(អត្ថបទបន្ថែមដោយលោក ម៉ែន ណាត នៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា /០៦ កញ្ញា ២០១៩)
តំបន់ត្រីកោណអភិវឌ្ឍ ឬហៅថា (Cambodia, Laos and Vietnam = CLV) បានផ្តួចផ្តើមឡើងដោយវៀតណាម និងនាំឲ្យមានកិច្ចព្រមព្រៀងរួមគ្នា លើកដំបូងនៅឆ្នាំ១៩៩៩ ហើយរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ហៅខ្លួនឯងថា ស្ថាបនិករៀងៗខ្លួន។
ក្រុមអ្នកជំនាញកិច្ចការព្រំដែន លោកអតីតរដ្ឋមន្ត្រី ស៊ាន ប៉េងសែ (កាលនៅរស់) និងបណ្ឌិតច្បាប់ លោក ឌី ការេត នៃគណៈកម្មាធិការព្រំដែនខ្មែរ នៅប្រទេសបារាំង បានរំលឹកជាញឹកញាប់ ដល់អ្នកនយោបាយខ្មែរ តាំងពីមុនពេលមានកិច្ចព្រមព្រៀង CLV មកម្ល៉េះ ដោយស្នើឲ្យប្រើប្រាស់យន្តការរដ្ឋសភា និងរដ្ឋាភិបាលចម្រុះ នរោត្តម រណប្ញទ្ធិ និង ហ៊ុន សែន ដើម្បីឲ្យជួយទប់ស្កាត់មហិច្ឆិតារបស់វៀតណាម ឈ្លានពានកម្ពុជាតាមរបៀបថ្មី។ ប៉ុន្តែកាលនោះ ទាំងរដ្ឋសភា និងរដ្ឋាភិបាល បានស៊ុំគ្រលំគ្នា ដោយទុកចោលបញ្ហាជាតិទឹកដីដ៏សំខាន់នេះ ឲ្យធ្លាក់ចូលយ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រថ្មី និងសេណារីយ៉ូថ្មីរបស់វៀតណាម តាមរយៈរដ្ឋាភិបាល ហ៊ុន សែន មកទល់សព្វថ្ងៃ។
ទោះបីយ៉ាងណាក្តី ក្រុមអ្នកជំនាញកិច្ចការព្រំដែន ក្រុមសកម្មជនព្រំដែន និងក្រុមអ្នកជាតិនិយម បានយល់ស្របគ្នា ហៅតំបន់ត្រីកោណអភិវឌ្ឍ (CLV) ថា «យុទ្ធសាស្ត្រថ្មីរបស់វៀតណាម ក្នុងការថែរក្សានយោបាយឈ្លានពានរបស់ខ្លួន ពីព្រោះគេមិនចង់ប្រើឈ្មោះ សហព័ន្ធឥណ្ឌូចិន ពីអតីតកាល។ គេប្រើឈ្មោះថ្មីជំនួសវិញគឺ តំបនត្រីកោណអភិវឌ្ឍ ឬតំបន់អភិវឌ្ឍត្រីកោណពិសេសេ»។
អត្ថបទខាងក្រោម គឺជាការវិវត្តន៍ថ្មី និងការសិក្សាស្រាវជ្រាវថ្មី អំពីយុទ្ធសាស្ត្រ CLV ដែលត្រូវបានវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយពីម្សិលមិញ។

…………….
ការវិវត្តិន៍ថ្មីជាលទ្ធផល៖ «កម្ពុជាបរាជ័យលើគម្រោងអភិវឌ្ឍរួម នៅតំបន់មុំ ៣ និងអាចកាន់កាប់ផ្ដាច់មុខ ដោយវៀតណាម»
(RFA Khmer ដោយលោក សេក បណ្ឌិត / 05 th-9-2019)
ប្រជាពលរដ្ឋ និងក្រុមយុវជន ១០០រាត្រី ដែលដឹកនាំគម្រោង{១០០រាត្រី} នេះ បន្តពីលោកបណ្ឌិត កែម ឡី រកឃើញថា «កម្ពុជា បរាជ័យ លើគម្រោងអភិវឌ្ឍន៍រួមគ្នា លើតំបន់ត្រីកោណពិសេស (CLV) ឬហៅថា តំបន់មុំ ៣ ដែលស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម និង ឡាវ»។
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួន មើលឃើញថា «វៀតណាម កំពុងមានប្រៀបក្ដោបក្ដាប់តំបន់នោះ ដោយទទួលបានផលប្រយោជន៍លើសលប់ ទាំងសេដ្ឋកិច្ច និងនយោបាយ ហើយពួកគាត់បារម្ភថា វៀតណាមនឹងអាចកាន់កាប់តំបន់នេះ ផ្ដាច់មុខ នាពេលខាងមុខនេះ»។
មន្ត្រីរដ្ឋាភិបាលនៃរបបលោក ហ៊ុន សែន ច្រានចោល ចំពោះការរកឃើញនេះ និងអះអាងថា ការបញ្ចូលតំបន់អភិវឌ្ឍតាមព្រំដែន ការធ្វើពាណិជ្ជកម្មរួមជាមួយវៀតណាម និង ឡាវនេះ នឹងមិនអាចឱ្យកម្ពុជា បាត់បង់អធិបតេយ្យភាព ហើយកិច្ចព្រមព្រៀងនេះ កំពុងតែពិភាក្សាលើយន្តការអនុវត្ត ដែលផ្នែកខ្លះ បានដំណើរការ និងទទួលបានលទ្ធផលជាបណ្ដើរៗហើយ។
បើទោះបីជារបបលោក ហ៊ុន សែន អះអាងថា មានការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណពិសេសនេះក្តី ក៏ក្រុមយុវជន ១០០រាត្រី និងអ្នកឃ្លាំមើលបរិស្ថាន ដែលបានចុះទៅសិក្សានៅតំបន់នោះផ្ទាល់ បានរកឃើញថា តំបន់នេះពុំមានឃើញមានការរីកចម្រើនអ្វីឡើយ សម្រាប់ភាគីកម្ពុជា និងឡាវ តាំងពីមានកិច្ចព្រមព្រៀងរួមគ្នាជិត ១០ ឆ្នាំមកហើយក្ដី។
ប្រធានក្រុមដឹកនាំយុវជន១០០រាត្រី លោក មួង សូនី ឱ្យដឹងថា ការសិក្សាស្រាវជ្រាវរបស់ក្រុមលោក គឺពុំឃើញការអភិវឌ្ឍលើផ្នែកណាមួយ ដែលថាផ្ដល់ផលចំណេញ ដល់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់ដាច់ស្រយាល តាមបណ្ដោយព្រំដែននោះឡើយ ដូចជាផ្លូវថ្នល់ ប្រព័ន្ធសុខាភិបាល សាលារៀន កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត គឺមិនទាន់មានការអភិវឌ្ឍអ្វីទាំងអស់។ {លោក និយាយថា} «ទិដ្ឋភាពរួមនៅតំបន់នោះ ប្រជាពលរដ្ឋកម្ពុជា នៅជួបបញ្ហាលំបាកៗជាច្រើន ដូចជាបញ្ហាកសិកម្មធ្វើបាន មានតែឈ្មួញវៀតណាមទេ ដែលទទួលទិញ គ្មានប្រភពទឹក បច្ចេកទេសដាំដុះក៏គ្មាន ដើមទុនក៏គ្មាន ជីកសិកម្ម មានតែទិញពីប្រទេសវៀតណាម ដែលមានតម្លៃថ្លៃ….»។
តំបន់អភិវឌ្ឍន៍ត្រីកោណពិសេស ឬហៅថា (CLV) បានព្រមព្រៀងបង្កើតឡើង កាលពីឆ្នាំ១៩៩៩ ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម ។ តំបន់អភិវឌ្ឍន៍ត្រីកោណរួមគ្នានេះ មានខេត្តចំនួន ១៣ ជាចំណុះ។ ភាគីកម្ពុជា បានដាក់បញ្ចូល ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង មណ្ឌលគិរី ជាដើមទុន ដែលមានពលរដ្ឋប្រហែលជាង ៥ សែននាក់។ រីឯប្រទេសឡាវ ក៏បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៤ខេត្តដែរ មានខេត្តអាតាពើ (Attapeus) ចំប៉ាសាក់ (Champasak) សាលវ៉ាន់ (Salavan) សេកុង (Sekong) ដែលមានមនុស្សប្រមាណ ៧ សែននាក់។ ចំណែកភាគី វៀតណាម បានដាក់បញ្ចូលទឹកដីរបស់ខ្លួនចំនួន ៥ គឺខេត្តយ៉ាឡាយ (Gia Lai) កនតុម (Kon Tum) ដាក់ឡាក់ (Dak Lak) ដាណាង (Da Nang) ប៊ិញភឿក (Binh Phuoc) ដែលខេត្តទាំងនេះមានមនុស្សជាង ៧លាននាក់។
កិច្ចព្រមព្រៀងរួមគ្នានៃប្រទេសទាំង ៣ ក្នុងការបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ គឺឈរលើគោលដៅ និងមធ្យោបាយសំខាន់ៗជាច្រើន។ ក្នុងរួមមាន ការភ្ជាប់ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មសុខាភិបាល រវាងប្រទេសទាំង ៣ មានន័យថា ពលរដ្ឋរវាងប្រទេសទាំងបីនេះ អាចទទួលការព្យាបាលជំងឺ ក្នុងប្រទេសនីមួយៗបានទៅវិញទៅមក។ ការចល័តពាណិជ្ជកម្ម បានន័យថា ពលរដ្ឋនៅតាមបណ្ដាខេត្តនៃប្រទេសទាំង ៣ នេះ អាចនាំយកផលិតផលរបស់ខ្លួន ឆ្លងចូលធ្វើជំនួញទៅវិញទៅមក ដោយមិនចាំបាច់មានវីសា ឬលិខិតឆ្លងដែននោះទេ។
ក្នុងកិច្ចប្រជុំលើកទី១១ នៃអនុគណៈកម្មការសេដ្ឋកិច្ច ស្ដីពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) នៅខេត្តក្រចេះ កាលពីដើមខែមីនា ឆ្នាំ២០១៩ នេះ បានពិភាក្សាលើផែនការអនុវត្តន៍សកម្មភាពជាច្រើន ក្នុងនោះរួមមាន៖
- ការតភ្ជាប់សេដ្ឋកិច្ច នៃប្រទេសទាំងបី រហូតដល់ឆ្នាំ ២០៣០ និងការរៀបចំផែនការសកម្មភាព សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងសម្របសម្រួលពាណិជ្ជកម្ម នៅក្នុងតំបន់ត្រីកោណនេះ។
- ផ្លាស់ប្ដូរទស្សនៈ លើលទ្ធភាពបញ្ចប់របាយការណ៍សិក្សា ស្ដីពីផែនការអភិវឌ្ឍឧស្សាហកម្មកៅស៊ូ ក្នុង CLV DTA និងកិច្ចព្រមព្រៀង ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មាន តាមរយៈមន្ត្រីបង្គោលនៃប្រទេសទាំង ៣។
- ប្រគល់ភារកិច្ចជូនវៀតណាម ដឹកនាំរក្សាទុក និងធ្វើបច្ចុប្បន្នភាពព័ត៌មាននៃគេហទំព័រ CLV DTA និងឯកភាពឱ្យស្ថាប័នទាំងបី សហការបង្ហោះព័ត៌មាន ដែលមានការឯកភាព តម្លាភាព។
កាលពីរៀបចំផែនការអភិវឌ្ឍន៍តំបន់ត្រីកោណលើកដំបូង ពោលកាលពីជិត ១០ ឆ្នាំមុន មន្ត្រីអង្គការសង្គមស៊ីវិល និងតំណាងសហគមន៍ ក្នុងខេត្តជាប់ព្រំដែនរំពឹងថា គម្រោងនេះ នឹងជួយឱ្យប្រជាពលរដ្ឋក្នុងតំបន់រីកចម្រើនជាងបច្ចុប្បន្ន ជាពិសេសវិស័យទេសចរណ៍ ក្នុងឧទ្យានជាតិវីរជ័យ ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែពេលនេះ ពួកគាត់ ប្រែជាខកចិត្តទៅវិញ ពីព្រោះពួកគាត់មិនបានទទួលផលប្រយោជន៍អ្វីឡើយ ពីផែនការអភិវឌ្ឍរួមគ្នានេះ។
ជាងនេះទៅទៀត ធនធានធម្មជាតិក្នុងតំបន់ ពួកគាត់រស់នៅអាស្រ័យផលចិញ្ចឹមជីវិតនោះ រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដោយការទាញយកផលមិនសមស្រប ពីសំណាក់ក្រុមឈ្មួញមានលុយ មានអំណាច ចូលមករកស៊ីល្មើសច្បាប់។
ក្រុមយុវជន១០០រាត្រី លោក មួង សូនី ស្រាវជ្រាវឃើញថា អ្នកដែលទទួលផលចំណេញពីផែនការអភិវឌ្ឍនេះ គឺវៀតណាម។ ប្រទេសនេះ មានឥទ្ធិពលខ្លាំង ក្នុងការគ្រប់គ្រងស្ទើរតែទាំងស្រុង លើតំបន់ត្រីកោណពិសេសនេះ។ លោកថា ធនធានធម្មជាតិ ជាពិសេសឈើប្រណីត ត្រូវឈ្មួញកាប់ដឹកចេញទៅខាងប្រទេសវៀតណាម ទោះឈើទាំងនោះ ស្ថិតនៅក្នុងតំបន់ព្រៃអភិរក្ស ការពារដោយច្បាប់យ៉ាងណាក៏ដោយ ហើយសូម្បីតែដីខ្មែរនៅតាមព្រំដែននៃខេត្ត ទាំង ៤ របស់កម្ពុជានោះ ក៏វៀតណាមគ្រប់គ្រងភាគច្រើនដែរ តាមរយៈដីសម្បទានសេដ្ឋកិច្ច។ {លោកថា} «និយាយរួមតំបន់ត្រីកោណអភិវឌ្ឍសេដ្ឋកិច្ចពិសេសរួមគ្នានេះ គ្មានប្រយោជន៍អ្វីទាល់តែសោះ ដែលរដ្ឋាភិបាលកម្ពុជា គាត់សម្រេចចិត្តចូលរួមអភិវឌ្ឍជាមួយវៀតណាមនោះទេ។ ទី១. កម្ពុជា ពុំទាន់មានលទ្ធភាពអភិវឌ្ឍតំបន់ព្រំដែន លើគ្រប់វិស័យ ឱ្យល្អដូចប្រទេសវៀតណាមទេ។ ទី២. ចំនួនប្រជាជន ក៏អត់ច្រើនដូចប្រទេសវៀតណាមដែរ ដែលអាចបង្កភាពងាយស្រួលឱ្យ វៀតណាម ឈ្លានពានយកតំបន់ត្រីកោណក្នុងខេត្តទាំង ៤ របស់កម្ពុជា»។
ក្រុមអ្នកឃ្លាំមើលបរិស្ថាន ឱ្យដឹងថា តំបន់ភូមិភាគឦសានរបស់កម្ពុជា ជាតំបន់មួយដែលសំបូរទៅដោយសម្បត្តិធម្មជាតិ ដែលមានតម្លៃដ៏មហាសាល ដូចជាព្រៃឈើ រ៉ែមាស រ៉ែបុកស៊ីត សំណដែក ថ្មម៉ាប និងជាជង្រុកនៃអនុផលធម្មជាតិដ៏ធំ ព្រមទាំងជាតំបន់យុទ្ធសាស្ត្រសង្គ្រាមដ៏សំខាន់បំផុតក្នុងឥណ្ឌូចិន។
មកទល់ពេលនេះ មន្ត្រីរដ្ឋាភិបាលខ្មែរ និងពលរដ្ឋខ្មែរ បានសំដែងការយល់ឃើញស្របគ្នាថា ប្រទេសវៀតណាម គឺជាប្រភពចម្បងនៃ វិនាសកម្មព្រៃឈើខ្មែរ។
ពលរដ្ឋម្នាក់ រស់នៅខេត្តមណ្ឌលគិរី លោក លឹម ព្រំយើយ។ លោកជាសកម្មជនបរិស្ថាន ដែលតែងតែឃ្លាំមើលការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិដទៃទៀត នៅតំបន់ភាគឦសាន ជាពិសេសតំបន់កន្ទុយនាគ ឧទ្យានជាតិវីរជ័យ និងតំបន់ត្រីកោណពិសេស ឬហៅថាតំបន់មុំ៣ (CLV) បានឱ្យដឹងថា លោកបានចុះទៅតំបន់នោះជាញឹកញាប់ ជាពិសេសនៅខែប្រាំង ។
លោក {លឹម ព្រំយើយ} ថាទីនោះភាគច្រើនមានពលរដ្ឋជាជនជាតិដើមភាគតិច រស់នៅ ហើយចំណុចខ្លះ គ្មានមនុស្សរស់នៅទេ គឺមានតែអ្នកចូលទៅស៊ីឈ្នួលកាប់ឈើ និងក្រុមប្រដាប់អាវុធខ្លះ ដែលចូលមកកាងការពារ ក្រុមរកស៊ីឈើល្មើសច្បាប់ ដឹកចេញទៅប្រទេសវៀតណាម។ លោកថា ក្រោយពីមានកិច្ចព្រមព្រៀងរួមគ្នា ដើម្បីអភិវឌ្ឍ ពលរដ្ឋជាជនជាតិដើមភាគតិច មិនទទួលបានផលពីការអភិវឌ្ឍន៍នេះឡើយ ដោយសារគ្មានផ្លូវ គ្មានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់។ ពលរដ្ឋខ្មែរម្ចាស់ស្រុក ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ អ្នកសារព័ត៌មាន ពុំមានលទ្ធភាពទៅដល់តំបន់នោះឡើយ។ ដូច្នេះលោកថា មានតែអាជ្ញាធរវៀតណាម និងឈ្មួញឈើជា ជនជាតិវៀតណាមទេ ដែលមានលទ្ធភាពរស់នៅតំបន់នោះបានស្រួល និងមានសិទ្ធិអំណាចពេញទីក្នុងការគ្រប់គ្រងកាន់កាប់តំបន់ព្រៃឈើប្រណីតនោះ ពីព្រោះខាងវៀតណាម មានផ្លូវថ្នល់ល្អស្អាត ចូលមកដល់មាត់ច្រកតំបន់មុំ ៣ ហើយមានសិទ្ធិចេញចូលមកទឹកដីខ្មែរ ដោយសេរី។ ចំណែកពលរដ្ឋខ្មែរវិញ គឺមិនអាចឆ្លងដែន ចូលទៅខាងទឹកដីវៀតណាមនោះបានទេ ក្រៅតែពីជនជាតិដើមភាគតិច ទើបអាចឆ្លងដែនចូលខាងវៀតណាមបានម្ដងម្កាល។ លោកបន្តថា ដោយឈរលើទិដ្ឋភាពដូចសព្វថ្ងៃនេះ លោកបារម្ភថា តំបន់ត្រីកោណពិសេសនោះ មិនយូរមិនឆាប់ នឹងក្លាយទៅជារបស់វៀតណាមផ្ដាច់មុខ។
លោកបន្តថា «និយាយរួមទៅ សព្វថ្ងៃនឹងវាហើយ ស៊ីដាច់គេតែម្ដង។ សម្រាប់កម្ពុជា វៀតណាម ឡាវ គឺថាវៀតណាម អំណាចហ្មងនៅតំបន់មុំ ៣ នោះ ព្រោះពួកយួននេះ ជាម្ចាស់ទំនិញ វាមានលុយវិនិយោគទុន ព្រៃឈើតំបន់ហ្នឹង សូម្បី ឡាវ គៀបសង្កត់បាន ខ្មែរ គៀបសង្កត់បាន វាមានលុយ អាចបញ្ជាយើងបានគ្រប់ទិសទីទាំងអស់។ អ៊ីចឹងខ្ញុំគិតថា អនាគតទៅមុខ ដីតំបន់នោះ ទៅប្រទេសយួន អ្នកកាន់កាប់»។
លោក លឹម ព្រំយើយ ថាតំបន់នោះ នឹងមិនអាចអភិវឌ្ឍឱ្យចំគោលដៅ ដើម្បីផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋខ្មែរក្រីក្រនោះទេ ដ៏រាបណា វៀតណាម នៅតែមានសិទ្ធិអំណាចខ្លាំង ក្នុងការគ្រប់គ្រងតំបន់នោះ ហើយក្រុមឈ្មួញកាប់ឈើ និងទាញយកធនធានធម្មជាតិដទៃទៀត មិនទាន់អស់ទាំងស្រុង ពីតំបន់នោះ។ លោកថា «សេដ្ឋកិច្ចពិសេសតំបន់នោះ គឺឈើ…!! បើរឿងដំណាំដាំដុះ មិនងាយទេបង ព្រោះតំបន់នោះគឺភ្នំ សូម្បីផ្លូវក្រវាត់ព្រំដែន ក៏ធ្វើដាច់ពីគ្នាដែរ គឺគេធ្វើមកដល់ជិតតំបន់ហ្នឹង។ កន្ទុយនាគ គឺគេផ្អាក ដោយគេមិនចង់ឱ្យមានផ្លូវស្អាតងាយ និងទទួលបានព័ត៌មានពីតំបន់ព្រៃហ្នឹងទេ។ អ៊ីចឹងគេសុខចិត្តទុកឱ្យតំបន់ព្រៃហ្នឹង មានផ្លូវលំបាក ងាយស្រួលឱ្យគេរកស៊ីរាល់ថ្ងៃ ដូចជាឈើ»។
ចំណែកលោក សៅ សុខា ប្រធានគណៈកម្មាធិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ថ្មីៗនេះសំដែងការសោកស្តាយថា កម្ពុជាមិនត្រឹមតែបាត់បង់ធនធានធម្មជាតិ តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួន ទៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនបានប្រាក់ចំណូល ពីការបាត់បង់ទាំងនោះ ទៅក្នុងឃ្លាំងថវិកាជាតិទៀតផង។ លោកនិយាយថា «ខ្ញុំបាទទួលបានព័ត៌មានថា ប្រទេសជិតខាងយើង គេសល់ព្រៃ ៦០% នៃផ្ទៃដី។ ផ្ទុយទៅវិញ គេទទួលបានចំណូលពីការនាំឈើចេញបានរាប់ពាន់លានដុល្លារ ចំណែកប្រទេសខ្មែរយើង។ ព្រៃបាត់បង់ លុយចូលក្នុងខ្ទង់ថវិកាជាតិអត់មាន នេះជាការខ្មាសអៀនមួយធំណាស់ ដែលយើងជាកូនខ្មែរទាំងអស់គ្នា…»។
រីឯប្រធានក្រុមស្រាវជ្រាវផែនទីកម្ពុជា-វៀតណាម នៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បញ្ជាក់ថា ការបង្កើតតំបន់ត្រីកោណពិសេសនេះឡើង ឈរលើទិដ្ឋភាព ៤ ជាសំខាន់ គឺការកែប្រែព្រំដែនឱ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ ការផ្តល់ព័ត៌មានដល់គ្នាទៅវិញទៅមក ការដោះស្រាយបញ្ហាចរាចរគ្រឿងញៀនជាដើម។ ក៏ប៉ុន្តែនៅពេលដែលលោក បានទៅដល់តំបន់នោះ កាលពីប្រមាណ ២ ឆ្នាំមុន លោកសង្កេតឃើញថា នៅខាងភាគីវៀតណាម មានការអភិវឌ្ឍន៍ជឿនលឿន ជាងខាងកម្ពុជា និង ឡាវ ហើយតំបន់ព្រំដែន នៃប្រទេសទាំងពីរនេះ ក្រៅពីមិនទាន់មានការអភិវឌ្ឍ ទីនោះក៏ជាតំបន់ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។ លោកថា «តំបន់នោះ បើយើងបានទៅ ថាជាតំបន់មួយរសើបក៏ថាបាន ជាតំបន់គ្រោះថ្នាក់ក៏ថាបាន ឬថាជាតំបន់អភិវឌ្ឍក៏ថាបាន ព្រោះជាតំបន់ដោះដូរគ្រឿងញៀន គឺជាតំបន់ពិសេសមែនទែន ព្រោះហូរពីឡាវមកតំបន់ហ្នឹង ហើយខាងវៀតណាម មានការអភិវឌ្ឍខ្លាំង ចំណែកខាងយើង និង ឡាវ អត់មានអីទេ ផ្លូវក៏គ្មានដែរ»។
លោក {សុខ ទូច} បន្តថា ខាងកម្ពុជា និងឡាវ មកដល់ពេលនេះ សូម្បីតែផ្លូវទៅកាន់តំបន់មុំ ៣ នោះ ក៏ពុំទាន់មាននៅឡើយ។ ដូច្នេះការធ្វើដំណើរទៅកាន់តំបន់នោះ មានការលំបាកមែនទែន ជាពិសេសនៅរដូវវស្សា គឺមិនអាចធ្វើដំណើរបានតែម្ដង ព្រោះត្រូវដើរកាត់ព្រៃយូរថ្ងៃ និងប្រឈមនឹងគ្រោះថ្នាក់ខ្ពស់។ លោកថា «តំបន់នោះជាទីស្ងាត់ ខ្ញុំដើរកាលពីឆ្នាំ២០១៧ យើងពឹងពាក់ផ្លូវវៀតណាមទេ ឡាវ ក៏អ៊ីចឹងដែរ តែដល់ចំណុចសូន្យ ឡាវ ប្រើប្រាស់ដីខ្មែរទេ សម្រាប់ធ្វើផ្លូវឆ្លងកាត់»។
លោកថា កក្តាដែលគ្មានពលរដ្ឋរស់នៅ គ្មានផ្លូវគមនាគមន៍ នេះ គឺជាឧបសគ្គធំ ក្នុងការអភិវឌ្ឍតំបន់នោះ ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើផ្លូវចេញពីទីរួមខេត្តទាំង ៤ របស់កម្ពុជា ឆ្ពោះទៅតំបន់មុំបីនោះ និងកំពុងសិក្សារកលទ្ធភាពធ្វើបន្តទៀត ដើម្បីឱ្យដល់តំបន់ត្រីកោណពិសេសនោះតែម្ដង ប៉ុន្តែលោកមិនទាន់អាចកំណត់បានថា នៅពេលណានោះទេ។
ក្រុមយុវជន ១០០រាត្រី នឹងចេញរបាយការណ៍ ស្ដីពីបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ដែលមិនអាចរស់នៅទីនោះបានជាប់លាប់ និងបញ្ហាប្រឈមនានា ជាហានិភ័យ ដែលនាំឱ្យតំបន់ត្រីកោណពិសេសនោះ អាចនឹងក្លាយជាតំបន់មួយ ដែលគ្រប់គ្រងផ្ដាច់មុខដោយអាជ្ញាធរវៀតណាម សម្រាប់ឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាឡើងវិញ ក្នុងការដាក់ខេត្តខ្មែរជាប់ព្រំដែនទៅជាតំបន់អភិវឌ្ឍន៍រួមគ្នា ជាមួយប្រទេសជិតខាង ដែលគេកំពុងមានប្រៀបខ្លាំងជាងខ្លួនយ៉ាងដូច្នេះ។
អាស៊ីសេរី បានព្យាយាមសុំសេចក្ដីអត្ថាធិប្បាយពីក្រុមមន្ត្រីស្ថានទូត វៀតណាម ប្រចាំនៅកម្ពុជាដែរ តាមគ្រប់មធ្យោបាយ ទាំងតាមហៅតាមទូរស័ព្ទ និងផ្ញើសារអេឡិចត្រូនិក(Email) ជាច្រើនលើក តែមិនទទួលបាន ការឆ្លើយតបណាមួយឡើយ។
ចំណែកអ្នកនាំពាក្យនៃ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើកឡើងថា គេមិនអាចសន្និដ្ឋានថា ផែនការអភិវឌ្ឍតំបន់ត្រីកោណពិសេសនេះ បរាជ័យនោះឡើយ ពីព្រោះគម្រោងនេះ មានច្រើនផ្នែក។ លោកទទួលស្គាល់ថា តំបន់ខ្លះមិនទាន់មានការអភិវឌ្ឍ ពលរដ្ឋ មិនទាន់ទទួលបានផល ពីកិច្ចព្រមព្រៀងនេះក៏ពិតមែន ដោយសារតំបន់នោះ កំពុងស្ថិតនៅក្នុងកិច្ចពិភាក្សា ជាមួយក្រុមការងារនៃប្រទេសពាក់ព័ន្ធ ក្នុងការរៀបចំបង្គោលព្រំដែន។
លោកថា «យើងកំពុងផ្ចង់អារម្មណ៍អភិវឌ្ឍតំបន់ ដែលមានមនុស្សច្រើន ដែលជាផលប៉ះពាល់សេដ្ឋកិច្ច ដូច្នេះសេដ្ឋកិច្ចវាឈរជាមួយនឹងមនុស្ស ដូច្នេះបើតំបន់នោះមានមនុស្សតិចពេក ម្ល៉ោះហើយយើង នឹងមិនអភិវឌ្ឍទេ យើងទុកតំបន់នោះ គ្រាន់តែធ្វើសកម្មភាពសម្រាប់មន្ត្រីកងកម្លាំងប្រដាប់អាវុធ ក្នុងការទទួលខុសត្រូវរៀបចំការពារព្រំដែនតែប៉ុណ្ណោះ»។ លោកអះអាងទៀតថា ការបញ្ចូលតំបន់អភិវឌ្ឍតាមព្រំដែន ការធ្វើពាណិជ្ជកម្មរួមជាមួយវៀតណាម និង ឡាវ នេះ នឹងមិនអាចឱ្យកម្ពុជា បាត់បង់អធិបតេយ្យភាពនោះទេ។
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលបរិស្ថាន មើលឃើញថា កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ប្រទេសពាក់ព័ន្ធ បានប្រព្រឹត្តិទៅជាង ១០ លើកមកហើយ ចាប់តាំងពីមានកិច្ចព្រមព្រៀង បង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណពិសេសនេះ ក្នុងរយៈពេលជិត ១០ ឆ្នាំមកនេះ ដើម្បីកែលម្អផែនការយុទ្ធសាស្ត្រ ជំរុញដល់យន្តការអនុវត្តជាក់ស្ដែង ប៉ុន្តែស្ថានភាពជាក់ស្ដែងវិញ គេពុំទាន់ឃើញប្រទេសដៃគូ កម្ពុជា និងឡាវ ទទួលបានផលដូចការរំពឹងទុកដូចក្នុងផែនការនោះឡើយ ក្រៅពីប្រទេសវៀតណាម។ ដោយយោងលើលទ្ធផលនេះ និងហេតុផលផ្សេងៗទៀត ជំរុញឱ្យមន្ត្រីសង្គមស៊ីវិល សុំឱ្យកម្ពុជាដកខ្លួន ចេញពីគម្រោង CLV នេះ ដើម្បីអភិវឌ្ឍខ្លួនឯង ឱ្យរឹងមាំជាមុនសិន ចាំគិតពិចារណារឿងការអភិវឌ្ឍរួមគ្នានេះឡើងវិញ ដើម្បីបញ្ចៀសហានិភ័យនានា ឬគ្រោះថ្នាក់ ធ្វើឱ្យបាត់បង់ព្រំដែនទៅថ្ងៃមុខ៕


.