
សម្គាល់៖ តំបន់អភិវឌ្ឍត្រីកោណ (CLV = Cambodia, Laos, Vietnam) ទទួលការគំរាមកំហែង តាមគំរោងការ ឈ្លានពានរបស់វៀតណាម ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា។ ប៉ុន្តែសង្គមស៊ីវិលមួយចំនួន ដែលយល់មមិនស៊ីជម្រៅរឿងនេះ បែរជាស្វាគមន៍ ចំពោះគំរោងការនោះ។ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និង រតនគីរី របស់ប្រទេសកម្ពុជា ត្រូវដាក់បញ្ចូល ក្នុងតំបន់អភិវឌ្ឍត្រីកោណនោះ តាំងពីដំបូង ឆ្នាំ១៩៩៩ ម្ល៉េះ។ (អត្ថបទបន្ថែមដោយលោក ម៉ែន ណាត)
សង្គមស៊ីវិលស្វាគមន៍ ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ តែបារម្ភបាត់បង់ធនធានធម្មជាតិ
(ដោយ រដ្ឋា វិសាល, RFA, 08-8-2017)
ក្រោយពេលដែលប្រតិភូគណៈកម្មការកិច្ចការបរទេសនៃ រដ្ឋសភាកម្ពុជា ឡាវ និង វៀតណាម បានជួបជុំគ្នា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែសីហា ដើម្បីបើកសន្និសីទលើកទី៦ ស្ដីពីការគាំទ្រ និងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)។ មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ ដែលរស់នៅ ខេត្តរតនគិរី រំពឹងថា គម្រោងនេះ នឹងជួយឲ្យប្រជាពលរដ្ឋ ក្នុងតំបន់រីកចម្រើនជាងបច្ចុប្បន្ន ជាពិសេសវិស័យទេសចរណ៍ ក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការរំពឹងទុកនេះ ពួកគេបង្ហាញការបារម្ភ ចំពោះផលលំបាកមួយចំនួន ទាក់ទិនធនធានធម្មជាតិ ក្នុងតំបន់ដែលអាចប្រឈមមុខ ទៅនឹងការបំផ្លិចបំផ្លាញ និងការទាញយកផល មិនសមស្រប។
មន្ត្រីអង្គការសង្គមស៊ីវិល និងសហគមន៍ជនជាតិដើមភាគតិច ខេត្តរតនគិរី ដែលកំពុងអភិរក្សធនធានធម្មជាតិ ចាត់ទុកគម្រោង អភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ថា អាចជួយជីវភាពពលរដ្ឋក្នុងតំបន់ បានប្រសើរជាងមុន។ (អានបន្តចំណុចខាងក្រោម ១)
{RFA៖ ដីខ្មែរតាមព្រំដែន ៤ ម៉ឺនហិចតា ត្រូវដ្ឋាភិបាល ហ៊ុន សែន ប្រគល់ឲ្យក្រុមហ៊ុន ទាហាយួន គ្រប់គ្រង។ ព័ត៌មាននេះ បានបែកធ្លាយ កាលពីខែ ធ្នូ ឆ្នាំ២០១៥ ប៉ុន្តែមកដល់ពេលនេះ មិនទាន់ការបកស្រាយបំភ្លឺណាមួយ ពីរដ្ឋាភិបាលខ្មែរ ទាល់តែសោះ}។
(ចំណុច ១ បន្ត)៖ ប្រធានសហគមន៍ តំបន់ការពារធម្មជាតិអូរទុង មានទីតាំងក្នុងឧទ្យានជាតិវីរជ័យ លោក ស៊ុត វើល កត់សំគាល់ថា បច្ចុប្បន្នវិស័យទេសចរណ៍ធម្មជាតិ ឋិតក្រោមការគ្រប់គ្រង របស់សហគមន៍ មិនទាន់រីកចម្រើននៅឡើយ ដោយសារកង្វះខាតផ្លូវគមនាគមន៍ ដែលជាហេតុផលចម្បង នៃដំណើរកម្សាន្ត របស់អ្នកទេសចរណ៍។ លោកថា សក្ដានុពលរដ្ឋ ធនធានធម្មជាតិមានព្រៃឈើ សត្វព្រៃ ទឹកជ្រោះ ភ្នំ ទន្លេនៃឧទ្យានជាតិវីរជ័យ គឺជាប្រភពទាក់ទាញភ្ញៀវទេសចរ ហេតុនេះប្រសិនគម្រោង អភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ បង្កើតឡើង សហគមន៍រំពឹងថា ការរីកចម្រើននៃវិស័យទេសចរណ៍ សហគមន៍នឹងរីកចម្រើន បង្កើតប្រាក់ចំណូលសហគមន៍ បានកាន់តែប្រសើរ៖ «អាចមានប្រាក់ចំណូលគួរសម ព្រោះអ្នកខ្លះជូនភ្ញៀវ អ្នកខ្លះលក់ម្ហូបអាហារ អ្នកខ្លះនាំភ្ញៀវពីខេត្តមកសហគមន៍ ទៅមើលជ្រោះ មើលព្រៃបានចំណូលខ្លះៗ»។
ចំណែកប្រធានកម្មវិធី អង្គការសង្គ្រោះសត្វព្រៃកម្ពុជា ប្រចាំខេត្តរតនគិរី លោក វណ្ណ និមល ចាត់ទុកការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា វៀតណាម និង ឡាវ គឺស៊ីសង្វាក់ទៅ នឹងគម្រោងអភិរក្សតំបន់ការពារធនធានធម្មជាតិចំនួន ៥ ក្នុងឧទ្យានជាតិវីរជ័យ នាខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលកំពុងត្រូវការទីផ្សារទេសចរណ៍៖ «បើយើងគ្រាន់តែជជែកថា មានគោលដៅវិស័យទេសចរណ៍ ប៉ុន្តែយើងមិនមានឆន្ទៈអភិវឌ្ឍទេ អ៊ីចឹងការពង្រឹងការអភិវឌ្ឍ ការអភិរក្សធនធានធម្មជាតិក្នុងវិស័យទេសចរណ៍អាចប្រឈមមុខ»។
រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្មានឆ្នាំកន្លងទៅនេះ បានអភិវឌ្ឍរួចហើយនូវផ្លូវជាតិលេខ៧៨អា ភ្ជាប់តំបន់ច្រកទ្វារព្រំដែនអូរយ៉ាដាវ ខេត្តរតនគិរី ជាប់នឹងច្រកទ្វារអន្តរជាតិឡេថាញ់ (Le Thanh) ប្រទេសវៀតណាម ទៅទល់នឹងផ្លូវជាតិលេខ៧ ខេត្តស្ទឹងត្រែង និងតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅច្រកទ្វារដុងក្រឡ (Dong Krolor) ព្រំដែនប្រទេសឡាវ និងខេត្តក្រចេះ និងផ្លូវជាតិលេខ ៧៦អា ភ្ជាប់ពីក្រុងបានលុង ខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី១៩ ខែកក្កដា អាជ្ញាធរកម្ពុជា និងវៀតណាម បានសម្រេចបើកផ្លូវដឹកជញ្ជូនកម្រិតតំបន់រវាងច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី និងច្រកព្រំដែនអន្តរជាតិឡេថាញ់ ខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ទី៤ របស់ប្រទេសកម្ពុជា។ ដោយឡែកអាជ្ញាធរខេត្ត ក៏បានឈូសឆាយផ្លូវលំ មួយខ្សែ ពីស្រុកអណ្ដូងមាស ទៅកាន់តំបន់កន្ទុយនាគ តំបន់ខ្សែក្រវាត់មុំបីកម្ពុជា វៀតណាម និងឡាវ ចម្ងាយជាង ៧០ គីឡូម៉ែត្រ ពីក្រុងបានលុង។
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន កត់សំគាល់ថា ការបើកផ្លូវដឹកជញ្ជូនតភ្ជាប់ពីវៀតណាម មានប្រយោជន៍លើវិស័យធ្វើពាណិជ្ជកម្មកសិផលពីខេត្តរតនគិរី ទៅលក់នៅទីផ្សារប្រទេសវៀតណាម និងដឹកជញ្ជូនគ្រឿងសម្ភារៈ និងទំនិញពីប្រទេសវៀតណាម មកខេត្តរតនគិរី ទីក្រុងភ្នំពេញ និងបណ្ដាខេត្តទៀតផង។ លោករំពឹងថា ការបើកផ្លូវដឹកជញ្ជូននេះនឹងក្លាយទៅជាផ្លូវដឹកជញ្ជូនផ្លាស់ប្ដូរទំនិញអ្នកដំណើរ សេវាកម្មទេសចរណ៍ សម្រាប់គម្រោងតំបន់សេដ្ឋកិច្ចពិសេស និងអាស៊ាននៅថ្ងៃខាងមុខ។
ផ្ទុយពីការរំពឹងទុកនេះ តំណាងអង្គការក្រៅរដ្ឋាភិបាលខ្មែរ ឈ្មោះម្ចាស់ស្រុក មានមូលដ្ឋាន នៅប្រទេសបារាំង និងតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បារម្ភពីភាពមិនយុត្តិធម៌ ក្នុងការបើកតំបន់សេដ្ឋកិច្ចរួមជាមួយវៀតណាម ដែលមានចំនួនពលរដ្ឋច្រើន និងតម្រូវការផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មច្រើនជាងភាគីកម្ពុជា និងឡាវ ជាហេតុធ្វើឲ្យកម្ពុជា អាចប្រឈមទៅនឹង បាត់បង់អធិបតេយ្យភាពទឹកដី និងធនធានធម្មជាតិដ៏សម្បូរបែប ក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។
មកទល់បច្ចុប្បន្ននេះ មិនឃើញមានឯកសារណា បញ្ចេញឲ្យដឹងពីផែនការពិស្ដារ ទាក់ទិនការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍នៅឡើយ។ ក៏ប៉ុន្តែអតីតអ្នកសម្របសម្រួល អង្គការទន្លេបី មានការិយាល័យនៅខេត្តរតនគិរី លោក មៀច មាន ឲ្យដឹងថា ប្រទេសកម្ពុជា វៀតណាម និងឡាវ បានឯកភាពរួមគ្នាអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ រួមមានវិស័យកសិ-ឧស្សាហកម្ម គមនាគមន៍ និងដឹកជញ្ជូន ទេសចរណ៍ ឋាមពលអគ្គិសនី និងធនធានមនុស្ស។
លោក មៀច មាន កត់សំគាល់ថា ភាគីប្រទេសទាំងបីជំរុញការងារនេះ បានមួយកម្រិតធំហើយ ហេតុនេះអ្វីដែលរាជរដ្ឋាភិបាល ត្រូវបំពេញគឺយន្តការការពារធនធានធម្មជាតិ នៅសេសសល់ឲ្យបានគង់វង្ស ពង្រឹងសមត្ថភាពធនធានមនុស្ស ក្នុងតំបន់ និងការសិក្សាផលប៉ះពាល់ឲ្យបានជាក់លាក់ ទៅលើបញ្ហាបរិស្ថាន ជីវចម្រុះ ទាក់ទិនគម្រោង អភិវឌ្ឍន៍ទាំងអស់នោះ៖ «បើវិសាលភាពពង្រីកផ្ទៃដីកសិកម្មច្រើនព្រៃឈើ នឹងបាត់បង់ច្រើន សត្វព្រៃក៏បាត់បង់តាមហ្នឹងដែរ។ ការបង្កើតឋាមពលអគ្គិសនី តាមរយៈបង្កើតទំនប់ច្រើន ក៏ធ្វើឲ្យបាត់បង់ព្រៃឈើ បឹង ទន្លេផង។ វាកើនទៅលើឋាមពលអគ្គិសនីផលិតបាន ប៉ុន្តែវាបាត់បង់ធនធានធម្មជាតិ និងបរិស្ថាន»។
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ កត់សំគាល់ថា ចរន្តអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ មិនអាចថយក្រោយបានទេ ពីព្រោះជាគម្រោងថ្នាក់តំបន់ និងមានការចូលរួមជ្រោមជ្រែង ពីស្ថាប័នអន្តរជាតិមួយចំនួនទៀតផង។ លោកមិនរំពឹងថា ជនជាតិដើមភាគតិច ក្នុងតំបន់នឹងទទួលបានផលប្រយោជន៍ជាក់លាក់ស្ដីពីការអភិវឌ្ឍនោះទេ ក៏ប៉ុន្តែលោកលើកទឹកចិត្ត ឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើកិច្ចសហការជាមួយប្រទេសជិតខាងឲ្យបានប្រសើរ ទាំងការការពារបូរណភាពដែនដី ការបង្កើតទីផ្សារការងារជូនពលរដ្ឋ និងការពង្រីកការនាំចេញផលិតផលផលិតក្នុងស្រុក និងតម្លៃលក់ឋាមពលអគ្គិសនីក្នុងតម្លៃទាបជូនប្រជាពលរដ្ឋក្រីក្រទើបជីវភាពពលរដ្ឋមានការកើនឡើង៖ «វាអត់ថយក្រោយកើតទេ វាទៅមុខទៀត អ៊ីចឹងរកចំណេញឲ្យបានច្រើនជាអតិបរមា ហើយមានទំនាក់ទំនងឲ្យល្អជាមួយខាងវៀតណាម ដើម្បីប្រើប្រាស់ផ្លូវឆ្លងកាត់សមុទ្រអន្តរជាតិ ដឹកផលិតផលឧស្សាហកម្ម ចេញតាមវៀតណាម បើនៅស្រុកខ្មែរយើងចេញតាមកំពង់សោម គឺវាឆ្ងាយណាស់ អានេះល្អទៅវិញ»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា គម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ដំណើរការទៅបានលុះត្រាតែភាគីទាំងអស់ឯកភាពគោរពតាមលក្ខខណ្ឌដែលបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ជាពិសេសការដោះស្រាយបូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែនរួចរាល់ និងគោរពច្បាប់ទាំងឡាយដែលមានធរមានរបស់ប្រទេសនីមួយៗ៖ «កាលណាគេដាក់ជាតំបន់អភិវឌ្ឍន៍ត្រីកោណតំបន់ហ្នឹងត្រូវទទួលស្គាល់ព្រំដែន បន្ទាប់ពីទទួលស្គាល់ព្រំដែនវាត្រូវក្លាយទៅជាសហប្រតិបត្តិការរួមនៅកន្លែងនោះឯង ដូច្នេះមិនធ្វើឲ្យបាត់បង់ដីទេហើយធ្វើឲ្យតំបន់ដាច់ស្រយាលទទួលបានការគ្រប់គ្រងតាមច្បាប់ទម្លាប់រៀងៗខ្លួន»។
លោក ឈាង វុន ដែលជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នៅថ្ងៃទី៧ ខែសីហា បញ្ជាក់ថា ស្ថាប័នរដ្ឋសភាមានតួនាទីឃ្លាំមើលបញ្ហានេះ ហេតុនេះលោកមិនអាចអធិប្បាយពិស្ដារទាក់ទិនគម្រោងនេះទេ។ ទោះបីជាយ៉ាងនេះក្ដីលោកបានថ្លែងក្នុងឱកាសបើកសន្និសីទលើកទី៦ កាលពីថ្ងៃទី២ ខែសីហា ថា ផែនការអភិវឌ្ឍន៍តំបន់ត្រីកោណនៃប្រទេសកម្ពុជា ឡាវ និង វៀតណាម នឹងធ្វើឱ្យប្រជាជនក្នុងតំបន់ក្លាយជាសហគមន៍តែមួយ ហើយទាំងស្ថាប័ននីតិប្បញ្ញត្តិ និងប្រតិបត្តិនៃប្រទេសទាំងបីកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើផែនការអភិវឌ្ឍន៍ប្រកបដោយចិរភាពក្នុងតំបន់។
កាលពីខែធ្នូ ឆ្នាំ២០១១ កម្ពុជាបានយល់ព្រមដាក់បញ្ចូលខេត្តរបស់ខ្លួនចំនួន៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលមានពលរដ្ឋប្រហែលជាង ៥សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ខេត្តដែរ ដូចជាខេត្តអាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលាវ៉ាន់ (Salavan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧សែននាក់ ហើយវៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តយ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែលខេត្តទាំងនេះមានមនុស្សជាង ៧លាននាក់។
ក្រុមរដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំងនេះ បានយល់ព្រមបង្កើតផែនការមេខាងផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតំបន់ត្រីកោណ រហូតដល់ឆ្នាំ២០២០ ផ្អែកលើការចុះអនុស្សរណៈយោគយល់គ្នា។ ក្រុមរដ្ឋមន្ត្រីទាំងបីប្រទេសនេះក៏បានប្ដេជ្ញាចិត្តក្នុងការពន្លឿនការច្របាច់បញ្ចូលគ្នា ជាពិសេសខាងការឆ្លងដែនផ្នែកទេសចរណ៍ ពាណិជ្ជកម្ម និងការដឹកជញ្ជូនទៅវិញទៅមក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកសន្តិសុខ និងកិច្ចការបរទេសដើម្បីនាំមកនូវសន្តិភាព សុវត្ថិភាព និងនិរន្តរភាពនៃការអភិវឌ្ឍក្នុងអនុតំបន់៕