជាង ១ខែកន្លងមក។
កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ បានចេញលិខិតបង្គាប់ការមួយ ដោយដំឡើងលោក ជីវ កេង ដែលជាអនុប្រធានតុលាការកំពូល ឱ្យទទួលបន្ទុកជាប្រធានតុលាការកំពូលស្តីទី បន្ទាប់ពីប្រធានតុលាការកំពូលចាស់ លោក ឌិត មន្ទី ត្រូវព្រះមហាក្សត្រឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យ ដាក់ឱ្យចូលនិវត្តន៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។
ទាក់ទិននឹងបញ្ហានេះ អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូល គឺបង្ហាញថា ស្ថាប័នកំពូលៗទាំង ៤ របស់ជាតិ ដូចជា ស្ថាប័នតុលាការ ស្ថាប័នព្រឹទ្ធសភា ស្ថាប័នរដ្ឋសភា និងស្ថាប័នរដ្ឋាភិបាល បានធ្លាក់ទៅក្នុងដៃលោក ហ៊ុន សែន ទាំងស្រុងហើយនៅពេលនេះ ក្នុងន័យនេះ ក៏បង្ហាញឱ្យឃើញដែរថា ប្រទេសកម្ពុជា ក៏បានធ្លាក់ចូលក្នុងការគ្រប់គ្រងក្នុងដៃត្រកូល ហ៊ុន យ៉ាងណែនដែរ។
លោក គឹម សុខ លើកឡើងថា ការដំឡើងលោក ជីវ កេង ឲ្យធ្វើជាប្រធានតុលាការកំពូលនេះ គឺមានន័យច្បាស់ណាស់ថា ផែនការផ្ទេរតំណែងនាយករដ្ឋមន្ត្រីខុសច្បាប់ ពីលោក ហ៊ុន សែន ទៅឲ្យលោក ហ៊ុន ម៉ាណែត គឺពួកគេបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសដែលនឹងត្រូវកាន់កាប់ផ្ដាច់មុខ សម្រាប់តែក្រុមគ្រួសារ ហ៊ុន ប៉ុណ្ណោះទៅថ្ងៃមុខ។
ចំណែកអតីតមន្ត្រីនៃគណៈកម្មាធិការជាតិសន្តិសុខលំហសមុទ្រ ប្រចាំខេត្តកោះកុង លោក មុំ អស្សនី ក៏បានលើកឡើង កាលពីពេលកន្លងទៅដែរថា ការរៀបចំផែនការគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន នៅពេលនេះ មិនមែនដើម្បីតែឱ្យលោក ហ៊ុន ម៉ាណែត មានអំណាចពេញលេញ ក្នុងនាមជានាយករដ្ឋមន្ត្រីចាត់តាំងប៉ុណ្ណោះទេ គឺគាត់មានផែនការប្រមូលផ្ដុំអំណាចគ្រប់គ្រងប្រទេសទាំងមូលក្នុងដៃគាត់ ពីលើព្រះមហាក្សត្រខ្មែរតែម្តង។
លោក មុំ អស្សនី បញ្ជាក់ថា ជាក់ស្តែងស្ថាប័នកំពូលរបស់ជាតិ ត្រូវគ្រួសារ ហ៊ុន គ្រប់គ្រងទាំងស្រុង ដូចជា ស្ថាប័នរដ្ឋាភិបាល ត្រូវលោក ហ៊ុន ម៉ាណែត គ្រប់គ្រង ស្ថាប័នរដ្ឋសភា ត្រូវអ្នកស្រី ប៊ុន រ៉ានី ជាអ្នកគ្រប់គ្រងតាមរយៈប្រធានរដ្ឋសភាថ្មី ដែលជាមនុស្សជំនិតរបស់គាត់ គឺអ្នកស្រី ឃួន សុដារី ស្ថាប័នព្រឹទ្ធសភា ត្រូវលោក ហ៊ុន សែន គ្រប់គ្រង ខណៈស្ថាប័នតុលាការ ក៏ត្រូវលោក ហ៊ុន សែន គ្រប់គ្រងតាមរយៈលោក ជីវ កេង នេះតែម្តង។
ការផ្លាស់ប្ដូរតួនាទី និងសមាសភាពមន្ត្រីរដ្ឋាភិបាល នៅអាណត្តិទី៧ នេះ ត្រូវគេមើលឃើញថា សុទ្ធតែជារៀបចំចាត់ចែងរបស់លោក ហ៊ុន សែន ទាំងអស់ ដើម្បីធានាដល់ការគ្រប់គ្រងអំណាចរបស់គាត់ មិនមែនជាការរៀបចំដោយច្បាប់ ដែលបានកំណត់នោះទេ ព្រោះថា ពិតមែនតែស្ថាប័នរបស់រដ្ឋាភិបាលនីមួយៗ មានឈ្មោះយន្តការ លិខិតគតិយុត្តិ ប៉ុន្តែមនុស្សដែលត្រូវបានតែងតាំងឱ្យចូលទៅដឹកនាំស្ថាប័នទាំងនោះ គឺសុទ្ធសឹងតែជាមនុស្សក្រោមបង្គាប់បញ្ជារបស់គ្រួសារត្រកូល ហ៊ុន ទាំងអស់ ដូចជាលោក ជីវ កេង ដែលជាមនុស្សក្រោមបង្គាប់របស់លោក ហ៊ុន សែន ជាដើម៕
